កូរ៉េ​ខាង​ត្បូង​នឹង​ជួយ​កម្ពុជា​លើ​ការងារ​រៀបចំ​ដីធ្លី​និង​ស្ថាបនា​ទីក្រុង​តាម​បែប​ទំនើប

0:00 / 0:00

ប្រតិភូ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹក​ជញ្ជូន​នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃ​ទី​១៥ សីហា ដើម្បី​កសាង​ផែនការ​ប្រើប្រាស់​ដីធ្លី និង​ប្លង់​លម្អិត​នគរូបនីយកម្ម ក្រោម​គោល​គំនិត​ទីក្រុង​ទំនើប​បែប​បច្ចេកវិទ្យា (Smart City's Concept) នៅ​តាម​ខេត្ត-ក្រុង និង​ទីប្រជុំជន​នៅ​កម្ពុជា។

អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​ជំនាញ​នៃ​ប្រទេស​ទាំង​ពីរ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម ព្រម​ទាំង​ការងារ​លំនៅឋាន​សាធារណៈ។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ដែល​ដឹកនាំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​សេអ៊ូល (Seoul) នៃ​សាធារណរដ្ឋ​កូរ៉េ បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក (facebook) របស់​លោក​នៅ​ថ្ងៃ​ទី​១៥ សីហា ថា តាម​រយៈ​អនុស្សរណៈ​យោគយល់​គ្នា​នេះ កម្ពុជា និង​កូរ៉េ នឹង​ធ្វើ​សហប្រតិបត្តិការ​រួម​គ្នា​លើ​កិច្ច​ការងារ​ចំនួន​បួន​សំខាន់។

នោះ គឺ​ការ​កសាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម ការ​កសាង​លំនៅឋាន​សាធារណៈ ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ការ​កសាង​ផែនការ​ប្រើប្រាស់​ដី និង​ប្លង់​លម្អិត​នៃ​ការ​ស្ថាបនា​ទីក្រុង​តាម​បែប​បច្ចេកវិទ្យា​ទំនើប ដោយ​យក​ខេត្ត​ព្រះសីហនុ ជា​ទីក្រុង​សាកល្បង។

សារព័ត៌មាន ឌឹ ខូរៀ ហឺរ៉ល (The Korea Herald) របស់​កូរ៉េ​ខាង​ត្បូង ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ សីហា បាន​ដកស្រង់​សម្ដី​មន្ត្រី​ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹក​ជញ្ជូន​នៃ​សាធារណរដ្ឋ​កូរ៉េ ថា​កូរ៉េ នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ស្ថាបនា​ទីក្រុង​ដ៏​មាន​សក្ដានុពល និង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ចុង​ក្រោយ​បង្អស់​របស់​ខ្លួន។

សាស្ត្រាចារ្យ​ផ្នែក​ស្ថាបត្យកម្ម បណ្ឌិត តាំង សុចិត្រវិទូ ដែល​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ ហាវ៉ៃ (University of Hawaii) សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ទីក្រុង​ទំនើប​តាម​បែប​បច្ចេកវិទ្យា (Smart City) ជា​គម្រោង​ដ៏​ល្អ​សម្រាប់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​របស់​ខ្លួន​ដែល​ខ្វះ​ការ​រីក​ចម្រើន ជាពិសេស​លោក​មាន​ជំនឿ​ថា បើ​កម្ពុជា មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ កម្ពុជា នឹង​អាច​អនុវត្ត​គម្រោង​នេះ​បាន​ដោយ​ជោគជ័យ ដោយសារ​ជំនួយ​ពី​កូរ៉េ​ខាង​ត្បូង ដែល​ជា​ប្រទេស​ជោគជ័យ​ក្នុង​ការ​អនុវត្ត​គម្រោង​បែប​នេះ។

បណ្ឌិត តាំង សុចិត្រវិទូ ថ្លែង​ថា « កូរ៉េ គាត់​ជួយ​ហ្នឹង​ល្អ​ហើយ ប៉ុន្តែ​សំខាន់ យើង​ទេ។ ប្រជាជន​យើង រដ្ឋាភិបាល​យើង តើ​យើង​ត្រូវ​ត្រៀម​ខ្លួន​ធ្វើ​យ៉ាង​ម៉េច ? ដើម្បី​ឲ្យ​យល់​ពី​ផែនការ​ត្រូវ​អភិវឌ្ឍ ទិសដៅ​របស់​យើង។ ខ្លួន​យើង​នេះ តើ​យើង​ចង់​ទៅ​ឯណា​ឲ្យ​ប្រាកដ​ប្រជា ក្លាយ​ទៅ​ជា​ទីក្រុង​របៀប​ណា​ឲ្យ​ប្រាកដ​ប្រជា ? យើង​មិន​អាច​ចេះ​តែ​ចម្លង​យក​មក​ដាក់​អី​បាន ដូច​ដែល​យើង​និយាយ​ចឹង​ទេ ពីព្រោះ​វា​មាន​ទាក់ទង​នឹង​វប្បធម៌ អរិយធម៌ និង​ចំណេះ​ដឹង​ទូទៅ​របស់​ប្រជាជន »

អ្នក​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម​រូប​នេះ​មើល​ឃើញ​ថា កម្ពុជា មាន​បញ្ហា​មួយ​ចំនួន​ដែល​អាច​ជា​ឧបសគ្គ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​គម្រោង​ទីក្រុង​ទំនើប​តាម​បែប​បច្ចេកវិទ្យា​នេះ។ បញ្ហា​ទាំង​នោះ មាន​ជាអាទិ៍ កង្វះ​ថវិកា​អនុវត្ត​គម្រោង បញ្ហា​សីលធម៌​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន៖ « អ្វី​ដែល​ខ្ញុំ​បារម្ភ​មែន​ទែន​ហ្នឹង គឺ​ចំណេះ​ដឹង​ទូទៅ​របស់​ប្រជាជន​ខ្មែរ​ទាក់ទង​ទៅ​នឹង អ្វី​ទៅ​ការ​រស់នៅ​ក្នុង​ទីក្រុង​ទំនើប។ យើង​ត្រូវ​រៀបចំ​អត្តចរិត​របៀប​ណា ? យើង​ត្រូវ​រៀបចំ​សីលធម៌​សង្គម និង​សីលធម៌​សាធារណៈ​ហ្នឹង​កម្រិត​ណា ? ដើម្បី​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ឲ្យ​ទៅ​លឿន។ បញ្ហា​សំខាន់​មួយ​ទៀត គឺ​សេដ្ឋកិច្ច​យើង​ហ្នឹង។ តើ​រដ្ឋាភិបាល​មាន​លុយ​គ្រប់គ្រាន់​ទេ​នៅ​ក្នុង​ការ​អនុវត្ត ឬ​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងអស់​នោះ ? កែ​សម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ចាស់​ទ្រុឌទ្រោម​ហ្នឹង ឲ្យ​ទៅ​ជា​ថ្មី​ទំនើប​ទាន់​គេ​ហ្នឹង យើង​មាន​លទ្ធភាព​ទេ ? បើ​រាជ​រដ្ឋាភិបាល​មាន​លទ្ធភាព ជា​ការ​ល្អ​ហើយ បូក​រួម​នឹង​ការ​កែ​សម្រួល​ចំណេះ​ដឹង​ទូទៅ​របស់​ប្រជាជន ពិសេស​ចំណេះ​ដឹង​ទាក់ទង​នឹង​ការ​រស់នៅ និង​សីលធម៌​សង្គម​ឲ្យ​បាន​ល្អ។ ខ្ញុំ​ថា​យើង​អាច​ទៅ​ហើយ »

ទីក្រុង​ទំនើប​តាម​បច្ចេកវិទ្យា (Smart City) សំដៅ​ដល់​ទីក្រុង​ដ៏​មាន​សក្ដានុពល និង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន អម​ទៅ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​សម្បូរ​បែប រួម​មាន ផ្លូវ​ថ្នល់ ថាមពល ទឹក និង​បរិស្ថាន​ល្អ ព្រម​ទាំង​ប្រព័ន្ធ​សុវត្ថិភាព ដែល​ពឹង​ផ្អែក​លើ​ព័ត៌មាន និង​បច្ចេកវិទ្យា​ទំនាក់ទំនង ព្រម​ទាំង​ភាព​ស្វ័យ​ប្រវត្តិ​ក្នុង​ការ​គ្រប់គ្រង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។