រឿងព្រំដែននៅតែជាបញ្ហាដ៏ចម្រូងចម្រាសសម្រាប់កម្ពុជា និងវៀតណាម នៅឡើយ ថ្វីបើភាគីទាំងពីរ ខិតខំបន្តបោះបង្គោលនៅលើខណ្ឌសីមា ដើម្បីបញ្ចប់អរិយភាពនឹងគ្នា នៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងណាក្ដី។ បញ្ហាបានលេចចេញថ្មីមួយទៀត ដោយពលរដ្ឋនៅស្រុកបូរីជលសារ ខេត្តតាកែវ អះអាងថា ដីនៅចំណុចថ្ម៣ដុំ របស់កម្ពុជា ត្រូវបានភាគីវៀតណាម រំលោភយកបន្ថែមទៀត។
ប្រជាពលរដ្ឋអះអាងថា ភាពប្រេះស្រាំរឿងព្រំដែន ជាពិសេសជាមួយប្រទេសវៀតណាម នៅតែជាបញ្ហាដ៏ក្ដៅគគុក បើទោះជារដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រឹងប្រែងកំណត់ព្រំដែនតាមរយៈការបោះបង្គោលចែកខណ្ឌសីមាហើយក្ដី ក៏ការខ្វែងគំនិតគ្នារឿងខ្សែបន្ទាត់ព្រំដែននេះនៅតែជាជំងឺដ៏រ៉ាំរ៉ៃដដែល។
ថ្វីបើជម្លោះព្រំដែនដោយពាក្យសម្ដីរវាងកម្ពុជា ជាមួយប្រទេសវៀតណាម វាពុំមែនជារឿងថ្មីសម្រាប់បរិបទនយោបាយក្នុងដំណាក់កាលចុងក្រោយនេះក៏ដោយ ក៏ពលរដ្ឋកម្ពុជា រស់នៅតាមខ្សែបន្ទាត់ព្រំដែនត្អូញត្អែរថា ភាគីវៀតណាម ពុំដែលបានគោរពកិច្ចព្រមព្រៀងស្ដីពីអធិបតេយ្យរបស់កម្ពុជា ម្ដងណានោះទេ។
អ្នកភូមិរស់នៅភូមិថ្ម៣ដុំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ លោក ឃុត សាឃឿន ឲ្យដឹងឲ្យកាលពីថ្ងៃទី៥ ខែធ្នូ ថា ដីនៅចំណុចថ្ម៣ដុំ ដែលពីដើមគឺជាទឹកដីរបស់កម្ពុជា ប៉ុន្តែពេលនេះ តំបន់នោះបានក្លាយជាតំបន់ដែលគ្រប់គ្រងដោយវៀតណាម មួយផ្នែកទៅហើយ។ លោកបន្ថែមថា ក្រោយពីកម្ពុជា និងវៀតណាម កំណត់ព្រំដែនរួចកាលពីខែធ្នូ ឆ្នាំ២០១៤ គឺខ្សែបន្ទាត់ព្រំដែនបានអូសកាត់ទីតាំងនៃថ្ម៣ដុំ ទៅភាគីវៀតណាម វិញ ហើយតំបន់នេះបានប្រែក្លាយទៅជាខ្សែបន្ទាត់ព្រំដែនតែម្ដង៖ «គ្រាន់តែគាត់ចាប់ផ្ដើមកែប្រែបន្ទាត់សហ្នឹងភ្លាម គាត់ចាប់ផ្ដើមសាងសង់ប៉ុស្តិ៍។ ប៉ុស្តិ៍ពីដើមឡើយគ្រាន់តែខ្ទមចាំចាបទេ។ បើនិយាយឲ្យអស់ខ្ទមចាំចាបហើយអតីតកន្លែងហ្នឹងក៏ជាកម្មាភិបាលរបស់យើងឈរជើងដែរ។ ជាក់ស្ដែងសម្ដេចនាយកគាត់ក៏ធ្លាប់ចុះមកម្ដងដែរកន្លែងហ្នឹង»។
បើទោះជាបែបណាអនុប្រធានច្រកថ្ម៣ដុំ ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានបដិសេធថា ដីនៅតំបន់ថ្ម៣ដុំ គឺនៅតែស្ថិតនៅក្នុងអធិបតេយ្យរបស់កម្ពុជា នៅឡើយទេ។ ផ្ទុយពីការច្រានចោលព័ត៌មាននេះ ប្រជាពលរដ្ឋដែលរស់នៅឃុំកំពង់ក្រសាំង អះអាងថា ការពិតដីនៅចំណុចថ្ម៣ដុំ គឺដីមួយផ្នែក ហើយនិងថ្ម២ដុំ ត្រូវបានវៀតណាម គ្រប់គ្រងទៅហើយ។ ភាពចម្រូងចម្រាសនេះ ក្រោយពីកម្ពុជា និងវៀតណាម កំណត់ព្រំដែនរួចមក កាលពីឆ្នាំ២០១៤ ពោលគឺកម្ពុជា នៅសល់តែបរិវេណដីមួយផ្នែក និងថ្ម១ដុំប៉ុណ្ណោះ។

ថ្ម៣ដុំ គឺជាទីតាំងដែលស្ថិតនៅលើដីល្បាប់ និងទំនាបពុំមានដីទួល ឬជួរភ្នំដែលអាចធ្វើឲ្យថ្មនេះដុះបាននោះទេ។ ប្រជាពលរដ្ឋដែលរស់នៅទីតាំងចំណុចថ្ម៣ដុំ អះអាងថា គេពុំបានដឹងថា តើថ្មនេះកកើតដោយរបៀបណាឡើយ ពោលគឺពេលពួកគេធំដឹងក្ដីឡើង ឃើញថ្មនេះរួចជាស្រេចទៅហើយ។
រហូតមកដល់ពេលនេះ អ្នកភូមិឲ្យដឹងថា ពុំមានការសិក្សាណាមួយដែលរកឃើញពីភាពអស្ចារ្យនៃថ្ម៣ដុំ ដែលអាចដុះនៅលើដីល្បាប់ដូចនេះឡើយ។ ថ្ម៣ដុំ ដែលមានប្រវត្តិរាប់រយឆ្នាំណាស់មកហើយនេះ ទំហំនៃថ្មនីមួយៗ ចន្លោះពី២ ទៅ ៣ម៉ែត្រ និងកម្ពស់ប្រមាណ ៣ម៉ែត្រ។ ថ្ម២ដុំ នៅប្រកៀកគ្នា ដោយឡែកថ្ម១ដុំផ្សេងទៀត ក្នុងចំណោមនោះ នៅចន្លោះប្រមាណពី ៤ ទៅ ៥ម៉ែត្រពីគ្នា។
ដីនៅចំណុចថ្ម៣ដុំ ដែលជាប់នឹងខេត្តអានយ៉ាង (An Dang) ប្រទេសវៀតណាម គឺស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ២៦៦ និង ២៦៧។ កម្ពុជា និងវៀតណាម មានព្រំដែនគោកជាប់គ្នាប្រមាណ ១.២៧០គីឡូម៉ែត្រ។
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ដែលបានចុះសង្កេតដោយផ្ទាល់នៅទីតាំងនៃតំបន់ថ្ម៣ដុំ យល់ឃើញថា ខ្សែបន្ទាត់ព្រំដែនគឺបង្ហាញថា វៀតណាមហាក់មានប្រៀបលើកម្ពុជា ក្រោយពីបោះបង្គោលព្រំដែនរួច។ ជាងនេះទៀត ពលរដ្ឋកម្ពុជា មិនត្រូវបានបើកទូលាយដើម្បីឲ្យចូលពិនិត្យទីតាំងថ្ម៣ដុំ ដោយសេរីនោះថែមទៀតផង។ លោកបន្ថែមថា បញ្ហានេះ គឺវាហាក់ផ្ទុយពីមុនការកំណត់បង្គោលព្រំដែន៖ «ខ្ញុំមកទីនេះធ្លាប់ជិះអូប័រ យើងឃើញថា ថ្ម៣ដុំនេះយើងមានសិទ្ធិសេរីភាព ហើយបង្គោលហ្នឹងបើយើងឆ្លុះទៅវាមិនមែននៅលើទឹកដីវៀតណាមទេ គឺនៅលើទឹកដីខ្មែរទាំងស្រុង។ ប៉ុន្តែនៅពេលបោះបង្គោល ២៦៤ ២៦៥ ២៦៦ ទៅថ្ម៣ដុំហ្នឹង យើងចាំងទៅវាដូចជាបាត់អស់ ២ដុំ។ ប្រជាពលរដ្ឋដែលរស់នៅទីនោះ គាត់មានការព្រួយបារម្ភចំពោះការបាត់ហ្នឹងដែរ»។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបំភ្លឺជាច្រើនដងតាមទូរស័ព្ទ ពីមន្ត្រីជំនាញកិច្ចការព្រំដែនរបស់រដ្ឋាភិបាល និងអភិបាលខេត្តតាកែវ ក៏ប៉ុន្តែពុំមានការឆ្លើយតប។ បើទោះជាបែបណា អភិបាលស្រុកបូរីជលសារ លោក ស៊ុត ខុន ច្រានចោលការលើកឡើងថា ដីនៅបរិវេណថ្ម៣ដុំ គឺស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមទៅវិញ បន្ទាប់ពីបោះបង្គោលព្រំដែនរួច។
ជាងនេះទៀត លោកតែងនាំកម្លាំងល្បាតនៅតាមខ្សែបន្ទាត់ព្រំដែនជាដរាប ហេតុនេះពុំមានហេតុផលណាមួយដែលដីនៅតំបន់ថ្ម៣ដុំ ស្ថិតក្នុងអធិបតេយ្យរបស់ប្រទេសវៀតណាមទេ៖ «នេះគ្រាន់តែ ជាពាក្យចចាមអារ៉ាមរបស់ប្រជាពលរដ្ឋ ដោយឡែកថ្ម៣ដុំហ្នឹង វានៅតែថ្ម៣ដុំហ្នឹង ហើយវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អធិបតេយ្យភាពរបស់កម្ពុជា។ ប្រជាជននៅទីនេះ គឺមិនឃើញមានលើកឡើងអ៊ីចឹងផង ព្រោះខ្ញុំតែងតែនាំកម្លាំងល្បាត ហើយនិងកម្លាំងប៉ុស្តិ៍ការពារព្រំដែន ទាំងប៉ូលិស ទាហាន និងយោធាការពារព្រំដែននៅទីនោះ»។
បើទោះជាបែបនេះក៏ដោយចុះ ទីតាំងថ្ម៣ដុំ មិនត្រូវបានអាជ្ញាធរខាងកម្ពុជា បើកសិទ្ធសេរីភាពឲ្យទៅពិនិត្យមើលដោយងាយស្រួលឡើយ។ ក្រុមមន្ត្រីដែលការពារព្រំដែនខាងកម្ពុជា និយាយថា ការរឹតបន្តឹងដូចនេះ គឺជាការស្នើរបស់ភាគីវៀតណាម។ រឹតតែជាបញ្ហាទៀតនោះ គឺថា វៀតណាម ហាមដាចខាតមិនឲ្យមានការថតរូបជាវីដេអូ សូម្បីថតជារូបសន្លឹកក៏ដោយ នៅលើទឹកដីកម្ពុជា ក្បែរទីតាំងថ្ម៣ដុំ៖ «»។
ជុំវិញរឿងនេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតទីប្រឹក្សាព្រះមហាវីរក្សត្រ ព្រះអង្គធ្លាប់មានបន្ទូលថា កម្ពុជាសព្វថ្ងៃ គឺមិនសុខពីកម្ពុជាក្រោមប៉ុន្មានទេ។ ព្រះអង្គម្ចាស់ ធម្មិកោ យល់ឃើញថា ដោយសារតែនៅតាមស្ថាប័នរដ្ឋខ្លះ មានវៀតណាម នៅបម្រើការ និងមានសិទ្ធិពេញលេញដូចពលរដ្ឋកម្ពុជា ដែរ ទាំងរបបនយោបាយ និងបែបបទរដ្ឋបាល។
អ្នកភូមិរស់នៅខេត្តតាកែវ លោក ឃុត សាឃឿន ហាក់ពុំមានជំនឿសោះថា ការបោះបង្គោលព្រំដែនរួចហើយ អាចរក្សាបាននូវអធិបតេយ្យភាពណាស់ ព្រោះមានខ្សែបន្ទាត់ព្រំដែន ដែលបានបន្សល់តាំងពីសម័យអាណានិគមនិយមបារាំង រួចម្ដងមកហើយ ក៏ប៉ុន្តែនៅតែភាគីវៀតណាម មិនគោរព និងអនុវត្តស្មារតីនៃកិច្ចព្រមព្រៀងនេះឡើយ។ ហេតុនេះ ការកំណត់ខ្សែបន្ទាត់ជាថ្មីទៀត ក្នុងយុគសម័យថ្មីនេះ ថាតើប្រវត្តិសាស្ត្រអាចនឹងដើរជាន់ដានដូចដែលអាណានិគមបារាំង បានបន្សល់ទុកនូវខ្សែបន្ទាត់ព្រំដែនរួចមកហើយ ឲ្យកម្ពុជាទៀតដែរទេ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។