ពលរដ្ឋ​ប្រមាណ​១០​គ្រួសារ​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឈូស​តូប​លក់​ដូរ​ស្នើសុំ​សំណង​សមរម្យ

0:00 / 0:00

ប្រជាពលរដ្ឋ ឬ​អាជីវករ​រងគ្រោះ​ដែល​ត្រូវ​អាជ្ញាធរ​ឈូស​បំផ្លាញ​តូប​លក់​ដូរ​ដោយ​មិន​ទាន់​ទទួល​សំណង មាន​ទីតាំង​នៅ​ជាប់​មាត់​សមុទ្រ​ចុង​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ ទទូច​ដល់​អ្នក​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌ ដើម្បី​ទទួល​បាន​សំណង​សមរម្យ។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ឆ្លើយ​តប​ថា ក្រុម​អ្នក​តវ៉ា​ទាំង​នេះ គឺ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​សំណង​ជូន​នោះ​ទេ ព្រោះ​ទើប​មក​សង់​តូប​ថ្មីៗ។

ក្រុម​អាជីវករ​ចំនួន ៨​គ្រួសារ​ដែល​មាន​ស្តង់ ឬ​តូប​លក់​ដូរ​នៅ​ចុង​ឆ្នេរ​អូរឈើទាល អតីត​មុខ​ក្រុមហ៊ុន​អារីស្តុន ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដាក់​ពង្រាយ​កម្លាំង​ចម្រុះ និង​គ្រឿងចក្រ​ឈូស​កម្ទេច​ចោល​តូប​លក់​ដូរ​ទាំង​គ្មាន​សំណង កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា បន្ត​ស្វែងរក​យុត្តិធម៌។

ក្រុម​ប្រជាពលរដ្ឋ​បាន​រៀបរាប់​ថា កាល​ពី​ថ្ងៃ​សៅរ៍ ទី​៩ ខែ​មេសា លោក សុខ ផន អភិបាល​ស្ដីទី​ខេត្ត​ព្រះសីហនុ បាន​ដឹក​នាំ​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​រាប់​រយ​នាក់ អម​ដោយ​គ្រឿងចក្រ​ទៅ​ឈូស​កម្ទេច​ស្តង់ ឬ​តូប​លក់​ដូរ​របស់​ពួក​គេ​នៅ​ចុង​ឆ្នេរ​អូរឈើទាល។ អាជីវករ​រងគ្រោះ​អះអាង​ថា កាលណោះ​មាន​តូប​អាជីវករ​ចំនួន ១៤​តូប ត្រូវ​ឈូស​កម្ទេច​ចោល​ទាំង​ស្រុង។

អាជីវករ​ម្នាក់​ស្ថិត​ក្នុង​ចំណោម​អាជីវករ​ចំនួន ៨​តូប​ដែល​មិន​មាន​ឈ្មោះ​ទៅ​ទទួល​សំណង​ពី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ គឺ​លោក គឹម សុខ សំណូមពរ​ដល់​ប្រមុខ​ដឹក​នាំ ជួយ​អន្តរាគមន៍​ទៅ​អភិបាល​ខេត្ត​ព្រះសីហនុ ផ្តល់​សំណង​ជូន​អាជីវករ​ទាំង ៨​តូប ដែល​មិន​ទាន់​មាន​ឈ្មោះ​ទទួល​សំណង​ចំនួន ៣.៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​តូបៗ ដូចជា​អាជីវករ​ដទៃ​ទៀត​ដែរ៖ « សូម​សម្ដេច ហ៊ុន សែន ជួយ​ដល់​អាជីវករ​ពួក​ខ្ញុំ​ចំនួន ៨​តូប ដែល​មិន​ទាន់​មាន​ឈ្មោះ​ទទួល​បាន​សំណង​ពី​រដ្ឋាភិបាល​ផង ព្រោះ​ពួក​ខ្ញុំ​គ្មាន​ដើម​ទុន​សម្រាប់​បន្ត​មុខ​របរ​ទៀត​ទេ ព្រោះ​ត្រូវ​អាជ្ញាធរ​ឈូស​កម្ទេច​ចោល​អស់​ហើយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា »

បច្ចុប្បន្ន ក្រុម​អាជីវករ​ចំនួន ៨​តូប​ដែល​បន្ត​ក្រាញ​ននៀល​ប្រក់​តង់​កៅស៊ូ​សម្រាក​នៅ​លើ​ទីតាំង​តូប​លក់​ដូរ​ក្រោម​កម្ដៅ​ថ្ងៃ និង​ព្យុះ​ភ្លៀង​លើ​ទីតាំង​ចាស់ ដែល​ត្រូវ​អាជ្ញាធរ​ឈូស​កម្ទេច​ចោល​នៅ​ចុង​ឆ្នេរ​អូរឈើទាល ដើម្បី​រង់ចាំ​ដំណោះស្រាយ ត្រូវ​អភិបាល​រង​ក្រុង​ព្រះសីហនុ ឈ្មោះ លី វណ្ណដា ដឹក​នាំ​កម្លាំង​ទៅ​បណ្ដេញ ដោយ​តម្រូវ​ឲ្យ​អាជីវករ​ទាំង ៨​តូប​នោះ រុះរើ​តង់​កៅស៊ូ​ចេញ​ពី​ទីតាំង​នោះ​ទាំង​កំពុង​មាន​ព្យុះ​ភ្លៀង កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​ឧសភា។ ហើយ​ពេល​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​គ្មាន​ជម្រក កំពុង​ខ្វះ​ទីកន្លែង​ស្នាក់នៅ និង​អាហារ​ទទួល​ទាន ជាដើម។

ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ ស៊ុន កាណា បាន​លើក​ដៃ​សំពះ​ក្នុង​សំឡេង​យំ​ខ្សឹកខ្សួល និង​លាយឡំ​ដំណក់​ទឹក​ភ្នែក​ហូរ​កាត់​ផ្ទៃ​មុខ​ដ៏​ជ្រីវជ្រួញ​របស់​គាត់​ជាប់​មិន​ដាច់ បាន​ស្វែងរក​យុត្តិធម៌​ពី​អាជ្ញាធរ និង​ផ្តល់​សំណង​ជូន​អាជីវករ​ពួក​គាត់​ទាំង ៨​គ្រួសារ ដែល​មិន​ទាន់​មាន​ឈ្មោះ​ទទួល​ថវិកា​ចំនួន ៣.៥០០​ដុល្លារ​ពី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ឲ្យ​ទទួល​បាន​សំណង​នេះ៖ « កូន​ចៅ​របស់​សម្ដេច​នៅ​ខេត្ត​ព្រះសីហនុ បាន​ចុះ​មក​ធ្វើ​បាប​ប្រជាជន​ឲ្យ​បាត់បង់​កន្លែង​ស្នាក់នៅ និង​មុខ​របរ​ចិញ្ចឹម​ជីវិត។ ដូច្នេះ សូម​សម្ដេច​ជួយ​កូន​ចៅ​ជា​អាជីវករ ដែល​មិន​ទាន់​មាន​ឈ្មោះ​ទទួល​សំណង​ពី​រដ្ឋាភិបាល​នៅ​ចុង​ឆ្នេរ​អូរឈើទាល ផង »

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា អាជីវករ​ចំនួន ៨​តូប​ដែល​តវ៉ា​នេះ គឺ​ជា​អាជីវករ​ទើប​មក​សង់​តូប​លក់​ដូរ​ថ្មី និង​គ្មាន​ឈ្មោះ ឬ​តូប​លក់​ដូរ​នៅ​តាម​បណ្តោយ​ចុង​ឆ្នេរ​អូរឈើទាល នា​ពេល​កន្លង​មក ដែល​ត្រូវ​ទទួល​សំណង ៣.៥០០​ដុល្លារ​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​អាជីវករ​មាន​តូប​លក់​ដូរ​ចាស់ៗ គឺ​អាជ្ញាធរ​បាន​ផ្តល់​សំណង​ជូន​ស្ទើរ​ទាំង​ស្រុង​អស់​ហើយ គឺ​នៅ​សល់​តែ​អាជីវករ​ចំនួន ២​ឈ្មោះ​ទៀត​ទេ​ដែល​មិន​ទាន់​មក​ទទួល​យក​សំណង​នេះ។

សកម្មភាព​ប្រើ​គ្រឿងចក្រ និង​កម្លាំង​ចម្រុះ​រាប់​រយ​នាក់​ចុះ​ឈូស​បំផ្លាញ​តូប​លក់​ដូរ​របស់​អាជីវករ​នា​ចុង​ឆ្នេរ​អូរឈើទាល កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ដឹក​នាំ​ដោយ​អភិបាល​រង​ខេត្ត​ព្រះសីហនុ ដែល​ជិត​គ្រប់​អាយុ​ចូល​និវត្តន៍ ឈ្មោះ​លោក សុខ ផន។ លោក សុខ ផន មាន​ប្រសាសន៍​ថា សកម្មភាព​នេះ អាជ្ញាធរ​បាន​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ លោក ជា សុផារ៉ា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ទើប​ទទួល​តំណែង​ថ្មី។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO)ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ផ្តល់​ទស្សនៈ​ថា អាជ្ញាធរ​គួរ​ពិចារណា​ផ្តល់​សំណង​ជូន​អាជីវករ​ចំនួន ៨​តូប​ដែល​គ្មាន​ឈ្មោះ​នោះ ដើម្បី​បញ្ចប់​ការ​តវ៉ា ជាពិសេស​ដើម្បី​អាច​ឲ្យ​ពួក​គាត់​មាន​ដើមទុន​ខ្លះ​សម្រាប់​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត៖ « អាជ្ញាធរ​គួរ​រក​យុត្តិសាស្ត្រ​ដោះស្រាយ ដើម្បី​ឲ្យ​បង​ប្អូន​អាជីវករ​យើង​នៅ​សល់ ៨​រូប​គ្មាន​ឈ្មោះ​នេះ​ទទួល​បាន​សំណង ៣ . ៥០០​ដុល្លារ និង​ក្រោយ​ពេល​រដ្ឋាភិបាល​ស្ថាបនា​ឆ្នេរ​នៅ​ចុង​ឆ្នេរ​អូរឈើទាល នេះ​រួច ស្នើ​ឲ្យ​ពួក​គាត់​មាន​កន្លែង​លក់​ដូរ​ឡើង​វិញ ដើម្បី​ចិញ្ចឹម​ជីវិត »

កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តី​ប្រកាស​ដោយ​ដាក់​ឱសានវាទ ១​ខែ​ឲ្យ​អាជីវករ ៣​ទីតាំង រុះរើ​តូប​កំពុង​ធ្វើ​អាជីវកម្ម​ចេញ​ពី​ឆ្នេរ​អូរត្រេះ ឆ្នេរ​អូរឈើទាល ទល់​មុខ​អតីត​ក្រុមហ៊ុន​អារីស្តុន និង​ឆ្នេរ​មុខ​ព្រះរាជ​ដំណាក់​ចាស់​កំពង់សោម ជា​កំហិត ត្រឹម​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៦ ដើម្បី​យក​ទីតាំង​ទាំង​នេះ​អភិវឌ្ឍ​ឆ្នេរ​ឲ្យ​មាន​សោភណភាព។ ឱសានវាទ​នេះ អាជ្ញាធរ​ទើប​ចុះ​អនុវត្ត​ទៅ​លើ​អាជីវករ​ឆ្នេរ​អូរឈើទាល មួយ​ទេ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៩ ខែ​មេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។