ជនជាតិដើមភាគតិចព្នង ប្រមាណ ៥០នាក់ មកពីឃុំចំនួនពីរក្នុងស្រុកអូររាំង និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាំគ្នាប្រមូលផ្តុំមុខមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តវ៉ាឲ្យមន្ត្រីជំនាញទទួលពាក្យបណ្ដឹងរបស់សហគមន៍ដែលប្ដឹងជំទាស់លិខិតជូនដំណឹង ស្ដីពីការវិនិច្ឆ័យគម្រោងចុះបញ្ជីដីកម្មសិទ្ធិរបស់រដ្ឋនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀ ដែលគម្រោងនេះនឹងផ្តល់សិទ្ធិឲ្យក្រសួងបរិស្ថាន ចេញដីនោះសម្រាប់គម្រោងសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន មេហ្គា ហ្វើស (Mega First)។
មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តមណ្ឌលគិរី យល់ព្រមទទួលពាក្យបណ្ដឹងរបស់សហគមន៍មកពីស្រុកចំនួនពីរ នៅថ្ងៃទី២៦ ខែមករា ដែលព្យាយាមទាមទារសុំឲ្យក្រសួងជំនាញ កាត់ចេញផលប៉ះពាល់សហគមន៍។
កាលពីថ្ងៃទី២៥ ខែមករា មន្ត្រីមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តមណ្ឌលគិរី បដិសេធមិនទទួលពាក្យបណ្ដឹងរបស់តំណាងសហគមន៍មានគ្នា ១០នាក់ ក្រោមហេតុផលថាពាក្យបណ្ដឹងនោះមិនមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានតាមឋានានុក្រម។
តំណាងប្រជាពលរដ្ឋ លោក ក្រើង តុលា បញ្ជាក់ថា តំណាងអ្នកភូមិជាង ៥០នាក់បានព្យាយាមយកពាក្យបណ្ដឹងមកដាក់ជូនមន្ទីរជំនាញលើកទីពីរ និងមានការជជែកបង្ហាញហេតុផលរៀងខ្លួន រួមទាំងមានកិច្ចអន្តរាគមន៍ពីមន្ត្រីសិទ្ធិមនុស្ស និងអាជ្ញាធរខេត្តអស់រយៈពេលជាង ១ម៉ោង ទើបមន្ត្រីជំនាញព្រមទទួលពាក្យបណ្ដឹងនោះ។ លោកបញ្ជាក់ថា អ្នកភូមិអស់ជំនឿលើមន្ត្រីមូលដ្ឋានដែលមិនបានជូនដំណឹងដល់ពលរដ្ឋស្ដីពីលិខិតជូនដំណឹងរបស់មន្ទីរជំនាញ ដែលប្រកាសឲ្យអ្នកភូមិប្ដឹងទាស់សេចក្តីជូនដំណឹង ទាក់ទិនការវិនិច្ឆ័យដីរដ្ឋឋិតក្នុងដែនជម្រកសត្វព្រៃភ្នំណាំលៀ ដើម្បីឲ្យអ្នកភូមិដែលមានផលប៉ះពាល់ក្នុងតំបន់ដីវិនិច្ឆ័យធ្វើការតវ៉ា៖ « អាជ្ញាធរ ភូមិ - ឃុំគាត់មិនប្រកាសឲ្យប្រជាពលរដ្ឋដឹងទេ នៅពេលប្រជាពលរដ្ឋទៅមើលឈ្មោះបោះ ឆ្នោត ស្រាប់តែ ឃើញប្រកាស ហ្នឹងនៅសល់តែ ប៉ុន្មានថ្ងៃៗហ្នឹង ថ្ងៃ២៦ ហើយ »។
មន្ទីររៀបចំដែនដីខេត្តមណ្ឌលគិរី បានបិទលិខិតជូនដំណឹងនៅសាលាឃុំប៊ូស្រា ឲ្យប្រជាពលរដ្ឋប្ដឹងជំទាស់រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៧ ខែមករា ក៏ប៉ុន្តែតំណាងសហគមន៍បញ្ជាក់ថា រហូតមកទល់នឹងថ្ងៃទី២៤ ខែមករា ទើបអ្នកភូមិបានដឹង ខណៈដែលថ្ងៃឱសានវាទនៅសល់តែពីរថ្ងៃប៉ុណ្ណោះ។
អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តមណ្ឌលគិរី លោក ឈឹម វណ្ណា បញ្ជាក់ថា ជាគោលការណ៍របស់មន្ទីរ រាល់លិខិតជូនដំណឹងរបស់មន្ទីរពាក់ព័ន្ធ ប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវបិទនៅតាមសាលាឃុំ-សង្កាត់។ លោកថា ក្រសួងមានភារកិច្ចចុះបញ្ជីដីរដ្ឋជាផ្លូវការ ទើបជូនដំណឹងឲ្យប្រជាពលរដ្ឋប្ដឹងទាស់ ដើម្បីមន្ត្រីជំនាញពិនិត្យដោះស្រាយ។ លោកបន្តថា មន្ទីរបានទទួលពាក្យបណ្ដឹងទាស់ពីតំណាងសហគមន៍រួចហើយ ហេតុនេះមន្ត្រីជំនាញនឹងចុះផ្ទៀងផ្ទាត់តំបន់ដែលប្រជាពលរដ្ឋតវ៉ា៖ « យើង ចុះទៅ ផ្ទៀងផ្ទាត់ទេ ជាមួយ សហគមន៍ពូ ឆប ហ្នឹងវា មានការ ត្រួតស៊ីគ្នាលើដី ដែលយើង ចុះបញ្ជី ដីជូនក្រសួង មាន ទីតាំងនៅ កន្លែងណាដើម្បី យកមក ដោះស្រាយ »។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គការអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ថា មន្ទីរមានភារៈទទួលយកពាក្យបណ្ដឹងទាស់របស់សហគមន៍ ហើយផ្ទៀងផ្ទាត់ការតវ៉ារបស់សហគមន៍ ដើម្បីកាត់ចេញផលប៉ះពាល់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកថា ដោយសារមន្ត្រីមន្ទីរជំនាញមិនព្រមទទួលយកពាក្យបណ្ដឹងរបស់សហគមន៍ ទើបសហគមន៍ប្រមូលផ្តុំគ្នាច្រើនទាមទារឲ្យមន្ទីរជំនាញ ទទួលយកពាក្យបណ្ដឹងនេះ៖ « គឺគាត់ស្ងប់ចិត្ត បើកាលណាគាត់ទទួលបានការដោះស្រាយសមរម្យណាមួយចំពោះមុខច្បាប់ ។ ខ្ញុំ ជឿថា រាល់ការអនុវត្តនីតិវិធីទាំងឡាយ នឹងមិនមានទំនាស់ឡើយ »។
ក្រុមហ៊ុន មេហ្គាហ្វើស បានស្នើសុំដីសម្បទាននៅស្រុកពេជ្រាដា ជាប់នឹងស្រុកអូររាំង លើផ្ទៃដីជាង ៩ពាន់ហិកតារក្នុងព្រៃដែនជម្រកសត្វព្រៃភ្នំណាំលៀ ក៏ប៉ុន្តែសហគមន៍បានតវ៉ាតាំងពីឆ្នាំ២០១៤ ទាក់ទិនតំបន់នោះជាតំបន់ប្រភពទឹកប្រើប្រាស់មានទំហំដីជាង ១ពាន់ហិកតារ ហើយរហូតពេលនេះ សហគមន៍មិនទាន់ទទួលដំណោះស្រាយសមស្របទាក់ទិនការតវ៉ានេះនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។