ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង​ចោទ​មេ​បញ្ជាការ​យោធា​ភូមិ​ភាគ​១​ថា​រំលោភ​យក​ដីធ្លី

0:00 / 0:00

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ចោទ​មេ​បញ្ជាការ​យោធា​ភូមិ​ភាគ​១ ថា​ចាត់​ឲ្យ​មន្ត្រី​សុរិយោដី​វាស់វែង​កំណត់​ព្រំ​ដី​ជូន​កងទ័ព បំពាន​ដីធ្លី​អាស្រ័យ​ផល​ពួក​គាត់​កាល​ពី​ថ្ងៃ​ទី​២០ សីហា។ ចំណែក​មេ​បញ្ជាការ​រង​ភូមិ​ភាគ​១ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​ស្រែគរ១ ឃុំ​ស្រែគរ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ រក​យុត្តិធម៌​រឿង​ជម្លោះ​ដីធ្លី​ជូន​ពួក​គាត់ ករណី​មេ​បញ្ជាការ​ភូមិ​ភាគ​១ លោក ហួត ឈៀង រំលោភ​ដីធ្លី​ពួក​គាត់​អស់ ៦​ហិកតារ ខណៈ​ពួក​គាត់​បាន​កាន់​កាប់​ដី​នៅ​តំបន់​នោះ​ជាង ១០​ឆ្នាំ​កន្លង​មក។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ១ លោក កាក់ ឆាយ ចោទ​ប្រកាន់​ថា មេ​បញ្ជាការ​ភូមិ​ភាគ​១ មាន​មហិច្ឆតា​បំពាន​ដីធ្លី​អាស្រ័យ​ផល​របស់​លោក ដែល​មាន​ទំហំ​ទទឹង ១០០​ម៉ែត្រ បណ្តោយ ៦០០​ម៉ែត្រ ក្រោម​ហេតុផល​ថា ប្រគល់​ឲ្យ​គ្រួសារ​កងទ័ព ខណៈ​ដី​សម្រាប់​ផ្តល់​ជូន​គ្រួសារ​កងទ័ព​មាន​គ្រប់គ្រាន់​អស់​ហើយ។ លោក​កត់​សម្គាល់​ថា គ្រួសារ​លោក​មាន​ដី​ប្រភេទ​កសិកម្ម​ក្បាល ២០០​ម៉ែត្រ បណ្តោយ ៦០០​ម៉ែត្រ កាន់​កាប់​តាំង​ពី​ឆ្នាំ​២០០៥ និង​មាន​អាជ្ញាធរ​ភូមិ-ឃុំ​ទទួល​ស្គាល់។ ទន្ទឹម​នឹង​នេះ លោក​បាន​រស់នៅ​ទីនោះ​មុន​ពេល​មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច អាន ម៉ារឌី មក​វិនិយោគ និង​មុន​ពេល​ក្រុមហ៊ុន អាន ម៉ារឌី សាងសង់​ផ្ទះ ១០០​ខ្នង​ជូន​គ្រួសារ​កងទ័ព៖ « ដី​ខ្ញុំ មេ​ឃុំ​ហៅ​មក​ទិញ​ត្រឹមត្រូវ ធ្វើ​លិខិត​ស្នាម​កាន់​កាប់​ដី​ត្រឹមត្រូវ ហើយ​គាត់​នៅ​បំពាន។ បំពាន​ហ្នឹង​ដល់​ណា​ទៀត ? តែ​ម្នាក់​គាត់​ហ្នឹង​សំណូមពរ​ទៅ​សម្ដេច​នាយក ឲ្យ​គាត់​ពិនិត្យ និង​តាមដាន​មើល​មេ​ភូមិ​ភាគ ដើរ​ឈ្លាន​ពាន​រំលោភ​សិទ្ធិ​ពលរដ្ឋ ចឹង​ហើយ​ថ្ងៃ​ក្រោយ​ទៅ សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន ងាប់​ដោយសារ​មេ​ភូមិ​ភាគ »

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​មេ​បញ្ជាការ​ភូមិ​ភាគ​១ លោក ហួត ឈៀង ដើម្បី​សុំ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ សីហា។

ចំណែក​មេ​បញ្ជាការ​រង​ភូមិ​ភាគ​១ លោក នាម អៀង ថ្លែង​បញ្ជាក់​ថា រដ្ឋាភិបាល​ធ្លាប់​ចេញ​អនុក្រឹត្យ​អនុប្រយោគ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ ជូន​គ្រួសារ​កងទ័ព​ជិត ១០​ឆ្នាំ​មក​ហើយ។ ចំណែក​លោក កាក់ ឆាយ ក៏​បាន​កាន់​កាប់​ដី​នៅ​តំបន់​នោះ​ដែរ ថែម​ទាំង​ធ្វើ​ការ​ដាំដុះ​ជា​បន្តបន្ទាប់។ លើស​ពី​នេះ លោក​បាន​ផ្តល់​ដី​ជូន​គ្រួសារ​លោក កាក់ ឆាយ ដូច​គ្រួសារ​កងទ័ព​ដែរ ដែល​មិន​អនុញ្ញាត​ឲ្យ​គាត់​កាប់​ទន្ទ្រាន​ដី​តាម​អំពើ​ចិត្ត​នោះ​ទេ។ លោក​បញ្ជាក់​ថា ដី​របស់​លោក កាក់ ឆាយ កំពុង​អាស្រ័យ​ផល​បច្ចុប្បន្ន ឋិត​នៅ​បរិវេណ​ដី​ដែល​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​សម្បទាន​សង្គមកិច្ច​ជូន​គ្រួសារ​កងទ័ព​នូវ​ផ្ទះ ១០០​ខ្នង៖ « អនុប្រយោគ​របស់​រដ្ឋាភិបាល​នៅ​ដី​ក្រុមហ៊ុន​ជូន​គ្រួសារ​កងទ័ព គេ​មាន​អនុក្រឹត្យ​រួច​ហើយ​ក្នុង​ដី​ហ្នឹង បាន​កសាង​ផ្ទះ ១០០​ខ្នង មិន​អាច តា​ឆាយ ហ្នឹង​គាត់​ចង់​យក​តាម​ចិត្ត​គាត់​បាន​ទេ។ តា ឆាយ ហ្នឹង គាត់​តវ៉ា​យូរ​ហើយ ខ្ញុំ​ដឹង​ហើយ គាត់​ចង់​យក​តាម​ទំនើង​គាត់​ពី​ណា​ទៅ​ណា​អី​ហ្នឹង »

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា មន្ត្រី​យោធា​ពុំ​មាន​សិទ្ធិ​បញ្ជា​មន្ត្រី​សុរិយោដី​វាស់វែង​បំពាន​ដី​ពលរដ្ឋ​បាន​នោះ​ទេ បើ​ពុំ​ទាន់​មាន​ការ​ដោះស្រាយ​ចប់​ជា​ស្ថាពរ​ជា​មុន​សិន។ លោក​កត់​សម្គាល់​ថា ពលរដ្ឋ​បាន​កាន់​កាប់​ដី​តំបន់​នោះ​តាំង​ពី​ឆ្នាំ​២០០៥ មុន​ពេល​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​គ្រួសារ​កងទ័ព​ផ្ទះ ១០០​ខ្នង។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​នឹង​អន្តរាគមន៍​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដោះស្រាយ​បញ្ហា​នេះ​ផ្អែក​តាម​ច្បាប់​ភូមិបាល​ដោយ​យុត្តិធម៌។ លោក សៀក មេគង្គ ចាត់​ទុក​ករណី​នេះ​ថា​ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ ហើយ​អាច​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល៖ « តាម​ច្បាប់​អត់​មាន​សិទ្ធិ​អី​ទាហាន​ទៅ​បញ្ជា​សុរិយោដី។ សុរិយោដី​ជា​ផ្នែក​មួយ ហៅ​ថា​ជំនាញ​ផ្នែក​ប្លង់​ដី។ នេះ​ជា​ការ​រំលោភ​សិទ្ធិ​ទាំង​កំរោល ហើយ​យើង​មិន​អាច​ទទួល​យក​បាន​ទេ »

ច្បាប់​ភូមិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣៨ ឆ្នាំ​២០០១ ចែង​ថា បុគ្គល​ទាំងឡាយ​ណា​ដែល​បាន​កាន់​កាប់​ដី​ចាប់​ពី ៥​ឆ្នាំ​ឡើង​ទៅ​ដោយ​សុចរិត មាន​ការ​ដឹង​ឮ​ជា​សាធារណៈ គ្មាន​ការ​ប្ដឹង​ទាស់ កាន់​កាប់​ដោយ​មិន​អាក់ខាន បុគ្គល​នោះ​អាច​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ដោយ​ស្រប​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។