ប្រជាពលរដ្ឋនៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បារម្ភថានឹងត្រូវខកខានការដាំដុះដំណាំផ្សេងៗនៅឆ្នាំនេះមិនខាន។ ក្ដីបារម្ភនេះ ក្រោយពេលអាជ្ញាធរបានដាក់កម្លាំងការពារ មិនឲ្យពលរដ្ឋចូលទៅដាំដំណាំលើដីរបស់ពួកគាត់ជាច្រើនថ្ងៃមកហើយ។ ចំណែកអភិបាលស្រុកសណ្ដាន់ អះអាងថា កម្លាំងដាក់នោះ គឺមិនមែនដើម្បីរារាំងពលរដ្ឋមិនឲ្យដាំដំណាំលើដីពួកគាត់ទេ ប៉ុន្តែការពារក្រែងមានអ្នកភូមិចូលកាន់កាប់ដីថ្មីបន្ថែមទៀតប៉ុណ្ណោះ។
ប្រជាពលរដ្ឋនៅឃុំមានរិទ្ធ ស្នើឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមុន ជៀសវាងធ្វើឲ្យពួកគាត់ត្រូវខកខានដាំដំណាំនៅពេលរដូវដាំដុះចូលមកដល់។ ការស្នើនេះ ក្រោយពេលអាជ្ញាធរបានដាក់កម្លាំងរារាំងពលរដ្ឋមិនឲ្យចូលទៅកាន់ដីដែលពួកគាត់អះអាងថា បានអាស្រ័យផលជាច្រើនឆ្នាំរួចមកហើយ។
ពលរដ្ឋនៅឃុំមានរិទ្ធ មួយរូប លោក ថោង ប៉ុញ រៀបរាប់ថា ដីរបស់ពួកគាត់បានកាន់កាប់តាំងពីឆ្នាំ២០១១ ហើយខ្លះចូលកាន់កាប់នៅក្រោយគ្នាបន្តបន្ទាប់។ លោកថា ចាប់តាំងពីអាជ្ញាធរខេត្តបានដាក់ដីតំបន់នោះជាដីសម្បទានសង្គមកិច្ចជូនពលរដ្ឋមកពីខេត្តត្បូងឃ្មុំ កាលពីចុងឆ្នាំ២០១៤ អាជ្ញាធរក៏បានឈូសឆាយដីពួកគាត់ដោយមិនបានឆ្វៀលចេញទេ។ បន្ថែមពីនេះ អាជ្ញាធរបានដាក់កម្លាំងសមត្ថកិច្ចនៅយាមដី រារាំងមិនឲ្យអ្នកភូមិចូលទៅកាន់ដីរបស់ខ្លួនជិតមួយសប្ដាហ៍មកហើយ៖ « ដីដែលខ្ញុំកាប់នៅឆ្នាំ២០១១ នេះ មានចន្ទី ខ្ញុំបេះបីបួនឆ្នាំហើយ។ ពេលនោះ ក្រោយថ្ងៃទី៨ ទី៩ នោះ គាត់ហាម ដែលខ្ញុំថាបាញ់មួយគ្រាប់នោះ អត់ឲ្យពួកខ្ញុំទៅ។ គាត់លួចកាប់ចន្ទីខ្ញុំទ្រួសចោលអស់ប្រហែលកន្លះហិកតារ »។
ប្រជាពលរដ្ឋដែលមានដីរងផលប៉ះពាល់មានចំនួនប្រមាណ ៥០គ្រួសារលើទំហំដីជិត ១០០ហិកតារ។ កន្លងមក ពលរដ្ឋខ្លះបានដាំស្វាយចន្ទី ដំឡូង ឬស្រូវ ជាដើម។ ប្រភពដដែលបន្តថា តាំងពីអាជ្ញាធរខេត្តសម្រេចប្រគល់ដីប្រមាណ ២ពាន់ហិកតារដាក់ជាដីសម្បទានសង្គមកិច្ចសម្រាប់ពលរដ្ឋមកពីខេត្តត្បូងឃ្មុំ គឺមិនដែលឃើញពលរដ្ឋទាំងនោះមកកាន់កាប់ដីសម្បទានទេ ឃើញតែឈ្មួញនាំគ្នាកាន់កាប់ដីតំបន់នោះប៉ុណ្ណោះ។
ទាក់ទងបញ្ហានេះ អភិបាលស្រុកសណ្ដាន់ លោក ឡង់ គីសឺង មានប្រសាសន៍នៅថ្ងៃទី១៥ មិថុនា ថា កម្លាំងដាក់យាមក្នុងតំបន់ដីសម្បទានសង្គមកិច្ច ពីព្រោះខ្លាចក្រែងពលរដ្ឋនាំគ្នាទៅចាប់យកដីតំបន់នោះ។ ម្យ៉ាង ជាដីដែលទើបនឹងឈូសឆាយស្អាត ទុកឲ្យពលរដ្ឋមកពីខេត្តត្បូងឃ្មុំ។ លោកបញ្ជាក់ថា អាជ្ញាធរមិនបានដាក់កម្លាំងដើម្បីហាមឃាត់ពលរដ្ឋមិនឲ្យចូលទៅអាស្រ័យផលដីរបស់ខ្លួនឡើយ ពីព្រោះដីតំបន់នោះ អ្នកភូមិទើបនាំគ្នាចូលទៅរុករានកាលពីពេលថ្មីៗនេះ៖ « ដីហ្នឹងអត់មានព្រៃទេ។ ដល់អត់មានព្រៃ វាជះផលអវិជ្ជមានដល់អាជ្ញាធរដែរ ព្រោះពួកគាត់ចូលទៅដាំតែម្តង »។
លោកឲ្យដឹងទៀតថា ពលរដ្ឋទាមទារ គឺមានមិនដល់ ១០គ្រួសារផង ហើយអាជ្ញាធរនឹងដោះស្រាយជូនពលរដ្ឋ ប្រសិនអ្នកភូមិមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា ធ្លាប់បានអាស្រ័យផលលើដីទាំងនោះពិតប្រាកដ។
ចំណែកបញ្ហាដីសម្បទានសង្គមកិច្ចខ្លះ គឺមានពលរដ្ឋមួយចំនួនបានលក់បន្តមែន ហើយអាជ្ញាធរនឹងស៊ើបអង្កេតបន្ថែមជុំវិញករណីនេះ ជៀសវាងដីទាំងនោះធ្លាក់លើដៃឈ្មួញដូចការលើកឡើងរបស់ពលរដ្ឋ។
ទោះជាយ៉ាងនេះក្តី ជំទប់ទី២ ឃុំមានរិទ្ធ មកពីបក្សប្រឆាំង លោក ហេង សុខ អះអាងថា ពិតជាមានករណីទិញលក់ដីសម្បទានសង្គមកិច្ចប្រាកដមែន ដោយមានតម្លៃចាប់ពី ១.៥០០ដុល្លារទៅ ២.០០០ដុល្លារក្នុងមួយហិកតារ។ បញ្ហានេះ គឺខុសពីគោលការណ៍ទទួលបានដីសម្បទានសង្គមកិច្ច ដែលតម្រូវឲ្យពលរដ្ឋរស់នៅបានយ៉ាងហោច ៥ឆ្នាំ ទើបអាចលក់ដូរបាន ប៉ុន្តែករណីនេះ ពលរដ្ឋមិនទាន់បានទៅរស់នៅផង បែរជាមានសិទ្ធិលក់ដូរទៅវិញ។ លោកបារម្ភថា ដីសម្បទានសង្គមកិច្ចទាំងនោះ អាចត្រូវធ្លាក់លើដៃឈ្មួញ ស្របពេលអាជ្ញាធរមិនទាន់ដោះស្រាយជូនពលរដ្ឋរងផលប៉ះពាល់ឲ្យបានចប់សព្វគ្រប់ផង៖ « សួរគេនៅហ្នឹង ថាអីណាដីប្រជាពលរដ្ឋ គេថាអត់មានទេ មានតែដីអ្នកទិញ ប៉ុន្តែអ្នកទិញហ្នឹងគេអត់ប្រាប់ឈ្មោះយើង។ គេលាក់ឈ្មោះ »។
លោកបន្ថែមទៀតថា ប្រសិនបើអាជ្ញាធរនៅតែរារាំងពលរដ្ឋមិនឲ្យចូលទៅបង្កបង្កើនផលបាន វានឹងធ្វើឲ្យពួកគាត់ត្រូវខកខានដាំដំណាំផ្សេងៗនៅរដូវដាំដុះឆ្នាំនេះ។ ជាមួយគ្នានេះ អ្នកភូមិគ្រោងនឹងប្រមូលស្នាមមេដៃដើម្បីដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរខេត្ត ឲ្យជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ពេលនេះបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។