ពលរដ្ឋ​៩​សហគមន៍​តវ៉ា​ឲ្យ​សាលា​ក្រុង​ផ្ដល់​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង

0:00 / 0:00

នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា នេះ ប្រជាពលរដ្ឋ​ជាង ៥០​នាក់​មក​ពី​សហគមន៍​ចំនួន​៩ ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​ខណ្ឌ​ទួលគោក និង​ខណ្ឌ​ឫស្សីកែវ បាន​ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​ទៀត​នៅ​ខាង​មុខ​សាលា​ក្រុង ដើម្បី​ទាមទារ​ឲ្យ​លោក ប៉ា សុជាតិវង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់​នៅ​ពី​លើ​គន្លង​ផ្លូវ​រថភ្លើង​ចាស់ ពី​ចំណុច​ស្ថានីយ​រថភ្លើង​ទៅ​ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៦។

ប្រជាពលរដ្ឋ ៩​សហគមន៍​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​នៅ​ឡើយ ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់​នៅ​ពី​លើ​គន្លង​ផ្លូវ​រថភ្លើង​ចាស់ ពី​ចំណុច​ស្ថានីយ​រថភ្លើង​ទៅ​ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៦ បើ​ទោះ​បី​ជា​ពួក​គេ​តវ៉ា​សុំ​ឲ្យ​សាលា​ក្រុង ផ្តល់​ព័ត៌មាន​ជាច្រើន​លើក​ច្រើន​សា​ក្តី។

តំណាង​សហគមន៍​ទួលសង្កែ ស្ថិត​នៅ​ក្រុម​ទី​៦ គីឡូម៉ែត្រ​លេខ​៦ លោកស្រី ថា ម៉េងគួន ឲ្យ​ដឹង​ថា ការ​យឺតយ៉ាវ​ផ្ដល់​ព័ត៌មាន​ពី​ការ​ធ្វើ​ផ្លូវ​ថ្នល់​លើ​ផ្លូវ​រថភ្លើង​របស់​លោក ប៉ា សុជាតិវង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ទាំង​ភ័យ​ខ្លាច​ក្រែង​ដូចជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់ បុរីកីឡា ឬ​ដី​ក្រហម ដែល​រដ្ឋាភិបាល​ធ្លាប់​បាន​បណ្ដេញ​ចេញ​ក្នុង​ពេល​កន្លង​មក ក្រោម​លេស​ថា​យក​តំបន់​ទាំង​នោះ​ធ្វើ​ការ​អភិវឌ្ឍ។

ពលរដ្ឋ​រូប​នេះ​បន្ត​ថា គោល​បំណង​លើក​គ្នា​តវ៉ា គឺ​សុំ​ឲ្យ​លោក ប៉ា សុជាតិវង្ស បកស្រាយ​ឲ្យ​ច្បាស់​ពី​គម្រោង​អភិវឌ្ឍន៍ ថា​មាន​គម្រោង​អ្វី​ខ្លះ? តើ​ទីតាំង​ជាក់លាក់​នៅ​កន្លែង​ណា? តើ​ពេល​ណា​នឹង​ត្រូវ​អនុវត្ត​គម្រោង? ហើយ​ថា​តើ​មាន​គ្រួសារ​ប៉ុន្មាន​ដែល​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ប៉ុណ្ណោះ?៖ « គម្រោង​របស់​សាលា​ក្រុង​ពុំ​ដែល​មក​ធ្វើ​វេទិកា​សាធារណៈ​ជូន​ពលរដ្ឋ ថា​អភិវឌ្ឍ​នៅ​ត្រឹម ​ណា​ នោះ​ទេ។ ដូច្នេះ​ពួក​យើង ចង់​បាន ការ​អភិវឌ្ឍ ​ណា​ ដែល​មាន ការ​ចូលរួម​ទាំងអស់​គ្នា។ សាលា​ក្រុង សូម​កុំ ​បន្ត​ឲ្យ​ ពលរដ្ឋ​អ្វី ​ខ្លាច​ បន្ត​ទៀត »

ការ​តវ៉ា​របស់​ពលរដ្ឋ​ទាំង ៩​សហគមន៍​ដែល​តវ៉ា​ដោយ​លើក​បដា និង​ដាក់​ញត្តិ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ មិន​ត្រូវ​រារាំង​ណា​មួយ​ឡើយ។

ក្រោយ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​អស់​រយៈពេល​ជិត ១​ម៉ោង​មក មន្ត្រី​សាលា​ក្រុង​បាន​អញ្ជើញ​តំណាង​សហគមន៍​ទាំង​៩ ចូល​ជួប​ពិភាក្សា ប៉ុន្តែ​ការ​ពិភាក្សា​នេះ​មិន​ទទួល​បាន​លទ្ធផល​ណា​មួយ​ឡើយ។

តំណាង​សហគមន៍​ភូមិ​២៣ លោកស្រី ហ៊ន ពៅ ដែល​បាន​ចូល​ជួប​ជាមួយ​នឹង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់​ថា បច្ចុប្បន្ន មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បដិសេធ​សំណើ​ពួក​គាត់​ក្នុង​ការ​ធ្វើ​វេទិកា​សាធារណៈ ព្រោះ​គម្រោង​អភិវឌ្ឍន៍​នោះ​ស្ថិត​ក្នុង​ការ​សិក្សា​នៅ​ឡើយ ដែល​ចម្លើយ​នោះ​វា​មិន​ស្រប​ទៅ​នឹង​អ្វី​ដែល​លោក ប៉ា សុជាតិវង្ស បាន​ឲ្យ​ដឹង​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​គាត់។ លោកស្រី​បន្ត​ថា ការ​លើក​ឡើង​របស់​សាលា​ក្រុង​នៅ​ពេល​នេះ បាន​ធ្វើ​ឲ្យ​ពួក​គាត់​ខក​ចិត្ត​ខ្លាំង ព្រោះ​ពួក​គាត់​គ្មាន​បំណង​ជំទាស់​គម្រោង​អភិវឌ្ឍន៍​របស់​សាលា​ក្រុង​នោះ​ឡើយ៖ « ឯកឧត្តម ប៉ា សុជាតិវង្ស លោក​ថា​ បាន​សិក្សា​ហើយៗ ហើយ​លោក​បាន​ចុះ​ទៅ​ផ្ទាល់​ដល់​សហគមន៍​យើង​ពីរ​ដង​ហើយ​នៅ​ក្នុង ​ផេក ( ទំព័រ​ហ្វេសប៊ុក ) របស់​គាត់ ។ ប៉ុន្តែ​ អ្នក​នាំ​ពាក្យ ​គាត់​ និយាយ​ថា កំពុង​តែ​រៀបចំ​ក្រុម​ការងារ​ចុះ​ទៅ​សិក្សា ។ អ៊ីចឹង​ព័ត៌មាន​វា​ ហាក់​ដូចជា ​អត់​ ដូច​គ្នា អ៊ីចឹង​ហើយ​យើង​ស្នើសុំ​ជួប​លោក​អភិបាល​ផ្ទាល់​តែ​ម្តង​នៅ​ថ្ងៃ​ទី​១៤ ខែ​៧ ហ្នឹង ហើយ​ អ្វី​ដែល ​ខ្ញុំ​តវ៉ា គឺ​ គ្រាន់​តែ ​សុំ​ព័ត៌មាន​ប៉ុណ្ណោះ គ្មាន​បំណង​ជំទាស់​ អី​ឡើយ អ្វី​រាល់​ ការ​អភិវឌ្ឍ ត្រូវ​តែ ​ឲ្យ​ប្រជាពលរដ្ឋ​ដឹង »

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ជិន ប៊ុនធឿន បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ បាន​ស្នើ​ថា សាលា​ក្រុង​គួរ​មាន​យន្តការ​ច្បាស់លាស់ ដោយ​ផ្ដល់​ព័ត៌មាន​តាម​វេទិកា​សាធារណៈ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​ឡើង​វិញ៖ « យើង​មើល​ប្រជាពលរដ្ឋ មិន​ជំទាស់​ នឹង​ការ​អភិវឌ្ឍ​ អី​ នោះ​ទេ តែ​សូម​ឲ្យ​មាន​សំណង ពន្យល់​គាត់​ឲ្យ​ច្បាស់ ពិសេស​ធ្វើ​ការ​អភិវឌ្ឍ​ទទួល​បាន​ផល​ទាំងអស់​គ្នា មិន​ រីក​ចម្រើន ​តែ​ អ្នក​មាន តែ​ប៉ះពាល់​ អ្នក​ក្រ នោះ​ឡើយ គួរ​តែ​បើក​វេទិកា​ឲ្យ​បាន​ឆាប់ »

ពលរដ្ឋ​ទាំង ៩​សហគមន៍ ទុក​ពេល​ឲ្យ​សាលា​ក្រុង ១​សប្ដាហ៍​ទៀត តែ​ប្រសិន​បើ​នៅ​តែ​គ្មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​សាលា​ក្រុង​នោះ ពួក​គាត់​ប្រកាន់​ជំហរ​ហែ​ក្បួន​ដាក់​លិខិត​អន្តរាគមន៍​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។