ប្រជាពលរដ្ឋនៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានដីស្រែនៅតំបន់២ និងតំបន់៣ ចំណុចឃុំចំណារក្រោម បារម្ភខ្លាចបាត់បង់ដីធ្លាប់អាស្រ័យផលកន្លងទៅ។ ក្តីបារម្ភនេះ ខណៈមានក្រុមឈ្មួញបង្ខំឲ្យប្រគល់ដីដែលពលរដ្ឋធ្លាប់អាស្រ័យឲ្យទៅពួកគេវិញ។ ក្រៅពីនេះ គឺតម្រូវឲ្យពលរដ្ឋបង់ប្រាក់មួយចំនួន ជាថ្នូរថាបានជួលដីពីពួកគេ ជាដើម។ អភិបាលស្រុកបញ្ជាក់ថា រឿងនេះ គឺហួសពីសមត្ថកិច្ចរបស់អាជ្ញាធរ ពីព្រោះតុលាការបានសម្រេចរួចទៅហើយ។
ប្រជាពលរដ្ឋស្នើឲ្យប្រមុខរាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ ដែលកំពុងកើតមានឡើង។
អ្នកភូមិអះអាងថា ប្រសិនបើមិនមានដំណោះស្រាយទេ ពួកគាត់នឹងនាំគ្នាឡើងទៅជួបប្រមុខរាជរដ្ឋាភិបាលតែម្តង។ ការបង្ខំពលរដ្ឋឲ្យប្រគល់ដីទៅឈ្មួញឈ្មោះ គាំ សារឿន កើតឡើងកាលពីចុងខែធ្នូ ក្រោយពេលមានពលរដ្ឋចំនួន ៥នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងតម្រូវឲ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សេងៗនៅលើដីទំហំជាង ៦០០ហិកតារ ដែលអាជ្ញាធរអះអាងថាជារបស់ឈ្មោះ គាំ សារឿន នៅចំណុចកំព្រីង ឃុំចំណារលើ ស្រុកស្ទោង។
ពលរដ្ឋមួយរូបនៅឃុំចំណារលើ សុំមិនបញ្ចេញឈ្មោះ រៀបរាប់ថា ដីស្រែលោកស្រីនៅតំបន់៣ ជាង ៤ហិកតារ អាចប្រឈមនឹងការបាត់បង់មិនខានឡើយ ប្រសិនបើរាជរដ្ឋាភិបាលមិនអាចដោះស្រាយជូនពួកគាត់។ លោកស្រីអះអាងថា ដីទាំងនេះ គ្រួសារគាត់បានកាន់កាប់តាំងពីឆ្នាំ២០០៧ ប៉ុន្តែថ្មីៗនេះ បក្ខពួករបស់ គាំ សារឿន បង្ខំឲ្យពលរដ្ឋប្រគល់ដីធ្លាប់អាស្រ័យផលឲ្យពួកគេ ហើយឆ្នាំនេះ ពួកគេបង្ខំឲ្យអ្នកភូមិផ្តល់ប្រាក់ពី ២០ម៉ឺនទៅ ៣០ម៉ឺនរៀលក្នុងមួយហិកតារទៀតផង៖ « ហើយបង្ខំឲ្យបង់លុយបានឲ្យព្រោះ បើមិនឲ្យលុយទេមិនឲ្យព្រោះទេ មិនឲ្យវ៉ៃដីទេ ឃាត់ អាត្រាក់ទាំងអស់ អាត្រាក់ណាក៏មិនហ៊ានវ៉ៃដែរ »។
កិច្ចសន្យារបស់ពលរដ្ឋមួយចំនួនដែលបានធ្វើឡើងនៅអធិការដ្ឋាននគរបាលស្រុកស្ទោង កាលពីថ្ងៃទី២១ ធ្នូ បញ្ជាក់ថា តុលាការកំពូលបានសម្រេចឲ្យឈ្មោះ គាំ សារឿន ឈ្នះក្តីលើបុគ្គលឈ្មោះ យក់ គឹមឡេង លើទំហំដីជាង ៦០០ហិកតារ (៦២៩ហិកតារ) ហើយពលរដ្ឋទាំងនោះសន្យាថានឹងមិនចូលទៅធ្វើសកម្មភាពណាមួយលើដីទាំងនេះទៀតទេ។
តំណាងពលរដ្ឋមួយរូប លោក ឆែ ថេន យល់ថា សំណុំរឿងនេះ គឺផ្ទុយគ្នាស្រឡះទៅនឹងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១៤ ដែលបានឆ្វៀលដីជូនពលរដ្ឋធ្លាប់អាស្រ័យផលកន្លងមក។ លោកបន្ថែមថា ការសម្រេចរបស់តុលាការ អាចនឹងមានភាពមិនប្រក្រតីកើតឡើង ហើយដីដែលមានវិវាទពេលនេះ គឺប៉ះពាល់ពលរដ្ឋជាង ៣០០គ្រួសារ។ ជាងនេះទៀត បក្ខពួករបស់ គាំ សារឿន គឺមានជនជាតិវៀតណាម ម្នាក់ ដែលតែងតែដើរប្រមូលប្រាក់ពីប្រជាពលរដ្ឋ៖ « ប្រជាជនគាត់កាន់កាប់យូរណាស់មកហើយ មិនគួរណាលោក គាំ សារឿន មករំលោភលើកិច្ចព្រមព្រៀងរបស់ឃុំ ស្រុក ខេត្ត និងរំលោភលើ ស . ជ . ណ របស់សម្ដេច ថែមទៀត »។
អាស៊ីសេរី មិនអាចទាក់ទងបុគ្គលឈ្មោះ គាំ សារឿន បានទេនៅថ្ងៃទី៧ មករា។
អភិបាលស្រុកស្ទោង លោក ព្រឹម រដ្ឋា មានប្រសាសន៍ថា សំណុំរឿងនេះ គឺផុតដៃអាជ្ញាធរហើយ ព្រោះជាភារកិច្ចរបស់តុលាការ ម្យ៉ាងតុលាការកំពូលបានសម្រេចឲ្យលោក គាំ សារឿន ឈ្នះក្តីទៀតផង ប៉ុន្តែលោកបញ្ជាក់ថា គឺជាដីតំបន់២ មិនមែនតំបន់៣ ទេ។ យ៉ាងនេះក្តី លោកថាប្រសិនបើមានពាក្យបណ្ដឹងរបស់ពលរដ្ឋកើតទុក្ខមិនសុខចិត្តបែបណា ខាងលោកនឹងព្យាយាមសម្របសម្រួលជូន៖ « បើមាននេះមក ឲ្ យគាត់ មកជួប ខ្ញុំមក ដាក់ពាក្យ ដាក់អីមក ខ្ញុំ ចេះតែ ជួយសម្របសម្រួលណា៎ »។
កាលពីខែកក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងមួយស្ដីពីការដោះស្រាយដីបង្កបង្កើនផលនៅតំបន់៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ គឺត្រូវឈរនៅលើគោលការណ៍បទដ្ឋានគតិយុត្តិ និងបទបញ្ជានានារបស់រាជរដ្ឋាភិបាល។ ដីស្រែដែលឆ្វៀលជូនពលរដ្ឋធ្លាប់អាស្រ័យផលពិតប្រាកដ គឺត្រូវធានាថា ពលរដ្ឋទាំងនោះទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ប៉ុន្តែពួកគេមិនអាចមានសិទ្ធិចាត់ចែងបានឡើយ។ រាល់ការបង្កបង្កើនផលដីតំបន់៣ គឺមិនអនុញ្ញាតឲ្យវិនិយោគធ្វើអាជីវកម្មទេ ចំណែកដីតំបន់២ គឺពលរដ្ឋអាចបង្កបង្កើនផលដូចគ្នា ប៉ុន្តែបើមានព្រៃលិចទឹក ពួកគាត់ត្រូវជួយរក្សាទុកព្រៃទាំងនោះ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តកំពង់ធំ ដែលតែងតែតាមដានលើបញ្ហានេះ លោក ញូង សាមឿន យល់ថា ការសម្រេចរបស់តុលាការ គឺផ្ទុយគ្នាស្រឡះនឹងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ហើយសកម្មភាពរបស់ឈ្មួញរូបនោះ គឺខុសច្បាប់ទៀតផង៖ « ជារូបភាព បានអំណាច សាលក្រមរបស់តុលាការមក គំរាមកំហែង ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច រហូតដល់មានចាប់ប្រជាពលរដ្ឋយកមកធ្វើការអប់រំណែនាំ »។
មន្ត្រីសង្គមស៊ីវិលដដែលយល់ថា ដើម្បីដោះស្រាយវិវាទមួយនេះ អាជ្ញាធរត្រូវចុះស៊ើបអង្កេតផ្ទាល់ ហើយផ្សព្វផ្សាយឲ្យបានច្បាស់លាស់រវាងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល និងសាលក្រមរបស់តុលាការ ព្រមទាំងកំណត់ព្រំដែនឲ្យបានត្រឹមត្រូវជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។