ពលរដ្ឋ​ខេត្ត​កំពត​ស្នើ​ឲ្យ​អាជ្ញាធរ​ចុះ​វាស់វែង​និង​បិទ​ផ្សាយ​បញ្ជី​ក្បាល​ដី​សាជាថ្មី

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត រក​ឃើញ​ថា អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្បាល​ដី​ទាំង​ប៉ុន្មាន​ដែល​អាជ្ញាធរ​បាន​បិទ​ផ្សាយ​កន្លង​ទៅ​នោះ គឺ​ជា​អ្នក​ឈរ​ឈ្មោះ​ឲ្យ​ឈ្មួញ​ទិញ​ដី ដែល​កន្លង​ទៅ​ធ្លាប់​បាន​ប្រើ​ហិង្សា​លើ​ពលរដ្ឋ។ ពួក​គេ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជំនាញ​ខេត្ត​កំពត បញ្ឈប់​ការ​បិទ​ផ្សាយ​បញ្ជី​ក្បាល​ដី និង​វាស់វែង​ដី​នោះ​សាជាថ្មី។

បន្ទាប់​ពី​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​ក្រសួង​រៀបចំ​ដែនដី កាល​ពី​សប្ដាហ៍​មុន ក្រុម​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ រស់នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត បាន​នាំ​គ្នា​ដាក់​បណ្ដឹង​ជា​បន្តបន្ទាប់​ប្រឆាំង​ទាស់​ទៅ​នឹង​ការ​បិទ​ផ្សាយ​បញ្ជី​ក្បាល​ដី​ដែល​មិន​មាន​ឈ្មោះ​ពួក​គាត់។

តំណាង​ប្រជាពលរដ្ឋ លោក ថន សុខា បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣ មេសា ថា ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​បាន​ជាង ៨០​បណ្ដឹង​ហើយ ដើម្បី​ប្រឆាំង​ទាស់​នឹង​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្បាល​ដី ដែល​ត្រូវ​បាន​បិទ​ផ្សាយ​ដោយ​ជំនាញ​សុរិយោដី​ខេត្ត​កំពត « សុំ​សំណូមពរ​ឲ្យ​គាត់​ឈប់​បិទ​ផ្សាយ​កន្លែង ១០៣​គ្រួសារ​ហ្នឹង ឲ្យ​ផ្អាក​ត្រឹម​ហ្នឹង ចង់​ឲ្យ​អាជ្ញាធរ​មក​វាស់វែង ហើយ​អ្នក ១០៣​គ្រួសារ​ហ្នឹង បើ​គាត់​មាន​ដី​នៅ​កន្លែង​ហ្នឹង​ដែរ ឲ្យ​គាត់​មក​ឈរ​មក។ អ្នក​ដែល​មាន​ដី​ទាំង​ប៉ុន្មាន សូម​ឲ្យ​វាស់​ម្តង​ទៀត ដោយ​ឲ្យ​មក​ឈរ​លើ​ដី​ហ្នឹង​ទាំងអស់​គ្នា តែ​បើ​អ្នក​អត់​ដី​ទេ សូម​ឲ្យ​ផ្ដន្ទាទោស​តាម​ច្បាប់ »

លោក ថន សុខា និង​ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​សប្ដាហ៍​មុន បាន​អះអាង​ដូច​គ្នា​ថា អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​ត្រូវ​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​នោះ គឺ​មិន​មែន​ជា​ម្ចាស់​ដី​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​គឺ​ជា​អ្នក​ឈរ​ឈ្មោះ​ឲ្យ​ឈ្មួញ​ដី ដែល​ចាំ​ទិញ​ដី​នោះ​យក​ក្រោយ​ពេល​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ។ ពួក​គាត់​អះអាង​ដែរ​ថា ឈ្មួញ​ដី​នោះ​គឺ​ជា​អ្នក​មាន​លុយ និង​មាន​អំណាច ដែល​តែង​គំរាម​កំហែង និង​ប្រើ​ហិង្សា​បង្ខំ​ពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​ពួក​គាត់។

ឆ្លើយតប​រឿង​នេះ អភិបាល​រង​ខេត្ត​កំពត លោក ស៊ឹម វុទ្ធា បញ្ជាក់​ថា វា​មិន​សំខាន់​ថា​មាន ឬ​មិន​មាន​ឈ្មួញ​ដី​នៅ​ពី​ក្រោយ​បញ្ហា​នេះ​ទេ ប៉ុន្តែ​សំខាន់​ត្រង់​ថា តើ​ប្រជាពលរដ្ឋ​បាន​ដាក់​បណ្ដឹង​ប្រឆាំង​ទាស់​ករណី​នេះ​ហើយ ឬ​នៅ។ លោក​ថា បើ​សិន​ជា​ពលរដ្ឋ​បាន​ដាក់​បណ្ដឹង​តវ៉ា​ហើយ ដី​ទាំងនោះ​នឹង​មិន​ត្រូវ​បាន​ផ្តល់​ជូន​ជន​ណា​ម្នាក់​ឡើយ គឺ​ត្រូវ​រង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ​ជំនាញ។ ដោយឡែក​ចំណុច​ណា​ដែល​មិន​មាន​ការ​ប្ដឹង​ទាស់​ទេ ដី​នោះ​នឹង​ត្រូវ​បាន​ផ្តល់​ជូន​តាម​បញ្ជី​ឈ្មោះ​ដែល​មាន « ទោះ​ជា​មាន​ការ​បិទ​ផ្សាយ​ហើយ​ក៏ដោយ ចំណុច​ដែល​មាន​ទំនាស់​មិន​អាច​ចេញ​បាន​ទេ អ៊ីចឹង​វា​នៅ​តែ​មាន​ការ​ឃ្លុំ​ទុក​មួយ ព្រោះ​ចាត់​ថា​ជា​ដី​ទំនាស់​ដោយ​មិន​ប្រគល់​ឲ្យ​ភាគី​ណា​មួយ​ទេ។ បង​ប្អូន​ត្រូវ​តែ​យល់​ពី​សិទ្ធិ​នេះ។ ទី​មួយ សិទ្ធិ​ទៅ​ពិនិត្យ​តវ៉ា​ដល់​កន្លែង សិទ្ធិ​បង្ហាញ​ឯកសារ ភស្តុតាង និង​សាក្សី។ ទី​ពីរ សិទ្ធិ​ធ្វើ​ការ​ប្ដឹង​ផ្តល់ ហើយ​ទី​បី បង​ប្អូន​ត្រូវ​តែ​តាម​មើល​ទៀត​ថា​តើ​ពេល​គេ​បិទ​ផ្សាយ​ចេញ​បញ្ជី​ក្បាល​ដី គេ​ដាក់​ថា​កន្លែង​ទំនាស់ ឬ​ឃ្លុំ​ទុក​ដែរ​ឬ​អត់ »

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​កំពត លោក យិន វុឌ្ឍ បាន​ទេ​នៅ​ថ្ងៃ​ទី​៣ មេសា ដើម្បី​ស្រាយ​បំភ្លឺ​ជុំវិញ​រឿង​នេះ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង ប៉ុន្តែ​មិន​មាន​អ្នក​ទទួល។

ទាក់ទង​រឿង​នេះ មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពត លោក ហេង ភារៈ ជំរុញ​ឲ្យ​អាជ្ញាធរ​ជំនាញ​ចុះ​សិក្សា​ករណី​នេះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ផ្តល់​ជា​កម្មសិទ្ធិ​ដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ ចៀសវាង​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​អ្នក​មិន​មែន​ជា​ពលរដ្ឋ​ធ្លាប់​កាន់​កាប់​ដី​នោះ ជាពិសេស​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ជំនាញ ស៊ើប​អង្កេត​ការ​លើក​ឡើង​របស់​ពលរដ្ឋ ដែល​ថា​មាន​ឈ្មួញ​ដី​នៅ​ពី​ក្រោយ​ខ្នង​បញ្ហា​នេះ និង​ជា​អ្នក​ឲ្យ​ពលរដ្ឋ​ផ្សេង​មក​ឈរ​ឈ្មោះ ដើម្បី​ទទួល​ផល​ពី​ដី​ប្រទានកម្ម​របស់​រដ្ឋ​នេះ « ខាង​សមាគម​អាដហុក សំណូមពរ​ដល់​មន្ត្រី​ពាក់ព័ន្ធ និង​មន្ត្រី​សុរិយោដី​ខ្លួន​ឯង​ដែល​ធ្វើ​កិច្ចការ​ប្រទានកម្ម​ជូន​ពលរដ្ឋ រក​ឲ្យ​ឃើញ​ជាក់លាក់​ថា តើ​បុគ្គល​ដែល​បាន​បិទ​ឈ្មោះ​ហ្នឹង មាន​បុគ្គល​នៅ​ពី​ខាង​ក្រោយ ដើម្បី​ចាំ​កេង​ប្រវ័ញ្ច​ផល​ចំណេញ​បន្ទាប់​ពី​ពួក​គាត់​បាន​ដី​ហើយ​ដែរ​ឬ​ទេ។ បើ​សិន​ជា​រក​ឃើញ​បែប​នេះ​មែន អ៊ីចឹង​វា​ជា​ករណី​មួយ​ដែល​រំលោភ​ទៅ​នឹង​ការ​ផ្តល់​ប្រទានកម្ម​ជូន​ពលរដ្ឋ​ហើយ »

កាល​ពី​ចុង​ឆ្នាំ​២០១៥ កន្លង​ទៅ រាជ​រដ្ឋាភិបាល​បាន​សម្រេច​កាត់​ដី​ទំហំ ៥២៣,១៣​ហិកតារ ចេញ​ពី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ និង​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ សម្រាប់​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ១០៣​គ្រួសារ​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃពាយ អះអាង​ថា បើ​សិន​ជា​មិន​មាន​ដំណោះស្រាយ​សមស្រប​នោះ​ទេ ពួក​គាត់​នឹង​លើក​គ្នា​ទៅ​តវ៉ា​តាម​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជា​បន្ត​ទៀត ព្រោះ​មាន​តែ​ដីធ្លី​នេះ​ហើយ​ដែល​ជា​ក្តី​សង្ឃឹម​របស់​ពួក​គាត់ ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ទៅ​ថ្ងៃ​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។