ប្រជាពលរដ្ឋ ៤៩នាក់តំណាងឲ្យពលរដ្ឋ ១៨៩គ្រួសារ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានប្រមូលផ្តុំគ្នានៅសាលាខេត្តកំពត នៅថ្ងៃទី១៧ ខែឧសភា ដើម្បីស្នើសុំអន្តរាគមន៍ពីអាជ្ញាធរខេត្តរឿងបក្ខពួកឈ្មួញដីគំរាមកំហែងមិនឲ្យពួកគាត់ដាំដុះដំណាំលើដីដែលពួកគាត់ធ្លាប់កាន់កាប់។ អង្គការសង្គមស៊ីវិល ស្នើឲ្យអាជ្ញាធរមានចំណាត់ការជាក់លាក់ទៅលើជនទាំងនោះ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ។
តំណាងប្រជាពលរដ្ឋ លោក ថន សុខា បញ្ជាក់ប្រាប់អាស៊ីសេរីថា ការប្រមូលផ្តុំនេះ ធ្វើឡើងដោយសារប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន នៅពេលពួកគាត់ចុះទៅកាប់ឆ្ការដាំដំណាំ ហើយត្រូវក្រុមបក្ខពួកឈ្មួញដីរារាំង និងគំរាមប្រើហិង្សា។
ម្យ៉ាងវិញទៀត ពួកគាត់ធ្វើនេះក៏ដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការចុះវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីជូនពួកគាត់ឲ្យបានឆាប់រហ័សទាន់រដូវធ្វើស្រែចម្ការផងដែរ៖ « ឈ្មួញហ្នឹងប្ដីឈ្មោះ អាំ ផល្លីន ហើយប្រពន្ធហ្នឹងឈ្មោះ ហ៊ាង គន្ធី ប៉ុន្តែពួកគេអត់បានទៅទេ ទៅតែកូនចៅ។ អ្នកស៊ីឈ្នួលនោះទៅឃាត់យើង ថាមិនឲ្យធ្វើ។ ខ្ញុំក៏សួរថា ម៉េចបានមិនឲ្យធ្វើ ? ខ្ញុំធ្វើលើដីខ្ញុំតើ ? មិនមែនធ្វើដីបងឯងគ្រប់គ្នាឯណា។ យើងនិយាយអ៊ីចឹង ពួកគេថាបើធ្វើ គេអត់ទទួលស្គាល់ទេ បើរញ៉េរញ៉ៃគេទូរស័ព្ទហៅប៉ូលិសមកចាប់ពួកខ្ញុំ » ។
ភាពចម្រូងចម្រាសរឿងដីធ្លីនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង នេះ បានផ្ទុះឡើងកាលពីចុងខែមីនា កន្លងទៅ ក្រោយពេលអាជ្ញាធរខត្តកំពត បានបិទផ្សាយបញ្ជីឈ្មោះអ្នកត្រូវទទួលបានប័ណ្ណកម្មសិទ្ធិ ក៏ប៉ុន្តែបញ្ជីនោះមិនមានឈ្មោះពលរដ្ឋដែលកាន់កាប់ដីជាក់ស្តែងនោះឡើយ។ ផ្ទុយទៅវិញ បែរជាមានឈ្មោះបុគ្គលដែលអ្នកភូមិមិនស្គាល់ទៅវិញ។ ភាពមិនប្រក្រតីនេះ បានធ្វើឲ្យពលរដ្ឋរាប់រយនាក់លើកគ្នាមកតវ៉ា និងដាក់ពាក្យបណ្ដឹងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំអន្តរាគមន៍ករណីនេះ ហើយក្រសួងក៏បានចេញលិខិតមួយបញ្ជាក់ថា ដំណើរការវាស់វែង និងការបិទផ្សាយទិន្នន័យចំនួន ១០៣ក្បាលដីនោះ គឺអនុវត្តពុំបានសមស្របតាមសេចក្តីណែនាំរបស់ក្រុមប្រឹក្សាគោលនយោបាយដីធ្លីទេ។

ក្រសួងរៀបចំដែនដី បានស្នើឲ្យអាជ្ញាធរខេត្តកំពត ផ្អាកនីតិវិធីនៃការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិចំនួន ១០៣ក្បាលដីរបស់ពលរដ្ឋ ១០៣គ្រួសារនោះជាបណ្ដោះអាសន្នសិន។ ទន្ទឹមនឹងនេះ ក្រសួងនឹងចាត់ក្រុមការងារបច្ចេកទេស សហការជាមួយអាជ្ញាធរខេត្ត និងមន្ទីរសុរិយោដីខេត្តកំពត ចុះវាស់វែងធ្វើអត្តសញ្ញាណកម្ម និងប្រមូលទិន្នន័យក្បាលដីរបស់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងដាំដុះជាក់ស្តែង។
ដោយសារតែសំអាងលើហេតុផលនេះហើយ ទើបប្រជាពលរដ្ឋនាំគ្នាទៅកាប់ឆ្ការ និងដាំដុះលើដីរបស់ខ្លួនឡើងវិញ ដោយសារតែកន្លងមក ក្រុមឈ្មួញដីដែលពលរដ្ឋស្គាល់ឈ្មោះថា អាំ ផល្លីន និង ហ៊ាង គន្ធី ព្រមទាំងបក្ខពួក បានឈូសបំផ្លាញដំណាំរបស់ពួកគាត់អស់ទៅហើយ ហើយពួកគាត់បារម្ភថា បើមិនមានដំណាំជាក់ស្តែងទេ អាជ្ញាធរនឹងមិនវាស់វែងជូនពួកគាត់នោះឡើយ៖ « ប្រជាពលរដ្ឋអ្នកក្រីក្រអត់មានលុយ អត់មានអីនឹងគេទេ។ ពួកខ្ញុំអំពាវនាវដល់សម្ដេច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មានភូមិ ឃុំ ស្រុក ខេត្ត រហូតដល់ក្រសួង ឲ្យជួយដោះស្រាយបញ្ហាពួកខ្ញុំដែលជាប្រជាពលរដ្ឋរងទុក្ខវេទនាយូរខែមកហើយនេះ ឲ្យបានឆាប់ៗនេះ » ។
ប្រជាពលរដ្ឋភូមិព្រៃពាយ អះអាងថា អ្នកដែលនៅពីក្រោយបញ្ហាដីធ្លីនេះ គឺឈ្មួញដីឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ព្រមទាំងបក្ខពួករបស់ពួកគេ ហើយក្រុមនេះហើយគឺជាអ្នកតែងគំរាមកំហែង និងប្រើហិង្សាបង្ខំពលរដ្ឋឲ្យចាកចេញពីផ្ទះសម្បែង និងដីធ្លីរបស់ពួកគាត់។
ឆ្លើយតបរឿងនេះ លោក អាំ ផល្លីន បដិសេធថា លោកមិនបានធ្វើដូចអ្វីដូចការចោទប្រកាន់នោះទេ។ លោកថា ពលរដ្ឋទាំង ១៨៩គ្រួសារនោះ មិនមែនជាអ្នកនៅភូមិព្រៃពាយ នោះទេ តែមកពីតំបន់ផ្សេង ហើយមានមេខ្លោងនៅពីក្រោយខ្នង និងនិយាយបង្ខូចកិត្តិយសពួកលោកទៅវិញ៖ « រឿងនេះ គឺជារឿងលាបពណ៌ដើម្បីមួលបង្កាច់ធ្វើឲ្យខូចកិត្តិយសរបស់ខ្ញុំ។ ខ្ញុំសូមជម្រាបអ៊ីចឹង។ រឿងនេះមិនមែនទើបនឹងកើតទេ គឺកើតយូរហើយ ព្រោះមេខ្លោងនោះនៅតែត្រូវបានគេជួលទិញក្បាលរហូតអ៊ីចឹង។ ខ្ញុំហ៊ាននិយាយថា ក្រុមនេះគឺក្រុមអនាធិបតេយ្យ » ។
ជុំវិញរឿងការគំរាមកំហែងនេះ អភិបាលរងខេត្តកំពត លោក ស៊ឹម វុទ្ធា ស្នើឲ្យពលរដ្ឋមានការព្រួយបារម្ភ។ លោកថា ប្រជាពលរដ្ឋត្រូវរាយការណ៍មកសមត្ថកិច្ចភ្លាមៗ បើសិនជាមានការគំរាមកំហែងណាមួយកើតឡើង។ លោកអះអាងថា អាជ្ញាធរ និងសមត្ថកិច្ច មិនកាន់ជើងជនល្មើសនោះទេ ហើយអ្នកដែលប្រព្រឹត្តល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៖ « ដើម្បីចៀសវាងអំពើហិង្សាដាក់គ្នា គួរតែបងប្អូននៅស្ងៀមសិន កុំទាន់អាលទៅបង្កទំនាស់ជាមួយគ្នា។ ដំណាំក៏ដោយ អ្វីក៏ដោយ បងប្អូននៅទីនោះមួយកន្លែងសិនទៅ ហើយថតទុកសិនទៅ ហើយក្នុងនោះបងប្អូនត្រូវមកពន្លឿនលិខិតស្នាមរបស់បងប្អូនដែលដាក់នៅថ្នាក់ណា អាចថ្នាក់ឃុំ មន្ទីរដែនដី ថ្នាក់ខេត្ត ឬក៏អាចថ្នាក់ក្រសួង។ អ៊ីចឹងបងប្អូនតាមករណីហ្នឹងឲ្យជាប់ផង ដើម្បីឲ្យថ្នាក់លើ ឬមួយម្ចាស់ដែលទទួលលិខិតពីបងប្អូនហ្នឹង លោកចុះអនុវត្តការងារហ្នឹង » ។
ទាក់ទងនឹងរឿងចុះវាស់វែងដីជូនពលរដ្ឋជាថ្មីវិញ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកំពត លោក យិន វុឌ្ឍ បញ្ជាក់ថា លោកកំពុងរង់ចាំក្រុមការងាររបស់ក្រសួង ដើម្បីធ្វើកិច្ចការនេះរួមគ្នា។ ចំណែកឯរឿងបញ្ជីឈ្មោះដែលពលរដ្ឋតវ៉ាថាមិនមានឈ្មោះពួកគាត់នោះវិញ លោក យិន វុឌ្ឍ បញ្ជាក់ថា លោកមិនយល់ពីបញ្ហានេះទេ ព្រោះលោកមិនបានចុះទៅពិនិត្យដោយផ្ទាល់៖ « បញ្ហានេះខ្ញុំអត់យល់ទេ ព្រោះខ្ញុំនៅមន្ទីរ មិនអាចចុះដើរគ្រប់ក្បាលដីបានទេ សំខាន់គឺមន្ត្រីចុះជាក់ស្តែងជាមួយនឹងអាជ្ញាធរភូមិ - ឃុំ » ។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក (ADHOC) ខេត្តកំពត លោក ហេង ភារៈ ដែលបានតាមដានករណីនេះបញ្ជាក់ថា ការលើកឡើងរបស់ពលរដ្ឋថាមានឈ្មួញដី និងបក្ខពួកគំរាមកំហែង និងប្រើអំពើហិង្សាលើពួកគាត់នោះ គឺជារឿងពិត ហើយវាបានកើតឡើងតាំងពីឆ្នាំ២០១៥ មក ដោយគ្មានចំណាត់ការជាក់លាក់ពីអាជ្ញាធរមូលដ្ឋានឡើយ ធ្វើឲ្យពលរដ្ឋមានការភ័យខ្លាចមិនហ៊ានចូលទៅធ្វើចម្ការលើដីរបស់ពួកគាត់ឡើយ៖ « ករណីហ្នឹងរ៉ាំរ៉ៃបែបនេះយូរហើយ ដែលនេះមកពីការឆកល្វែងរបស់អាជ្ញាធរសមត្ថកិច្ច និងតុលាការដែលមិនមានចំណាត់ការទៅលើរឿងព្រហ្មទណ្ឌ។ ការរារាំងមិនឲ្យប្រជាពលរដ្ឋទៅដាំដុះនៅពេលថ្មីៗនេះ គឺផ្ទុយទៅនឹងសេចក្តីសម្រេចរបស់ថ្នាក់ជាតិ ដែលសម្រេចវាស់វែងដីឡើងវិញជូនពលរដ្ឋ » ។
ក្រៅពីស្នើឲ្យអាជ្ញាធរចាត់វិធានការទៅលើអ្នកគំរាមកំហែង និងប្រើអំពើហិង្សាលើពលរដ្ឋ លោក ហេង ភារៈ ក៏ស្នើដល់អាជ្ញាធរថ្នាក់ជាតិផងដែរឲ្យស៊ើបអង្កេតទៅលើការបំពេញមុខងាររបស់មន្ត្រីថ្នាក់ខេត្ត ជុំវិញភាពមិនប្រក្រតីនៃបញ្ជីឈ្មោះអ្នកត្រូវទទួលបានប័ណ្ណកម្មសិទ្ធិ ដែលមិនមែនជាពលរដ្ឋកាន់កាប់ដីជាក់ស្តែងនោះដែរ៖ « ខាងសមាគមអាដហុក សំណូមពរដល់រាជរដ្ឋាភិបាល និងស្ថាប័នប្រឆាំងអំពើពុករលួយ មេត្តាចុះមកធ្វើការស៊ើបអង្កេតឲ្យបានជាក់លាក់ទៅលើការចុះវាស់វែងដីធ្លីជូនពលរដ្ឋហ្នឹង ថាតើការវាស់វែងដីហ្នឹង មានសំណូកដែរឬអត់ ? បើមាន គួរតែដាក់ទោសមន្ត្រី និងអ្នកសូកហ្នឹងឲ្យបានធ្ងន់ធ្ងរតាមច្បាប់កំណត់ » ។

រាជរដ្ឋាភិបាល កាលពីចុងឆ្នាំ២០១៥ កន្លងទៅ បានសម្រេចកាត់ដីទំហំ ៥២៣,១៣ហិកតារ ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ១០៣គ្រួសារ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ក៏ប៉ុន្តែមកទល់នឹងពេលនេះ ក្រុមប្រជាពលរដ្ឋមិនទាន់ទទួលបានដីធ្លីទាំងនេះនៅឡើយ ដោយពួកគាត់កំពុងរង់ចាំការចុះវាស់វែងរបស់ក្រុមការងារក្រសួង។
ពួកគាត់អះអាងថា នឹងលើកគ្នាទៅតវ៉ានៅក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតរហូតទាល់តែមានដំណោះស្រាយ ព្រោះដីនេះ ប្រមុខរដ្ឋាភិបាលបានសម្រេចប្រគល់ឲ្យពលរដ្ឋក្រីក្រ មិនមែនសម្រាប់ក្រុមឈ្មួញ ឬមន្ត្រីខិលខូចនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។