ប្រជាពលរដ្ឋសហគមន៍ផ្លូវដែកដែលរស់នៅសងខាងផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ ប្រមាណ ៦០នាក់ ប្រមូលផ្ដុំគ្នានៅខាងមុខវត្តទួលសង្កែ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី២០ កក្កដា។ ការជួបជុំនេះ ដោយពួកគាត់មានបំណងយកញត្តិទៅដាក់សាលារាជធានីភ្នំពេញ ស្នើឲ្យអភិបាលសាលារាជធានីភ្នំពេញដែលទើបឡើងកាន់តំណែងថ្មី គឺលោក ឃួង ស្រេង បន្តយន្តការដោះស្រាយតាមការសន្យារបស់អតីតអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស។
មន្ត្រីមកពីសាលារាជធានីភ្នំពេញ បានដឹកនាំតំណាងពលរដ្ឋសហគមន៍រថភ្លើងចំនួន ៦រូប ចេញពីកន្លែងជួបជុំគ្នាដើម្បីចូលដាក់ញត្តិដល់សាលារាជធានីភ្នំពេញ។
ប្រធានសហគមន៍ទួលសង្កែប៊ី (B) ខណ្ឌឫស្សីកែវ លោក ឡុង ចាន់ឌី ថ្លែងថា តំណាងពលរដ្ឋបានដាក់ញត្តិជុំវិញការព្រួយបារម្ភពីបញ្ហាផ្ទះសម្បែងជូនលោក មាន ចាន់យ៉ាដា ជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ។ ជាលទ្ធផល លោក មាន ចាន់យ៉ាដា សន្យាថានឹងសម្រួលពេលវេលាជួបពិភាក្សាជាមួយពលរដ្ឋ។
លោកបន្តថា ញត្តិនេះមានគោលបំណងឲ្យអភិបាលថ្មីដែលទើបកាន់តំណែង លោក ឃួង ស្រេង បន្តយន្តការដោះស្រាយតាមការសន្យារបស់អតីតអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដែលបានសន្យាជាមួយពលរដ្ឋមុនថ្ងៃបោះឆ្នោតឃុំ-សង្កាត់ពីការអភិវឌ្ឍនៅនឹងកន្លែង និងពន្យល់ពួកគាត់ពីភាពមិនច្បាស់លាស់ពីការផ្ដល់ដីជូនពលរដ្ឋមានទំហំ ៤ គុណ ១៥ម៉ែត្រ តែមិនទាន់ដឹងកន្លែងណាពិតប្រាកដនៅឡើយ៖ « កន្លែងមកពុំទាន់មានពន្លឺនៃ ការដោះស្រាយ។ ផ្លូវនេះសាលារាជធានីភ្នំពេញ ក៏ដូចជា រាជរដ្ឋាភិបាល ដកផ្លូវដែកចេញជំនួសវិញដោយផ្លូវបេតុង ដែលមានចម្ងាយពីគីឡូម៉ែត្រលេខ៦ ដល់ផ្លូវ៧០ មកដល់ពេលនេះពុំទាន់មានដំណោះស្រាយនៅឡើយ»។
ពលរដ្ឋមួយរូបទៀត លោកស្រី កែវ បុប្ផា ថ្លែងថា មុនស្ថាបនាផ្លូវ គួរមានការប្រឹក្សាយោបល់ជាមួយពលរដ្ឋឲ្យជាក់លាក់ និងផ្ដល់ពន្លឺនៃការដោះស្រាយជូនពលរដ្ឋ។ ប៉ុន្តែលោកស្រីបន្តថា គោលការណ៍ដោះស្រាយអភិវឌ្ឍនៅនឹងកន្លែង គឺជាជម្រើសល្អបំផុតដែលពលរដ្ឋគាំទ្រ៖ « រាជធានីចាស់ ( អតីតអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ) គាត់បាននិយាយថា គាត់មិនឲ្យប្រជាពលរដ្ឋណារងទឹកភ្នែកទេ សូម្បីតែសិស្សក៏មិនឲ្យដូរសាលាដែរ ។ នេះ គឺជាសម្ដីពេជ្រ។ ខ្ញុំគាំទ្រ ។ ក្រែងលោអភិបាលថ្មីគាត់អត់ ដឹងការ សន្យាជាមួយពលរដ្ឋ។ ពេញ ចិត្តតម្រូវការ របស់ពលរដ្ឋ គឺចង់បានអ៊ីចឹង»។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា ជាយន្តការការងារ ពុំមានអ្វីផ្លាស់ប្ដូរនោះទេ។ លោកថា សាលារាជធានីនៅតែបន្តផែនការនេះក្នុងគោលការណ៍អភិវឌ្ឍន៍នៅនឹងកន្លែង ជាមួយនឹងការរៀបចំឲ្យមានសណ្ដាប់ធ្នាប់ និងផ្ដល់ជូននូវប័ណ្ណកម្មសិទ្ធិផ្ទះសម្បែងជូនពលរដ្ឋ។ ចំណែកបញ្ហាផ្ដល់ជូនដីទំហំប៉ុន្មានៗនោះ គឺពុំទាន់មានសម្រេចចេញជាផ្លូវការនៅឡើយទេ។ ក្រុមការងារត្រូវប្រើពេលសិក្សាបន្ត។ ការផ្ដល់ដីនេះទៀតសោត គឺស្ថិតនៅក្នុងគោលការណ៍អភិវឌ្ឍន៍នៅនឹងកន្លែងដដែល៖ « ជាជំហាន នៅសិក្សា អត់ទាន់មានអីឲ្យ បងប្អូន ជ្រាបជាព័ត៌មាន ព្រោះយើងកំពុងតែគិតគូរនៅឡើយ ប៉ុន្តែច្បាស់ណាស់គាត់ត្រូវមានភាពកក់ក្ដៅ មានការអភិវឌ្ឍនៅនឹងកន្លែង»។
ការព្រួយបារម្ភអំពីការបាត់បង់ផ្ទះពីការអភិវឌ្ឍផ្លូវរថភ្លើងតាំងពីជំនាន់លោក ប៉ា សុជាតិវង្ស នៅជាអភិបាលរាជធានីភ្នំពេញនេះ គឺគម្រោងរបស់រដ្ឋាភិបាល អភិវឌ្ឍផ្លូវបេតុងដើម្បីរំដោះចរាចរណ៍ទំហំ ៣០ម៉ែត្រ មានចម្ងាយពីគីឡូម៉ែត្រលេខ៦ ដល់ផ្លូវ៧០ ដែលមានប្រវែង ១៥ម៉ែត្រម្ខាងពីអក្សរផ្លូវ។
សហគមន៍ឲ្យដឹងថា ជាបឋម ការអភិវឌ្ឍនេះធ្វើឲ្យប៉ះពាល់ក្បាលដី និងខ្នងផ្ទះរបស់ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើងជាង ១ពាន់ខ្នងផ្ទះ (១.១៤៩ផ្ទះ)។ ពលរដ្ឋដែលអស់ផ្ទះទាំងស្រុងពីការពង្រីកផ្លូវមានចំនួន ៣៤៣គ្រួសារ និងពលរដ្ឋដែលសល់ផ្ទះក្រោម ៥ម៉ែត្រ គឺមាន ១០០គ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។