តុលាការខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនអ្នកតវ៉ាដីធ្លី ពីរនាក់ប្ដីប្រពន្ធ និងកូនស្រីតូចម្នាក់អាយុ ៨ខែ នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃពុធ ទី១៤ ខែមករា។ ការសម្រេចឃុំខ្លួននេះ ធ្វើឲ្យសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ប្រចាំខេត្តព្រះវិហារ មានប្រតិកម្មថា គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ កំពុងទាមទារឲ្យតុលាការដោះលែងប្ដីប្រពន្ធពីរនាក់ ដែលជាអ្នកភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ នៃស្រុកឆែប ឲ្យមានសេរីភាពវិញ។
ការទាមទារនេះ បន្ទាប់សមត្ថកិច្ចបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែមករា កន្លងទៅ ហើយស្ត្រីជាប្រពន្ធបានកើតមានអាការៈទាស់សរសៃ គ្មានទឹកដោះបំបៅកូនតូចដែលជាប់ឃុំជាមួយ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ គឺលោក ឡោ ចាន់។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី១៤ ខែមករា ថា លោកទាមទារឲ្យតុលាការត្រូវតែដោះលែងបុរសឈ្មោះ សន វុទ្ធី និងស្ត្រីឈ្មោះ លឹម សុខឃីម អាយុ ៤៥ឆ្នាំជាបន្ទាន់៖ «យើងឃើញថាឃុំហ្នឹងវាដូចអយុត្តិធម៌ដែរ ឃុំទាំងប្ដីទាំងប្រពន្ធ ហើយអាណិតក្មេងស្រីតូចអាយុ ៨ខែដែលកំពុងតែជាប់នៅពន្ធនាគារដូចគ្នា ជាពិសេសគាត់ទាស់សរសៃទៀត កូនគាត់ទើបបាន ៨ខែ កូនគាត់យំអត់មានទឹកដោះបៅ»។
ការចាប់អ្នកភូមិពោធិ៍ទាប ពីរនាក់ប្ដីប្រពន្ធនេះ ធ្វើឡើងបន្ទាប់គាត់ដឹកនាំអ្នកភូមិតវ៉ារឿងដីធ្លីប្រឆាំងនឹងក្រុមហ៊ុនចិន ឈ្មោះ រួយ ហ្វេង និងអាជ្ញាធរពាក់ព័ន្ធខ្លះទៀត។
ទោះយ៉ាងណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ដែលជាអ្នកកាន់សំណុំរឿងក្តីនេះ លោក ឡុង ស៊ីថា បដិសេធមិនពន្យល់ជុំវិញការឃុំខ្លួនអ្នកភូមិពីរនាក់នោះ ដោយចោទប្រកាន់ពីបទអ្វីឡើយ ដោយលោកគ្រាន់តែប្រាប់ថា កំពុងជាប់រវល់ប្រជុំ។
ចំណែកអភិបាលរងស្រុកឆែប លោក សួស សេរី ឲ្យដឹងថា អ្នកភូមិពីរនាក់ប្ដីប្រពន្ធនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទចូលទៅសង់ខ្ទមខុសច្បាប់លើដីគម្របព្រៃឈើរបស់រដ្ឋ៖ «អាជ្ញាធរធម្មតាជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ ត្រូវតែសម្របសម្រួលមុននឹងឈានដល់ការចាប់ខ្លួន ប៉ុន្តែគាត់អត់ស្ដាប់ទេ។ បើកាលណាខ្ញុំសម្របសម្រួលមិនបាន មានតែចាត់វិធានការផ្លូវច្បាប់»។
នៅល្ងាចថ្ងៃពុធ នេះ សហគមន៍ប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងស្រុកឆែប និងឃុំប្រមេរ ស្រុកត្បែងមានជ័យ បានលើកគ្នាទៅតវ៉ានៅមុខតុលាការ ខេត្តព្រះវិហារ ដើម្បីទាមទារឲ្យដោះលែងអ្នកភូមិពីរនាក់ប្ដីប្រពន្ធ ដែលមានកូនតូចអាយុ ៨ខែចេញពីពន្ធនាគារវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។