ប្រជាពលរដ្ឋមួយគ្រួសារដែលមានលោក លី ស្រ៊ាខេង អះអាងថា ជាមេគ្រួសារមានសមាជិក ៤នាក់ នៅថ្ងៃទី៣០ ខែមិថុនា ចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈមួយចែកជូនអ្នកកាសែត ព្រមានថា ពួកគាត់កំពុងប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែមិនព្រមទទួលយកសំណងពីប្រធានកងអង្គរក្ស លោក ជា ស៊ីម គឺគ្រួសារលោកឧត្ដមសេនីយ៍ឯក យឹម លាង។
ពលរដ្ឋទាំងនោះរៀបរាប់ថា ពីដំបូងឡើយក្រុមគ្រួសារគាត់មានទំនាស់ជាមួយក្រុមហ៊ុនឯកជនមួយឈ្មោះ ឃុន សៀ។ ក្រុមហ៊ុន ឃុន សៀ ជាក្រុមហ៊ុនដែលទទួលទិញសាលាសង្កាត់បឹងកក់១ និងទីស្នាក់ការគណបក្សប្រជាជននៅម្តុំសង្កាត់បឹងកក់១ ដែលមានពលរដ្ឋរស់នៅចំនួន ៧គ្រួសារ សរុបសមាជិកមាន ៥២នាក់។ ពលរដ្ឋចំនួន ៤គ្រួសារ បានព្រមព្រៀងទទួលយកសំណងពីក្រុមហ៊ុន ឃុន សៀ ក្នុងមួយគ្រួសារបានប្រាក់ ១ម៉ឺន៥ពាន់ដុល្លារ។ ប៉ុន្តែ ៣គ្រួសារមិនព្រមទទួលយកសំណងឡើយ។
លោក លី ស្រ៊ាខេង ឲ្យដឹងថា បន្ទាប់ពីមិនព្រមចេញពីលំនៅឋាន ប្រពន្ធនិងកូនស្រីគាត់ក៏ទៅបន្ទាយអង្គរក្សលោក ជា ស៊ីម ដើម្បីស្វែងរកដំណោះស្រាយពីប្រធានកងអង្គរក្សលោក ជា ស៊ីម គឺលោក យឹម លាង ដែលទទួលទិញដីនោះបន្តពីក្រុមហ៊ុន ឃុន សៀ។ លោកបន្តថា ពេលនោះឧត្ដមសេនីយ៍ឯក យឹម លាង និងភរិយា យល់ព្រមផ្ដល់សំណងឲ្យ១គ្រួសារចំនួន ១ម៉ឺន៥ពាន់ដុល្លារ។ ក្រោយមកក៏មានមេធាវីម្នាក់ប្រាប់ថា ឧត្ដមសេនីយ៍ យឹម លាង ព្រមបន្ថែម ២ពាន់ដុល្លារឲ្យទៀត។ ប៉ុន្តែពលរដ្ឋគាត់មិនអាចទទួលយកបានទេ។
លោករំលឹកថា គ្រួសារលោករស់នៅផ្ទះនោះតាំងពីឆ្នាំ១៩៨២ តែអាជ្ញាធរបង្កើតសាលាសង្កាត់បឹងកក់១ កាលពីឆ្នាំ១៩៨៥ ប៉ុណ្ណោះ ហេតុអ្វីមកចោទថា លោករស់នៅលើដីសង្កាត់។
លោក លី ស្រ៊ាខេង បញ្ជាក់ថា រយៈពេល ២ខែចុងក្រោយនេះ គ្រួសារគាត់ជួបបញ្ហាជាច្រើនករណី ដូចជាការលបកាប់ ចាប់ដាក់ខ្នោះត្រូវថ្នាំបំពុល និងការគំរាមកំហែងពីសំណាក់ជនមិនស្គាល់មុខ តែអាជ្ញាធរមិនដោះស្រាយឲ្យទេ៖ «ខ្ញុំឃាឃាំងអត់ឲ្យកាប់ដើមឈើខ្ញុំតទៅទៀត ផ្ទះក៏មិនឲ្យរុះ។ ពួកខ្ញុំរស់នៅតាមការវ៉ៃតប់ ដុំថ្មគប់មកធ្លុះដំបូលផ្ទះ ប៊ិសត្រូវក្បាលកូនខ្ញុំងាប់ មានស្លាកស្នាមរាល់ថ្ងៃ គាត់អត់បានមើលទេ គាត់ជឿលើកូនចៅអាម៉ីអាថោងហ្នឹង»។
លោកបន្តថា សង្គមស៊ីវិលនិងអ្នកមានបញ្ហាដីធ្លីតំបន់បឹងកក់ បានជួយគាត់ជាច្រើន ទាំងស្មារតីនិងផ្លូវច្បាប់ ដើម្បីឲ្យគ្រួសារគាត់រួចផុតពីក្តីស្លាប់ និងមិនជាប់គុក។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក យឹម លាង ជាប្រធានកងអង្គរក្សលោក ជា ស៊ីម និងអាជ្ញាធរសាលារាជធានីភ្នំពេញ ដើម្បីសុំការបំភ្លឺបានទេនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣។
ទាក់ទងនឹងបញ្ហានេះ តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី ប្រាប់ថា អាជ្ញាធររាជធានីភ្នំពេញ តែងលំអៀងទៅរកអ្នកមានលុយ មានអំណាច និងមិនអើពើចំពោះទុក្ខលំបាករបស់រាស្ត្រទេ។ អ្នកស្រីបញ្ជាក់ថា អ្នកភូមិបឹងកក់ នឹងបន្តជួយទាមទារពលរដ្ឋទាំងនោះដរាបណាទទួលបានយុត្តិធម៌។
បច្ចុប្បន្ន លោក លី ស្រ៊ាខេង កំពុងរស់នៅលើផ្ទះដែលមានដីទំហំ ៤៨០ម៉ែត្រការ៉េ បើគិតតាមតម្លៃទីផ្សារអាចលក់បានប្រហែលជាង ១លានដុល្លារ។ គ្រួសាររបស់លោក លី ស្រ៊ាខេង និង ២គ្រួសារទៀត ក្នុងរយៈពេល ១ខែចុងក្រោយនេះ បានជួបប្រទះហេតុការណ៍ជាច្រើនមកហើយ ដូចជាការចាប់ដាក់ខ្នោះបញ្ជូនទៅតុលាការ ករណីបាចថ្នាំបំពុលមកលើពលរដ្ឋទាំងបីគ្រួសាររហូតដល់ចូលដេកពេទ្យ ករណីបំពុលឆ្កែបួនក្បាលឲ្យងាប់ ករណីជនមិនស្គាល់មុខយកទឹកនោម ទឹកលូនិងទឹកលាមកជះលើដំបូលផ្ទះ ករណីជនមិនស្គាល់មុខប៉ុនប៉ងសម្លាប់ករណីបំផ្លាញដំណាំ បំផ្លាញតូបលក់ដូរ និងចាក់ធុងបាសរំខានជាដើម។ ក្រុមពលរដ្ឋទាំងនោះ ធ្លាប់ប្ដឹងទៅសមត្ថកិច្ចនគរបាលដែរ ប៉ុន្តែអាជ្ញាធរមិនទាន់ស្វែងរកជនបង្កមកផ្ដន្ទាទោសបាននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
