ប្រជាពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង អះអាងថា ក្រុមហ៊ុនសម្បទានមួយចំនួនដែលមានទីតាំងនៅជិតភូមិប្រជាពលរដ្ឋរស់នៅ បានប្រើប្រាស់កងកម្លាំងរាជរដ្ឋាភិបាល មានទាហាន ប៉ូលិស ប្រដាប់ដោយអាវុធសម្រាប់ការពារក្រុមហ៊ុន។ ជាងនេះទៀត កងប្រដាប់អាវុធទាំងនោះតែងតែគំរាមកំហែងជំរិតទារប្រាក់ប្រជាពលរដ្ឋ អ្នកចូលព្រៃរកអនុផលព្រៃឈើ រួមទាំងយកអាវុធទៅប្រមាញ់សត្វព្រៃអនាធិបតេយ្យ។
មន្ត្រីឃុំស្រែគរ ស្រុកសេសាន នៅថ្ងៃពុធ ទី៤ ខែមិថុនា អំពាវនាវសុំឲ្យអាជ្ញាធរខេត្តចាត់វិធានការត្រួតពិនិត្យទៅលើកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានគេប្រើប្រាស់សម្រាប់ការពារក្រុមហ៊ុនឯកជន។
សកម្មភាពនេះ ប្រព្រឹត្តផ្ទុយទៅនឹងគោលការណ៍ហាមឃាត់របស់ក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាល។
មេឃុំស្រែគរ លោក សៀក មេគង្គ រៀបរាប់ថា ក្រុមហ៊ុនចំនួនពីរក្នុងស្រុកសេសាន រួមមានក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ (Ang & Associate Lawyer) និងក្រុមហ៊ុន យិតុង មានទីតាំងនៅស្រុកសេសាន បានប្រើប្រាស់មន្ត្រីនគរបាលស្រុក និងទាហានស្លៀកពាក់ឯកសណ្ឋាន យាមការពារទីតាំងក្រុមហ៊ុន និងប្រើប្រាស់អាវុធអនាធិបតេយ្យក្នុងព្រៃ ធ្វើឲ្យប៉ះពាល់គោលនយោបាយភូមិឃុំមានសុវត្ថិភាព។ លោកបន្តថា សូម្បីបុគ្គលិកក្រុមហ៊ុនក៏មានអាវុធប្រើប្រាស់អនាធិបតេយ្យដូចគ្នាដែរ៖ «អាវុធហ្នឹងបាតអាងក៏មាន ក្រុមហ៊ុន ៥០០ហិកតារក៏មានសុទ្ធតែទាហានកាំភ្លើងហ្នឹង ជាពិសេសប៉ូលិសមកពីសេសាន មកប្រចាំហ្នឹង យើងឃើញអនាធិបតេយ្យ។ អាជ្ញាធរពិបាកគ្រប់គ្រងបញ្ហារឿងអាវុធនេះ ព្រោះទាហានក៏ដោយ ប៉េអិមក៏ដោយ មិនមានសិទ្ធិយាមក្រុមហ៊ុនទេ មានន័យថា អត់មានកាំភ្លើងទាំងអស់ហ្នឹង»។
ប្រជាពលរដ្ឋភូមិស្រែគរ លោក សុត វ៉ាន់ អះអាងដែរថា ក្រុមហ៊ុននៅតំបន់នោះប្រើប្រាស់កងកម្លាំងឯកសណ្ឋាន ហើយប្រើអំណាចប្រព្រឹត្តបទល្មើសកាងការពារសកម្មភាពកាប់ឈើក្នុងព្រៃ និងគំរាមកំហែងមិនឲ្យប្រជាពលរដ្ឋចូលព្រៃរកអនុផលព្រៃឈើ។ លោកបន្តថា នេះជាសកម្មភាពរំលោភច្បាប់ និងរំលោភសិទ្ធិពលរដ្ឋ៖ «ខាងនេះមានប៉ូលិសទាហានមែនណា! វាកាន់កាំភ្លើង គេដើររកលុយផាកប្រជាជនយកលុយតាមផ្លូវហ្នឹង។ គេថាគេយាមព្រៃឈើក្រុមហ៊ុន ថ្ងៃមុនផាកពួកខ្ញុំយក ១០០ដុល្លារ ពួកគាត់អត់មានសុំអភ័យទោសពួកគេឲ្យគេ ២០ម៉ឺន។ បើក្រុមហ៊ុនគ្នាគេៗ មិនចាប់ទេ គ្រាន់តែរើសតាមគេឈូសដុតចោលៗហ្នឹងគេក៏ចាប់ដែរ»។
ឆ្លើយតបការអះអាងនេះ អភិបាលរងខេត្តស្ទឹងត្រែង លោក យ៊ូ បាសិទ្ធ បដិសេធថា អាជ្ញាធរខេត្តមិនបានចាត់មន្ត្រីប្រដាប់អាវុធណាម្នាក់ឲ្យទៅបម្រើការងារផ្ទាល់ជាមួយក្រុមហ៊ុនឯកជនណាមួយឡើយ ប៉ុន្តែលោកទទួលស្គាល់ថា កន្លងទៅមានបណ្ដាក្រុមហ៊ុនខ្លះបានលាក់លួចប្រើប្រាស់កងសន្តិសុខ ខ្លះស្លៀកពាក់ឯកសណ្ឋានកងកម្លាំង និងប្រើប្រាស់អាវុធខុសច្បាប់ ដើម្បីការពារក្រុមហ៊ុន។ លោកអំពាវនាវសុំឲ្យប្រជាពលរដ្ឋ មន្ត្រីមូលដ្ឋានផ្តល់ព័ត៌មានជាក់លាក់ ប្រសិនដឹងច្បាស់ថាក្រុមហ៊ុនណាមួយមានប្រើប្រាស់កងកម្លាំងឯកសណ្ឋាន និងអាវុធ ដើម្បីអាជ្ញាធរខេត្តចាត់វិធានការតាមច្បាប់៖ «ខ្ញុំសុំឲ្យរាយការណ៍ឲ្យចំ នៅទីតាំងណា ហើយបានដឹងក្រុមហ៊ុនទៀត រឹតតែពិសេស បានដឹងដល់ឈ្មោះទៀត ហើយមានឯកសណ្ឋានឯណាទៀត ព្រោះឥឡូវយើងដឹងហើយថា អាចស្លៀកយ៉ាងម៉េចក៏បានដែរ ប៉ុន្តែគាត់អាងក្នុងព្រៃជ្រៅ ហើយអត់មានបងប្អូនប្រជាពលរដ្ឋ ឬសមត្ថកិច្ចទៅដល់ គាត់អាចប្រើប្រាស់អាវុធស្អីអ៊ីចឹងដែរ»។
របាយការណ៍អង្កេតរបស់មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ការប្រើប្រាស់កងកម្លាំងឯកសណ្ឋាន និងប្រើប្រាស់អាវុធ កើតមានអនាធិបតេយ្យនៅតំបន់ព្រៃសម្បទានមួយចំនួនក្នុងខេត្តស្ទឹងត្រែង ហើយសូម្បីប្រជាពលរដ្ឋមូលដ្ឋានខ្លះក៏បានប្រើប្រាស់ឯកសណ្ឋានកងកម្លាំង និងលាក់ទុកអាវុធសម្រាប់ប្រមាញ់សត្វព្រៃដូចគ្នា។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍បញ្ជាក់ថា សមាគមលោកទទួលពាក្យបណ្ដឹងច្រើនករណីពីពលរដ្ឋ ទាក់ទិនករណីគំរាមកំហែងរំលោភសិទ្ធិពលរដ្ឋពីកងកម្លាំងទាំងនោះ។ លោកស្នើសុំឲ្យអាជ្ញាធរខេត្តលុបបំបាត់បញ្ហានេះ៖ «ឆ្នាំ២០១២ ក៏ធ្លាប់មានមកដល់ខាងខ្ញុំដែរ ដែលក្រុមហ៊ុនយកខាងកម្លាំងប៉េអិម អ៊ីចឹងដែរណា! យើងធ្លាប់ឮសម្ដេច ហ៊ុន សែន គាត់បានព្រមានទៅលើខាងក្រុមហ៊ុន ដែលយកកងកម្លាំងប្រដាប់អាវុធទៅប្រើប្រាស់ការពារក្រុមហ៊ុនរបស់ខ្លួនអ៊ីចឹង»។
ទោះជាយ៉ាងនេះក៏ដោយ មន្ត្រីក្រុមប្រឹក្សាឃុំដដែលបញ្ជាក់ថា លោកកំពុងធ្វើរបាយការណ៍ស្ដីពីក្រុមហ៊ុនដែលប្រើប្រាស់កងកម្លាំង និងអាវុធការពារក្រុមហ៊ុន ជូនអាជ្ញាធរស្រុកនៅចុងសប្ដាហ៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។