អតីតអ្នកភូមិស្វាយជ្រំ នៃឃុំកន្ទួត ស្រុកជាំក្សាន្ត ជាង ២០០គ្រួសារ នៅតែបន្តការទាមទារឱ្យអាជ្ញាធរប្រគល់ដីភូមិចាស់មកពួកគេកាន់កាប់វិញ បន្ទាប់ពីអ្នកភូមិទាំងនោះត្រូវអាជ្ញាធរខេត្តព្រះវិហារ បង្ខំឱ្យចាកចេញជាមួយនឹងការដោះដូរដីកន្លែងផ្សេងឱ្យរស់នៅរយៈពេល ៤ឆ្នាំមកហើយក៏ដោយ។
អ្នកភូមិទាំងនោះធ្លាប់បានប្រមូលផ្ដុំគ្នាទៅស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ឯទីក្រុងភ្នំពេញ ជាយូរមកហើយ ដើម្បីទាមទារឱ្យក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល ជួយដោះស្រាយចំពោះការរកទីជម្រកសមរម្យសម្រាប់ពួកគេ បន្ទាប់ពីការបង្ខំឱ្យចាកចេញពីទីដែលធ្លាប់រស់នៅតាំងពីឆ្នាំ២០១២ មក។
ប្រជាពលរដ្ឋដែលធ្លាប់រស់នៅតំបន់ស្វាយជ្រំ ជិតជើងភ្នំនៃប្រាសាទព្រះវិហារ ឱ្យដឹងថា ពួកគេជាង ២០០គ្រួសារ បានសម្រេចចិត្តវិលត្រឡប់ទៅស្នាក់នៅកន្លែងចាស់វិញ ចាប់ពីថ្ងៃអង្គារ ទី២២ ខែមីនា បើទោះបីជាអាជ្ញាធរជាតិ និងអាជ្ញាធរខេត្តព្រះវិហារ យល់ព្រមអនុញ្ញាត ឬក៏មិនយល់ព្រមក៏ដោយ។
តំណាងអ្នកភូមិស្វាយជ្រំ ឃុំកន្ទួត នៃស្រុកជាំក្សាន្ត ម្នាក់ ក្នុងចំណោមជាច្រើនទៀតគឺលោក ផាន់ ភឿន។ លោកអះអាងថា រូបលោកនិងប្រជាពលរដ្ឋជាង ២០០គ្រួសារផ្សេងទៀត កំពុងធ្វើដំណើរចេញពីវត្តសាមគ្គីរង្សី នាទីក្រុងភ្នំពេញ មកដល់ខេត្តកំពង់ធំ ហើយ នៅរសៀលថ្ងៃអង្គារ ទី២២ ខែមីនា។ ប្រជាពលរដ្ឋជាង ២០០គ្រួសារនោះ កំពុងនាំគ្នាធ្វើដំណើរទៅតំបន់ស្វាយជ្រំ ជិតជើងភ្នំនៃប្រាសាទព្រះវិហារ ក្នុងគោលបំណងទៅស្នាក់នៅ និងកាន់កាប់ដីភូមិចាស់ឡើងវិញ។
តំណាងអ្នកភូមិស្វាយជ្រំ ដដែលបញ្ជាក់ថា ពួកគេទាំងអស់គ្នាសម្រេចចិត្តវិលត្រឡប់ទៅស្នាក់នៅ និងកាន់កាប់ដីភូមិចាស់ឡើងវិញនោះ គឺដោយសារតែពុំមានកន្លែងផ្សេងរស់នៅ និងធ្វើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលទើបតែចេញកាលពីខែមករា ឆ្នាំ២០១៦ កន្លងទៅ៖ «យើងទៅស្នាក់នៅកន្លែងហ្នឹងបណ្ដោះអាសន្នសិន ព្រោះអ្នកភូមិមិនមានកន្លែងណាស្នាក់នៅទេ។ យើងធ្វើតាមលិខិតរបស់សម្ដេចក្រឡាហោម ដែលបានឱ្យយើងទៅរស់នៅទឹកដីចាស់វិញ»។
ទោះយ៉ាងណាអាជ្ញាធរមូលដ្ឋានចាប់តាំងពីថ្នាក់ខេត្តព្រះវិហារ និងស្រុកជាំក្សាន្ត បានឆ្លើយតបថា រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញលិខិតរបស់ក្រសួងមហាផ្ទៃ ណាមួយដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅកាន់កាប់ដីភូមិចាស់នៅតំបន់ស្វាយជ្រំ នោះទេ។
អភិបាលស្រុកជាំក្សាន្ត លោក ជា គឹម សេង មានប្រសាសន៍ថា បច្ចុប្បន្នដីតំបន់ស្វាយជ្រំ នោះមិនស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរដែនដីទៀតទេ គឺនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ ដែលដាំកូនឈើឡើងវិញ ដើម្បីធ្វើជាទ្រនាប់ឧទ្យាននៃប្រាសាទព្រះវិហារ អស់ទៅហើយ។
លោកអភិបាលស្រុកជាំក្សាន្ត បញ្ជាក់ថា រឿងដែលអ្នកភូមិប្រមូលគ្នាវិលត្រឡប់មកកាន់កាប់ដីភូមិចាស់វិញនោះ គឺជាសិទ្ធិរបស់ពួកគាត់ ក៏ប៉ុន្តែប្រសិនបើមិនមានច្បាប់ទម្លាប់ គឺអាជ្ញាធរមិនអនុញ្ញាតទេ៖ «ខ្ញុំរង់ចាំស្ដាប់បញ្ជាពីឯកឧត្ដមអភិបាលខេត្ត បើសិនមានលិខិតគតិយុត្តិណាមួយដែលសំអាងទៅលើផ្លូវច្បាប់ យើងក៏មិនហាមឃាត់ដែរ»។
អតីតអ្នកភូមិស្វាយជ្រំ ចំនួនជាង ២០០គ្រួសារ ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ បង្ខំឱ្យចាកចេញពីកន្លែងធ្លាប់រស់នៅដើម្បីយកដីឱ្យអាជ្ញាធរជាតិព្រះវិហារ ធ្វើតំបន់ទ្រនាប់ឧទ្យានជាតិនៃប្រាសាទព្រះវិហារ កាលពីឆ្នាំ២០១២ កន្លងទៅ។
អ្នកភូមិអះអាងថា លិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ គឺអនុញ្ញតឱ្យពួកគេអាចវិលត្រឡប់ទៅរស់នៅភូមិចាស់វិញ។
ទោះយ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ ឱ្យដឹងថា លោកមិនទាន់បានឃើញលិខិតរបស់ក្រសួងមហាផ្ទៃ ដែលអ្នកភូមិអះអាងនោះនៅឡើយទេ។ លោក ឡោ ចាន់ សំដែងការព្រួយបារម្ភខ្លាចក្រែងកើតមានអំពើហិង្សាដែលកើតចេញពីការបណ្ដេញជាថ្មីទៀត ប្រសិនបើអ្នកភូមិជាង ២០០គ្រួសារ នាំគ្នាវិលត្រឡប់ទៅកាន់កាប់ដីភូមិចាស់វិញ ដោយមិនមានការអនុញ្ញាតត្រឹមត្រូវនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។