សាលា​រាជធានី​ថា​មិន​ដឹង​ពី​គម្រោង​ផ្លាស់ប្ដូរ​ទីលំនៅ​របស់​អ្នក​ប៊ូឌីង

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​លើ​អគារ​ប៊ូឌីង នៅ​តែ​អះអាង​មិន​ព្រម​ចាក​ចេញ​ពី​អគារ ប្រសិនបើ​ទីតាំង​ថ្មី​ដែល​ផ្ដល់​ឲ្យ​នោះ មិន​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​ឆ្ងាយ​ពី​កន្លែង​ធ្វើការ ឬ​សាលារៀន។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ថា​មិន​បាន​ដឹង​ពី​គម្រោង​ផ្លាស់ប្ដូរ​ទីលំនៅ​របស់​ពលរដ្ឋ​នៅ​ឡើយ​ទេ។

ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង ផ្ដើម​ជជែក​គ្នា​ឡើង​វិញ​រឿង​ផ្លាស់ប្ដូរ​កន្លែង​រស់​នៅ​ថ្មី បន្ទាប់​ពី​ពួកគេ​ទទួល​ដំណឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា ឲ្យ​ពលរដ្ឋ​ទៅ​រស់​នៅ​ក្នុង​បុរី​មួយ​ឈ្មោះ​ថា រុងរឿង នៅ​ត្រើយម្ខាង​ក្នុង​ខណ្ឌ​ជ្រោយចង្វារ។ ទោះ​សាលា​រាជធានី​ភ្នំពេញ បដិសេធ​ថា គ្មាន​គម្រោង​ប្ដូរ​កន្លែង​រស់​នៅ​ក៏ដោយ ប៉ុន្តែ​ពួកគេ​មិន​ជឿ​លើ​ការ​អះអាង​នោះ​ទេ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​អគារ​ប៊ូឌីង លោក សែម សាវុធ ប្រាប់​ថា អាជ្ញាធរ​មូលដ្ឋាន​ផ្ដល់​អគារ​ឲ្យ​ពលរដ្ឋ​ជា​ថ្នូរ​នៃ​ការ​ចាកចេញ ប៉ុន្តែ​មិន​មាន​ផ្ដល់​ជា​ថវិកា​ទេ។ ពលរដ្ឋ​រូប​នេះ ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​សាលា​រាជធានី​ភ្នំពេញ ផ្ដល់​ព័ត៌មាន​នេះ ឲ្យ​បាន​ច្បាស់លាស់​ដល់​ពលរដ្ឋ​ជា​ជាង​ការ​ជូន​ដំណឹង​ណា​មួយ​ដែល​មិន​ផ្លូវការ៖ «គេ​ឲ្យ​យើង​អ្នក​ផ្ទះ​នៅ​ក្រោម នៅ​ក្រោម អ្នក​នៅ​លើ នៅ​លើ​ដដែល គេ​អត់​ឲ្យ​លុយ​ទេ។ ឮ​ថា ផ្ទះ​តូច​ជាង​កន្លែង​ថ្មី​ត្រូវ​ដោះដូរ​ជា​លុយ​ថែម​ទៀត​ផង»

តាម​ការ​បញ្ជាក់​របស់​ពលរដ្ឋ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​អាជ្ញាធរ​មូលដ្ឋាន​ជូន​ដំណឹង​ពី​ការ​ផ្លាស់ប្ដូរ​ទីតាំង​រស់​នៅ​របស់​ពលរដ្ឋ​នៅ​អគារ​ប៊ូឌីង។ តាម​របាយការណ៍​របស់​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​ដែល​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៥ ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង មាន​ពីរ​ភូមិ ស្មើ​នឹង​ពលរដ្ឋ​ចំនួន ២.៤៨៣​នាក់ និង​មា​ផ្ទះ​ជិត ៥០០​ខ្នង​ផ្ទះ។ អគារ​នេះ នៅ​កណ្ដាល​ក្រុង ក្នុង​ខណ្ឌ​ចំការមន នៃ​រាជធានី​ភ្នំពេញ ជា​តំបន់​ដែល​ដី​មាន​តម្លៃ​ថ្លៃ​កប់​ពពក។

ពលរដ្ឋ​ម្នាក់​ទៀត​ប្រកប​របរ​លក់ដូរ លោកស្រី ស្រេង សុផា ទាមទារ​ឲ្យ​ការ​ផ្ដល់​ទីតាំង​ថ្មី អាច​ឲ្យ​លោកស្រី​ប្រកប​របរ​រក​ស៊ី​បាន​ដើម្បី​ចិញ្ចឹម​ជីវិត ហើយ​នៅ​ជិត​សាលារៀន។ ប៉ុន្តែ​លោកស្រី​ថា ប្រសិនបើ​កន្លែង​រស់​នៅ​ថ្មី​នោះ មិន​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ទេ គឺ​លោកស្រី​មិន​ចាកចេញ​នោះ​ទេ៖ «និយាយ​ឲ្យ​ចំ​ទៅ​ឲ្យ​តែ​ផ្ទះ​ហ្នឹង គេ​ឲ្យ​សមរម្យ អាច​ប្រកប​មុខ​របរ​រក​ស៊ី​បាន ខ្ញុំ​គិត​ពិចារណា​ទៅ ប៉ុន្តែ​បើ​រក​ស៊ី​មិន​បាន​ខ្ញុំ​មិន​ទៅ​ទេ»

​ទាក់ទង​រឿង​នេះ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថា រហូត​មក​ទល់​នេះ អាជ្ញាធរ​គ្មាន​គម្រោង​ណា​មួយ​ឲ្យ​ពលរដ្ឋ​រស់​នៅ​លើ​អគារ​ប៊ូឌីង ចាក​ចេញ​ពី​អគារ​ទេ។ លោក​ថា សាលា​រាជធានី​មិន​ទាន់​មាន​គម្រោង​ជាមួយ​ក្រុមហ៊ុន​ណា​មួយ​ដើម្បី​អភិវឌ្ឍន៍​តំបន់​អគារ​ប៊ូឌីង​នេះ​ទេ។

នាយក​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់​ថា ការ​ផ្ដល់​ដំណឹង​របស់​អាជ្ញាធរ​នៅ​ពេល​នេះ ជា​សញ្ញា​ល្អ​មួយ​នៃ​ការ​ផ្ដល់​សំណង​ដល់​ពលរដ្ឋ ប្រសិនបើ​មាន​ការ​បណ្ដេញ​ចេញ។ លោក​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវ​រក​ដំណោះស្រាយ​សមស្រប​ណា​មួយ​ជាមួយ​ពលរដ្ឋ ឬ​ត្រូវ​ចរចា​ឲ្យ​ច្រើន​ដង និង​តម្លាភាព ដើម្បី​ឲ្យ​គ្រប់​ភាគី​អាច​ទទួល​បាន៖ «ខ្ញុំ​គិត​ថា ជា​ដំណើរ​ការ​ល្អ បើ​សិន​ជា​អាជ្ញាធរ​ធ្វើ​ដូច្នេះ ឲ្យ​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង អាច​ទៅ​មើល​អគារ​ថ្មី ថា​តើ​គាត់​អាច​រស់​នៅ​បាន​ឬ​ទេ»

​លោក សៀវ ភារម្យ ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​បុគ្គលិក​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ធ្លាប់​ប្រាប់​លោក​ថា ក្រុមហ៊ុន​ចង់​ឲ្យ​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​លើ​អគារ​ប៊ូឌីង ទៅ​រស់​នៅ​អគារ​បុរី​រុងរឿង។ ពលរដ្ឋ និង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​រឿង​នេះ ស្នើ​ឲ្យ​អាជ្ញាធរ​​ផ្ដល់​ដំណោះស្រាយ​ដោយ​បើក​ការ​ជជែក​ឲ្យ​បាន​ទូលាយ ដែល​មិន​មែន​ជា​ការ​បណ្ដេញ​ចេញ​ដូច​ករណី​តំបន់​បឹងកក់ បុរីកីឡា ដីក្រហម ឬ​តំបន់​ថ្មគោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។