អាជ្ញាធរខេត្តសៀមរាប និងមន្ទីរបរិស្ថានដែលសហការជាមួយគណៈកម្មការជំនាញខ្លះទៀត កំពុងរៀបចំចុះស្រង់ស្ថិតិប្រជាពលរដ្ឋ និងគ្រួសារទាហានដែលចូលទៅតាំងទីលំនៅក្នុងតំបន់ព្រះអង្គធំ លើខ្នងភ្នំគូលែនឲ្យបានច្បាស់លាស់ ដើម្បីឈានទៅដល់ការផ្លាស់ប្ដូរទីលំនៅរបស់ពួកគេទៅនៅតំបន់ផ្សេងវិញក្នុងពេលខាងមុខ។
ការសម្រេចផ្លាស់ប្ដូរលំនៅឋានរបស់ប្រជាពលរដ្ឋ និងគ្រួសារទាហាន ចេញពីតំបន់ព្រះអង្គធំខ្នងភ្នំគូលែននេះ ក្នុងបំណងអភិរក្សធម្មជាតិនៅក្នុងឧទ្យានទីនោះឲ្យបានគង់វង្ស ព្រមទាំងឈានទៅរកការចុះបញ្ជីទីនោះឲ្យក្លាយទៅជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។
ប្រជាពលរដ្ឋ និងគ្រួសារយោធាប្រមាណជាង ៤០០គ្រួសារ ដែលកំពុងតាំងទីលំនៅជុំវិញតំបន់ព្រះអង្គធំលើខ្នងភ្នំគូលែន នៃស្រុកស្វាយលើ ខេត្តសៀមរាប កំពុងព្រួយបារម្ភជុំវិញរឿងអាជ្ញាធរបណ្ដេញឲ្យចាកចេញពីកន្លែងដែលពួកគេធ្លាប់រស់នៅជាយូរមកហើយ។ ប្រជាពលរដ្ឋជាច្រើននាក់បង្ហាញការព្រួយបារម្ភដូចៗគ្នាថា ពួកគេមិនចង់ចាកចេញពីតំបន់ព្រះអង្គធំទេ ពីព្រោះបច្ចុប្បន្ន ពួកគេទីពឹងទៅលើមុខរបរលក់វត្ថុអនុស្សាវរីយ៍ និងបាយម្ហូបទៅឲ្យអ្នកទេសចរ ដោយមិនមានដីស្រែឡើយ។
ស្ត្រីម្នាក់អ្នកលក់ដូរសម្លៀកបំពាក់នៅក្នុងតូបមួយ ស្ថិតនៅតាមផ្លូវចូលទៅវត្តព្រះអង្គធំ គឺលោកស្រី ឈាង ចន្ធូ។ នាងមានប្រសាសន៍បណ្ដើរ ហើយរៀបចំអីវ៉ាន់បណ្ដើរថា បច្ចុប្បន្ន នាងរស់នៅលើខ្នងភ្នំគូលែន គឺទីពឹងលើមុខរបរលក់ដូរអីវ៉ាន់ទៅឲ្យភ្ញៀវទេសចរ ដើម្បីបានកម្រៃចិញ្ចឹមជីវិត និងផ្គត់ផ្គង់កូនឲ្យរៀនសូត្រ។ នាងគ្មានដីស្រែ និងដីចម្ការទេ ហើយប្រសិនបើអាជ្ញាធរបង្ខំឲ្យរុះរើទីលំនៅទៅក្រោមជើងភ្នំវិញនោះ គឺប្រាកដជាជីវភាពដុនដាប ពីព្រោះនាងមិនចេះធ្វើស្រែ និងចម្ការ។ ស្ត្រីដដែលបញ្ជាក់ថា រស់នៅលើខ្នងភ្នំគូលែន គឺនាងអាចរកប្រាក់បានពី ៦ម៉ឺនទៅ ១០ម៉ឺនរៀលក្នុងមួយថ្ងៃៗតាមរយៈការលក់ដូរអីវ៉ាន់៖ « មិនដឹងរកអីដែរ ទៅនៅកន្លែងផ្សេង។ បើសិនជាទៅនៅខាងក្រោមភ្នំ ចុះកន្លែងលក់ដូររកស៊ីបានពីណា ? ខ្ញុំមិនចង់ឲ្យដេញទៅណាទេ »។
បុរសម្នាក់ទៀតដែលលក់វត្ថុអនុស្សាវរីយ៍នៅផ្លូវចូលទៅកាន់វត្តព្រះអង្គធំដែរ លោក តាន់ សំណាង មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា លោកមានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីមានព័ត៌មានថា អាជ្ញាធរមានគម្រោងនឹងផ្លាស់ប្ដូរលំនៅឋានពួកគាត់ចេញពីតំបន់ព្រះអង្គធំនេះ។ បុរសដដែលយល់ថា ប្រសិនបើរដ្ឋាភិបាលបណ្ដេញប្រជាពលរដ្ឋឲ្យចេញពីតំបន់ព្រះអង្គធំ គឺនឹងធ្វើឲ្យប៉ះពាល់ជាច្រើន ដូចជាផ្ទះខ្លះសង់រឹងមាំអស់ទឹកប្រាក់ជាច្រើនម៉ឺនដុល្លារ ឯការចុះទៅនៅជើងភ្នំទៀតសោត ក៏អាចធ្វើឲ្យប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ ព្រមទាំងមិនមានសុវត្ថិភាពក្នុងការឡើងចុះភ្នំជារៀងរាល់ថ្ងៃ ដើម្បីប្រកបរបរចិញ្ចឹមជីវិតទៀតផង៖ « ផ្ទះខ្លះជាសំណង់មានថ្មក្រោមឈើលើអ៊ីចឹង ហើយបន្ទប់ទឹកស្អាតបាត សង្ហារិមមានពេញផ្ទះ បើសិនជារុះរើទៅខាងក្រោមប្រហែលជាអាចប៉ះពាល់ច្រើន »។
ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ បានកើតមានឡើងបន្ទាប់ពីក្រសួងបរិស្ថាន និងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិវឌ្ឍ និងការពារបេតិកភណ្ឌ ដែលហៅកាត់ថា អាយ.ស៊ី.ស៊ី( ICC) ជំរុញការអភិរក្សធនធានធម្មជាតិនៅក្នុងឧទ្យានជាតិ ព្រមទាំងមានគោលដៅចុះបញ្ជីទីនោះឲ្យក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នំគូលែន ក្រៅតែពីជាឧទ្យានជាតិដែលឡាយព្រះហស្ដលេខាដោយព្រះមហាក្សត្រឲ្យការពារធនធានធម្មជាតិ វាក៏ជាទីក្រុងបុរាណឈ្មោះមហិន្ទ្របព៌ត កាលពីអំឡុងសតវត្សទី៨ ទី៩ នៃគ្រិស្ដសករាជ ដោយបានបន្សល់ទុកទឹកជ្រោះដ៏ស្រស់ស្អាត រចនាសម្ព័ន្ធទីក្រុងបុរាណ ព្រមទាំងប្រាសាទ និងរូបអាទិទេពជាច្រើនកន្លែងទាក់ទងទៅនឹងព្រហ្មញ្ញសាសនាដែរ។
អភិបាលរងខេត្តសៀមរាប លោក គឹម ឆៃហៀង មានប្រសាសន៍ថា ក្រសួងបរិស្ថាន ដែលសហការជាមួយអាជ្ញាធរខេត្តសៀមរាប បានបង្កើតគណៈកម្មការចំនួនបីរួចហើយ ដើម្បីពិនិត្យទៅលើកិច្ចការពារធម្មជាតិ និងបរិស្ថាននៅលើខ្នងភ្នំគូលែន ព្រមទាំងបង្កើតគណៈកម្មការដើម្បីពិនិត្យគោលនយោបាយ យកប្រជាពលរដ្ឋដែលរស់នៅខុសច្បាប់ម្ដុំតំបន់ព្រះអង្គធំ ដោយដោះដូរឲ្យទៅរស់នៅកន្លែងថ្មីផង។ លោក គឹម ឆៃហៀង ឲ្យដឹងថា តាមការស្រាវជ្រាវមួយរយៈមកនេះគេរកឃើញថា បច្ចុប្បន្នមានប្រជាពលរដ្ឋ និងគ្រួសារទាហានប្រមាណពី ៤០០គ្រួសារទៅ ៥០០គ្រួសារដែលចូលទៅរស់នៅខុសច្បាប់ម្ដុំតំបន់ព្រះអង្គធំ។ អាជ្ញាធរមានគម្រោងផ្លាស់ប្ដូរលំនៅឋានអ្នកទាំងនោះឲ្យមករស់នៅតំបន់ជើងភ្នំវិញ ក៏ប៉ុន្តែមិនដឹងថាការអនុវត្ត នឹងចាប់ផ្ដើមនៅពេលណាប្រាកដនៅឡើយ។ លោក គឹម ឆៃហៀង បញ្ជាក់ថា ថ្វីត្បិតតែអាជ្ញាធរមានគម្រោងផ្លាស់ប្ដូរលំនៅឋានប្រជាពលរដ្ឋ និងគ្រួសារទាហានទាំងនោះ ក៏ប៉ុន្តែអាជ្ញាធរនឹងរៀបចំតូបលក់ដូរឲ្យពួកគេបានរកស៊ីនៅតំបន់ព្រះអង្គធំដូចធម្មតា៖ « តាមគោលការណ៍ដោយមានការយល់ព្រមពី ICC អង្គរផង គេឲ្យយើងរៀបចំតំបន់ហ្នឹងឲ្យបានស្អាតដើម្បីអភិរក្សធម្មជាតិ បរិស្ថានជីវចម្រុះ »។
ចំណែកប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក ភួង លីណា មានប្រសាសន៍ថា តំបន់ខ្នងភ្នំគូលែនបច្ចុប្បន្ន ត្រូវបានអ្នកជំនាញរកឃើញថា វាមិនមែនត្រឹមតែជាតំបន់ធម្មជាតិប៉ុណ្ណោះទេ ក៏ជាតំបន់វប្បធម៌ដែលទាមទារឲ្យមានកិច្ចការពារដែរ៖ « អ៊ីចឹងរដ្ឋាភិបាលកំពុងតែឲ្យធ្វើផែនការគ្រប់គ្រងវា ក៏ដូចការត្រៀមចង់ដាក់តំបន់នេះទៅក្នុងបញ្ជីបេតិកភណ្ឌនៃពិភពលោក »។
ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋខ្លះបានសម្ដែងការមិនសប្បាយចិត្តចំពោះផែនការ ដែលត្រៀមនឹងបណ្ដេញពួកគេឲ្យចាកចេញពីលើខ្នងភ្នំនេះទេ។
នៅលើខ្នងភ្នំគូលែន ពេលនេះ មិនមែនមានតែឧបសគ្គដែលប្រជាពលរដ្ឋខ្លះមិនព្រមចាកចេញប៉ុណ្ណោះទេ ឧបសគ្គមួយទៀត គឺកុមារមួយចំនួនក៏នឹងបោះបង់ចោលការសិក្សា។
នាយិកាសាលាបឋមសិក្សា ហ៊ុន សែន ភ្នំគូលែន អ្នកស្រី និត គន្ធា មានប្រសាសន៍ថា កុមារដែលរស់នៅលើខ្នងភ្នំគូលែន គឺខុសគ្នាពីកុមារដែលរស់នៅតំបន់ដទៃទៀត ដោយពួកគេចាប់អារម្មណ៍នឹងការងារតាមឪពុកម្ដាយ ចូលព្រៃដើម្បីកាប់ចម្ការ ច្រើនជាងការចូលសាលា។ នាយិកាសាលាដដែលយល់ថា ប្រសិនបើរដ្ឋាភិបាលដោះដូរកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនៅលើខ្នងភ្នំគូលែន ឲ្យទៅរស់នៅខាងក្រោមវិញនោះ គឺអ្នកស្រីព្រួយបារម្ភខ្លាចក្រែងកុមារជាច្រើនបោះបង់ចោលការសិក្សា ពីព្រោះទីកន្លែងកាន់តែឆ្ងាយ គឺឪពុកម្តាយរបស់ពួកគេត្រូវចំណាយពេលច្រើនជាងមុន ដើម្បីធ្វើដំណើរទៅចម្ការ មិនមានពេលគ្រប់គ្រាន់ជូនពួកគេមកសាលាផង និងមិនមានពេលនៅផ្ទះសម្រាប់ធ្វើអាហារទុកឲ្យពួកគេនៅពេលត្រឡប់មកពីរៀនវិញផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។