អាជ្ញាធរ​ស្រុក​ពេជ្រាដា​សំណូមពរ​ឲ្យ​សហគមន៍​ព្នង​ឃុំ​ប៊ូស្រា​គោរព​ច្បាប់​ឲ្យ​បាន​ប្រសើរ

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ឃុំ​ប៊ូស្រា ជិត ៤០០​នាក់ បាន​នាំ​គ្នា​បោះ​បង្គោល​ហ៊ុមព័ទ្ធ​ដី​ដែល​ពួក​គាត់​អះអាង​ថា​ជា​ដី​សហគមន៍ ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​មិន​ទាន់​បង្ហាញ​លទ្ធផល​វាស់វែង​ដី​សហគមន៍ និង​ដី​តំបន់​សម្បទាន​សង្គមកិច្ច​ដែល​កំពុង​មាន​ទំនាស់​រវាង​សហគមន៍ និង​ពលរដ្ឋ​ចំណាក​ស្រុក។

អាជ្ញាធរ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី សំណូមពរ​ឲ្យ​តំណាង​សហគមន៍​ឃុំ​ប៊ូស្រា ណែនាំ​សមាជិក​ឲ្យ​គោរព​ច្បាប់ និង​បញ្ឈប់​ធ្វើ​សកម្មភាព​ទាំងឡាយ​ដែល​ផ្ទុយ​ពី​ច្បាប់ ហើយ​រង់ចាំ​ការ​សម្រេច​របស់​អាជ្ញាធរ​ខេត្ត។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​ជម្រាប​ជូន​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ៧​នាក់​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៧​ភូមិ នៅ​ឃុំ​ប៊ូស្រា ដែល​សហគមន៍​ឃុំ​ប៊ូស្រា បាន​ទទួល​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា។

លិខិត​ជូន​ដំណឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា អ្នក​ភូមិ​បាន​នាំ​គ្នា​ចុះ​ត្រួសត្រាយ​ធ្វើ​ព្រំ​ដី​សហគមន៍​ដោយ​ពុំ​មាន​កិច្ច​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន។ អាជ្ញាធរ​ស្រុក​ដែល​កំពុង​បូក​សរុប​គ្រប់​បញ្ហា ទាក់ទិន​ការ​តវ៉ា​របស់​អ្នក​ភូមិ​ជូន​អាជ្ញាធរ​ខេត្ត​សម្រេច សំណូមពរ​ឲ្យ​សហគមន៍​ចូលរួម​គោរព​ច្បាប់​ឲ្យ​បាន​ប្រសើរ។ ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី​២០​ខែ​មេសា ក្រុម​ការងារ​នៃ​អាជ្ញាធរ​ស្រុក នឹង​យក​របាយការណ៍​បូក​សរុប​ទាំងអស់​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្ត។ បាន​លទ្ធផល​យ៉ាង​ណា អាជ្ញាធរ​ស្រុក​នឹង​ជម្រាប​ជូន​សហគមន៍​បាន​ជ្រាប។

អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ថា ក្រុម​ការងារ​ថ្នាក់​ស្រុក និង​ខេត្ត​ជួប​ប្រជុំ​គ្នា​រួច​ហើយ ក៏ប៉ុន្តែ​នឹង​មាន​កិច្ច​ប្រជុំ​មន្ត្រី​មន្ទីរ​ជំនាញ​ជាមួយ​អាជ្ញាធរ​ខេត្ត​បន្ត​ទៀត មុន​នឹង​សម្រេច​បញ្ហា​ដីធ្លី​សហគមន៍ និង​ដី​សម្បទាន​សង្គមកិច្ច។ លោក​សំណូមពរ​ឲ្យ​អ្នក​ភូមិ​អត់ធ្មត់ រង់ចាំ​ចំណាត់​ការ​របស់​ថ្នាក់​ខេត្ត៖ « សូម​កុំ​ឲ្យ​គាត់​ធ្វើ​អ្វី​ផ្សេង​ទៀត ព្រោះ​រាល់​ថ្ងៃ​យើង​កំពុង​ធ្វើ​រឿង​គាត់ ហើយ​យើង​បាន​អន្តរាគមន៍​បញ្ហា​ពួក​គាត់​ហើយ ព្រោះ​គាត់​ប្រជាពលរដ្ឋ​យើង។ អ៊ីចឹង​យើង​ព្យាយាម​សម្រប​សម្រួល​កុំ​ឲ្យ​មាន​បញ្ហា »

សហគមន៍​ប៊ូស្រា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា បាន​ដាក់​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​ចូល​ទៅ​បោះ​បង្គោល​ព្រំ​ដី​តំបន់​អភិរក្ស​សហគមន៍​ជូន​អាជ្ញាធរ​មូលដ្ឋាន បន្ទាប់​ពី​សកម្មភាព​កាប់​រាន​ព្រៃ​យក​ដី​អនាធិបតេយ្យ​ក្រោម​ហេតុផល​ព្រៃ​នោះ​ជា​តំបន់​ដី​សម្បទាន​សង្គមកិច្ច។

តំណាង​សហគមន៍​ប៊ូស្រា ម្នាក់​ក្នុង​ចំណោម ៧​នាក់ គឺ​លោក ក្រើង តុលា បញ្ជាក់​ថា សហគមន៍​បាន​ទទួល​លិខិត​ជូន​ដំណឹង​របស់​អាជ្ញាធរ​ស្រុក​រួច​ហើយ។ ហេតុ​នេះ សហគមន៍​នឹង​ជួប​ប្រជុំ​អ្នក​ភូមិ​ទាំងអស់ ដើម្បី​ឆ្លើយ​តប​លិខិត​ជូន​ដំណឹង​នេះ។ លោក​ថា ការ​ណែនាំ​របស់​អាជ្ញាធរ​ស្រុក គឺ​ជា​ការ​ត្រឹមត្រូវ ក៏ប៉ុន្តែ​អាជ្ញាធរ​មិន​អាច​បញ្ឈប់​សកម្មភាព​កាប់​រាន​ព្រៃ​អនាធិបតេយ្យ ហើយ​អូស​បន្លាយ​ការ​ដោះស្រាយ​ការ​តវ៉ា​របស់​សហគមន៍​ទេ៖ « ខ្ញុំ​មិន​ជំទាស់​ទេ សហគមន៍​យើង​នឹង​ពិភាក្សា​គ្នា ហើយ​សហគមន៍​នៅ​តែ​រក្សា​យន្តការ​ដែល​គាត់​ចង់​បាន »

សហគមន៍​ប៊ូស្រា កាល​ពី​ចុង​ខែ​មីនា បាន​បិទ​ផ្លូវ​ធ្វើ​ដំណើរ​មុខ​សាលា​ស្រុក តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត អនុវត្ត​លក្ខខណ្ឌ​បី​ចំណុច​របស់​សហគមន៍​រួម​មាន វាស់វែង​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច និង​វាស់វែង​ដី​តំបន់​អភិរក្ស​សហគមន៍។ ប្រសិន​បើ​រក​ឃើញ​ដី​សម្បទាន​សង្គមកិច្ច​បំពាន​ចូល​ដី​សហគមន៍ អាជ្ញាធរ​ត្រូវ​រៀបចំ​សំណង​សែន​ព្រេន​អារក្ស​អ្នកតា​ព្រៃ​ភ្នំ​តាម​ជំនឿ​ជនជាតិ​ដើម​ភាគ​តិច។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ប្រញាប់​ដោះស្រាយ​ការ​តវ៉ា​របស់​សហគមន៍ ចៀសវាង​កើត​មាន​អំពើ​ហិង្សា​រវាង​ពលរដ្ឋ និង​ពលរដ្ឋ។ លោក​កត់​សម្គាល់​ថា ជម្លោះ​ដីធ្លី​សហគមន៍​នេះ​កើត​មាន​ច្រើន​ឆ្នាំ​ហើយ ចំណែក​អាជ្ញាធរ​មិន​អាច​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ព្រៃ​យក​ដី​បែប​អនាធិបតេយ្យ​បាន ទើប​សហគមន៍​អស់​ការ​អត់ធ្មត់៖ « អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ មិន​អាច​ដាក់​បន្ទុក​លើ​សហគមន៍​បាន​ទេ ព្រោះ​គាត់​ជា​អ្នក​ចំណាយ​ពេល​ចំណាយ​ថវិកា​កម្លាំង​កាយ​ការពារ​ព្រៃ​ឈើ និង​ដី​សហគមន៍ »

តំណាង​សហគមន៍​ប៊ូស្រា ឲ្យ​ដឹង​ថា ព្រៃ​ឈើ​រាប់​ពាន់​ហិកតារ ត្រូវ​គេ​កាប់​រាន​យក​ជា​ដី​សម្បទាន​សង្គមកិច្ច ខណៈ​អាជ្ញាធរ​មិន​ទាន់​បែង​ចែក​តាម​គោលការណ៍​ផ្តល់​ដី​សម្បទាន​នៅ​ឡើយ។ លើស​ពី​នេះ ពលរដ្ឋ​ចំណាក​ស្រុក និង​អ្នក​មាន​អំណាច​ខ្លះ លក់​ដី​ដែល​បាន​ពី​ការ​កាប់​រាន​ព្រៃ​នោះ​បន្ត​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។