ជម្លោះដីចំណីផ្សារបានលុង រវាងក្រុមហ៊ុន ហេង ដារា វិយោគផ្សារ និងអាជ្ញាធរក្រុងបានលុង ខេត្តរតនគិរី អូសបន្លាយពេលជិតមួយឆ្នាំកន្លងទៅនេះ ធ្វើឲ្យបាត់បង់ប្រាក់ចំណូលថវិកាជាតិជិតម៉ឺនដុល្លារ។ ក្រុមអាជីវករអ្នកលក់ដូរក្នុងផ្សារ បានធ្វើការតវ៉ាជាច្រើនលើក ដោយសារតែអាជ្ញាធរក្រុង បានយកទីតាំងនោះទៅជួលឲ្យក្រុមហ៊ុនមួយផ្សេងទៀត ផ្ទុយទៅនឹងគោលការណ៍សម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អាជីវករលក់ដូរនៅផ្នែកខាងមុខបរិវេណផ្សារបានលុង ខេត្តរតនគិរី ទាមទារឲ្យអាជ្ញាធរខេត្ត អនុវត្តលិខិតជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្ដីពីការដកហូតដីចំណីផ្សារពីការគ្រប់គ្រងរបស់អាជ្ញាធរក្រុង និងការរៀបចំកន្លែងនោះសម្រាប់ជាប្រយោជន៍សាធារណៈ។ ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច កាលពីថ្ងៃទី៣ ខែធ្នូ បានចេញលិខិតណែនាំឲ្យអាជ្ញាធរខេត្ត អនុវត្តសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៩ ខែធ្នូ តទៅ។
អ្នកលក់ខោអាវជជុះ គឺអ្នកស្រី ខុន សុផល រៀបរាប់ថា កន្លងទៅនេះ អាជ្ញាធរក្រុងបានប្រើកងកម្លាំងបង្ខំឲ្យគាត់រុះរើកន្លែងលក់ដូរចេញ ដើម្បីអាជ្ញាធរយកកន្លែងនោះប្រគល់ទៅឲ្យឈ្មួញវិនិយោគបន្ត ហើយទារបង់ប្រាក់ថ្លៃតូបខ្ពស់ និងថ្លៃភាស៊ីលើសការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ «ធ្លាប់តវ៉ាចាប់តាំងពីគាត់មករុះរើកន្លែងហ្នឹង ហើយគាត់ធ្វើទង្វើដាក់អាជីវករមិនសមរម្យ ជាពិសេស លោក ជា គួង និងលោក អ៊ុក សំអុល គាត់ដើររុញតុ ច្រានរបស់គេចោលទាំងយប់។ គាត់ថាកន្លែងនេះទឹកដីរបស់គាត់ កន្លែងគាត់កាន់កាប់»។
ទាក់ទិនបញ្ហានេះដែរ ម្ចាស់ស្តង់លក់ខោអាវ លោក ហួង ម៉េងគីង បញ្ជាក់ដែរថា ការអូសបន្លាយពេលវេលា ធ្វើឲ្យអាជីវករកាន់តែថ្នាំងថ្នាក់ចំពោះអាជ្ញាធរក្រុង ដែលនៅតែបន្តឲ្យឈ្មួញគាបសង្កត់ដំឡើងថ្លៃភាស៊ី លើសតម្លៃភាស៊ីដែលក្រុមហ៊ុនវិនិយោគផ្សារបានយកតាមសៀវភៅបន្ទុក៖ «គាត់មកឈូសឆាយកន្លែងបងប្អូនអាជីវករ គម្រោងសាងសង់តូបស្តង់លក់ដូរ។ ពេលឈូស យើងអន្តរាគមន៍ដល់តំណាងរាស្ត្រ ជួយទប់ស្កាត់កុំឲ្យឈូសបន្តទៀត អត់កន្លែងលក់ដូរ អត់មានមុខរបររកស៊ី»។
ឆ្លើយតបការលើកឡើងរបស់ក្រុមអ្នកលក់ដូរ អភិបាលរងខេត្តរតនគិរី លោក លី វិន ថ្លែងបញ្ជាក់ថា អាជ្ញាធរខេត្តបានធ្វើលិខិតឆ្លើយតបលិខិតជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីហើយ ពាក់ព័ន្ធជម្លោះដីផ្សារនេះ ដោយសារតែក្រុមហ៊ុនវិនិយោគផ្សារក៏បានរំលោភដីសាធារណៈរបស់រដ្ឋ ទៅធ្វើទីតាំងលក់ដូរ ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។ ក្នុងនោះដែរ អាជ្ញាធរខេត្តក៏បានស្នើសុំមន្ត្រីក្រសួងមន្ទីរពាក់ព័ន្ធ មកពិនិត្យ និងចូលរួមក្នុងគណៈកម្មការអនុវត្តសេចក្តីសម្រេចនេះ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ក្រសួងពាក់ព័ន្ធមិនទាន់ផ្តល់មន្ត្រីមកនៅឡើយ៖ «ពួកខ្ញុំធ្វើសំណើទៅវិញ សុំឲ្យក្រសួងចុះមកពិនិត្យម្តងទៀត ធ្វើការវាស់វែងទៅ។ បើយើងឃាត់ សាលាង យើងមានកំហុស សម្ដេចចារមកឲ្យទុកជាសម្បត្តិរដ្ឋ ហើយគាត់ទៅប្ដឹងគេថា យើងយករបស់គាត់»។
យ៉ាងនេះក្តី មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី ចាត់ទុកការអូសបន្លាយដោះស្រាយជម្លោះនេះ បានធ្វើឲ្យខាតបង់ប្រាក់ចំណូលថវិកាជាតិ។ លោកថា ការដកហូតដីចំណីផ្សាររបស់រដ្ឋបាលក្រុងបានលុង ទៅគ្រប់គ្រង ហើយវិនិយោគដោយគ្មានការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធ គឺជាអំពើពុករលួយរំលោភច្បាប់ និងបង្កផលប៉ះពាល់ការលក់ដូររបស់ពលរដ្ឋក្រីក្រ៖ «យើងកត់សម្គាល់ឃើញអាជីវករមិនសប្បាយចិត្តនៅពេលមានលិខិត ហើយបែរជាមិនទាន់អនុវត្ត។ អ៊ីចឹងហើយអាជីវករមិនសប្បាយចិត្តនឹងសាលាក្រុងទេ»។
ប្រធានផ្សារបានលុង ឲ្យដឹងថា ក្រុមហ៊ុនបានផ្អាកបង់ពន្ធដែលបានពីការប្រមូលភាស៊ីចូលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាង ៨ពាន់ដុល្លារ បន្ទាប់ពីរដ្ឋបាលក្រុងដណ្ដើមកាន់កាប់ដីចំណីផ្សារនេះ។
ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីខែកញ្ញា ឆ្នាំ២០១៥ បានសម្រេចផ្តល់កន្លែងផ្ញើយានយន្ត មានកង់ ម៉ូតូ និងរថយន្ត ទៅឲ្យក្រុមហ៊ុន ហេង ដារា និងសិទ្ធិប្រមូលភាស៊ីស្របតាមកិច្ចសន្យាវិនិយោគផ្សារ ដែលក្រុមហ៊ុនបានអនុវត្តតាំងពីឆ្នាំ២០០៨ លុបកិច្ចសន្យាវិនិយោគដីមុខផ្សាររវាងរដ្ឋបាលក្រុងបានលុង ជាមួយឈ្មោះ ជា គួង ពីព្រោះកិច្ចសន្យានេះគ្មានគោលការណ៍សម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រក្សាដីទំហំជិត ៦ម៉ឺនម៉ែត្រការ៉េសម្រាប់បម្រើប្រយោជន៍សាធារណៈ បង្កើតគណៈកម្មការរៀបចំក្រៅបរិវេណផ្សារឲ្យមានរបៀបរៀបរយ ដោយពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគផ្សារ និងអាជីវករលក់ដូរដោយសន្តិវិធី និងបង្កើតគណៈកម្មការប្រគល់ទទួលទីតាំងផ្សារបានលុង ទៅឲ្យក្រុមហ៊ុន ហេង ដារា គ្រប់គ្រងច្បាស់លាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។