មន្ត្រីជាន់ខ្ពស់ខេត្តបន្ទាយមានជ័យ និយាយថា វិវាទដីព្រៃសហគមន៍ភ្នំព្រះ ដែលមានជាង ១ពាន់ហិកតារ រវាងពលរដ្ឋ និងកងយោធាការពារព្រំដែន ត្រូវបានបិទបញ្ចប់ហើយនៅពេលនេះ។ ចំណែកមន្ត្រីយោធាក្នុងកងពលធំលេខ២ ក៏បានសម្រេចដកថយវិញមួយជំហានដែរ ក្រោយពីមានការសម្របសម្រួលរួចមក។
ប្រជាពលរដ្ឋបានទទួលសិទ្ធិគ្រប់គ្រងលើដីព្រៃសហគមន៍ ដែលមានទំនាស់ជាមួយកងពលធំលេខ២ឡើងវិញហើយនៅពេលនេះ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីថ្នាក់ខេត្ត និងការតវ៉ាជំទាស់ពីពលរដ្ឋនៅក្នុងមូលដ្ឋាន។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត ឲ្យដឹងនៅថ្ងៃទី២១ កក្កដា ថា វិវាទរវាងយោធានិងប្រជាពលរដ្ឋដែលបណ្ដាលមកពីការរុករានដីព្រៃសហគមន៍ ក្រោមកិច្ចការពាររបស់ប្រជាពលរដ្ឋនេះ បានដោះស្រាយនិងបិទបញ្ចប់រួចហើយ។ ចំណែកប្រជាពលរដ្ឋនៅក្នុងសហគមន៍ក៏បានចូលកាន់កាប់លើដីដែលធ្លាប់មានទំនាស់នេះឡើងវិញហើយដែរនៅពេលនេះ។ លោកបន្តថា បន្ទាប់ពីភាគីទំនាស់បានពិគ្រោះយោបល់ ទើបដឹងថាខាងយោធារបស់កងពលធំលេខ២ ពិតជាចូលឈូសឆាយលើដីព្រៃសហគមន៍របស់ពលរដ្ឋពិតមែន។
លោកឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យមានវិវាទនេះកើតឡើង ព្រោះតែប្លង់មេបានគូសខុស ហើយឈូសចូលក្នុងដីព្រៃសហគមន៍ភ្នំព្រះនេះតែម្ដង៖ «អ្នកគូសប្លង់ដីឲ្យគាត់វាអត់សូវច្បាស់ ដល់អ៊ីចឹងទៅឆេវមកចូលដីសហគមន៍ហ្នឹង។ ដល់ខាងសហគមន៍គាត់ក៏មានច្បាប់មានស្អីៗរបស់គេ មានផែនទីអីគេច្បាស់លាស់ដែរ។ យកទាំងអស់ហ្នឹងជួបទល់គ្នាទៅ ដល់អ៊ីចឹងគាត់សរុបតាមគោលការណ៍ដីសហគមន៍រួចគាត់ដកថយ»។
កាលពីថ្ងៃទី២១ កក្កដា យោធាមួយក្រុមរបស់កងពលធំលេខ២ ដែលឈរជើងនៅក្នុងខេត្តឧត្តរមានជ័យ បានចូលកាយប្រឡាយ និងឈូសឆាយដើមឈើមួយចំនួនចូលមកក្នុងខេត្តបន្ទាយមានជ័យ ដែលជាទីតាំងដីព្រៃសហគមន៍ភ្នំព្រះនេះ។ សកម្មភាពទន្ទ្រានដីព្រៃសហគមន៍ភ្នំព្រះនេះ ដឹកនាំដោយឧត្ដមសេនីយ៍ទោ លោក ឈិត ឆន តាមការបញ្ជាពីនាយឧត្ដមសេនីយ៍ លោក គន់ គីម អគ្គបញ្ជាការប្រចាំទិសយោធភូមិភាគទី៥។ ក៏ប៉ុន្តែដោយការមានរារាំង និងជំទាស់ពីពលរដ្ឋនោះ ទើបកងកម្លាំងយោធាទាំងនេះ បានដកថយវិញមួយជំហានភ្លាមៗដែរ មុននឹងសម្រេចប្រគល់ឲ្យសហគមន៍កាន់កាប់ឡើងវិញនៅពេលនេះ។
មួយវិញទៀត ប្រសិនបើការឈូសឆាយនេះ បានសម្រេចពិតមែននោះ នឹងធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៣ មានឃុំថ្មពួក ឃុំភូមិថ្មី និងឃុំគោកកឋិន នៃស្រុកថ្មពួក រង់ផលប៉ះពាល់ពីការបំផ្លាញព្រៃសហគមន៍ដែលនៅសេសសល់តិចតួចចុងក្រោយនេះ។
ភ្ជាប់នឹងបញ្ហានេះ ទាំងមេឃុំភូមិថ្មី និងមេឃុំគោកកឋិន មកពីខាងគណបក្សប្រជាជនកម្ពុជា យល់ឃើញថា ប្រសិនបើព្រៃសហគមន៍នេះ មិនអាចរក្សាបានទេ នោះមិនត្រឹមតែបង្កបញ្ហាសម្រាប់អ្នកទទួលអនុផលពីព្រៃឈើនេះទេ តែថែមទាំងបាត់បង់ថែមទៀតជីវចម្រុះ និងជម្រករបស់សត្វព្រៃ៖ «បើសិនជាយើងឥតព្រៃឈើ បើសិនជាប្រជាពលរដ្ឋយើងត្រូវការខ្វះខាត ធ្វើជម្រកធ្វើលំនៅឋានអី ក៏វាជួបបញ្ហាត្រូវឈមដែរ។ ដូច្នេះសំណូមពរខ្ញុំ ខ្ញុំមិនចង់ឲ្យបាត់ទេ អារឿងដីទាំងអស់នេះ។ កាយមួយដៃៗកាត់ព្រៃ។ កាត់ព្រៃកាយជម្រៅប្រហែល ៥០សង់ទីម៉ែត្រ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺបានទេ ពីលោក ឈិត ឆន និងលោក គន់ គីម ជុំវិញបញ្ហានេះនៅថ្ងៃទី២១ កក្កដា។
ចំណែកអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា និយាយថា គេមិនគួរប្រើប្រាស់កម្លាំងយោធាដ៏ច្រើនលើសលប់ ចូលកាន់កាប់ដីដែលការពារដោយសហគមន៍ដូច្នេះឡើយ។ លោកបង្ហាញការសោកស្ដាយចំពោះបញ្ហានេះ ហើយចាត់ទុកថា រដ្ឋាភិបាលគប្បីពិនិត្យឡើងវិញឲ្យបានម៉ត់ចត់ពីកាតព្វកិច្ច និងតួនាទីរបស់កងកម្លាំងប្រដាប់អាវុធ។
លោកថ្លែងថា ជាញឹកញាប់ណាស់មកហើយ ដែលមន្ត្រីយោធាក្នុងខេត្តបន្ទាយមានជ័យ តែងប្រើប្រាស់អំណាចហើយទន្ទ្រានលើដីកម្មសិទ្ធិរបស់ពលរដ្ឋ និងដីព្រៃសហគមន៍៖ «បញ្ហាទាំងអស់នេះ រដ្ឋាភិបាលត្រូវតែគិតគូរ ដំណើរដែលកំពុងឆ្ពោះទៅឃើញទាហានចូលយកដី ប៉ះពាល់ដីនៅខេត្តបន្ទាយមានជ័យ។ យើងឃើញនៅចំណុចខេត្តបន្ទាយមានជ័យ ឃើញចំនួនជាច្រើនកន្លែងហើយ ដែលទាហានប៉ះពាល់ទៅលើដីប្រជាពលរដ្ឋ»។
សមាគមការពារសិទ្ធិមនុស្សអាដហុក មើលឃើញថា ហិង្សាដែលផ្ដើមចេញពីជម្លោះដីធ្លីនៅកម្ពុជា នៅពេលនេះ នៅតែមានកម្ដៅខ្លាំងនៅឡើយ។ ជាងនេះទៀតនោះ និន្នាការនេះនឹងរុញច្រានឲ្យកម្ពុជា ត្រូវប្រឈមមុខកាន់តែខ្ពស់ក្នុងអំពើហិង្សាថែមទៀត បើទោះបីជារដ្ឋាភិបាលធ្លាប់បានប្រកាសពីគោលនយោបាយ កែទម្រង់ស៊ីជម្រៅលើការគ្រប់គ្រងដីធ្លីនេះយ៉ាងណាក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។