ប្រជាពលរដ្ឋមកពីសហគមន៍ទំនាស់ដីធ្លីចំនួន៤ ក្នុងស្រុកបន្ទាយស្រី បានជួបជុំគ្នានៅក្នុងឃុំរំចេក កាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ដើម្បីជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី ពន្លឿនការដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ៤៧គ្រួសារ នៅក្នុងភូមិសាលាក្រវ៉ាន់ ឱ្យបានឆាប់រហ័ស។
ការជំរុញឱ្យមានដំណោះស្រាយដីធ្លីនេះ បន្ទាប់ពីអ្នកភូមិសាលាក្រវ៉ាន់ ចំនួន ៤៧គ្រួសារ កើតមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា លី អ៊ុំអេង ដែលជាអ្នកមានអំណាចម្នាក់ នៅខេត្តសៀមរាប រយៈពេលជិត ៦ឆ្នាំមកហើយ។
អាជ្ញាធរស្រុកបន្ទាយស្រី និងមន្ត្រីសាលាខេត្តសៀមរាប ព្រមទាំងមន្ត្រីមន្ទីរសុរិយោដីផង បានជួបប្រជុំជាមួយប្រជាពលរដ្ឋ ៤៧គ្រួសារ នៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក កាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ដើម្បីស្វែងរកការដោះស្រាយជម្លោះដីធ្លីម្ដងទៀត បន្ទាប់ពីអាជ្ញាធរចម្រុះនេះ បានជួបជាមួយម្ចាស់ក្រុមហ៊ុន លី អ៊ុំអេង នៅថ្ងៃដដែលរួចមក។
ការជួបប្រជុំនៅឯសាលាឃុំរំចេក គឺក្រុមប្រជាពលរដ្ឋជាច្រើនបានសួរដេញដោលទៅអាជ្ញាធរលើបញ្ហាជាច្រើន និងទាមទារឱ្យមានការដោះស្រាយដោយយុត្តិធម៌។
អភិបាលស្រុកបន្ទាយស្រី គឺលោក សូរ សុន។ លោកមានប្រសាសន៍ថា កាលពីជាង ២សប្ដាហ៍មុន អភិបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយជុំវិញរឿងប្រជាពលរដ្ឋ ៤៧គ្រួសារនៅឃុំរំចេក ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី អ៊ុំអេង នោះ។ សេចក្ដីជូនដំណឹងបានស្នើឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដឹកនាំក្រុមការងារចម្រុះ មានអាជ្ញាធរដែនដី ខណ្ឌរដ្ឋបាលព្រៃឈើ ចុះវាស់វែងកំណត់ព្រំដី ព្រមទាំងកសាងប្លង់ឱ្យបានច្បាស់លាស់ ដោយមានការចូលរួមពីក្រុមហ៊ុន លី អ៊ុំអេង និងប្រជាពលរដ្ឋដែលពាក់ព័ន្ធ។
លោកអភិបាលស្រុកបន្ទាយស្រី បញ្ជាក់ថា អាជ្ញាធរនិងក្រុមការងារចម្រុះបានសម្រេចដោះស្រាយវិវាទដីធ្លីរវាងអ្នកភូមិសាលាក្រវ៉ាន់ ៤៧គ្រួសារ ជាមួយក្រុមហ៊ុន លី អ៊ុំអេង គឺអនុវត្តទៅតាមសេចក្ដីជូនដំណឹងរបស់សាលាខេត្តសៀមរាប នេះ៖ «ទី១ វាស់ដីក្រុមហ៊ុន ទី២ រកឯកសារជាក់លាក់ច្បាស់លាស់ ហើយនឹងដំណើរការវាស់ដីជូនប្រជាពលរដ្ឋ»។
អាជ្ញាធរស្រុកបន្ទាយស្រី អះអាងថា ដំណើរការដោះស្រាយរឿងជម្លោះដីធ្លីនេះ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១៦ ខែឧសភា តទៅ។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការទាក់ទងជាមួយឧកញ៉ា លី អ៊ុំអេង ដើម្បីសុំការពន្យល់ជុំវិញរឿងទំនាស់ដីធ្លីនោះ បានថាយ៉ាងណានៅឡើយទេ នៅថ្ងៃទី២៦ ខែមេសា។ ប៉ុន្តែតាមឯកសារឱ្យដឹងថា ក្រុមហ៊ុន លី អ៊ុំអេង បានទិញដីពីប្រជាពលរដ្ឋនៅតំបន់នោះ ទំហំជាង ៤៤០ហិកតារ។
ក្រុមប្រជាពលរដ្ឋដែលកំពុងមានទំនាស់ដីធ្លី នៅតែព្រួយបារម្ភខ្លាចក្រែងអាជ្ញាធរមិនអាចធ្វើអ្វីក្រុមហ៊ុនបាន ហើយមិនផ្ដល់យុត្តិធម៌ឱ្យពួកគាត់។
តំណាងប្រជាពលរដ្ឋ ៤៧គ្រួសារ លោក ស គង់ មានប្រសាសន៍ថា បញ្ហាដែលអាជ្ញាធរស្រុកបន្ទាយស្រី កាន់សេចក្ដីជូនដំណឹងរបស់សាលាខេត្តសៀមរាប មកដោះស្រាយនោះ គឺអ្នកភូមិអាចទទួលយកបាន ប៉ុន្តែសុំឱ្យអាជ្ញាធរស្រុកធ្វើទៅតាមអ្វីដែលមានចែងឱ្យត្រឹមត្រូវ៖ «ខ្ញុំបានសំណូមពរ ៥ចំណុច អំបាញ់មិញហើយ។ ទី១ សូមឱ្យក្រុមហ៊ុនផ្អាកការឈូសឆាយ ការដាំដុះ ទី២ ធ្វើម៉េចបើវាស់ក្រុមហ៊ុនហើយ សុំឱ្យប្រជាពលរដ្ឋចុះវាស់ឱ្យបានដូចគ្នា»។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តសៀមរាប លោក សួស ណារិន ឱ្យដឹងថា ទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ៤៧គ្រួសារ នៅឃុំរំចេក ជាមួយក្រុមហ៊ុន លី អ៊ុំអេង នោះ គឺកើតមានតាំងពីឆ្នាំ២០១០ មកម្ល៉េះ ចំណែកអាជ្ញាធរចុះដោះស្រាយពេលនេះ មិនមែនជាលើកទី១ទេ គឺលើកទី៤ហើយ។ កាលពីលោក ស៊ិន រុន នៅជាអភិបាលរងខេត្តសៀមរាប ធ្លាប់ចុះទៅដោះស្រាយ ដោយចេញសលាកបត្រជូនប្រជាពលរដ្ឋ ៤៧គ្រួសារនោះម្ដងមកហើយ។
លោក សួស ណារិន ពន្យល់ថា តាមការដោះស្រាយនៅកន្លែងជាច្រើន កាលណាអាជ្ញាធរផ្ដល់សលាកបត្រជូនប្រជាពលរដ្ឋរួចហើយ គឺរង់ចាំតែប័ណ្ណកម្មសិទ្ធិប៉ុណ្ណោះ ប៉ុន្តែដូចករណីប្រជាពលរដ្ឋ ៤៧គ្រួសារ នៅឃុំរំចេកនេះ បែរជាអាជ្ញាធរងាកទៅដោះស្រាយដោយវាស់វែងកំណត់ព្រំដីក្រុមហ៊ុន និងប្រជាពលរដ្ឋទៅវិញនោះ គឺលោកមិនយល់ពីនីតិវិធីនេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។