មានការគំរាមប្ដឹងផ្ដល់គ្នាមួយទៅស្ថាប័នតុលាការលើករណីជម្លោះដីធ្លីរវាងមន្ត្រីម្នាក់មានងារជាឧកញ៉ា និងមន្ត្រីមូលដ្ឋានឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។ បញ្ហានេះបានធ្វើឲ្យមន្ត្រីមូលដ្ឋាន សុំឲ្យថ្នាក់ដឹកនាំខេត្ត និងរដ្ឋាភិបាលអន្តរាគមន៍ជួយដោះស្រាយបញ្ចប់ជម្លោះដីធ្លីនេះជាបន្ទាន់។
ជម្លោះដណ្ដើមកាន់កាប់ដីធ្លីទំហំ ៦១២ហិកតារ នៅចំណុចបឹងពីរ ភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង កំពុងបង្កឲ្យមានការចោទប្រកាន់ និងគំរាមប្ដឹងផ្ដល់គ្នាទៅវិញទៅមករវាង មន្ត្រីមានងារជាឧកញ៉ាម្នាក់ ជាមួយនឹងមន្ត្រីរដ្ឋអំណាចមូលដ្ឋានក្នុងឃុំបឹងប្រាំ។
មេឃុំបឹងប្រាំ លោក ឈា នី បញ្ជាក់នៅថ្ងៃទី២៦ ឧសភា ថា កាលពីថ្ងៃទី២២ ខែឧសភា លោកឧកញ៉ា សង ថន បានទូរស័ព្ទទៅគំរាមប្ដឹងរូបលោកជាមេឃុំបឹងប្រាំ ទៅតុលាការ ពាក់ព័ន្ធលើករណីចេញលិខិតបញ្ជាក់កាន់កាប់ដីធ្លីឲ្យប្រជាពលរដ្ឋចំនួន ១៦០គ្រួសារ ប៉ះពាល់លើដីមានទំនាស់ទំហំ ៦១២ហិកតារ ឋិតនៅភូមិបឹងពីរ ភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
លោក ឈា នី៖ «រួចហើយគាត់ថា បើលោក ឈា នី បញ្ជាក់លិខិតហ្នឹងលើដីបឹងពីរភូមិក្រពើសែសិប ដីរបស់គាត់មិនសុខចិត្តទេ គាត់នឹងប្ដឹងខ្ញុំទៅតុលាការ ជាការគំរាមរបស់គាត់។ ខ្ញុំថា ទេជាសិទ្ធិរបស់ លោកឯងទេ បើលោកចង់ប្ដឹងទៅតុលាការក៏ប្ដឹងទៅ ក៏ប៉ុន្តែខ្ញុំបានប្ដឹងលោកឯងទៅរដ្ឋាភិបាលរួចហើយ»។
ការគំរាមប្ដឹងផ្ដល់គ្នានេះ កើតមានឡើងមួយថ្ងៃបន្ទាប់ពីអាជ្ញាធរឃុំបឹងប្រាំ បានធ្វើរបាយការណ៍ជូនទៅអភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤។ អាជ្ញាធរបញ្ជាក់ថា មានប្រជាពលរដ្ឋជាច្រើនរយគ្រួសារខកខានពុំទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនោះឡើយ ដោយសារភាគី លោកឧកញ៉ា សង ថន ប្ដឹងជំទាស់មិនឲ្យក្រុមនិស្សិតវាស់វែងដីធ្លីនៅចំណុចបឹងពីរ ភូមិក្រពើសែសិប ឃុំបឹងប្រាំ នោះឡើយ។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចសុំការបញ្ជាក់ពីលោកឧកញ៉ា សង ថន ជុំវិញការលើកឡើងរបស់ អាជ្ញាធរឃុំបឹងប្រាំ នេះបានទេ នៅថ្ងៃច័ន្ទ ទី២៦ ឧសភា។ ផ្ទៃដីទំហំ ៦១២ហិកតារ នៅចំណុចបឹងពីរ ភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង នេះ បានកើតមានទំនាស់អស់រយៈជាច្រើនឆ្នាំមកហើយ រវាងក្រុមអ្នកភូមិ និងលោកឧកញ៉ា សង ថន ឈ្មោះ ទន់ ប៊ុនធឿន និងឈ្មោះ ប៉ែន កិ។
ពាក់ព័ន្ធករណីអាជ្ញាធរមូលដ្ឋានចេញលិខិតបញ្ជាក់ការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋពលរដ្ឋនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី យល់ថា អាជ្ញាធរឃុំបឹងប្រាំ មានសិទ្ធិគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៖ «ហើយបើសិនជាអាជ្ញាធរគាត់មិនធ្វើគាំទ្រប្រជាពលរដ្ឋទេ គាត់នឹងបាត់បង់សន្លឹកឆ្នោត បើគាត់គាំទ្រប្រជាពលរដ្ឋ គាត់នៅមានប្រជាប្រិយភាព អ៊ីចឹងការសម្រេចចិត្តរបស់មេឃុំ គឺអត់ខុសទេ គឺគាត់ធ្វើដើម្បីប្រជាពលរដ្ឋ»។
ទន្ទឹមគ្នានេះ មន្ត្រីសមាគមអាដហុក សុំឲ្យអភិបាលខេត្តបាត់ដំបង និងមន្ត្រីថ្នាក់ជាតិដែលបានសន្យាជាមួយប្រជាពលរដ្ឋ គប្បីមានវិធានការដោះស្រាយជម្លោះដីធ្លីនេះជាបន្ទាន់។ ឆ្លើយតបចំពោះបញ្ហានេះ អភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល មានប្រសាសន៍ថា អាជ្ញាធរខេត្តទទួលបានរបាយការណ៍ និងឯកសារជាច្រើនពាក់ព័ន្ធករណីទំនាស់ដីធ្លីឃុំបឹងប្រាំ។
ផ្អែកលើការពិនិត្យឯកសារទំនាស់ដីធ្លីនេះមានភាពស្មុគស្មាញច្រើន ពិបាកដោះស្រាយ ហើយត្រូវចំណាយពេលវេលាច្រើនថែមទៀត។ ទោះជាយ៉ាងនេះក្ដី លោក ច័ន្ទ សុផល បញ្ជាក់ថា អាជ្ញាធរខេត្តមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយទំនាស់ដីធ្លីនេះជូនប្រជាពលរដ្ឋ ឲ្យពួកគាត់ទទួលបានដីបង្កបង្កើនផល និងការកាន់កាប់ស្របច្បាប់ ដើម្បីធានាបានការកាត់បន្ថយលំហូរចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
