កម្លាំង​អាជ្ញាធរ​រារាំង​អ្នក​តវ៉ា​រឿង​ដី​មិន​ឲ្យ​ទៅ​ជួប​តំណាងរាស្ត្រ​នៅ​សភា

0:00 / 0:00

សមត្ថកិច្ច​និង​ក្រុម​សន្តិសុខ​ខណ្ឌ ដូនពេញ រារាំង​និង​រុញច្រាន​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជិត ១០០​នាក់ មិន​ឲ្យ​ទៅ​ជួប​តំណាងរាស្ត្រ ខណៈ​ដែល​តំណាងរាស្ត្រ​ទាំង​ពីរ​គណបក្ស បន្ត​ប្រជុំ​វិសាមញ្ញ​នីតិកាល​ទី​៥ របស់​ខ្លួន ដើម្បី​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​អចិន្ត្រៃយ៍​ក្នុង​រដ្ឋ​សភា​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា។

ពលរដ្ឋ​តវ៉ា​ទាំង​នោះ ត្រូវ​បាន​អាជ្ញាធរ​និង​ក្រុម​សន្តិសុខ​ចាប់​សែង​ម្តងៗ​មួយ​ចេញ​ពី​ផ្លូវ​ដែល​រាំង​ច្រក​ចេញ​របស់​តំណាងរាស្ត្រ ហើយ​កៀស​ពួកគាត់​ឲ្យ​មក​អែប​ផ្លូវ​ម្ខាង​ទៀត ក្បែរ​របង​សួន​កម្សាន្ត​ឌ្រីមឡែន (Dream Land)។

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​ឡពាង អ្នក​ភូមិ​បឹងកក់ អតីត​អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា សរុប​ជិត ១០០​នាក់ បរាជ័យ​ក្នុង​ការ​ព្យាយាម​ជួប​តំណាងរាស្ត្រ និង​បណ្ដាល​ឲ្យ​ស្ត្រី​តវ៉ា ២​នាក់​សន្លប់ ក្នុង​ពេល​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​សមត្ថកិច្ច។

សហគមន៍​មាន​ជម្លោះ​ដីធ្លី​ទាំង​នោះ បំបែក​ជា​ពីរ​ក្រុម​ដើម្បី​តវ៉ា។ មួយ​ក្រុម គឺ​អតីត​អ្នក​បឹងកក់ ទៅ​តវ៉ា​នៅ​មុខ​ស្ថានទូត​សិង្ហបុរី ដើម្បី​សាកសួរ​ពី​ការ​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​ពួកគេ ដែល​បាន​ដាក់​កាល​ពី​ថ្ងៃ​ទី​៤ សីហា កន្លង​មក។ រី​ឯ​មួយ​ក្រុម​ទៀត មាន​អ្នក​ឡពាង អ្នក​បឹងកក់ និង​បុរីកីឡា មាន​បំណង​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ។ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​រារាំង និង​ឲ្យ​ពួកគេ​ទៅ​ឈ​តវ៉ា​នៅ​សួនច្បារ​ក្បែរ​វត្ត​បទុមវតី​វិញ។

​សមត្ថកិច្ច​និង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ប្រមាណ​ជាង ១០០​នាក់ ដាក់​ប៉ា​រាស់​ដែក​មិន​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​លោក ហ៊ុន សែន ដើម្បី​ដាក់​ញត្តិ។ ប៉ុន្តែ​មន្ត្រី​ខុទ្ទកាល័យ លោក គង់ ចំរើន បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ពលរដ្ឋ​ទាំង​នោះ។

​មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​រូប​នេះ ហាក់​អត់ធ្មត់​មិន​តប​ជាមួយ​ពលរដ្ឋ​ទេ នៅ​ពេល​ដែល​អ្នក​តវ៉ា​ទាំង​នោះ​និយាយ​បែប​ចំអក​ឡក​ឡើយ​កុំ​ឲ្យ​យក​ញត្តិ​របស់​ពលរដ្ឋ​ទៅ​លាក់​ទុក​ដូច​រាល់​ដង​ទៀត៖ «បើ​មិន​ទៅ​ដល់ដៃ​សម្ដេច​ទេ​ពូ (លោក គង់ ចំរើន) នឹង​មាន​ទោស​មួយ គឺ​ក្បត់​លោកនាយក​រដ្ឋមន្ត្រី ទី​២ បោកប្រាស់​ពលរដ្ឋ​យក​ញត្តិ​ទៅ​បោស​ចោល។ ពូ​ត្រូវ​ទទួល​ខុស​ត្រូវ​ព្រោះ​ញត្តិ​ពួក​ខ្ញុំ​យក​មក​ច្រើន​ដង​ហើយ»

លោក គង់ ចំរើន ទទួល​យក​ញត្តិ​ម្ដង​មួយៗ​ពី​សហគមន៍​បឹងកក់ អ្នក​បុរីកីឡា និង​អ្នក​ឡពាង ដោយ​ស្ងៀមស្ងាត់។ លោក​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា លោក​នឹង​បញ្ជូន​ញត្តិ​នោះ​បន្ត​ទៅ​គណៈកម្មការ​ជំនាញ៖ «ខ្ញុំ​មាន​នាទី​ទទួល​ពេល​ខ្ញុំ​ទទួល​ហើយ ខ្ញុំ​ប្រគល់​ជូន​គណៈកម្មការ ហើយ​គណៈកម្មការ​ហ្នឹង​គេ​ចាត់ចែង​ម៉េច​ទៀត អា​ហ្នឹង​ជា​នាទី​របស់​គេ»

​ក្នុង​ញត្តិ​ទាមទារ​របស់​អ្នក​ឡពាង ពួកគេ​ស្នើ​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខែ.ឌី.ស៊ី (KDC) របស់​ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ​និង​ថាមពល និង​ស្នើ​សុំ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​ឡពាង ៥​នាក់ និង​បញ្ឈប់​ការ​ចោទ​ប្រកាន់​ទៅ​លើ​ពលរដ្ឋ​ទាំង​អស់។

អ្នក​បឹងកក់ ស្នើ​សុំ​ឲ្យ​លោក ហ៊ុន សែន ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បោះ​ព្រំ​ដី​ទំហំ​ជាង ១២​ហិកតារ (១២.៤៤​ហិកតារ) ឲ្យ​បាន​ច្បាស់ និង​បញ្ចូល​ពលរដ្ឋ​បឹងកក់ ចំនួន ៤០​គ្រួសារ ចូល​ទៅ​ក្នុង​ដី​ជាង ១២​ហិកតារ និង​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដល់​ពួកគេ។

​ចំណែក​ញត្តិ​អ្នក​បុរីកីឡា​វិញ ស្នើ​សុំ​លោក ហ៊ុន សែន ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) សាងសង់​អាគារ​២ បន្ថែម​ទៀត សម្រាប់​ពលរដ្ឋ​ដែល​សេសសល់។

ក្រុម​អ្នក​តវ៉ា​ទាំង​នោះ បាន​ឌឺ​ដង​ទៅ​សមត្ថកិច្ច​ដែល​រារាំង​ពួកគេ ព្រម​ទាំង​ចាក់​ប្រសាសន៍​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៨ សីហា កន្លង​មក ដែល​លោក​បន្ទោស​ទៅ​អាជ្ញាធរ​ថា បាន​រារាំង​ពលរដ្ឋ​មក​តវ៉ា​រឿង​ដីធ្លី ហើយ​ញត្តិ​ដែល​ពលរដ្ឋ​ដាក់​ឲ្យ​កន្លង​មក ក៏​មិន​បាន​ដល់​ដៃ​លោក​ថែម​ទៀត។

យ៉ាង​ណា​ក្រោយ​ពី​ញត្តិ​ពួកគេ​ត្រូវ​បាន​មន្ត្រី​ខុទ្ទកាល័យ​ទទួល​យក​ហើយ​នោះ អ្នក​តវ៉ា​ទាំង​ពីរ​ក្រុម​បាន​ប្រមូល​ផ្តុំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​រដ្ឋ​សភា ដើម្បី​ជួប​តំណាងរាស្ត្រ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​រារាំង។ ក្រុម​សមត្ថកិច្ច​និង​អ្នក​តវ៉ា​បាន​រុញច្រាន​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​តវ៉ា​ខ្លះ​ដោយ​ខឹង​ពេក បាន​យក​ពងមាន់​គប់​ទៅ​លើ​សមត្ថកិច្ច ហើយ​ខ្លះ​ទៀត​គប់​ទៅ​លើ​រូបថត​លោក កែប ជុតិមា ដែល​ពលរដ្ឋ​អះអាង​ថា ជា​មនុស្ស​ម្នាក់​បាន​បណ្ដោយ​ឲ្យ​មាន​ការ​រំលោភ​ដីធ្លី​ជា​ច្រើន​នៅ​ភ្នំពេញ។

ដោយ​ពិបាក​រុញច្រាន​ពលរដ្ឋ​ឲ្យ​ចេញ​ពី​ផ្លូវ ខាង​សមត្ថកិច្ច​បាន​ចាប់​សែង​អ្នក​តវ៉ា​ម្តង​មួយៗ ទៅ​ដាក់​សួន​ច្បារ​សម្តេច ជួន ណាត ហើយ​មិន​អស់ចិត្ត​សមត្ថកិច្ច​បន្ត​សែង​អ្នក​តវ៉ា​ទាំង​នោះ​ចេញ​ពី​សួន​ច្បារ​នោះ​ទៀត និង​ទម្លាក់​ពួកគេ​នៅ​ក្បែរ​របង​សួន​កម្សាន្ត​ឌ្រីម លែន និង​បាន​រំអុក​ឲ្យ​អ្នក​តវ៉ា​ទាំង​នោះ​ត្រឡប់​ទៅ​ផ្ទះ រហូត​យក​ឡាន​ដឹក​ក្រុម​សន្តិសុខ​មក​ដឹក​ក្រុម​អ្នក​តវ៉ា​ទៅ​ផ្ទះ។

មន្ត្រី​អង្កេត​អង្គការ​លីកាដូ លោក ឆេង សុភ័ស្ត គិត​ថា រាជរដ្ឋាភិបាល​ត្រូវ​មាន​យន្តការ​និង​ការ​ស្រាវជ្រាវ​ឲ្យ​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​របស់​អ្នក​តវ៉ា​ទាំង​នោះ៖ «ស្រាវជ្រាវ​ពិត​ប្រាកដ​តើ​ផល​ប៉ះពាល់​វា​កើត​ឡើង​ពី​មូលហេតុ​អី​ពិត​ប្រាកដ​ក្នុង​ជម្លោះ​បឹងកក់ បុរីកីឡា និង​អ្នក​ឡពាង»

​លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ទំនាស់​ដីធ្លី​នៅ​ថ្នាក់​មូលដ្ឋាន​រៀងៗ​ខ្លួន។ ជា​ការ​កត់សម្គាល់​នោះ អាជ្ញាធរ​ខណ្ឌ​ដូនពេញ ហាក់​យក​ចិត្ត​ទុក​ជាមួយ​ក្រុម​អ្នក​តវ៉ា​ខុស​ពី​រាល់ដង ដែល​តែង​បង្ក្រាប​ពួកគេ​មិន​ឲ្យ​មក​តវ៉ា។ ដោយ​លើក​នេះ​បាន​ចំណាយ​ប្រាក់​ជិត ១០០​ដុល្លារ សម្រាប់​ជួល​ម៉ូតូ​កង់​បី​ចំនួន ១២​គ្រឿង ឲ្យ​ក្រុម​បាតុករ​ជិត ១០០​នាក់ ជិះ​មក​តវ៉ា​ជា​ថ្នូរ​កុំ​ឲ្យ​ពួកគេ​ហែ​ក្បួន​ស្រែក​ទាមទារ​នៅ​តាម​ផ្លូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។