អ្នកតវ៉ាពីសហគមន៍បឹងកក់ និងបុរីកីឡា អះអាងនៅថ្ងៃទី១៥ កក្កដា នៅមុខសាលារាជធានីភ្នំពេញ ថា គោលបំណងនៃការតវ៉ាទាមទារជាច្រើនលើកច្រើនសារបស់អ្នករងគ្រោះពីផលប៉ះពាល់ដោយដីធ្លីទាំងនេះ គ្មានអ្វីក្រៅស្នើអោយអភិបាលក្រុងដែលទើបតែឡើងថ្មី លោក ប៉ា សុជាតិវង្ស អនុវត្តនូវវិធានដ៏មានប្រសិទ្ធភាពរបស់ខ្លួនដែលធ្លាប់សន្យាជាមួយប្រជាពលរដ្ឋ។
តំណាងក្រុមអ្នកភូមបុរីកីឡា អ្នកស្រី ឆាយ គីមហ៊ន មានប្រសាសន៍ថា ក្រុមអ្នកភូមិបុរី ទាមទារសុំឲ្យក្រុមការងាររបស់សាលារាជធានីចុះហត្ថលេខាទទួលស្គាល់លើសលាកបត្រព័ត៌មានដែលក្រុមការងារបានចុះធ្វើការស្រង់ស្ថិតិ និងសុំឲ្យពន្យល់ពីចំនួនគ្រួសារដែលនឹងទទួលបានសំណងនោះឡើយ។
រីឯតំណាងក្រុមអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី ថ្លែងថា គោលបំណងនៃទាមទារនេះ គឺសុំឲ្យសាលាក្រុងពន្លឿនការដោះស្រាយបញ្ហាដីធ្លីឲ្យបានមុនការបោះឆ្នោតជូនដល់អ្នកភូមិបឹងកក់ ចំនួន ៤៧គ្រួសារដែលមិនទាន់ទទួលបានដំណោះស្រាយតាមការសន្យារបស់អភិបាលក្រុងភ្នំពេញ លោក ប៉ា សុជាតិវង្ស។
ទាក់ទង់ទងនឹងការទាមទាររបស់សហគមន៍ទាំងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់នៃសមាគមអាដហុក (ADHOC) លោក ណៃ វ៉ង់ដា បានឲ្យដឹងថា រហូតមកពេលនេះ ដំណោះស្រាយសម្រាប់ក្រុមអ្នកភូមិទាំងបីសហគមន៍ មិនទាន់មានលក្ខណៈជាដុំកំភួននៅឡើយទេ។ លោកបន្តថា តាមរយៈព័ត៌មានដែលទទួលបាន ជីវភាពរបស់ពួកអ្នកភូមិទាំងនេះកាន់តែលំបាកទៅៗ។
លោកបានសំណូមពរសុំឲ្យសាលារាជធានីជួយដោះស្រាយបញ្ហាដីធ្លី និងផ្ទះសំបែងជូនដល់ក្រុមអ្នកភូមិទាំងអស់ ជាពិសេសមុនពេលការបោះឆ្នោតជាតិដែលនឹងខិតជិតមកដល់ខាងមុខនេះ ដើម្បីបង្ហាញពីការបង្ហាញការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរទៅកាន់ប្រជាពលរដ្ឋ។
ការទាមទាររបស់អ្នកភូមិបឹងកក់ និងបុរីកីឡា នៅព្រឹកថ្ងៃទី១៥ កក្កដា ត្រូវបានមន្ត្រីនាំពាក្យរបស់សាលាក្រុងភ្នំពេញ លោក ឡុង ឌីម៉ង់ បានច្រានចោល ដោយបានលើកឡើងថា សាលារាជធានីបានសន្យាថានឹងដោះស្រាយជូនអ្នកភូមិទាំងពីរសហគមន៍នៅក្រោយការបោះឆ្នោតជាតិ។
អាជ្ញាធរខណ្ឌដូនពេញ បានដាក់កម្លាំងសន្តិសុខ រួមនឹងសមត្ថកិច្ចចម្រុះប្រមាណ ១០០នាក់ ប្រដាប់ដោយខែលនិងដំបង ដើម្បីបំបែកក្រុមអ្នកតវ៉ាដីធ្លីដែលឈរបិទផ្លូវមុខសាលារាជធានីភ្នំពេញ។ អាជ្ញាធរក៏បានបម្រុងឡានពន្លត់អគ្គិភ័យចំនួន ៣គ្រឿងផងដែរក្នុងការទាមទារតវ៉ានេះ។
ក្នុងហេតុការណ៍នេះ មានការប៉ះទង្គិចគ្នារវាងក្រុមស្ត្រីបឹងកក់ និងក្រុមសន្តិសុខខណ្ឌដូនពេញ ដោយមានការរុញច្រានគ្នាទៅវិញ។
កាលពីថ្ងៃទី១ ខែកក្កដា ការប៉ះទង្គិចមួយបានកើតឡើងរវាងក្រុមសមត្ថកិច្ច និងអ្នករងគ្រោះដីធ្លីដោយបង្កអោយស្ត្រីបឹងកក់ ពីរនាក់ គឺអ្នកស្រី ខែក ចាន់រស្មី អាយុ ៣៣ឆ្នាំ ដែលមានផ្ទៃពោះទើបតែពីរខែកន្លះ រលូតកូន ខណៈដែលអ្នកស្រីចូលជួយអ្នកតវ៉ាដទៃទៀត ហើយអ្នកស្រី បូវ សោភា អាយុ ៣៦ឆ្នាំ រងរបួសត្រង់ពោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។