អតីតអ្នកភូមិបឹងកក់ ជិត ៥០នាក់ បានស្រែតវ៉ានៅមុខរដ្ឋសភា នៅព្រឹកថ្ងៃទី៨ កញ្ញា ដើម្បីសុំជួបតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គឺលោក កែប ជុតិមា ដែលជាអតីតអភិបាលរាជធានីភ្នំពេញ។
តំណាងអតីតបឹងកក់ លោកស្រី ស៊ា ណារ៉េត ឲ្យដឹងថា ពួកគាត់ទាមទារឲ្យអតីតអភិបាលក្រុង កែប ជុតិមា ទទួលខុសត្រូវក្នុងការបណ្ដេញចេញអ្នកភូមិបឹងកក់ ក្នុងរយៈពេលកន្លងមកដើម្បីយកដីឲ្យក្រុមហ៊ុនស៊ូកាគូ (Shukaku) អភិវឌ្ឍន៍។
អតីតអ្នកបឹងកក់ ទាំងនោះ បានទាមទារឲ្យ លោក កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ ផ្តល់អង្ករយ៉ាងតិច ៥០០តោន សម្រាប់ពួកគាត់ធ្វើជាស្បៀងក្នុងដំណើរតស៊ូមតិរហូតដល់មានដំណោះស្រាយពីរាជរដ្ឋាភិបាល។ អតីតអ្នកបឹងកក់ ទាំងនោះ បានសម្បែងការខឹងសម្បាដោយគប់ពងមាន់ទៅលើផ្ទាំងរូបថត លោក កែប ជុតិមា ហើយប្រដូចលោក កែប ជុតិមា ទៅនឹង ឌុច អតីតប្រធានគុកទួលស្លែង ក្នុងរបបខ្មែរក្រហម។
យ៉ាងណា លោក កែប ជុតិមា មិនបានចេញមកជួបក្រុមអ្នកតវ៉ាទេ។ តែឃើញមានលោក អេង ឆៃអ៊ាង លោក ជា ប៉ូច តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងលោកស្រី ឡោក ខេង តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចេញមកពន្យល់ពីនីតិវិធី និងចំណាត់ការរបស់ពួកគាត់។
លោកស្រី ឡោក ខេង បញ្ជាក់ថា លោកស្រីបានទទួលញត្តិពីអ្នកភូមិអតីតបឹងកក់ រួចហើយ នឹងបានដាក់លិខិតទាមទាររបស់ពួកគាត់ទៅស្ថាប័នពាក់ព័ន្ធមួយចំនួន៖ «កាលពីថ្ងៃទី១៤ ខែសីហា ពួកគាត់បានយកញត្តិមកដាក់ជួបជាមួយខ្ញុំ ហើយខ្ញុំក៏បានធ្វើលិខិតមួយទៅឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ហើយខ្ញុំក៏បានថតចម្លងញត្តិរបស់ពួកគាត់ទៅឲ្យឯកឧត្ដម កែប ជុតិមា រួចហើយ (ប៉ុន្តែឯកឧត្ដម កែប ជុតិមា ឆ្លើយតបយ៉ាងម៉េចចំពោះសំណើពួកគាត់)។ ខ្ញុំអត់ដឹងពួកគាត់ដែរ ព្រោះខ្ញុំបានតែបញ្ជូនញត្តិទៅគាត់រួចហើយ»។
លោក អេង ឆៃអ៊ាង ជាប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្កេតនិងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ពន្យល់ប្រាប់អ្នកតវ៉ាថា លោកនឹងពាំនាំយកសំណើសុំរបស់ពួកគាត់ទៅដាក់នៅស្ថាប័នមានសមត្ថកិច្ច ដើម្បីពិនិត្យនិងដោះស្រាយ ហើយបើស្ថាប័នណាមិនដោះស្រាយទេនោះ លោកនឹងកោះហៅស្ថាប័ន ឬអ្នកពាក់ព័ន្ធរឿងនេះមកសាកសួរនៅរដ្ឋសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។