អ្នក​បឹងកក់​តវ៉ា​ឲ្យ​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា

នៅ​ថ្ងៃ​ទី៤ ខែ​សីហា គឺ​ជា​ថ្ងៃ​គម្រប់​ខួប​រយៈពេល​មួយ​ឆ្នាំ ដែល​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​នៅ​តំបន់​បឹងកក់ គឺ​អ្នកស្រី យ៉ោម បុប្ផា បាន​ជាប់​ពន្ធនាគារ​ពី​បទ​ចោទ​ថា បាន​ផ្ដួចផ្ដើម​គំនិត​ប្រើ​ហិង្សា​លើ​បុរស​ពីរ​នាក់។ ក្នុង​ថ្ងៃ​នេះ អ្នក​បឹងកក់ ប្រមាណ ១០០​នាក់ បាន​នាំ​គ្នា​ហែ​ក្បួន​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​អោយ​ដោះ​លែង អ្នកស្រី យ៉ោម បុប្ផា។

0:00 / 0:00

តាម​គម្រោង ក្បួន​ដង្ហែ គឺ​ចេញ​ពី​តំបន់​បឹងកក់ ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ និង​ទៅ​តុលាការ​កំពូល។ ប៉ុន្តែ ពួក​គេ​ត្រូវ​ហាម​ឃាត់​ដោយ​អាជ្ញាធរ​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​សិប​នាក់ ដែល​ត្រូវ​ដាក់​ពង្រាយ​បិទ​គ្រប់​ច្រក​ចេញ​ចូល​ទៅ​តំបន់​បឹងកក់។ ស្រប​គ្នា​នោះ ឡាន​មួយ​គ្រឿង​របស់​អង្គការ​សិទ្ធិ​មនុស្ស ក៏​ត្រូវ​ឃាត់​ទុក ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួយ​ដឹក​ជញ្ជូន​សម្ភារៈ​អោយ​អ្នក​បឹងកក់។

អ្នក​បឹងកក់ បាន​ព្យាយាម​ជម្នះ​លើ​ការ​រារាំង​របស់​ក្រុម​សមត្ថកិច្ច ដោយ​បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ និង​នាំ​គ្នា​ហែ​ក្បួន​ទៅ​តវ៉ា​នៅ​ខាង​មុខ​តុលាការ​កំពូល ទាមទារ​អោយ​មាន​ការ​ដោះ​លែង អ្នកស្រី យ៉ោម បុប្ផា។

តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា គោល​បំណង​សំខាន់​បំផុត គឺ​ទាមទារ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ផ្ដល់​យុត្តិធម៌​ដល់ អ្នកស្រី យ៉ោម បុប្ផា។

ក្រុម​អ្នក​តវ៉ា ពាក់​អាវ​ពណ៌​ខ្មៅ និង​ក្បាំង​លើ​ក្បាល មាន​រូប​ថត អ្នកស្រី យ៉ោម បុប្ផា។ ពួក​គេ​បាន​នាំ​គ្នា​អង្គុយ​តម្រៀប​គ្នា​អោយ​ចេញ​ជា​លេខ ៣៦៥ បន្ទាប់​មក​បាន​បង្ហោះ​ប៉ោងៗ​ចំនួន ៣៦៥ ដែរ ដែល​ជា​ចំនួន​ថ្ងៃ​នៃ​ការ​ជាប់​ពន្ធនាគារ​របស់ អ្នកស្រី យ៉ោម បុប្ផា។

កូន​ប្រុស​របស់ អ្នកស្រី យ៉ោម បុប្ផា កុមារា លួស លីហួ ថ្លែង​ថា គេ​សូម​អោយ​ដោះ​លែង​ម្ដាយ​មក​វិញ ព្រោះ​គេ​ដឹង​ថា ម្ដាយ​គេ​គ្មាន​កំហុស​ឡើយ។

អ្នកស្រី យ៉ោម បុប្ផា ដែល​មាន​វ័យ ៣០​ឆ្នាំ ជាប់​ពន្ធនាគារ​បាន​រយៈពេល ១​ឆ្នាំ​ហើយ បន្ទាប់​ពី​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​អោយ​មាន​ទោស ៣​ឆ្នាំ ហើយ​ក្រោយ​មក​ត្រូវ​សាលា​ឧទ្ធរណ៍​សម្រេច​បន្ធូរបន្ថយ​អោយ​មក​ជាប់​ទោស ២​ឆ្នាំ​វិញ ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​មួយ​នៅ​ក្នុង​ភូមិ។ ចំណែក​សម្ភារៈ​មួយ​ចំនួន​របស់​អ្នក​តវ៉ា រួម​មាន​បដា អាវ​យឺត​មួយ​ចំនួន ទង់​ជាតិ មេក្រូ ស្គរ និង​ផ្កា​ឈូក​ត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​យក​ចេញ​ពី​ភូមិ ដោយ​សម្អាង​ថា អ្នក​ភូមិ​ពុំ​បាន​ច្បាប់​អនុញ្ញាត​អោយ​ធ្វើ​ការ​ហែ​ក្បួន​ឡើយ។

ទី​បំផុត អ្នក​ភូមិ​សម្រេច​ផ្ញើ​សម្ភារៈ​មួយ​ចំនួន​នឹង​ឡាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហើយ​ក៏​ត្រូវ​អាជ្ញា​ឃាត់​ទៀត និង​មាន​បំណង​ឆែកឆេរ​ឡាន​ដោយ​គ្មាន​ដីកា ព្រម​ទាំង​ចង់​យក​ឡាន​នោះ​ទៅ​ខណ្ឌ​ដូនពេញ ដោយ​ចោទ​ប្រកាន់​ថា បាន​ដឹក​ជញ្ជូន​សម្ភារៈ​ដែល​នឹង​នាំ​អោយ​ក្បួន​បាតុកម្ម​ខុស​ច្បាប់។ ស្រប​គ្នា​នេះ ស្គរ បដា និង​ទង់​ជាតិ​របស់​អ្នក​បឹងកក់ ត្រូវ​នាំ​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​ដូនពេញ។

មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វ៉ាន់ សូផាត មាន​ប្រសាសន៍​ថា ការ​ឃាត់​ឡាន​របស់​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ពេល​នេះ គឺ​ជា​ការ​គំរាម​កំហែង​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត ដែល​ហ៊ាន​ចេញ​មុខ​ការពារ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។

១-

២-

៣-

៤-

៥-

៦-

៧-

៨-

៩-

១០-

១១-

បន្ទាប់​ពី​មាន​ការ​ចរាចរ​ដោះស្រាយ​ដោយ​មាន​អន្តរាគមន៍​ពី​តំណាង​អង្គការ​សហប្រជាជាតិ និង​តំណាង​សហគមន៍​អឺរ៉ុប នៅ​កន្លែង​កើត​ហេតុ គឺ​ខាង​ក្រោយ​ស្ថានទូត​បារាំង គេ​ឃើញ​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះ​ទៅ​ដោយ​ផ្ទាល់ ដើម្បី​ធ្វើ​អោយ​ការ​ឆែក​ឆេរ​ឡាន​បាន​ទៅ​ជា​ស្រប​ច្បាប់ បន្ទាប់​មក​បាន​អនុញ្ញាត​អោយ​យក​ឡាន​នោះ​ចេញ។

មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ចាន់ សុវ៉េត បាន​ហៅ​ការ​រារាំង​តាម​គ្រប់​រូបភាព​របស់​កម្លាំង​មាន​សមត្ថកិច្ច ទៅ​លើ​ការ​តវ៉ា​របស់​អ្នក​បឹងកក់ គឺ​ជា​ការ​រំលោភ​បំពាន​ច្បាប់​ដែល​ធានា​សិទ្ធិ​សេរីភាព​ក្នុង​ជួប​ប្រជុំ និង​ការ​តវ៉ា​របស់​ពលរដ្ឋ។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយក​ទីចាត់ការ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា តាំង​ពី​ដើម​ដល់​ចប់ បាតុកម្ម​របស់​អ្នក​បឹងកក់ គឺ​ពុំ​មាន​ច្បាប់​អនុញ្ញាត។ ចំណែក​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ចូល​មក​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ គឺ​ជា​អ្នក​លើក​ទឹក​ចិត្ត​អោយ​អ្នក​ភូមិ​ធ្វើ​ខុស​ច្បាប់។

នៅ​ថ្ងៃ​គ្រប់​រយៈពេល ១​ឆ្នាំ​នៃ​ការ​ជាប់​ពន្ធនាគារ​របស់ អ្នកស្រី យ៉ោម បុប្ផា នេះ ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​ការពារ​សិទ្ធិ​មនុស្ស ក៏​បាន​ទាមទារ​អោយ​ដោះ​លែង​អ្នកស្រី​ដែរ ដោយ​សម្អាង​ថា អ្នកស្រី យ៉ោម បុប្ផា គឺ​ជា​អ្នក​ទោស​មនសិការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។