ពលរដ្ឋសង្កាត់បឹងកក់១ ដែលជនមិនស្គាល់មុខធ្លាប់បោះពស់ចូលក្នុងផ្ទះប៉ងសម្លាប់មួយពូជនោះ បានរងនូវអំពើហិង្សាជាថ្មី។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី៦ ខែមេសា ខាងមុខផ្ទះរបស់អ្នកភូមិ ៣គ្រួសារ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ អ្នកភូមិទាំងនោះកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយដែលស្និទ្ធនឹងឧត្ដមសេនីយ៍ផ្កាយបីម្នាក់។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុឲ្យដឹងថា មនុស្សប្រុសពេញកម្លាំងប្រហែលជាងម្ភៃនាក់ ប្រដាប់ដោយដំបង កាំបិត ដុំថ្ម បានលើកគ្នាមកវាយកម្ទេចចានឆ្នាំង តុ កៅអី និងរបស់របរប្រើប្រាស់របស់អ្នកភូមិដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍។
ពលរដ្ឋដែលរងនូវអំពើហិង្សា លោក លី ស្រ៊ាខេង មានប្រសាសន៍ថា អ្នកដែលប្រើហិង្សាមកលើគ្រួសាររបស់លោក គឺជាក្រុមបុគ្គលិកសន្តិសុខរបស់ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍។ លោកបន្តថា នេះជាអំពើរបស់ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍ ដើម្បីបណ្ដេញពួកគាត់ចេញពីលំនៅឋាន ហើយយកដីលក់ឲ្យឧត្ដមសេនីយ៍ផ្កាយបី កាន់តំណែងជាប្រធានអង្គរក្សលោក ជា ស៊ីម។
លោកបញ្ជាក់ថា គ្រួសាររបស់លោករងការគំរាមកំហែងវាយដំ និងប៉ុនប៉ងសម្លាប់ជាច្រើនដងច្រើនសា តែលោកមិនព្រមចាកចេញឡើយ៖ «វ៉ៃឲ្យពួកខ្ញុំចេញ ខ្ញុំមិនព្រមយកលុយ ព្រោះអត់មានអីទាក់ទងនឹងដីខ្ញុំទេ ស.ជ.ណ ហ្នឹង ខ្ញុំអត់ខ្លាចទេ បើខ្ញុំខ្លាចទៀត បើខ្ញុំខ្លាចរដ្ឋាភិបាលក៏ខ្លាចដែរ រដ្ឋាភិបាលអាប់មុខអាប់មាត់ដោយសារពួកអាយង់ឃ្នងអស់ហ្នឹង»។
លោកចោទថា គ្រួសាររបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជាអ្នកទទួលខុសត្រូវក្នុងអំពើហិង្សានេះ ព្រោះថា បើពលរដ្ឋទាំងបីគ្រួសារចាកចេញពីដីទំនាស់អ្នកដែលទទួលផលគឺលោកឧត្តមសេនីយ៍ យឹម លាង ដែលជាកូនរបស់លោក យឹម ឆៃលី។
ទោះជាយ៉ាងណាក្តី ឧត្តមសេនីយ៍ យឹម លាង ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនទាក់ទងនឹងទំនាស់ដីធ្លីនៅកន្លែងនេះទេ ហើយតំណាងក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍ ក៏ធ្លាប់បញ្ជាក់ប្រាប់ថា ក្រុមហ៊ុនព្យាយាមសម្របសម្រួលជាមួយពលរដ្ឋដើម្បីបញ្ចប់បញ្ហា ហើយក៏គ្មានបំណងប្រើហិង្សាលើពលរដ្ឋនោះទេ។
ទំនាស់ដីធ្លីនៅកន្លែងនេះ កើតឡើងកាលពីខែឧសភា ឆ្នាំ២០១៣ នៅពេលដែលអាជ្ញាធររាជធានីភ្នំពេញ បានលក់ដីធ្លីអតីតសង្កាត់បឹងកក់១ និងស្នាក់ការគណបក្សប្រជាជនកម្ពុជា ឲ្យទៅក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍។ ពលរដ្ឋ ៤គ្រួសារ ក្នុងចំណោម ៧គ្រួសារ ព្រមព្រៀងទទួលសំណងចំនួន ១៥.០០០ដុល្លារ ហើយពលរដ្ឋបីគ្រួសារដែលរស់នៅសព្វថ្ងៃមិនព្រមទទួលយកលុយនេះទេ។ ពលរដ្ឋទាំងបីគ្រួសារ ធ្លាប់ត្រូវបានក្រុមហ៊ុនប្ដឹងទៅកាន់នគរបាលក្រសួងមហាផ្ទៃ ចាប់ដាក់ខ្នោះបញ្ជូនទៅតុលាការ ធ្លាប់ត្រូវជនមិនស្គាល់មុខកាប់ ធ្លាប់ត្រូវគេបោះពស់វែកចូលក្នុងផ្ទះទាំងកណ្ដាលយប់ ប៉ុនប៉ងសម្លាប់ជាដើម។
បន្ទាប់ពីអំពើហិង្សានៅព្រឹកថ្ងៃទី៦ ខែមេសា បានបញ្ចប់ លោក លី ស្រ៊ាខេង និងកូនៗ បានទូរស័ព្ទហៅសង្គមស៊ីវិល និងអាជ្ញាធរមកជួយអន្តរាគមន៍។ ក្រុមសមត្ថកិច្ចដែលចុះធ្វើកំណត់ហេតុនៅទីនោះថា សមត្ថកិច្ចមូលដ្ឋានមិនមានសិទ្ធិកោះហៅក្រុមសន្តិសុខរបស់ក្រុមហ៊ុន ឃុន សៀ មកសាកសួរទេ ព្រោះថា នេះជាអំណាចតុលាការ។ ចំណែកឯកម្លាំងនគរបាលគ្រាន់តែធ្វើកំណត់ហេតុដាក់ជូនថ្នាក់លើប៉ុណ្ណោះ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អំពើហិង្សាលើកនេះជាការបង្ហាញថា អាជ្ញាធរមិនមានសមត្ថភាពក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋឡើយ។ លោកបន្តថា ទង្វើទាំងអស់នេះជាការគំរាមកំហែងដើម្បីយកដីធ្លីផ្ទះសំបែងរបស់ពលរដ្ឋ។
លោក អំ សំអាត៖ «មធ្យោបាយគំរាមកំហែង និងធ្វើទុក្ខបុកម្នេញម្ដងហើយម្ដងទៀត ហើយអាជ្ញាធរហាក់បីដូចជាបង្គ្រប់កិច្ច គ្រាន់តែឈរមើលតែប៉ុណ្ណោះ ដូចប្រសាសន៍របស់សម្ដេចថា ឆ្កែនៅតែព្រុះមនុស្សនៅតែដើរ។ យើងបារម្ភថា ថ្ងៃក្រោយនឹងប៉ះពាល់ដល់អាយុជីវិតអ្នកទាំងនោះ»។
អាជ្ញាធរសាលារាជធានីភ្នំពេញ បានកោះហៅពលរដ្ឋទាំងបីគ្រួសារទៅកាន់សាលារាជធានីភ្នំពេញ កាលពីចុងខែមីនា។ អាជ្ញាធរស្នើឲ្យពលរដ្ឋទទួលយកផ្ទះមួយខ្នងមានទំហំ ៤ម៉ែត្រ គុណនឹង ១២ម៉ែត្រ នៅជ្រោយចង្វារ ឬម្ដុំដំណាក់ត្រយឹង។ ប៉ុន្តែពលរដ្ឋទាំងនោះមិនព្រមដោយសារទីតាំងទាំងនោះនៅឆ្ងាយពេក និងទាមទារសំណងបន្ថែម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។