អតីតស្ត្រីបឹងកក់ដែលត្រូវគេបណ្ដេញដោយបង្ខំប្រមាណជាង ៥០នាក់ នៅព្រឹកថ្ងៃទី១០ សីហា បានលើកគ្នាមកស្រែកទាមទារនៅមុខធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា ដើម្បីសុំអន្តរាគមន៍ពីប្រធានថ្មីនៃធនាគារពិភពលោក រឿងសំណងដីធ្លី។ ទាក់ទិនបញ្ហានេះ សង្គមស៊ីវិលជំរុញឲ្យធនាគារពិភពលោក ជួយពន្លឿនការដោះស្រាយជូនពលរដ្ឋនៅតំបន់មានជម្លោះឲ្យបានឆាប់ចប់។
អតីតស្ត្រីបឹងកក់អះអាងថា ការសុំអន្តរាគមន៍នេះបន្ទាប់ពីពួកគេដឹងថា ធនាគារមួយនេះបានផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់ឲ្យរដ្ឋាភិបាលកម្ពុជា ជាថ្មីទៀតនូវទឹកប្រាក់ប្រមាណ ១៣០លានដុល្លារសហរដ្ឋអាមេរិក ដោយមិនខ្វល់ពីការដោះស្រាយទំនាស់ដីធ្លីជូនពួកគាត់ឲ្យឆាប់ចប់។
តំណាងអតីតស្ត្រីនៅតំបន់បឹងកក់ លោកស្រី ស៊ា ណារ៉េត លើកឡើងថា ដោយសារតែទឹកប្រាក់របស់ធនាគារពិភពលោកឲ្យរដ្ឋាភិបាលកម្ពុជា ខ្ចីយកអភិវឌ្ឍនោះហើយ ទើបធ្វើឲ្យពួកគាត់បាត់បង់ដីធ្លី ផ្ទះសម្បែង និងមុខរបរចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃនេះ៖ « ខ្ញុំមកធនាគារពិភពលោកថ្ងៃនេះ ខ្ញុំចង់ជួបលោកស្រីប្រធានធនាគារពិភពលោក ដែលទើបនឹងឡើងកាន់តំណែងថ្មី ដើម្បីសួរពីបញ្ហាពួកខ្ញុំ ដោយសារតែលុយធនាគារពិភពលោកផ្តល់ឲ្យរដ្ឋាភិបាល មកអភិវឌ្ឍប្រទេស ធ្វើឲ្យពួកខ្ញុំរងទុក្ខវេទនាក្នុងការរស់នៅ »។
ទន្ទឹមគ្នានេះ តំណាងអតីតស្ត្រីនៅតំបន់បឹងកក់ម្នាក់ទៀត កញ្ញា អ៊ឹម ស្រីទូច លើកឡើងដែរថា ធនាគារពិភពលោក គឺជាចំណែកមួយជំរុញឲ្យជីវភាពពលរដ្ឋនៅតំបន់បឹងកក់កាន់តែក្រីក្រទៅ តាមរយៈការបន្តផ្តល់ប្រាក់កម្ចីឲ្យរដ្ឋាភិបាល។ ធនាគារពិភពលោក ត្រូវតែអន្តរាគមន៍ជាបន្ទាន់ទៅរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យផ្តល់ផ្ទះ ដី និងថវិកាតាមការទាមទាររបស់ពលរដ្ឋរងគ្រោះ ដោយសារគម្រោងអភិវឌ្ឍន៍បឹងកក់ ដើម្បីកាត់បន្ថយការរំលោភសិទ្ធិលំនៅឋាន និងសិទ្ធិមនុស្សនៅកម្ពុជា៖ « ធនាគារពិភពលោក គាត់ជាអ្នកបំផ្លាញបឹងកក់ គឺជាអ្នកបំផ្លាញពួកយើង ធ្វើឲ្យពួកយើងរងគ្រោះ ដោយសារការអភិវឌ្ឍនៅតំបន់បឹងកក់ បានធ្វើឲ្យខ្ញុំត្រូវបានគេបណ្ដាញចេញទាំងបង្ខំ និងព្រមយកសំណងមិនសមរម្យ។ ហេតុនេះ ធនាគារពិភពលោកគាត់ត្រូវតែទទួលខុសត្រូវលើការរឿងពួកខ្ញុំ »។
ការតវ៉ារបស់អ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់នៅមុខធនាគារពិភពលោក មានការរារាំង និងប៉ះទង្គិចពាក្យសម្ដីជាមួយសមត្ថកិច្ច ខណៈក្រុមអ្នកតវ៉ាលើកបដា និងស្រែកដាក់មេក្រូតវ៉ាមុខការិយាល័យធនាគារពិភពលោក ដោយមានក្រុមកងសន្តិសុខខណ្ឌដូនពេញ ដើរមកដណ្ដើមយកបដា និងដកយកឧបករណ៍បំពងសំឡេងរបស់ពួកគេ។
ក្រោយពីមានការប៉ះទង្គិចពាក្យសម្ដីរវាងក្រុមអ្នកតវ៉ា និងអាជ្ញាធរ តំណាងធនាគារពិភពលោក បានឲ្យតំណាងអ្នកតវ៉ាចំនួន ៥នាក់ចូលជួបពិភាក្សា។
អាស៊ីសេរី មិនអាចទាក់ទងនាយកធនាគារពិភពលោក ប្រចាំកម្ពុជា ដែលទើបនឹងឡើងកាន់តំណែងថ្មី អ្នកស្រី អ៊ីងហ្គួណា ដូប្រាចា (Inguna Dobraja) ដើម្បីសុំការឆ្លើយតបជុំវិញការស្នើសុំរបស់ក្រុមអតីតស្ត្រីសហគមន៍បឹងកក់ បាននៅឡើយនៅថ្ងៃទី១០ ខែសីហា។

ប៉ុន្តែបើតាមតំណាងអតីតស្ត្រីនៅតំបន់បឹងកក់ លោកស្រី ស៊ា ណារ៉េត ឲ្យដឹងថា តំណាងអតីតស្ត្រីនៅតំបន់បឹងកក់ទាំង ៥នាក់ បានជួបជាមួយអ្នកស្រី អ៊ីងហ្គួណា ដូប្រាចា (Inguna Dobraja) នាយកធនាគារពិភពលោកប្រចាំកម្ពុជា និងមន្ត្រីធនាគារពិភពលោក ១រូបទៀត។ លោកស្រីថា អ្នកស្រីនាយកធនាគារពិភពលោក អះអាងថា ករណីមានគម្រោងអភិវឌ្ឍន៍ថ្មីផ្តល់ជូនរដ្ឋាភិបាល ធនាគារពិភពលោកនឹងផ្តល់ឲ្យមានកិច្ចពិគ្រោះយោបល់រវាងពលរដ្ឋ អាជ្ញាធរ សង្គមស៊ីវិល រដ្ឋាភិបាល និងសាលាក្រុង ដើម្បីកុំឲ្យមានជម្លោះ។
ខ្លឹមសារសរសេរនៅលើញត្តិរបស់ពលរដ្ឋដែលដាក់ទៅធនាគារពិភពលោក សុំអន្តរាគមន៍ពីប្រធានថ្មីនៃធនាគារពិភពលោក រឿងសំណងដីធ្លីចំនួន ២ចំណុច គឺគ្រួសារដែលត្រូវគេបង្ខំឲ្យទទួលយកថវិកា ៨ពាន់ដុល្លារ និង ២សែនរៀល ទាមទារដល់រដ្ឋាភិបាល និងក្រុមហ៊ុន ឲ្យផ្តល់ផ្ទះ និងទំហំទទឹង ៤ម៉ែត្រ បណ្ដោយ ១៨ម៉ែត្រនៅក្នុងតំបន់បឹងកក់។ ចំណែកគ្រួសារដែលត្រូវបានបង្ខំឲ្យទទួលយកផ្ទះល្វែងដែលគ្មានគុណភាពនៅដំណាក់ត្រយឹង ទាមទារដល់រដ្ឋាភិបាល និងក្រុមហ៊ុន ឲ្យផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លារសម្រាប់ជួសជុលផ្ទះ សងបំណុលគេ បង្កើតមុខរបរថ្មី និងការសិក្សារបស់កូនៗ។
ករណីនេះ នាយកប្រតិបត្តិក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បានស្នើថា ធនាគារពិភពលោក គួរតែសហការជាមួយរដ្ឋាភិបាល ដើម្បីបញ្ចប់ជម្លោះនេះ៖ « ធនាគារពិភពលោក ត្រូវតែធ្វើការជាមួយរដ្ឋាភិបាលនៅក្នុងការជួយដោះស្រាយទៅដល់បញ្ហាជីវភាព ពិសេសលំនៅឋានរបស់ពួកគាត់ កុំឲ្យរងទុក្ខវេទនាបន្តទៀត »។
កាលពីថ្ងៃទី៩ ខែមិថុនា ធនាគារពិភពលោក សម្រេចផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់ដល់រដ្ឋាភិបាលកម្ពុជា ចំនួន ១៣០លានដុល្លារ ដោយត្រូវអនុវត្តលើគម្រោងចំនួន៤។ គម្រោងទាំងនោះផ្ដោតលើការលើកកម្ពស់គុណភាពសុខភាព គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ គម្រោងគ្រប់គ្រងផ្លូវថ្នល់ទី២ ដើម្បីធ្វើឲ្យកាន់តែប្រសើរលើផ្លូវជាតិក្នុងខេត្តកំពត ព្រះសីហនុ ត្បូងឃ្មុំ និងខេត្តក្រចេះ គម្រោងបែងចែកដីសម្រាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់ជូនសម្រាប់សេវាបណ្ដុះបណ្ដាលវិស័យកសិកម្មដល់ប្រជាជនក្នុងសហគមន៍ចំនួន១៤ នៅ ៥ខេត្ត ដែលមានប្រជាជនច្រើនជាង ៥ពាន់គ្រួសារ។
ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ទាំងនេះ អតីតនាយកធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក អ៊ូលរិច ហ្សាចៅ (Ulrich Zachau) រំពឹងថា ការផ្ដល់ហិរញ្ញប្បទាននេះ នឹងជួយចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រដែលរស់ពឹងផ្អែកនឹងកសិកម្ម និងនេសាទនៅកម្ពុជា កាន់តែប្រសើរឡើង។
ទាក់ទិននឹងបញ្ហានេះ សហគមន៍អ្នកបឹងកក់ ធ្លាប់បានព្រមានលើកគ្នាតវ៉ា ប្រសិនបើធនាគារពិភពលោក អនុម័តផ្ដល់ប្រាក់កម្ចីឡើងវិញឲ្យរដ្ឋាភិបាលកម្ពុជា ខណៈបញ្ហាទំនាស់ដីធ្លីនៅតំបន់ពួកគាត់មិនទាន់ដោះស្រាយចប់ ប៉ុន្តែការទាមទាររបស់សហគមន៍បឹងកក់ ឲ្យធនាគារពិភពលោកដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា បញ្ចប់ជម្លោះដីធ្លីនៅតំបន់បឹងកក់ និងកន្លែងផ្សេងទៀត មុននឹងពិចារណាបញ្ឈប់បង្កកប្រាក់កម្ចី និងជំនួយនានាដល់រដ្ឋាភិបាលកម្ពុជា ត្រូវបានបរាជ័យ បន្ទាប់ពីធនាគារពិភពលោក សម្រេចផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់ដល់រដ្ឋាភិបាលកម្ពុជា ចំនួន ១៣០លានដុល្លារ។
ទោះបីជាយ៉ាងណា ក្រុមអ្នកតវ៉ាប្រកាសជំហរថា ពួកគេនឹងបន្តការតវ៉ានេះតទៅទៀត ដរាបណាពួកគាត់នៅមិនទាន់ទទួលបានសំណងបន្ថែមពីធនាគារពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។