ការប្រារព្ធខួប ៦ឆ្នាំនៃការបណ្ដេញពលរដ្ឋសហគមន៍បុរីកីឡា ពីលំនៅឋានឆ្នាំនេះ ស្ថិតក្នុងការតាមដានឃ្លាំមើលពីក្រុមសមត្ថកិច្ចក្រុងភ្នំពេញ។
ថ្ងៃទី៣ ខែមករា នេះ ពលរដ្ឋសហគមន៍បុរីកីឡា ទាំងអ្នកមិនទាន់ចាកចេញ និងអ្នកដែលបានចាកចេញជាង ៧០នាក់ បានជួបជុំគ្នានៅលើគំនរអគារបាក់បែក ក្នុងតំបន់បុរីកីឡា និងនិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំលើករាសីសុំសេចក្ដីសុខសប្បាយក្នុងឆ្នាំថ្មី។
តំណាងសហគមន៍បុរីកីឡា លោកស្រី ស ស៊ន ប្រាប់ថា នៅពេលក្រុមលោកស្រីធ្វើពិធីរំលឹកខួបនេះ ក្រុមសមត្ថកិច្ចបានមកសួរនាំលោកស្រី ថាមានការហែក្បួន ឬលើកបដាដែរទេ? លោកស្រីបន្តទៀតថា ខណៈលោកស្រីរៀបចំប្រារព្ធពិធី មន្ត្រីសាលាខណ្ឌ៧មករា បែរមកកោះហៅក្រុមពលរដ្ឋឲ្យចេញពីពិធី។ សកម្មភាពបែបនេះ លោកស្រីយល់ថា សាលាខណ្ឌមិនចង់ឲ្យឃើញមានពលរដ្ឋច្រើនចូលរួមក្នុងពិធីនេះ។
យ៉ាងណាក៏ដោយចុះ ការប្រារព្ធខួប ៦ឆ្នាំនៃការបណ្ដេញដោយគ្មានការលើកបដា ការហែក្បួនដាក់ញត្តិ និងការថ្លែងសារអ្វីនោះ ត្រូវបានបញ្ចប់ដោយការឃ្លាំមើលពីក្រុមសមត្ថកិច្ចតាំងពីដើមរហូតដល់ចប់។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ក្រុមសមត្ថកិច្ចចម្រុះក្រុងភ្នំពេញ បានឈូសឆាយផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពលរដ្ឋទាំង ៣៨០គ្រួសារ ដែលមិនព្រមចាកចេញ ត្រូវបានបំផ្លិចបំផ្លាញអស់គ្មានសល់ ដែលទង្វើនេះត្រូវបានក្រុមមន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ជាទង្វើខុសច្បាប់ជាតិ និងអន្តរជាតិ។
៦ឆ្នាំក្រោយការបណ្ដេញចេញ នៅពេលនេះនៅសល់ពលរដ្ឋចំនួន ១១គ្រួសារប៉ុណ្ណោះដែលមិនព្រមចាកចេញ ដោយសារពួកគេមិនព្រមទទួលយកសំណងដ៏តិចតួចដែលសាលាក្រុងប្រកាសផ្ដល់ឲ្យ។ ពួកគេកំពុងប្រឈមការបណ្ដេញចេញជាថ្មីម្ដងទៀតពីសំណាក់អាជ្ញាធររាជធានីភ្នំពេញ។ ប្រធានអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ព្រមានថា បើមានការបណ្ដេញពលរដ្ឋបុរីកីឡា ដោយហិង្សាជាថ្មីម្តងទៀត រដ្ឋាភិបាលរបស់លោក ហ៊ុន សែន គឺស្មើនឹងប្រព្រឹត្តបទឧក្រិដ្ឋលើពលរដ្ឋរបស់ខ្លួនសាជាថ្មីដែរ។
ទាក់ទងនឹងការប្រារព្ធខួប ៦ឆ្នាំនៃការបណ្ដេញចេញពលរដ្ឋតំបន់បុរីកីឡាទាំងបង្ខំនេះ សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍បន្ថែមរវាងលោក ជុន ច័ន្ទបុត្រ និងអ្នកស្រី ស ស៊ន តំណាងសហគមន៍បុរីកីឡា ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។