ពលរដ្ឋរងគ្រោះដីធ្លីនៅក្នុងសហគមន៍បុរីកីឡា រក្សាជំហរមិនចាកចេញពីផ្ទះតាមការដាក់ឱសានវាទរបស់អាជ្ញាធរក្រុងភ្នំពេញ នោះទេ។ ពលរដ្ឋសហគមន៍មានជម្លោះដីធ្លីយល់ថា ទង្វើរបស់សាលាក្រុង គឺជាការសម្លាប់ពលរដ្ឋក្រីក្រដែលជាម្ចាស់ដី ហើយបច្ចុប្បន្ន ម្ចាស់ដីទាំងនោះកំពុងប្រឈមបញ្ហាលំបាកគ្រប់បែបយ៉ាង។
សហគមន៍រងគ្រោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) មិនពេញចិត្តចំពោះទង្វើរបស់អាជ្ញាធរក្រុងភ្នំពេញ ដែលបានប្រកាសដាក់ឱសានវាទបង្ខំឲ្យពួកគេទទួលយកសំណងដើម្បីចាកចេញពីផ្ទះសម្បែង នៅមុនថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។ ពលរដ្ឋរងគ្រោះដីធ្លី ហៅការដាក់ឱសានវាទរបស់អាជ្ញាធរ គឺជាការបង្ខំឲ្យពួកគាត់ទាល់ច្រក គ្មានផ្លូវសម្រាប់រស់នៅសមរម្យដូចពលរដ្ឋដទៃទៀត។
តំណាងសហគមន៍រងគ្រោះដីធ្លីនៅបុរីកីឡា អ្នកស្រី ង៉ូវ ណារី អះអាងថា ពួកគាត់នឹងមិនចាកចេញពីលំនៅឋានជាដាច់ខាត បើទោះជាប្រឈមមុខនឹងការប្រើហិង្សា ឬផ្លូវតុលាការ ពីព្រោះទីនេះនៅជិតផ្សារ ជិតសាលារៀន ដែលងាយស្រួលសម្រាប់កូនសិក្សា។ អ្នកស្រី ង៉ូវ ណារី ឲ្យដឹងទៀតថា សហគមន៍បុរីកីឡា កំពុងពិភាក្សាគ្នាដើម្បីតវ៉ាជាមួយឈ្មួញ គឺអ្នកស្រី ស៊ុយ សុផាន និងអាជ្ញាធរក្រុងភ្នំពេញ៖ «បារម្ភដែរអូន! ប៉ុន្តែដូចវាសមហើយ តាំងតែគេឆក់ពួកខ្ញុំឡើងសន្លប់ៗ អាខ្លះរលូតកូន អាខ្លះអីមក ឥឡូវនេះវាសមដែរហើយ។ ដល់អ៊ីចឹងទៅអ្វីដែលយើងទាមទារផ្ទះរបស់យើង សិទ្ធិរបស់យើង ជាអាយុជីវិតរបស់យើង អ៊ីចឹងហើយចេះតែខ្លាចផង ភ័យផង ប៉ុន្តែរាល់ថ្ងៃដូចជាលែងខ្លាចហើយអូន គិតថាដើរមួយជំហានគិតមួយជំហាន ពេលគេមកយើងស្រាក់គ្នាតតាំងទៅ»។
អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា កាលពីថ្ងៃទី៨ ខែធ្នូ បានចេញសេចក្ដីជូនដំណឹងកំណត់រយៈពេលចុងក្រោយនៃការទទួលដោះស្រាយសំណងគោលនយោបាយជូនប្រជាពលរដ្ឋដែលនៅសេសសល់ក្នុងសហគមន៍បុរីកីឡា ដោយទុករយៈពេល២សប្ដាហ៍ គឺត្រឹមថ្ងៃទី២២ ខែធ្នូ ពលរដ្ឋដែលមិនទាន់ទទួលយកសំណងពីក្រុមហ៊ុន ត្រូវទៅទទួលយកសំណងជាកំហិត។ ផុតថ្ងៃទី២២ ខែធ្នូ អាជ្ញាធររាជធានីភ្នំពេញ ព្រមានអនុវត្តវិធានការរដ្ឋបាល និងប្រើប្រាស់យន្តការតុលាការដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ និងថែមទាំងបញ្ឈប់រាល់ការដោះស្រាយសំណង ដោយអាជ្ញាធរក្រុងភ្នំពេញ ចាត់ទុកថា ពលរដ្ឋទាំងនោះបោះបង់សិទ្ធិក្នុងការទទួលយកសំណងគោលនយោបាយរបស់ខ្លួន។
សហគមន៍មានជម្លោះដីធ្លីយល់ថា ទង្វើរបស់សាលាក្រុងជាការសម្លាប់ពលរដ្ឋក្រីក្រដែលជាម្ចាស់ដី ហើយបច្ចុប្បន្ន ម្ចាស់ដីទាំងនោះកំពុងប្រឈមមុខជីវភាពទីទ័ល ដោយសារម្ចាស់ដីខ្លះធ្លាក់ខ្លួនរស់នៅតាមសំយាកផ្ទះគេ និងនៅក្រោមជណ្ដើរអគារ ដោយអ្នកខ្លះប្រកបមុខរបររើសអេតចាយ បេះត្រកួន ឬ ស៊ីឈ្នួលបោកខោអាវជាដើម ដើម្បីយកលុយផ្គត់ផ្គង់កូនឲ្យបានទៅសាលារៀន។
ពលរដ្ឋនៅសហគមន៍បុរីកីឡា អះអាងថា ក្រោយពេលពួកគេមានជម្លោះដីធ្លីរ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនផានអ៊ីម៉ិច ចាប់តាំងពីឆ្នាំ២០១០មក កូនប្រុសស្រីរបស់ពួកគេបានបោះបង់ចោលការសិក្សាជាបន្តបន្ទាប់ ដោយក្មេងប្រុសខ្លះបានធ្លាក់ខ្លួនប្រើប្រាស់ និងជួញដូរថ្នាំញៀន ឯក្មេងស្រីវិញ បានទៅប្រកបរបរជាស្ត្រីឡង់សេស្រាបៀរ ដែលសង្គមរើសអើង។
តំណាងសហគមន៍រងគ្រោះដីធ្លីនៅភូមិថ្មគោល ឬសហគមន៍ អេស.អូ.អេស (SOS) ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិចិនតុង) អ្នកស្រី ច្រាយ នីម យល់ថា ឱសានវាទរបស់សាលាក្រុងភ្នំពេញ បង្ខំពលរដ្ឋនៅសហគមន៍បុរីកីឡា ទទួលយកសំណងមិនសមរម្យនេះ ក៏ជាក្ដីព្រួយបារម្ភរបស់សហគមន៍រងគ្រោះដីធ្លីដទៃទៀតដែរ។ អ្នកស្រី ច្រាយ នីម រំលឹកថា រូបភាពដែលសាលាក្រុងបន្សល់ទុកឲ្យអ្នកភូមិថ្មគោល ឈឺចាប់ដល់សព្វថ្ងៃ គឺកាលពីឆ្នាំ២០១២ អាជ្ញាធរបានទុកឱសានវាទ ៧ថ្ងៃ ឲ្យអ្នកភូមិរុះរើសផ្ទះសម្បែងដោយខ្លួនឯង ចាកចេញដោយគ្មានសំណង។ អ្នកស្រី ច្រាយ នីម អះអាងថា សហគមន៍រងគ្រោះដីធ្លី នឹងសហការគ្នាតវ៉ាស៊ូស្លាប់រើបម្រាស់ពីការបង្ខំឲ្យចាកចេញពីផ្ទះសម្បែង៖ «ធ្វើឲ្យពួកយើងអ្នករងគ្រោះគ្រប់សហគមន៍គឺមានការឈឺចាប់ ភ័យព្រួយយ៉ាងខ្លាំង ដោយសារយើងបាត់បង់ផ្ទះ បាត់បង់សិទ្ធិ ពិសេសគឺសិទ្ធិរស់រានមានជីវិត សិទ្ធិមានលំនៅឋានសមរម្យ ជារឿងមួយអយុត្តិធម៌ ដែលយើងទាំងអស់គ្នាមិនអាចទទួលយកបានទេ។ ខ្ញុំកន្លងមក កាលពីឆ្នាំ២០១២ ខ្ញុំបានទទួលស.ជ.ណ ពីសាលាក្រុងបណ្ដេញពួកខ្ញុំចេញដោយបង្ខំ ទុករយៈពេល ៧ថ្ងៃ ធ្វើឲ្យខ្ញុំមានការភ័យព្រួយទាំងយប់ទាំងថ្ងៃ ហើយរសជាតិនេះគឺខ្ញុំចងចាំមិនភ្លេចទេ មានការឈឺចាប់ណាស់ កូនក៏មិនបានទៅរៀន ដល់ទៅ ២ឆ្នាំ ហើយគ្រួសារបែកបាក់ទៀត»។
អ្នកសហគមន៍បុរីកីឡា ដែលមានជម្លោះដីធ្លីតាំងពីឆ្នាំ២០១០ និងរងការឈូសកម្ទេចផ្ទះកាលពីឆ្នាំ២០១២ បានអះអាងថា អភិបាលរងក្រុងភ្នំពេញ លោក មាន ចាន់យ៉ាដា កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ធ្លាប់ដាក់ឱសានវាទឲ្យអ្នកបុរីកីឡា ម្ដងរួចមកហើយ គឺផ្ដល់ជម្រើសពីរសម្រាប់ពួកគាត់។ ជម្រើសទី១ ទទួលយកលុយ ៣ពាន់ដុល្លារ ដើម្បីចាកចេញ ឬជម្រើសទី២ ត្រូវទៅរស់នៅភូមិអណ្ដូង ដែលជាតំបន់ដាច់ស្រយាលនៅជាយរាជធានីភ្នំពេញ។ កាលណោះ ក្រុមពលរដ្ឋបុរីកីឡា ទាំង ១៥គ្រួសារ ត្រូវបានអាជ្ញាធរទុកពេលឲ្យ ១ខែ និងព្រមានបណ្ដេញចេញទាំងបង្ខំ បើមិនព្រមទទួលយកដំណោះស្រាយណាមួយក្នុងចំណោមដំណោះស្រាយទាំងពីរ ប៉ុន្តែអ្នកបុរីកីឡារក្សាជំហរទាមទាររស់នៅក្នុងអគារនៅបុរីកីឡា ដែលក្រុមហ៊ុនសន្យាសង់ឲ្យ ឬទទួលយកសំណងសមរម្យជាថ្នូរនឹងការចាកចេញ។
ប្រធានផ្នែកស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការដាក់ឱសានវាទថ្មីមួយទៀតរបស់អាជ្ញាធរក្រុងភ្នំពេញនេះ គឺជាការគំរាមកំហែងបន្ថែមទៀតទៅលើពលរដ្ឋរងគ្រោះដីធ្លីនៅសហគមន៍បុរីកីឡា។ លោក អំ សំអាត យល់ថា អាជ្ញាធរក្រុងភ្នំពេញ គួររកដំណោះស្រាយឲ្យគ្រប់ភាគីជម្លោះទទួលយកបាន ជាជាងការដាក់កំហិតបង្ខំឲ្យពលរដ្ឋបុរីកីឡា ចាកចេញទាំងសំណងដែលពួកគេមិនពេញចិត្ត៖ «ការដាក់កំហិតនេះ យើងមានការបារម្ភថា នៅពេលដែលដល់ពេលកំហិតទៅពីព្រោះពីមុនៗមក ឃើញមានការដាក់ឱសានវាទមក ឃើញមានការបំផ្លិចបំផ្លាញឲ្យគាត់ធ្វើការចាកចេញ។ ខ្ញុំសង្ឃឹមថា សាលារាជធានីភ្នំពេញ មិនអនុវត្តនូវបញ្ហាដែលកើតឡើងដូចមុនៗនោះទេ»។
សង្គមស៊ីវិលយល់ថា ប្រសិនបើអាជ្ញាធរមានឆន្ទៈក្នុងការដោះស្រាយ ទំនាស់ដីធ្លីនៅសហគមន៍បុរីកីឡា នឹងត្រូវបានដោះស្រាយយ៉ាងងាយស្រួល តួយ៉ាងមានករណីទំនាស់ដីធ្លីធំៗជាងករណីបុរីកីឡា ច្រើនណាស់ ដែលរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ដោះស្រាយបានយ៉ាងល្អ ហើយគ្រប់ភាគីទទួលយកបាន។
ពលរដ្ឋរងគ្រោះដីធ្លីនៅសហគមន៍បុរីកីឡា នឹងនាំគ្នាទៅតវ៉ានៅមុខវិឡារបស់អ្នកស្រី ស៊ុយ សុផាន ដែលជាម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច និងនៅមុខសាលារាជធានីភ្នំពេញ ដើម្បីសម្ដែងការមិនពេញចិត្តចំពោះឱសានវាទ និងដើម្បីបង្ហាញជំហរពីការមិនព្រមចាកចេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។