អាជ្ញាធរ​ខណ្ឌ​៧​មករា​កោះហៅ​អ្នក​​បុរី​កីឡា​១០​គ្រួសារ​រក​ដំណោះស្រាយ

0:00 / 0:00

អាជ្ញាធរ​ខណ្ឌ​៧​មករា នៅ​ថ្ងៃ​ទី​២២ មករា បាន​ចេញ​លិខិត​កោះហៅ​ពលរដ្ឋ​ទាំង​១០​គ្រួសារ ដែល​តែង​ចេញ​តវ៉ា​ទាមទារ​ផ្ទះ​នៅ​បុរីកីឡា ឲ្យ​ចូល​ទៅ​រក​ដំណោះស្រាយ ដើម្បី​បញ្ចប់​ទំនាស់​រ៉ាំរ៉ៃ នៅ​ថ្ងៃ​ទី​២៣ មករា វេលា​ម៉ោង​៨​ព្រឹក។ ពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា សង្ឃឹម​ថា ពួកគេ​នឹង​ទទួល​ផ្ទះ ឬ លុយ ២៥,០០០​ដុល្លារ តាម​សំណូមពរ​របស់​ពួកគេ។

តំណាង​សហគមន៍​បុរីកីឡា អ្នកស្រី សរ ស៊ន ប្រាប់​ថា អាជ្ញាធរ​ខណ្ឌ បាន​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​ទាំង​១០​គ្រួសារ និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត ក្នុង​ចំណោម​ប្រពល​រដ្ឋ ៣០​គ្រួសារ ឲ្យ​ទៅ​សាលា​ខណ្ឌ​៧​មករា ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ។ អ្នកស្រី​សង្ឃឹម​ថា ពួកគាត់​នឹង​ទទួល​យក​ផ្ទះ ឬ លុយ​២៥,០០០​ដុល្លារ តាម​សំណើ ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព​ទិញ​ផ្ទះ​រស់​នៅ​ក្នុង​បុរីកីឡា​ដូចដើម​វិញ។

អ្នកស្រី សរ ស៊ន ប្រាប់​ថា ពួកគាត់​មាន​សង្ឃឹម​ដោយសារ កាល​ពី​សប្ដាហ៍​មុន អាជ្ញាធរ​ខណ្ឌ​៧​មករា​បាន​ទៅ​ស្កាត់​ពួកគាត់ ដើម្បី​ឲ្យ​ផ្អាក​ការ​តវ៉ា​មុខ​ភូមិគ្រឹះ​ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីមិច ដើម្បី​រង់ចាំ​ដំណោះស្រាយ។ អ្នកស្រី​សង្កេត​ឃើញ​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​ចិន​មក​ឈរ​ត្រួត​ពិនិត្យមើល អគារ (F) ដែល​ពួកគាត់​រស់នៅ ដូច្នេះ​អ្នកស្រី​សង្ឃឹមថា នឹង​ទទួល​បាន​ដំណោះស្រាយ​ជុំវិញ​រឿង​នេះ៖ «មីង​ចង់បាន​ផ្ទះ​នៅ​បុរីកីឡា ដូច​មីង​ដាក់​ញត្តិ​ទៅ​សាលាក្រុង​សប្ដាហ៍​មុន​អ៊ីចឹង ហើយ​មីង​ទាមទារ​លុយ​២៥០០០​ដុល្លារ ដើម្បី​ទិញ​ផ្ទះ​បាន​នៅ​បុរីកីឡា ឲ្យ​មីង​ទៅ​ភូមិ​អណ្ដូង​មីង​អត់​ទៅ​ទេ។ តែ​សាលាក្រុង​គាត់​បញ្ជាក់​ហើយ​ថា អត់​មាន​ផ្ទះ​ទេ នៅ​បុរី​កីឡា អត់​មាន​ផ្ទះ​ទេ ហើយ​សាលា​ខណ្ឌ លោក លឹម សុភា (​ អភិបាលខណ្ឌ​៧​មករា​ ) ក៏​គាត់​និយាយ​ដែរ កុំ​និយាយ​រឿង​ផ្ទះ​បុរី​កីឡា ព្រោះ​អី​អត់​មាន​ផ្ទះ​ទេ បើ​អត់​មាន​ផ្ទះ​ទេ ឲ្យ​តែ​លុយ​មក ពួក​មីង​អាច​ទិញ​ផ្ទះ​បាន ព្រោះ​ផ្ទះ​នៅ​បុរី​កីឡា​មាន​គេ​លក់​ច្រើន​ណាស់ នៅ​​ជា​ន់​ទី​៤ ទី​៥ អី»។

អភិបាលខណ្ឌ​៧​មករា លោក លឹម សុភា ធ្លាប់​បាន​ចេញ​លិខិត​កោះហៅ​ពលរដ្ឋ​បុរីកីឡា ដែល​នៅ​សេសសល់ ទៅ​រក​ដំណោះស្រាយ​នៅ​សាលា​ខណ្ឌ​ម្ដង​រួចហើយ កាលពី​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១៧។ ការ​កោះ​ហៅ​របស់​អភិបាលខណ្ឌ​៧​មករា ធ្វើឡើង​នៅ​ក្រោយ​ថ្ងៃ​ផុត​ឱសានវាទ​របស់​សាលាក្រុង ដែល​បញ្ជា​ឲ្យ​ក្រុម​ពលរដ្ឋ​បុរី​កីឡា​ទាំង ១១​គ្រួសារ​ទទួល​បាន​សំណង និង​ចាក​ចេញ​ពី​ផ្ទះ ទៅ​រស់នៅ​ភូមិ​អណ្ដូង ជាយ​រាជធានី​ភ្នំពេញ។ កាលណោះ សហគមន៍​មាន​ជម្លោះដីធ្លី​បុរីកីឡា ថា ដំបូង​នៅ​ពេល​លឺ​ដំណឹង​ថា អភិបាលខណ្ឌ​កោះហៅ​ដើម្បី​រក​ដំណោះស្រាយ ពួកគាត់​សប្បាយចិត្ត​ណាស់ ប៉ុន្តែ ធាតុ​ពិត​គឺជា​រូបភាព​គំរាម​ពលរដ្ឋ​ឲ្យ​ទទួលយក​ដំណោះស្រាយ​មិន​សមរម្យ​ទៅវិញ។

ពលរដ្ឋ​ទាំង​១០​គ្រួសារ ដែល​មិនទាន់​បញ្ចប់​ជម្លោះ អះអាង​ថា ពួកគាត់​ទទួល​យក​តែ​ជម្រើស​ទាំងពីរ ប៉ុណ្ណោះ គឺ​ទទួល​យក​អគារ​នៅ​បុរីកីឡា ឬ​លុយ ២៥០០០​ដុល្លារ សម្រាប់​ទិញ​អគារ​មក​រស់នៅ​វិញ។

ជុំវិញ​ការ​កោះ​ហៅ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ ឲ្យ​ចូលរួម​ប្រជុំ​រក​ដំណោះស្រាយ​ដីធ្លី នៅ​សាលា​ខណ្ឌ​៧ មករា នៅ​ថ្ងៃ​ទី​២៣ មករា សង្គម​ស៊ីវិល ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស និង​ដីធ្លី មាន​សង្ឃឹម​ថា អាជ្ញាធរ នឹង​ផ្ដល់​ដំណោះស្រាយ​យ៉ាង​សមរម្យ ឲ្យ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​សហគមន៍​បុរី​កីឡា យ៉ាង​ពិត​ប្រាកដ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ជំរុញ​ឲ្យ​អាជ្ញាធរ​គោរព​ពាក្យសន្យា ដោយ​ឈប់​បោក​បញ្ឆោត​ពលរដ្ឋ​ក្រីក្រ ដែល​រងគ្រោះ​នៅ​សហគមន៍​បុរី​កីឡា​តទៅទៀត ព្រោះ​កាលពី​សប្ដាហ៍​មុន អាជ្ញាធរ​បាន​សន្យា​ថា ផ្ដល់​សំណង​ឲ្យ​អ្នក​បុរីកីឡា ក្នុង​សប្ដាហ៍​នេះ។ លោក ស៊ឹង សែនករុណា មើល​ឃើញ​ថា ប្រសិនបើ​ករណី​ពលរដ្ឋ​រងគ្រោះ​នៅ​បុរីកីឡា ត្រូវ​បិទ​បញ្ចប់​ដោយ​សំណង​សមរម្យ ពលរដ្ឋ​អាច​ទទួល​យក​បាន អាជ្ញាធរ និង​រដ្ឋាភិបាល នឹង​ទទួល​បាន​ប្រជាប្រិយភាព និង​ការ​គោរព​ពី​ពលរដ្ឋ។ ប៉ុន្តែ ប្រសិនបើ​អាជ្ញាធរ នៅតែ​ភូត​កុហក​ពលរដ្ឋ​បន្ត​ទៀត ជម្លោះ​រ៉ាំរ៉ៃ នឹង​នៅតែ​បន្ត​រំខាន​អាជ្ញាធរ ឬ​អាច​រង​ការរិះគន់​ពី​ពលរដ្ឋ​រងគ្រោះ​បន្ថែម​ទៀត៖ «នា​ពេល​ថ្មីៗ​នេះ​យើង​ឃើញ​ថា មាន​ការ​ចេញ​អះអាង​ដោះស្រាយ យើង​សង្ឃឹមថា អាជ្ញាធរ​នឹង​ដោះស្រាយ ហើយ​យើង​សង្ឃឹមថា​អាជ្ញាធរ​ផ្ដោត និង​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ពួកគាត់​បាទ»។

ចំណែក​អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត សរសើរ​អាជ្ញាធរ​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ថា បាន​ខិតខំ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​នៅ​បុរី​កីឡា​បាន​ច្រើន​គ្រួសារ​ណាស់ ល្មម​ដល់ពេល​បញ្ចប់​ជម្លោះ​នេះ​ឲ្យ​អស់ នៅ​ត្រឹម​សប្ដាហ៍​ក្រោយ​នេះ​ហើយ៖ «ពិបាក​នឹង​ទស្សន៍ទាយ​ដែរ​ពីព្រោះ​ដូចដែល​ខ្ញុំ​បាន​ជម្រាប​អញ្ចឹង​ប្រជាពលរដ្ឋ​គាត់​ជួប​ប្រទះ​អស់​ហើយ អ្វី​ដែរ​អាជ្ញាធរ​ធ្លាប់​សន្យា​ជាមួយ​ពួកគាត់ ដូចជា​ការ​សន្យា​ខ្យល់​ឲ្យ​ពួកគាត់​អ៊ីចឹង​ដល់ពេល​កំណត់​អត់​ឃើញ​ហៅ​ទៅ​ដោះស្រាយ​អី​ផង​នឹង​ដូចនេះ អាជ្ញាធរ ត្រូវ​ដោះស្រាយ​ទៅ​បាទ កុំ​ទុក​អា​ទម្លាប់​អាក្រក់​អី​ទាំងអស់​នឹង​ឆាប់​ដោះស្រាយ​ទៅ​បាទ»។

ជាច្រើន​ឆ្នាំ​មក​នេះ ពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា អះអាង​ថា ពួកគាត់​រស់នៅ​ប្រៀប​ដូច​ជនអនាថា លើ​ដី​របស់​ខ្លួនឯង។ ពួកគាត់​ហៅ​ការ​អភិវឌ្ឍ​នោះ ជា​ការ​បំផ្លាញ​សុភមង្គល និង​អនាគត​របស់​កូនប្រុស​ស្រី​ពួកគាត់។ បើ​ទោះ​ជា​យ៉ាងណា ពលរដ្ឋ​ទាំង​១១​គ្រួសារ ប្ដេជ្ញា​ថា ពួកគាត់​នឹង​រក​ដំណោះស្រាយ​នៅ​តាម​ស្ថានទូត​នានា តាមរយៈ​ញត្តិ និង​ការ​តវ៉ា វេច​មុង ភួយ ទៅ​ដេក​តវ៉ា នៅមុខ​ភូមិគ្រឹះ​របស់​ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីមិច បើ​នៅតែ​គ្មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។