អតីតពលរដ្ឋបុរីកីឡា ដែលត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ជម្លៀសឲ្យទៅតំបន់ភ្នំបាត លើកគ្នាប្រមាណ ៣០នាក់ មកទាមទារឲ្យរដ្ឋសភា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងសាលាក្រុងភ្នំពេញ ផ្ដល់ដំណោះស្រាយបន្ថែមដល់ពួកគេ។ ប៉ុន្តែចម្លើយត្រឡប់របស់មន្ត្រីស្ថាប័នទាំងនោះមិនផ្ដល់ក្ដីសង្ឃឹមដល់ក្រុមពលរដ្ឋឡើយ។
ក្រុមពលរដ្ឋទាមទារឲ្យអាជ្ញាធរផ្ដល់ទីតាំងថ្មីនៅក្នុងរាជធានីភ្នំពេញ និងត្រូវសង់ផ្ទះមួយល្វែងសម្រាប់មួយគ្រួសារ រួមទាំងផ្ដល់ថវិកា ៥ពាន់ដុល្លារ។ ចំណុចទី២ ផ្ដល់ប្រាក់ ១គ្រួសារមួយម៉ឺនដុល្លារ និងត្រូវរៀបចំតំបន់ភ្នំបាត ឡើងវិញ។
តំណាងអតីតពលរដ្ឋបុរីកីឡា លោកស្រី ខៀវ ឡៃ រំពឹងថា ស្ថាប័នរដ្ឋដែលក្រុមពលរដ្ឋសុំអន្តរាគមន៍គិតគូរដល់ពលរដ្ឋ ព្រោះពួកគេកំពុងរស់នៅភ្នំបាត គ្មានមុខរបរ ផ្ទះសំបែងត្រឹមត្រូវ៖ « ជួយជំរុញដល់រដ្ឋាភិបាល ដល់ក្រុមហ៊ុន ផាន អ៊ីម៉ិច ជួយឲ្យដោះស្រាយសំណងបន្ថែមដល់ពួកខ្ញុំ ដោយពួកខ្ញុំរស់នៅអត់ឃ្លាន ក្មេងៗដើរសុំទាន ចាស់ៗឈឺអត់លុយព្យាបាល » ។
អតីតពលរដ្ឋបុរីកីឡា ដែលត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ជម្លៀសឲ្យទៅតំបន់ភ្នំបាត បញ្ជាក់មូលហេតុនៃការចេញមកទាមទារសំណងបន្ថែមថា សាលាក្រុងភ្នំពេញ យកពួកគេទៅចាកចេញមិនគិតគូររហូតធ្វើពួកគេធ្លាក់ខ្លួនដើរសុំទាន រើសអេតចាយ ហើយនារីៗដាច់ចិត្តកាត់សក់របស់ខ្លួនលក់។
រីឯតំណាងអតីតពលរដ្ឋបុរីកីឡា ម្នាក់ទៀត លោកស្រី គឹម សារ៉ាន ដែលបានជួបមន្ត្រីសាលារាជធានីឲ្យដឹងថា គ្មានមន្ត្រីស្ថាប័នណាមួយផ្ដល់ចម្លើយដល់ពួកគេសង្ឃឹមបានទេ។ លោកស្រីព្រមានថា បើនៅតែគ្មានដំណោះស្រាយក្រុមពលរដ្ឋនឹងនាំគ្នាសុំអន្តរាគមន៍គ្រប់ស្ថាប័នរបស់រដ្ឋបន្តទៀត រហូតបានសំណងបន្ថែមទើបពួកគេបញ្ឈប់សកម្មភាព៖ « ពួកខ្ញុំដួលកន្លែងណា ក្រោកឈរកន្លែងនោះវិញ។ ខ្ញុំជូតទឹកភ្នែកទាមទារសំណងឲ្យទាល់តែបាន » ។
កាលពីឆ្នាំ២០១២ រដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចនៅតំបន់បុរីកីឡា ឲ្យក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex)។ ក្រុមហ៊ុននេះបានទៅឈូសឆាយបំផ្លាញផ្ទះសម្បែងពលរដ្ឋចំនួន ៣៨៤គ្រួសារ ដើម្បីយកដីអភិវឌ្ឍ ដោយក្រុមហ៊ុននេះមានកិច្ចសន្យាជាមួយរដ្ឋាភិបាលសាងសង់អគារចំនួន១០ ជាការដោះដូរជូនពលរដ្ឋ។ ទីបំផុត ក្រុមហ៊ុននេះសាងសង់តែ ៨អគារ ដែលជាហេតុធ្វើឲ្យពលរដ្ឋមួយចំនួនគ្មានសំណងសមរម្យ។ ក្រោយមក ពលរដ្ឋខ្លះត្រូវបានអាជ្ញាធរយកទៅដាក់នៅឯទួលសំបូរ ក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ ហើយមួយចំនួនទៀតត្រូវដឹកទៅដាក់នៅតំបន់ភ្នំបាត ក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។
ឆ្លើយតបការទាមទារនេះ អភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ថា សាលាក្រុងគ្មានគម្រោងផ្ដល់សំណងបន្ថែមណាមួយដល់អតីតពលរដ្ឋបុរីកីឡា ទាំងនោះទេ។ ប៉ុន្តែលោកថា មន្ត្រីសាលាក្រុងភ្នំពេញ នឹងចុះដល់តំបន់ភ្នំបាត ក្នុងពេលណាមួយដើម្បីពិនិត្យពីស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋ មុននឹងឈានដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលមាន រួមមាន ផ្លូវ ទឹក ភ្លើង ដល់ពួកគេ៖ « រាល់ដំណោះស្រាយ គឺយើងអត់ត្រឡប់ថយក្រោយទេ » ។
ចំណែកនាយកប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ យល់ថា ជាគោលការណ៍ ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់បុរីកីឡា និងរដ្ឋាភិបាលត្រូវធានាផ្ដល់ការខូចខាតសមស្របទៅនឹងការបាត់បង់របស់ពលរដ្ឋ៖ « ខ្ញុំសង្ឃឹមថា ការស្នើសុំសំណងបន្ថែមនេះ នឹងបានមានការគាំទ្រពីសាលារាជធានីភ្នំពេញ » ។
ក្នុងសន្និសីទសាព័ត៌មានកាលពីថ្ងៃទី២៧ ខែមេសា អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ថា លោកមិនជឿថា អតីតពលរដ្ឋបុរីកីឡា ដែលត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ជម្លៀសឲ្យទៅតំបន់ភ្នំបាត ធ្លាក់ខ្លួនដើរសុំទាន រើសអេតចាយនោះទេ។ ក្រុមពលរដ្ឋថា បើសាលាក្រុងមិនជឿ អាចចុះទៅអង្កេតដល់កន្លែងពួកគេរស់នៅបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។