ពលរដ្ឋមានទំនាស់ដីធ្លីប្រមាណ ២០នាក់ ប្រមូលផ្ដុំគ្នាដាក់លិខិតទៅអភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យជួយដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋបុរីកីឡា ដែលមិនទាន់ទទួលបានដំណោះស្រាយ។
ការជួបជុំគ្នានេះ គឺបន្ទាប់ពីសាលារាជធានីភ្នំពេញ បានសម្រេចទុកពេល ១ខែ ដល់ពលរដ្ឋបុរីកីឡា ដែលនៅសេសសល់ឱ្យទទួលយកដំណោះស្រាយជាប្រាក់ពីរពាន់ដុល្លារ និងផ្ទះមួយខ្នងនៅភូមិអណ្ដូង ដែលស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ពលរដ្ឋបុរីកីឡា ២នាក់ គឺលោកស្រី ង៉ូវ ណារី និងលោកស្រី យិន ស្រ៊ីន ដែលអះអាងថា តំណាងឱ្យពលរដ្ឋជាង ១០គ្រួសារដែលមិនទាន់ទទួលបានដំណោះស្រាយនៅព្រឹកថ្ងៃទី៣១ ខែមីនា តវ៉ាចំពោះសេចក្ដីសម្រេចរបស់សាលារាជធានីភ្នំពេញ ដែលទុកពេលមួយខែសម្រាប់ពួកគេឱ្យទទួលយកដំណោះស្រាយជាផ្ទះ ១ខ្នង នៅភូមិអណ្ដូង និងប្រាក់ ២ពាន់ដុល្លារ។
លោកស្រី ង៉ូវ ណារី អះអាងថា ជាអ្នករស់នៅបុរីកីឡា យូរយារណាស់មកហើយ និងមានឯកសារគ្រប់គ្រាន់ដែលគួរតែទទួលបានផ្ទះល្វែងនៅក្នុងតំបន់បុរីកីឡា៖ «មុននឹងសាងសង់១០អគារហ្នឹង គាត់យកមេដៃពីពួកខ្ញុំទៅ យកទៅដល់សម្ដេច ហ៊ុន សែន ដើម្បីធ្វើកិច្ចសន្យាសាងសង់ ១០អគារសម្រាប់ដាក់ពួកខ្ញុំ ដល់សាលាក្រុងបែរជាឲ្យពួកខ្ញុំទៅភូមិអណ្ដូង វិញ អ៊ីចឹងគាត់អត់គោរពកិច្ចសន្យា។ ពួកខ្ញុំត្រូវការយុត្តិធម៌ ព្រោះអីពួកខ្ញុំមានឯកសារគ្រប់គ្រាន់»។
ក្នុងលិខិតដាក់ទៅសាលារាជធានីភ្នំពេញ ពលរដ្ឋបានចាត់ទុកថា ការទុកពេល ១ខែ ឱ្យទទួលយកដំណោះស្រាយនេះ គឺជាការគំរាមកំហែងពួកគេ។ ពលរដ្ឋក៏បានរិះគន់សាលារាជធានីភ្នំពេញ ថាមិនមានឆន្ទៈដោះស្រាយបញ្ចប់ជម្លោះដីធ្លីរបស់ពួកគេ និងទាមទារឱ្យសាលារាជធានីភ្នំពេញ ប្រគល់សិទ្ធិទៅឱ្យក្រុមហ៊ុន ផានអ៊ីម៉ិច (Phan Imex) ដែលជាក្រុមហ៊ុនទទួលសិទ្ធិអភិវឌ្ឍន៍នៅតំបន់បុរីកីឡា ជាអ្នកដោះស្រាយជំនួសវិញ។
ទោះយ៉ាងណា អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ឱ្យអាស៊ីសេរី ដឹងនៅព្រឹកថ្ងៃទី៣១ ខែមីនា នេះថា សាលារាជធានីភ្នំពេញ នៅតែរក្សាគោលការណ៍ដោះស្រាយបញ្ហាជូនពលរដ្ឋដោយផ្អែកលើលទ្ធផលវាយតម្លៃរបស់ក្រុមការងារចម្រុះ ដោះស្រាយបញ្ហាតំបន់បុរីកីឡា ដែលមានការចូលរួមពីអង្គការសង្គមស៊ីវិល តំណាងក្រុមហ៊ុន និងអាជ្ញាធរ៖ «ផ្ដល់គោលនយោបាយទៅពួកគាត់តាមលទ្ធផល ទៅតាមឯកសារដែលគាត់មាន ជាមួយនឹងប្រវត្តិនៃការស្នាក់នៅរបស់គាត់»។
កាលពីថ្ងៃទី៧ ខែមីនា សាលារាជធានីភ្នំពេញ បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានថា នឹងមិនទទួលខុសត្រូវទៀតទេ ចំពោះពលរដ្ឋនៅសេសសល់ចំនួន ១៥គ្រួសារ ប្រសិនបើមិនមកទទួលយកដំណោះស្រាយក្នុងរយៈពេល ១ខែ។
កាលពីដើមឆ្នាំ២០១២ ក្រុមហ៊ុនផានអ៊ីម៉ិច ឈូសឆាយបំផ្លាញផ្ទះរបស់ពលរដ្ឋនៅតំបន់បុរីកីឡា ប្រមាណជាង ៣០០គ្រួសារ បន្ទាប់ពីក្រុមហ៊ុនមួយនេះទទួលបានសិទ្ធិអភិវឌ្ឍន៍លើផ្ទៃដីទំហំជិត ៣ហិកតារ។ បន្ទាប់ពីការឈូសឆាយពលរដ្ឋខ្លះបានទទួលសំណងជាផ្ទះនៅក្នុងបុរីកីឡា ខ្លះទៀតត្រូវបញ្ជូនឱ្យទៅរស់នៅក្បែរជើងភ្នំព្រះរាជទ្រព្យ ខ្លះទៀតត្រូវបញ្ជូនឱ្យទៅរស់នៅភូមិអណ្ដូង និងខ្លះទៀតទទួលយកប្រាក់ជាថ្នូរនឹងការចាកចេញ។
ក្រុមពលរដ្ឋក៏បានដាក់លិខិតទៅកាន់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យជួយអន្តរាគមន៍រំសាយនូវការកំណត់ពេល ១ខែ សម្រាប់ការផ្ដល់ដំណោះស្រាយបញ្ហាបុរីកីឡា របស់សាលារាជធានីភ្នំពេញ និងស្នើឱ្យលោក ជា សុផារ៉ា អន្តរាគមន៍ទៅសាលារាជធានីភ្នំពេញ ធ្វើយ៉ាងណាផ្ដល់ផ្ទះក្នុងបុរីកីឡា ដល់ពួកគេ។
នាយកប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន និងជាសមាជិកក្នុងគណៈកម្មការចម្រុះ លោក សៀ ភារម្យ ថ្លែងថា ក្រុមពលរដ្ឋដែលនៅសេសសល់នេះ មានខ្លះស្ថិតនៅក្នុងចំណោមក្រុមពលរដ្ឋដែលត្រូវទទួលបានផ្ទះនៅភូមិអណ្ដូង ហើយខ្លះទៀត គឺត្រូវទទួលបានប្រាក់ ៣ពាន់ដុល្លារ។ លោក សៀ ភារម្យ បញ្ជាក់ទៀតថា កន្លងមកសាលារាជធានីភ្នំពេញ បានដោះស្រាយបញ្ហាបានជាង ៩០ភាគរយហើយ នៅសល់តិចតួចប៉ុណ្ណោះដែលមិនទាន់ទទួល ដូច្នេះលោកយល់ថា ភាគីទាំងពីរគួរតែជជែកគ្នាដើម្បីរកចំណុចរួមមួយដែលអាចទទួលយកបានទាំងសង្ខាង ដើម្បីបញ្ចប់បញ្ហាដ៏រ៉ាំរ៉ៃនេះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។