ពលរដ្ឋនៅបុរីកីឡា មិនទាន់ទទួលសំណងកន្លងមក បានបង្ហាញឯកសារភស្តុតាងជាច្រើននៅចំពោះមុខមន្ត្រីសាលារាជធានីភ្នំពេញ ក្នុងវេទិកាសាធារណៈ ដែលរៀបចំធ្វើឡើងនៅមហោស្រពចេនឡា នៅថ្ងៃទី១២ សីហា។
វេទិកាពេញមួយថ្ងៃនេះ តម្រូវឲ្យពលរដ្ឋជាង ១០០គ្រួសារ ដែលអះអាងថា ជាអ្នកមានទីលំនៅក្នុងប្លុកបុរីកីឡា មានឱកាសឡើងណែនាំខ្លួន និងបង្ហាញឯកសារម្តងម្នាក់ៗ រួចប្រគល់ឯកសារនោះទៅឲ្យគណៈកម្មការដោះស្រាយសម្រាប់វាយតម្លៃ។
វេទិកាសាធារណៈលើកដំបូងនេះ ត្រូវបាន លោក ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ បញ្ជាក់ថា ធ្វើឡើងដើម្បីបញ្ចប់បញ្ហាជម្លោះដីដ៏រ៉ាំរ៉ៃរវាងសហគមន៍បុរីកីឡា ជាមួយក្រុមហ៊ុន ផាន អ៊ីម៉ិច (PanImex)។ លោកថ្លែងថា វេទិកានេះនឹងអាចឈានដល់ការបញ្ចប់ជម្លោះបានដោយតម្លាភាព ដែលភាគីទាំងពីរអាចទទួលយកបាន៖ «វេទិកានេះធ្វើឡើងដើម្បីសម្អាតបញ្ហាដែលកើតឡើងនៅបុរីកីឡា ធ្វើឲ្យមានសុក្រឹតភាព តម្លាភាព ដើម្បីស្វែងរកឲ្យដឹងនូវចំនួនពិតប្រាកដ ដែលគ្រួសារមានលក្ខណៈ គ្រប់គ្រាន់ទទួលដីធ្លី ដើម្បីបញ្ចប់ការតវ៉ាលំនៅឋានដែលនៅសេសសល់»។
លោកអភិបាលរងបន្តថា ចំពោះគ្រួសារណាដែលមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលយកដី ឬ ផ្ទះនោះ សាលារាជធានីនៅនឹងរកកន្លែងផ្សេងឲ្យនៅបានសមរម្យ តែលោកមិនបានប្រាប់ទីតាំងកន្លែងថ្មីនោះទេ។
រយៈពេល២ឆ្នាំកន្លះហើយ ពោល គឺចាប់ពីថ្ងៃទី៣ មករា ឆ្នាំ២០១២ មក អ្នកភូមិបុរីកីឡា ចំនួន ៣៨៤គ្រួសារ ត្រូវបានក្រុមហ៊ុន ផាន អ៊ីម៉ិច និងអាជ្ញាធរក្រុងភ្នំពេញ ដាក់កម្លាំងសមត្ថកិច្ច និងសន្តិសុខក្រុមហ៊ុន ទៅឈូសឆាយផ្ទះរបស់ពួកគាត់។ អាជ្ញាធរបានដឹកអ្នកបុរីកីឡា ខ្លះ ទៅទម្លាក់ចោលនៅទួលសំបូរ និងភ្នំបាត ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីក្រុងភ្នំពេញ។ សព្វថ្ងៃមានអ្នកបុរីកីឡា ១៥៤គ្រួសារ នៅមិនទាន់ទទួលសំណង បន្តក្រាញរស់នៅបុរីកីឡា លើគំនរសំរាមក្រោមកៅស៊ូតង់ក្តៅ និងក្រោមជណ្ដើរអគារ ដើម្បីទាមទារឲ្យក្រុមហ៊ុន ផាន អ៊ីម៉ិច សង់អគារស្នាក់ ២បន្ថែមទៀតតាមកិច្ចសន្យា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។