អ្នក​បុរីកីឡា​ទទូច​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ពន្លឿន​ការ​ដោះស្រាយ​រឿង​ដីធ្លី

អ្នក​តវ៉ា​រឿង​ដី​ធ្លី​មក​ពី​សហគមន៍​បុរីកីឡា ដែល​មាន​ការ​ចូលរួម​ពី​អ្នក​បឹងកក់ ប្រមាណ ៣០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​សីហា បាន​លើក​គ្នា​មក​តវ៉ា និង​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ពន្លឿន​ការ​ដោះស្រាយ​រឿង​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ដែល​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​ពួក​គាត់ ត្រូវ​ក្រុមហ៊ុន ផាន អ៊ីមិច (PhanImex) របស់​អ្នកស្រី ស៊ុយ សុផាន ប្រើ​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​គ្រឿងចក្រ​ឈូស​កម្ទេច ហើយ​រំលោភ​យក​កាល​ពី​ឆ្នាំ​២០១២។

ការ​តវ៉ា​នេះ គឺ​បន្ទាប់​ពី​ពួក​គាត់​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ បាន​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល និង​ភាគី​ក្រុមហ៊ុន ផាន អ៊ីមិច អស់​រយៈពេល ២​ថ្ងៃ​កន្លង​មក ដើម្បី​ផ្តល់​ដំណោះស្រាយ​ជូន​អ្នក​មាន​បញ្ហា​ដីធ្លី​នៅ​បុរីកីឡា។

តំណាង​សហគមន៍​បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន ថ្លែង​ឲ្យ​ដឹង​ក្រោយ​ជំនួប​ជាមួយ​មន្ត្រី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ថា អ្នកស្រី​ស្នើសុំ​ឲ្យ​មាន​វត្តមាន​តំណាង​អ្នក​បុរីកីឡា ចូលរួម​ការ​ប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ ដើម្បី​ឲ្យ​ដឹង​ថា ការ​លើក​យក​ឯកសារ​អ្នក​បុរីកីឡា មក​ពិភាក្សា និង​ដោះស្រាយ​នោះ ពិត​ជា​ត្រឹមត្រូវ​ទៅ​នឹង​ចំនួន​ពលរដ្ឋ ១៥៤​គ្រួសារ ដែល​កំពុង​រង់ចាំ​ដំណោះស្រាយ​ពិត​ប្រាកដ​ដែរ​ឬ​ទេ?

មន្ត្រី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក មាស យ៉ាដា បដិសេធ​មិន​ផ្តល់​ការ​បកស្រាយ​ណា​មួយ ទាក់ទង​នឹង​ចំនួន​គ្រួសារ​ពលរដ្ឋ​រងគ្រោះ​នៅ​បុរីកីឡា ប៉ុន្តែ​លោក​ស្នើ​អោយ​ពលរដ្ឋ​រង់ចាំ​មើល​លទ្ធផល​ក្រោយ​ការ​ប្រជុំ​រវាង​សាលា​រាជធានី​ភ្នំពេញ និង​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​លើ​បញ្ហា​ដីធ្លី។

ក្នុង​វេទិកា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ថ្លែង​ថា ចំនួន​ពលរដ្ឋ​ដែល​រងគ្រោះ​រឿង​ដីធ្លី​នៅ​បុរីកីឡា មាន ១៨០​គ្រួសារ។

ប្រជាពលរដ្ឋ​តវ៉ា​ដីធ្លី​នៅ​បុរីកីឡា នៅ​តែ​ទទូច​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ជួយ​ជំរុញ​ក្រុមហ៊ុន ផាន អ៊ីមិច របស់ អ្នកស្រី ស៊ុយ សុផាន គោរព​តាម​កិច្ច​សន្យា​របស់​ខ្លួន ដែល​ថា​សាងសង់​ឲ្យ​គ្រប់ ១០​អគារ សម្រាប់​ពលរដ្ឋ​ដែល​បាត់​បង់​ដីធ្លី និង​ផ្ទះ​សម្បែង​ក្រោយ​ការ​បណ្ដេញ​ចេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។