ក្រុមពលរដ្ឋដែលមានទំនាស់ដីធ្លីមកពីសហគមន៍បុរីកីឡា ថ្មគោល ក្រុម ៤៧ និងសហគមន៍បឹងកក់ ប្រមាណ ៥០នាក់ បាននាំគ្នាដង្ហែក្បួនបាតុកម្មពីតំបន់បុរីកីឡា មកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ មីនា ដោយមានលើកបដា និងស្រែកទាមទារតុលាការពន្លឿនដោះស្រាយនូវបណ្ដឹងរបស់ស្ត្រីសហគមន៍បុរីកីឡា ដែលបានដាក់ពាក្យបណ្ដឹងប្ដឹងអាជ្ញាធរខណ្ឌ៧មករា កាលពីសប្ដាហ៍មុន។
ក្រុមសហគមន៍មានទំនាស់ដីធ្លីបានឈរស្រែកតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារសុំឲ្យតុលាការចាត់ការលើពាក្យបណ្ដឹងរបស់ពួកគាត់ ដែលបានប្ដឹងអភិបាល អភិបាលរង និងប្រធានសន្តិសុខខណ្ឌ៧មករា។
បណ្ដឹងនោះពាក់ព័ន្ធពីបទប្រើហិង្សាទៅលើស្ត្រីមានផ្ទៃពោះ ចាស់ ជរា និងកុមារដែលបន្តជ្រកក្រោមតង់ និងសំយាបអាគារ ក្រោយពីប្រធានក្រុមហ៊ុនផានអ៊ីម៉ិច គឺលោកស្រី ស៊ុយ សុផាន ដែលស្និតនឹងគ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិនិយោគនៅតំបន់នោះ។
តំណាងសហគមន៍បុរីកីឡា លោកស្រី ឆាយ គឹមហ៊ន ឲ្យដឹងថា ពលរដ្ឋក្នុងសហគមន៍នេះអស់ភាពអត់ធ្មត់រង់ចាំចំណាត់ការរបស់តុលាការ បន្ទាប់ពីអ្នកភូមិ ៧នាក់ បានដាក់ពាក្យបណ្តឹងទៅតុលាការកាលពីសប្ដាហ៍មុន ប៉ុន្តែរហូតមកដល់ពេលនេះ តុលាការនៅមិនទាន់ចាត់ការសំណុំរឿងនេះនៅឡើយ៖ «តុលាការអត់មានចំណាត់ការលើរឿងបងសោះ បងមកតវ៉ានៅមុខនេះ ទើបចាត់វិធានការឲ្យពួកបងចូលទៅជួបគាត់។ ប្រសិនបើពួកខ្ញុំអត់មកទាមទារ អត់មករករឿង គាត់អត់ធ្វើការឲ្យពួកខ្ញុំទេ អ៊ីចឹងបានខ្ញុំគិតថា តុលាការនៅកម្ពុជា អត់ឯករាជ្យសម្រាប់ខ្ញុំជាជនរងគ្រោះដីធ្លីទេ»។
បន្ទាប់ពីក្រុមសហគមន៍ស្រែកតវ៉ានៅមុខតុលាការ មិនយូរប៉ុន្មានភាគីតុលាការបានអនុញ្ញាតឲ្យដើមបណ្ដឹង ៤នាក់ ក្នុងចំណោម ៧នាក់ ចូលទៅជួបចរចាទាក់ទងនឹងបណ្ដឹងនោះ។
តំណាងតុលាការក្រុងភ្នំពេញ ដែលបានជួបចរចាជាមួយអ្នកភូមិ បានប្រាប់ថា ភាគីតុលាការទើបតែទទួលបណ្ដឹងនេះដល់ដៃកាលពីថ្ងៃទី១៨ មីនា និងស្នើសុំឲ្យអ្នកភូមិទុកពេល ៣សប្ដាហ៍ ដើម្បីពិនិត្យរឿងនេះមុននឹងកោះហៅពួកគេមកសាកសួរ។
យ៉ាងណាស្ត្រីបុរីកីឡានិងជាដើមបណ្ដឹង លោកស្រី ហាស់ សុខចិន្តា ដែលមានផ្ទៃពោះជិតគ្រប់ខែប្រាប់ថា លោកស្រីគ្មានជំនឿទៅលើតុលាការទេ៖ «តុលាការតាំងពីដើមមកអត់ឯករាជ្យសម្រាប់ពួកខ្ញុំដែលជាជនរងគ្រោះ មិនមែនតែសហគមន៍ខ្ញុំមួយទេ គឺសហគមន៍ទាំងអស់»។
តំណាងអ្នកភូមិបុរីកីឡា លោក ពេជ្រ លឹមឃួន បានស្នើសុំឲ្យតុលាការស្ថិតនៅឯករាជ្យ ឬកុំឲ្យលំអៀងទៅខាងអាជ្ញាធរ និងក្រុមហ៊ុនផានអ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន ដែលជាស្ត្រីមានលុយដ៏លើសលប់នោះ។
កាលពីថ្ងៃទី១៤ កុម្ភៈ កងសន្តិសុខខណ្ឌ៧មករា ប្រមាណ ៣០នាក់ ដែលចុះបញ្ជាផ្ទាល់ដោយអភិបាលខណ្ឌ លោក សោម សុវណ្ណ អភិបាលរង និងប្រធានសន្តិសុខ បង្ក្រាបទៅលើក្រុមអ្នកបុរីកីឡា ដែលនៅសេសសល់បន្តក្រាញននៀលមិនចាកចេញពីអាគារទី៩ ស្ថិតបុរីកីឡា។
អភិបាលខណ្ឌ៧មករា លោក សោម សុវណ្ណ ធ្លាប់ប្រាប់ថា លោកមិនព្រួយបារម្ភចំពោះបណ្ដឹងប្រឆាំងនឹងលោកពីសំណាក់អ្នកបុរីកីឡាទេ។ លោកប្រាប់ថា យុទ្ធនាការកាលពីថ្ងៃទី១៤ កុម្ភៈ នោះ ជាកាតព្វកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច។
សង្គមស៊ីវិលដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្ស បានស្នើសុំឲ្យរដ្ឋាភិបាលគប្បីពង្រឹងប្រព័ន្ធយុត្តិធម៌ ហើយតុលាការត្រូវស្ថិតក្នុងឯករាជភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។