ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅខណ្ឌជ្រោយចង្វារ ជាមួយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ស្នើឲ្យអភិបាលខណ្ឌ លោក ឃ្លាំង ហួត ចេញមុខជួយអន្តរាគមន៍ដើម្បីបើកវេទិកាសាធារណៈសួរដេញដោលជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ករណីពលរដ្ឋកំពុងមានជម្លោះដីជាមួយក្រុមហ៊ុនជាង ១០០ហិកតារ។
តំណាងប្រជាពលរដ្ឋប្រហែល ៣០នាក់ ដែលកំពុងមានជម្លោះដីធ្លីទាំង ៣សង្កាត់ គឺនៅសង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលៀប និងសង្កាត់ព្រែកតាសេក បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខណ្ឌជ្រោយចង្វារ ចង់ឲ្យអភិបាលខណ្ឌ លោក ឃ្លាំង ហួត អន្តរាគមន៍ឲ្យពួកគេបានតទល់ដោយផ្ទាល់ជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា ពុង ឃាវសែ ដើម្បីរកដំណោះស្រាយឲ្យមានតម្លាភាពរវាងប្រជាពលរដ្ឋម្ចាស់ដី និងស្ថាប័នពាក់ព័ន្ធនានា។ ពួកគេហៅការអន្តរាគមន៍របស់អាជ្ញាធរគឺជាការបើកបេះដូងឲ្យទូលាយដើម្បីយកបញ្ហាមកដាក់លើតុជជែកគ្នា។
មូលហេតុដែលពលរដ្ឋស្នើឲ្យលោក ឃ្លាំង ហួត ចេញមុខអន្តរាគមន៍សម្របសម្រួលភាគីពាក់ព័ន្ធឲ្យបើកវេទិកាសាធារណៈ ដោយសារពលរដ្ឋទាំងជាង ១០០គ្រួសារ មិនព្រមទទួលយកគោលនយោបាយពីសាលារាជធានីភ្នំពេញ ដែលបានកាត់ដីមានជម្លោះទុកឲ្យពួកគេ ១០% ហើយសាលាក្រុងយក ៥០% និងអនុញ្ញាត ឲ្យក្រុមហ៊ុនយកដីពីពលរដ្ឋចំនួន ៤០% ទៅអភិវឌ្ឍន៍ជាទីក្រុងរណប។
តំណាងសហគមន៍មានជម្លោះដីធ្លីនៅខណ្ឌជ្រោយចង្វារម្នាក់ លោក ជា សុផាត ហៅការកាត់ដីពលរដ្ឋឲ្យទៅក្រុមហ៊ុនថាជាសកម្មភាពគ្មានតម្លាភាពសម្រាប់ពួកគាត់ជាជនរងគ្រោះ។ លោកចង់បានការតទល់គ្នាមួយដោយមានភាពស្មើគ្នារវាងពលរដ្ឋរងគ្រោះជាមួយស្ថាប័នពាក់ព័ន្ធ។
ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ទៀត អ្នកស្រី ហ៊ុន សាវឿន សុខចិត្តសម្បទានដីស្រែ ដីចម្ការ ឲ្យក្រុមហ៊ុនអស់ហើយ ដោយលក់តម្លៃត្រឹមតែ ១៥ដុល្លារ ក្នុងម៉ែត្រការ៉េ ដើម្បីឲ្យក្រុមហ៊ុនយកទៅអភិវឌ្ឍន៍។ អ្នកស្រីថា បច្ចុប្បន្នសល់តែដីទីតាំងផ្ទះក្នុងភូមិតែប៉ុណ្ណោះ។ អ្នកស្រីអង្វរអាជ្ញាធរថា យ៉ាងហោចណាស់ក៏គួរទុកដីទីតាំងផ្ទះនេះឲ្យអ្នកស្រីត្រឹម ៥០ភាគរយ។ អ្នកស្រីមិនព្រមទទួលយកគោលនយោបាយអាជ្ញាធរដែលទុកដីឲ្យត្រឹមតែ ១០% នោះទេ៖ «ខ្ញុំសុំធ្វើផ្ទះ គេអត់ឲ្យធ្វើ គេថា កុំអាលសិនៗ រហូតរាល់ថ្ងៃខ្ញុំវេទនាណាស់ ពេលភ្លៀងមកម្ដងៗ គឺលុយទឹករហូត។ ខ្ញុំមានថតទុកជាភស្តុតាងទុកឲ្យក្រុមហ៊ុនមើលទៀត កុំឲ្យថា ខ្ញុំចេះតែនិយាយ ពេលដែលខ្ញុំតេមកប្រាប់ឲ្យទៅកាយអ៊ីចឹង មិនដែលទៅកាយទេ។ ខ្ញុំលិចទឹក លុយទឹករាប់ខែ កូនខ្ញុំមូសខាំកើតរមាស់កើតអីគ្រប់គ្នា»។
តាមរយៈពាក្យស្នើសុំ (ញត្តិ) ពលរដ្ឋចង់ឲ្យអាជ្ញាធរបញ្ឈប់ការឈូសឆាយ និងជួលដីកំពុងមានទំនាស់ឲ្យទៅក្រុមហ៊ុន។ ពលរដ្ឋអះអាងថា ដីភូមិពីបុរាណរបស់ពួកគេ មានប័ណ្ណកម្មសិទ្ធិ ឬហៅថា ប្លង់រឹងត្រឹមត្រូវ ដូច្នេះពលរដ្ឋចង់បានតម្លៃដីតាមទីផ្សារសេរី ឬយកគោលការណ៍អភិវឌ្ឍន៍តាមលំនាំដីនៅតំបន់បឹងជើងឯក។ នៅបឹងជើងឯក សាលាក្រុងដោះស្រាយឲ្យម្ចាស់ដី ៦៥% ហើយសាលាក្រុងយកតែ ៣៥%។
អភិបាលរងខណ្ឌជ្រោយចង្វារ លោក ហ៊ុយ សារ៉ុន បានចេញទទួលញត្តិពលរដ្ឋ ប៉ុន្តែលោកមិនហ៊ានសន្យាថា មានវេទិកាសាធារណៈតាមពលរដ្ឋចង់បានទេ។ លោកគ្រាន់ថា លោកនឹងបញ្ជូនលិខិតនេះទៅសាលាក្រុង៖ «ពាក់ព័ន្ធដីនេះ គឺខ្ញុំនឹងធ្វើរបាយការណ៍ រាយការណ៍ជូនសាលារាជធានីភ្នំពេញ ឲ្យបានជ្រាប ខ្ញុំមានតែប៉ុណ្ណឹង...។ ខ្ញុំដូចអត់ទាន់ដឹងទេ ព្រោះអីអាហ្នឹងអាស្រ័យលើថ្នាក់ដឹកនាំ ខ្ញុំបានតែទទួលទេ»។
បើទោះជាអភិបាលរងចេញមកទទួលញត្តិ ហើយសន្យាបញ្ជូនទៅថ្នាក់លើក៏ដោយ ពលរដ្ឋមានជម្លោះ មិនព្រមរំសាយការតវ៉ាទេ។ ពលរដ្ឋចង់បានការឆ្លើយតបដោយផ្ទាល់ពីអភិបាលខណ្ឌ លោក ឃ្លាំង ហួត។ ពលរដ្ឋបានរំសាយការតវ៉ា ក្រោយពេលអភិបាលរងចេញពីសាលាខណ្ឌម្ដងទៀត ប្រាប់ពលរដ្ឋថា លោក ឃ្លាំង ហួត រវល់ប្រជុំ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ថា ប្រសិនបើខណ្ឌមានយន្តការដោះស្រាយញត្តិតវ៉ារបស់ពលរដ្ឋអាចនឹងមិនបាច់បញ្ជូនទៅសាលាក្រុង។ លោកថា គោលនយោបាយកាត់ដីពលរដ្ឋ ៩០ភាគរយ ជារឿងពិត។ សាលាក្រុងយកដីពលរដ្ឋ ៥០ភាគរយទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឲ្យក្រុមហ៊ុន ៤០ភាគរយ អភិវឌ្ឍជាទីក្រុងរណប ហើយគោលនយោបាយនេះមិនមែនចេញពីសាលាក្រុងទេ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាល៖ «វាអត់មាននូវការបកស្រាយ ហេតុអីចេញជាចំនួន ១០% អ៊ីចឹង? ឬក៏ម៉េច ឬក៏មិន ២០% ៣០%? គ្រាន់តែថា ជារួមយើងបានគិតគូរទាំងភាគីទាំងអស់ រដ្ឋសម្រាប់ធ្វើហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់ជាសាធារណៈ ទាំងវិស័យឯកជនដែលគាត់ធ្វើការបោះទុនទៅលើការវិនិយោគហ្នឹង ហើយទាំងប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ហ្នឹង»។
ពលរដ្ឋមានជម្លោះដីធ្លីនៅតំបន់ជ្រោយចង្វារ ធ្លាប់យកញត្តិជាច្រើនទៅដាក់តាមស្ថាប័នជាតិធំៗ ដូចជា សាលាក្រុង រដ្ឋសភា ព្រឹទ្ធសភា ក្រសួងអធិការកិច្ច ក្រសួងដែនដី អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែដំណោះស្រាយដែលទទួលបាន ពុំអាចឲ្យពលរដ្ឋទទួលយកបានទេ។
នាយកប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ យល់ថា អាជ្ញាធរគួរតែធ្វើតាមសំណូមពររបស់ពលរដ្ឋមានជម្លោះ។ លោកថា ការអភិវឌ្ឍទីក្រុងមិនគួរយកតែគំនិតរបស់អាជ្ញាធរនោះទេ ត្រូវស្ដាប់គំនិតរបស់ពលរដ្ឋ ហើយការជួបគ្នារវាងអ្នកមានជម្លោះជាមួយភាគីពាក់ព័ន្ធ គឺជាការបង្កើនភាពស្និទ្ធស្នាលគ្នា។ លោក សៀ ភារម្យ ជំរុញឲ្យអាជ្ញាធរប្រើប្រាស់រូបមន្តស្បែកខ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយឆ្វៀលដីពលរដ្ឋចេញពីដីអភិវឌ្ឍន៍៖ «ខ្ញុំយល់ឃើញថា វាជាការល្អរវាងរាស្ត្រ ហើយនិងរដ្ឋ គួរតែជួបគ្នាទៅដើម្បីយើងជជែកគ្នារកចំណុចប្រសព្វណាមួយដែលអាចយើងដោះស្រាយរួមគ្នា។ សំណើល្អដែលប្រជាពលរដ្ឋលោកចង់ជួបជាមួយខាងអាជ្ញាធរ ក៏ដូចជាខាងក្រុមហ៊ុនហ្នឹង ដើម្បីពិភាក្សារកចំណុចកណ្ដាលរួមគ្នាវាល្អមែនទែន»។
ពលរដ្ឋអះអាងថា បើមិនទទួលបានដំណោះស្រាយទេ ពលរដ្ឋនឹងធ្វើពិធីបន់ស្រន់តាមបែបសាសនាមួយ នៅថ្ងៃទី១០ ខែឧសភា នៅលើដីមានជម្លោះ ដើម្បីបញ្ជាក់ប្រាប់ដូនតាថា នោះគឺជាដីរបស់ពួកគេ ហើយនឹងនៅតែដើរតវ៉ាតាមស្ថាប័នពាក់ព័ន្ធទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។