មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ​បែង​ចែក​ដីធ្លី​ជូន​ពលរដ្ឋ​ឲ្យ​មាន​តម្លាភាព

ដោយ ម៉ែន សុធីរ
2015.09.01
ជម្លោះ​ដីធ្លី ក្រចេះ ៦២០ អាជ្ញាធរ​ខេត្ត មន្ត្រី​ជំនាញ​សុរិយោដី មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​ពលរដ្ឋ ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ​បែង​ចែក​ដីធ្លី​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ​ឡើង​វិញ នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៥។
Photo ADHOC

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tabletមន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ បែង​ចែក​ដីធ្លី​ឲ្យ​មាន​តម្លាភាព​ជូន​ពលរដ្ឋ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​បញ្ជី​ឈ្មោះ​បែង​ចែក​ដីធ្លី​ចំនួន ១០៤​គ្រួសារ ហាក់​ធ្វើ​ឡើង​ដោយ​មិន​ច្បាស់លាស់ និង​មាន​ភាព​ចម្រូងចម្រាស​ច្រើន ព្រម​ទាំង​មាន​ពលរដ្ឋ​ចំនួន ៣៧​គ្រួសារ​ផ្សេង​ទៀត នៅ​មិន​ទាន់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បែង​ចែក​ដីធ្លី​នៅ​ឡើយ។ ការ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ដីធ្លី​ជូន​ពួក​គាត់​ដោយ​តម្លាភាព​នេះ ធ្វើ​ឡើង​ភ្លាមៗ​នៅ​ខណៈ​អភិបាល​រង​ខេត្ត បាន​ចុះ​ទៅ​អង្កេត​លើ​ដី​ទំនាស់​មុន​នឹង​ធ្វើ​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ។

អភិបាល​រង​ខេត្ត​ក្រចេះ និង​មន្ត្រី​សុរិយោដី​ខេត្ត រួម​ទាំង​មន្ត្រី​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី​៣១ សីហា បាន​ចុះ​ស្រាវជ្រាវ​ដី​ជម្លោះ​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ទាក់ទិន​ពលរដ្ឋ​ចំនួន ៣៧​គ្រួសារ នៅ​មិន​ទាន់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បែង​ចែក​ដីធ្លី​ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ។

ការ​ចុះ​ស្រាវជ្រាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​នៃ​ការ​បែង​ចែក​ដីធ្លី​របស់​អាជ្ញាធរ​ស្រុក ទាក់ទង​ការ​ស្រង់​ស្ថិតិ​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ អាច​មាន​ភាព​មិន​ប្រក្រតី ដោយសារ​តែ​មាន​ពលរដ្ឋ​មិន​មាន​ដី​កាន់​កាប់​ជាក់ស្តែង បែរ​ជា​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទៅ​វិញ។ ចំណែក​ពលរដ្ឋ​មាន​ដី​កាន់​កាប់​ជាក់ស្តែង បែរ​ជា​អត់​មាន​ឈ្មោះ​ក្នុង​បញ្ជី។

អភិបាល​រង​ខេត្ត​ក្រចេះ ដែល​បាន​ចុះ​អង្កេត​ករណី​នេះ គឺ​លោក ហឿ ស៊ីយ៉ែម។ លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា ការ​ដោះស្រាយ​បញ្ហា​នេះ គោលដៅ​សំខាន់ គឺ​ទាល់​តែ​មាន​ការ​ចូលរួម​ពី​ក្រុម​ពលរដ្ឋ អាជ្ញាធរ និង​សង្គម​ស៊ីវិល ដើម្បី​ប្រឹក្សា​លម្អិត និង​ស្វែងរក​ដំណោះស្រាយ ធ្វើ​យ៉ាង​ណា​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា។ លោក​ថា ជា​ជំហាន​ដំបូង អាជ្ញាធរ​នឹង​ដោះស្រាយ​ការ​សម្អាត​បញ្ជី​ឈ្មោះ​បែង​ចែក​ដីធ្លី ដែល​មាន​ឈ្មោះ​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ ដែល​លោក​ជឿជាក់​ថា នឹង​ទទួល​បាន​លទ្ធផល​ស្ទើរ​តែ ១០០%៖ «ពេល​នេះ​លទ្ធផល​ជា​វិជ្ជមាន យើង​នៅ​តែ​ផ្ទៀងផ្ទាត់​ទេ អ៊ីចឹង​ដំណាក់​កាល​ដំបូង គឺ​យើង​សម្អាត​បញ្ជី​សិន ដើម្បី​ឲ្យ​គាត់​ទាំង​សង​ខាង​ហ្នឹង គឺ​គាត់​ទទួល​យក​បាន​ទាំងអស់​គ្នា»

ទាក់ទង​ករណី​នេះ​ដែរ តំណាង​ពលរដ្ឋ លោក សឹម ពៅ បារម្ភ​ចំពោះ​គោលការណ៍​កំណត់​បែង​ចែក​ដីធ្លី​របស់​អាជ្ញាធរ​ដែល​តម្រូវ​រំលាយ​ដី ហើយ​ពុះ​ដី​ជា​ឡូ​ឲ្យ​ស្មើៗ​គ្នា ដើម្បី​បែង​ចែក​ជូន​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ។ លោក​ថា គោលការណ៍​នេះ​មាន​ពលរដ្ឋ​ចំនួន ៧៣​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ ដែល​មិន​យល់ព្រម និង​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត​រក​យន្តការ​ផ្សេង គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ដែល​មាន​ដីធ្លី​ពិត​ប្រាកដ អាច​មាន​លទ្ធភាព​អាស្រ័យ​ផល​លើ​ដី​របស់​ខ្លួន​បាន៖ «ក្រែង​តែ​អាជ្ញាធរ​គាត់​បាន​ស្រង់​បញ្ជី​ឈ្មោះ​ហើយ ដើរ​តាម​គ្រួសារ​នីមួយៗ​ហើយ បាន​ជា​គាត់​ហ្នឹង​យក​ដី​ទៅ​អង្កន់​វិញ​ដដែល អា​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​កក់​ក្តៅ​ក្នុង​ចិត្ត»

កាល​ពី​ឆ្នាំ​២០១១ ក្រុម​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ ធ្លាប់​ប្តឹងផ្តល់​ជាមួយ​ក្រុមហ៊ុន​វៀតណាម ប៊ិញ​ភឿក​២ ទាក់ទិន​ការ​រំលោភ​ដីធ្លី។ រហូត​មក​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៤ អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​កាត់​ដី​ពី​ក្រុមហ៊ុន ប៊ិញ​ភឿក​២ ចំនួន​ជាង ២៥០​ហិកតារ (២៥០.៥៦​ហិកតារ) មក​ឲ្យ​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ គ្រប់គ្រង​តាម​ទំហំ​ដី​ផ្សេងៗ​គ្នា ហើយ​មាន​ពលរដ្ឋ​ខ្លះ​ទៀត​ត្រូវ​បាន​ក្រុមហ៊ុន​កាត់​ដី​យក។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ផ្នែក​ដីធ្លី​នៃ​សមាគម​អាដហុក (ADHOC) លោក ឡាត់ គី មាន​ប្រសាសន៍​បញ្ជាក់​ថា គោលការណ៍​សម្អាត​បញ្ជី​ស្ដែង​ចេញ​ពី​លទ្ធផល​វិជ្ជមាន​យ៉ាង​សំខាន់ ដើម្បី​រក​ឃើញ​នូវ​ការ​ពិត និង​ជា​ទំនុក​ចិត្ត​សម្រាប់​ពលរដ្ឋ​ដែល​មាន​ដីធ្លី​ពិត​ប្រាកដ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី។ លោក ឡាត់ គី កត់​សម្គាល់​ថា បញ្ជី​ឈ្មោះ​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ អាច​នឹង​មាន​ឈ្មោះ​ពលរដ្ឋ​ផ្សេង​ទៀត មិន​មែន​ជា​អ្នក​កាន់​កាប់​អាស្រ័យ​ផល​ជាក់ស្តែង៖ «ការ​ដោះស្រាយ​ដែល​មាន​ភាព​ប្រឈម​ខ្លាំង​នៅ​ចំពោះ​មុខ​បច្ចុប្បន្ន​នេះ គឺ​ទាក់ទិន​ទៅ​នឹង​បង​ប្អូន​ដែល​គេ​ហៅ​ថា កាន់​កាប់​អាស្រ័យ​ផល​លើ​ដី​ជាក់ស្តែង​អត់​មាន​ឈ្មោះ ដូច្នេះ​បញ្ហា​ហ្នឹង គឺ​បញ្ហា​អាទិភាព​មួយ​ទៀត គឺ​បញ្ហា​អាទិភាព​ទី​១ គឺ​បញ្ហា​បញ្ជី​ឈ្មោះ ដែល​ត្រូវ​សម្អាត​បញ្ជី​ឈ្មោះ​តម្លាភាព និង​គណនេយ្យ​ភាព​នៅ​ចំពោះ​បង​ប្អូន​ដែល​អ្នក​កាន់​កាប់​អាស្រ័យ​ជាក់ស្តែង»

អាជ្ញាធរ​ស្រុក​ស្នួល អនុវត្ត​គោលការណ៍​បែង​ចែក​ដី​ចំនួន​ជាង ២០០​ហិកតារ ជូន​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ។ ក្នុង​នោះ ពលរដ្ឋ​មួយ​គ្រួសារ​ទទួល​បាន​ដី​ចំនួន ២​ហិកតារ មាន​ដី​ភូមិ ដី​ចម្ការ និង​ដី​លិច​ទឹក ឋិត​នៅ​ភូមិ​ស្រែថ្មី ឃុំ​ឃ្សឹម ស្រុក​ស្នួល ក៏ប៉ុន្តែ​គោលការណ៍​នេះ​រង​ការ​ជំទាស់​ពី​ពលរដ្ឋ​ចំនួន ៧៣​គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ ដោយ​សំអាង​ថា អាជ្ញាធរ​រំលាយ​ដី​ដែល​ពួក​គេ​ធ្លាប់​អាស្រ័យ​ផល ហើយ​ពុះ​ជា​ឡូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។