តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៥រូប នឹងចូលសួរសុខទុក្ខអ្នកភូមិ ៥នាក់ ដែលកំពុងជាប់ពន្ធនាគារនៅខេត្តកំពង់ឆ្នាំង ទាក់ទងនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅថ្ងៃទី២១ ខែសីហា។
ប៉ុន្តែរហូតមកដល់ព្រលប់ថ្ងៃទី២០ ខែសីហា នេះ តំណាងរាស្ដ្រគណបក្សប្រឆាំងនៅមិនទាន់ទទួលបានការឆ្លើយតបផ្លូវការណាមួយពីក្រសួងមហាផ្ទៃ ចំពោះការអនុញ្ញាតឲ្យចូលជួបសួរសុខទុក្ខនេះនៅឡើយទេ។ ក្រុមអ្នកតំណាងរាស្ត្របញ្ជាក់ថា នឹងប្រើគ្រប់មធ្យោបាយតាមផ្លូវច្បាប់ទាំងអស់ ដើម្បីជួយអ្នកដែលកំពុងជាប់ឃុំ និងប្រជាពលរដ្ឋទូទៅដែលរងគ្រោះក្នុងរឿងដីធ្លី។
នៅគ្រាដែលពលរដ្ឋភូមិឡពាង និងបឹងកក់ នៃឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រមាណជា ៤០នាក់ ធ្វើសកម្មភាពតវ៉ាសុំឲ្យដោះលែងពលរដ្ឋទាំង ៥នាក់ និងសុំឲ្យដោះស្រាយបញ្ហាដីធ្លីពួកគាត់ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី ទៅតាមស្ថាប័នមួយចំនួននៅរាជធានីភ្នំពេញ ខាងតំណាងរាស្ត្រគណបក្សប្រឆាំង បានធ្វើសំណើមួយទៅក្រសួងមហាផ្ទៃ តាមរយៈរដ្ឋសភា ដើម្បីសុំជួបសួរសុខទុក្ខពលរដ្ឋទាំង ៥នាក់នោះដែរ។
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង លោក គី វណ្ណដារ៉ា មានប្រសាសន៍ថា អ្វីដែលជាបំណងរបស់អ្នកតំណាងរាស្ត្រនាពេលនេះ គឺចង់សួរសុខទុក្ខពលរដ្ឋភូមិឡពាង ដែលបានចាប់ខ្លួន ដោយលោកគិតថា នេះជាការរួមចំណែកមួយក្នុងនាមជាអ្នកបម្រើរាស្ដ្រ ហើយលោកសង្ឃឹមថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នឹងបំពេញបំណងនេះ។ យ៉ាងណា លោកបង្ហើបថា ក្រៅពីការសួរសុខទុក្ខនេះ គណបក្សសង្គ្រោះជាតិ មានយុទ្ធសាស្ត្រជាច្រើនទៀត ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដែលអាចនឹងស្ដែងចេញក្នុងពេលឆាប់ៗខាងមុខ៖ «យើងបានគិត យើងបានរៀបចំហើយៗ ប៉ុន្តែមិនទាន់និយាយជាផ្លូវការឲ្យច្បាស់លាស់ទេ ប៉ុន្តែសូមចាំមើលមិនយូរទេ វិធីហ្នឹងខ្ញុំជឿជាក់ថា សាធារណជននឹងគិតវិធីហ្នឹងមានប្រសិទ្ធភាពជាងមុន ហើយបញ្ហាដីធ្លីដែលកំពុងកើតមានស្ទើរតែគ្រប់កន្លែងហ្នឹង គឺជាការគំរាមកំហែងនូវសុខសន្តិភាពមួយ ជម្លោះហ្នឹងកើតឡើងពីអ្នកមានអំណាច មានលុយ ក្រុមហ៊ុនមានលុយដែលរំលោភយកដីប្រជាពលរដ្ឋហ្នឹង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីសុំការអត្ថាធិប្បាយជុំវិញការស្នើសុំរបស់តំណាងរាស្ត្រគណបក្សប្រឆាំងនេះបានទេ នៅថ្ងៃទី២០ ខែសីហា។
ប៉ុន្តែ មន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា សំណើនេះបានចូលដល់ដៃក្រសួងមហាផ្ទៃ ហើយ ប៉ុន្តែការអនុញ្ញាត ឬមិនអនុញ្ញាតនោះ នឹងដឹងនៅម៉ោង ៨កន្លះព្រឹកថ្ងៃទី២១ ខែសីហា។
មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តកំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី ថ្លែងថា បើគេក្រឡេកមើលលើអង្គហេតុទាំងមូលលើការចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងចាប់មនុស្សដាក់គុកនេះ គឺកើតចេញពីរឿងដីធ្លី។ លោកបន្តថា បច្ចុប្បន្នអ្នកជាប់ឃុំទាំង ៥នាក់ គឺមានម្នាក់ឈ្មោះ ស្ងួន ញឿន មានអាការៈស្ពឹកជើងទាំងសងខាងត្រឹមក្បាលជង្គង់ចុះក្រោម និងម្នាក់ទៀតឈ្មោះ ស្រ៊ុន ផា ដែលរងរបួសដៃនោះបានធូរស្រាលបន្តិចហើយ ប៉ុន្តែលោកបារម្ភអំពីអាការៈអ្នកដែលស្ពឹកជើង ហើយលោកទទូចឲ្យខាងពន្ធនាគារបញ្ជូនទៅពិនិត្យនៅពេទ្យខាងក្រៅ ប្រសិនបើសភាពជំងឺកាន់តែធ្ងន់ធ្ងរ៖ «អាជ្ញាធររដ្ឋបាលសាធារណៈហ្នឹង គួរតែពិនិត្យមើលឫសគល់នៃបញ្ហាហ្នឹង បានន័យថា ជម្លោះទាំងអស់នេះ គឺមិនគួរចាប់គាត់ដាក់ពន្ធនាគារទេ ពីព្រោះវាជាជីវិតមានដី គឺអាចរស់បាន គឺឈរនៅលើដី។ ព្រឹកមិញនេះ យើងបានចូលសួរសុខទុក្ខអ្នកទាំង ៥នាក់នេះ យើងឃើញមានម្នាក់ដើរខ្លួនឯងហ្នឹងអត់រួចទេ មានគេគ្រាមកជួប ហើយត្រឡប់ទៅវិញហ្នឹង គេអៀវគាត់ចូលទៅកន្លែងសម្រាករបស់គាត់វិញ»។
ការចេញដីកា និងចាប់ពលរដ្ឋដាក់ពន្ធនាគារជាបន្តបន្ទាប់នេះ គឺនៅក្រោយការប៉ះទង្គិចគ្នាដោយចម្ពាមកៅស៊ូប្រើគ្រាប់ដែក និងដុំថ្មរវាងពលរដ្ឋ និងកម្មករស៊ីឈ្នួលធ្វើរបងក្រុមហ៊ុន កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ បណ្ដាលឲ្យរងរបួសជាង ២០នាក់ទាំងសងខាង។ អ្នកទាំង ៥នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារ គឺមានទី១ឈ្មោះ សៀង ហេង ទី២ ម៉ាង យ៉ាវ ទី៣ គុជ ហុក ទី៤ ស្រ៊ុន ផា និងទី៥ឈ្មោះ ស្ងួន ញឿន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
