មេឃុំ​តេជោ​អភិវឌ្ឍ​ប្ដឹង​កង​ទ័ព​ជើង​ទឹក​ស្រុក​ឈូក​ពី​ការ​បំពាន​ដី​អ្នក​ស្រុក

មេឃុំ​នៅ​ឃុំ​តេជោ​អភិវឌ្ឍ ស្រុក​ឈូក ខេត្ត​កំពត ដាក់​ពាក្យ​ប្ដឹង​កងទ័ព​ជើង​ទឹក​លេខ​៣១ បំពាន​ដី​អ្នក​ស្រុក ដែល​មាន​ប្លង់​កម្ម​សិទ្ធ ជាង​៦០​គ្រួសារ។

លោក ជីម សឿន ជា​មេឃុំ​ថ្លែង​ថា​ពលរដ្ឋ​ក្នុង​ភូមិ​ក្បាលដំរី មាន​ប្លង់​កម្ម​សិទ្ធ​ដី​រួចរាល់​ស្រាប់​តែ​មាន​កង​ទ័ព​ជើង​ទឹក នៅ​កង​ពល​លេខ​៣១ យក​កាំភ្លើង​ភ្ជង់​ប្រជាពលរដ្ឋ មិន​ឲ្យ​ដាំ​ដុះ​ក្នុង​ដី​ពួកគាត់​មាន​ប្លង់។ លោ​កថា​ដោយ​សារ​តែ​ប្រជាពលរដ្ឋ​មាន​ប្លង់​កម្ម​សិទ្ធ អាជ្ញាធរ​ឃុំ កំពុង​រៀបចំ​ពាក្យ​ប្ដឹង​ទៅ​តុលាការ៖ «ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​តែ​ម្ដង។ ខ្ញុំ​កំពុងតែ​ចាត់​ការ​រឿង​នឹង​ហើយ»។

មេភូមិ​ក្បាលដំរី លោក ឈឹម ជុំ ឲ្យ​ដឹង​ថា​ក្នុង​ភូមិ​ក្បាលដំរី​មាន​ពលរដ្ឋ​រស់នៅ ៦២៩​គ្រួសារ ក្នុង​នោះ​ពលរដ្ឋ​៦១​គ្រួសារ ត្រូវ​កងទ័ព​ជើង​ទឹក​ក្រោម​បញ្ជា​ឧត្ដមនាវី សាន សាម៉ន រារាំង​មិន​ឲ្យ​អ្នក​ភូមិ​ដាំ​ដុះ​លើ​ដី​ខ្លួន​បាន។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង​លោក សាន សាម៉ន ឧត្តមនាវី​កងទ័ព​ជើងទឹក​ដែល​រង​នូវ​ការ​ចោទ​ពី​អាជ្ញាធរ​ឃុំ​តេជោ​អភិវឌ្ឍ​បាន​ទេ នៅ​ថ្ងៃ​២៧ ខែ​ឧសភា ឆ្នាំ​២០១៤។

ឃុំ​តេជោ​អភិវឌ្ឍ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​នៅ​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់​ឆ្នាំ​២០១២​មក​ទេ។ ឃុំ​តេជោ​អភិវឌ្ឍ មាន​៦​ភូមិ​ក្នុង​នោះ​មាន​ភូមិ​ក្បាលដំរី ភូមិ​ជ្រៃបាក់ ភូមិ​តេជោ​អភិវឌ្ឍ ភូមិ​អន្លង់​ក្មេង​លេង ភូមិ​អង្កាញ់ និង​ភូមិ​ពង្រក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។