អាជ្ញាធរមូលដ្ឋានឃុំបិតត្រាំង ខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភចំពោះសកម្មភាពរបស់មន្ត្រីមានអំណាច ឬឈ្មួញមានងារជាឧកញ៉ា ថាបានទន្ទ្រានកាន់កាប់ដីភ្នំ និងដីគម្របព្រៃឈើ។ ពួកគេអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
មេឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក អ៊ឹង សារ៉ុម បង្ហាញការព្រួយបារម្ភនៅគ្រាសង្កេតឃើញថា ដីភ្នំ និងដីគម្របព្រៃឈើនាមូលដ្ឋាននេះ ត្រូវបានប្រជាពលរដ្ឋ ពិសេសមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យមានងារឧកញ៉ា បានរំលោភធ្វើកម្មសិទ្ធិដោយគ្មានមន្ត្រីពីស្ថាប័នណាមួយចេញមុខទប់ស្កាត់ទេ។
ផ្ដើមពីកង្វល់នេះ លោកមេឃុំបិតត្រាំង បានអំពាវនាវដល់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយមានវិធានការទប់ស្កាត់ ឬរឹបអូសយកដីដែលត្រូវគេរំលោភ និងហ៊ុមព័ទ្ធរបង យកមកដាក់ជាសម្បត្តិរដ្ឋវិញ៖ « សូមឲ្យរដ្ឋាភិបាលធ្វើម៉េចជួយថែរក្សាអភិរក្សភ្នំនៅមូលដ្ឋានឃុំបិតត្រាំង និងព្រៃឈើឲ្យបានគង់វង្ស ព្រោះមានសារសំខាន់បំផុតសម្រាប់ប្រយោជន៍មូលដ្ឋាននេះ។ ហើយម្យ៉ាងតំបន់នេះ គឺនៅជាប់តំបន់ឆ្នេរ និងមានភ្ញៀវទេសចរជាតិ - អន្តរជាតិ ធ្វើដំណើរឆ្លងកាត់តាមចំណោតភ្នំរាម នេះជារៀងរាល់ថ្ងៃ។ ដូច្នេះ បើព្រៃឈើ និងភ្នំនេះត្រូវទន្ទ្រានកាន់កាប់ ឬកាប់បំផ្លាញព្រៃឈើអស់គ្មានសល់ បារម្ភខ្លាចប៉ះពាល់ដល់វិស័យទេសចរណ៍ខេត្តព្រះសីហនុ នាថ្ងៃអនាគត។ សូមរដ្ឋាភិបាលជួយទប់ស្កាត់ផង។ ពួកខ្ញុំថ្នាក់ក្រោមមិនមានលទ្ធភាពទេ »។
លោក អ៊ឹង សារ៉ុម មេឃុំបិតត្រាំង បន្ថែមថា ដីភ្នំ និងដីព្រៃឈើនាមូលដ្ឋាននេះ មិនគួរអាជ្ញាធរខេត្តព្រះសីហនុ ឬរដ្ឋាភិបាល ទុកឲ្យមានការឃុបឃិតរំលោភយកធ្វើកម្មសិទ្ធិអនាធិបតេយ្យទៀតទេ ព្រោះអាចនាំឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ធ្ងន់ធ្ងរនៅថ្ងៃអនាគត។
ស្រដៀងគ្នាដែរ ប្រធានភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ លោក សុខ ចាន់ណារ៉ា ក៏អំពាវនាវដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋមន្ត្រីនៅតាមក្រសួងពាក់ព័ន្ធថ្នាក់ជាតិ ជួយចុះអង្កេត និងឈានដល់ដកហូតដីភ្នំ ឬដីគម្របព្រៃឈើដែលត្រូវមន្ត្រីពាក់ផ្កាយ ឈ្មួញមានងារជាឧកញ៉ា និងប្រជាពលរដ្ឋមួយចំនួនរំលោភ យកមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ៖ « ខ្ញុំតំណាងឲ្យភូមិគគីរ ទាំងមូល គឺបារម្ភខ្លាចទៅថ្ងៃខាងមុខ មូលដ្ឋាននេះអាចបាត់បង់ដីភ្នំ ឬគម្របព្រៃឈើ បាត់បង់ព្រៃឈើអស់ពីមូលដ្ឋាននេះ។ ហើយប៉ះពាល់ដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ ដែលមិនមានថវិកាទៅទិញគ្រឿងសំណង់ថ្មយកមកសង់ផ្ទះ ហើយពឹងផ្អែកទៅលើព្រៃឈើនៅតំបន់នេះ កាប់យកមកធ្វើជម្រករស់នៅ ជាដើម។ សូមថ្នាក់ដឹកនាំក្រសួងថ្នាក់ជាតិ ជួយទប់ស្កាត់សកម្មភាពទន្ទ្រានកាន់កាប់ដីភ្នំ និងព្រៃឈើនៅតំបន់នេះឲ្យបានគង់វង្ស ព្រោះរាល់ថ្ងៃនេះ ត្រូវមន្ត្រីមានអំណាច ឈ្មួញមានទ្រព្យបានកាន់កាប់ធ្វើកម្មសិទ្ធិស្ទើរគ្មានសល់នោះទេ ដោយបានកំណត់សម្គាល់ក្បាលដីតែរៀងៗខ្លួន »។
ទាក់ទិនបញ្ហានេះ មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គម បានចោទថា អ្នកជាប់ពាក់ព័ន្ធនឹងសកម្មភាពទន្ទ្រានកាន់កាប់ដីភ្នំ និងដីគម្របព្រៃឈើនាខេត្តទេសចរណ៍មួយនេះ គឺមានជាប់ពាក់ព័ន្ធនឹងមន្ត្រីជំនាញខ្លះកំពុងបម្រើការងារនៅក្នុងរដ្ឋបាលខេត្តព្រះសីហនុ និងនៅតាមមន្ទីរស្ថាប័នរដ្ឋខ្លះ។ ជាងនេះ បុគ្គលជាប់សាច់ញាតិកំពុងបម្រើការងារក្នុងស្ថាប័នប្រដាប់អាវុធខ្លះ និងឈ្មួញមានងារជាឧកញ៉ាជាដើម មានឈ្មោះកាន់កាប់ដីភ្នំ និងដីគម្របព្រៃឈើនាឃុំបិតត្រាំង ស្រុកព្រៃនប់ ដោយបានពុះច្រៀកជាឡូៗសម្គាល់ក្បាលដីរៀងៗខ្លួន។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម ដែលចុះពិនិត្យផ្ទាល់ដល់ទីតាំងមានការទន្ទ្រានកាន់កាប់ដីភ្នំ និងដីគម្របព្រៃឈើ បង្ហាញកង្វល់ថា បើរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់ ឬរឹបអូសដីភ្នំ និងដីគម្របព្រៃឈើ ដែលត្រូវទន្ទ្រានខុសច្បាប់នេះឲ្យបានទាន់ពេលទេ នៅពេលដ៏ខ្លីខាងមុខនេះ ដីភ្នំ និងព្រៃឈើដែលនៅសេសសល់នាខេត្តទេសចរណ៍មួយនេះ នឹងត្រូវបំផ្លាញគ្មានសល់។
មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើដល់អភិបាលខេត្តព្រះសីហនុ និងរដ្ឋមន្ត្រីនៅតាមក្រសួងពាក់ព័ន្ធ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយមានវិធានការជាបន្ទាន់ និងត្រូវនាំខ្លួនអ្នកជាប់ពាក់ព័ន្ធការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ មកផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ៖ « បច្ចុប្បន្នអាជ្ញាធរឃុំបិតត្រាំង កំពុងព្រួយបារម្ភខ្លាចបាត់ភ្នំចំណោតរាម ដែលជាភ្នំមានព្រៃឈើដុះស្រស់បំព្រងមានព័ណ៌បៃតង និងជាភ្នំមួយមានអំណោយផលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ព្រោះនៅជាប់តំបន់មាត់សមុទ្រ។ បច្ចុប្បន្ន ភ្នំចំណោតរាម នេះ កំពុងរងការទន្ទ្រានកាន់កាប់ដោយមន្ត្រីមានអំណាច ឈ្មួញ និងអ្នកជាប់ពាក់ព័ន្ធផ្សេងៗទៀតដោយខុសច្បាប់ ផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល និងច្បាប់ភូមិបាល »។
ដូចគ្នាដែរ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែលបានចុះអង្កេតដល់មូលដ្ឋានឃុំបិតត្រាំង ស្រុកព្រៃនប់ ក៏បានទទូចដល់ប្រមុខដឹកនាំជួយទប់ស្កាត់ភាពអនាធិបតេយ្យ នៃការទន្ទ្រានកាន់កាប់ដីភ្នំ និងដីព្រៃឈើដែលនៅសេសសល់ ឲ្យបានទាន់ពេល។ លោកអះអាងថា ភាគច្រើននៃអ្នកជាប់ពាក់ព័ន្ធការទន្ទ្រានកាន់កាប់ដីភ្នំ និងដីគម្របព្រៃឈើនាមូលដ្ឋាននេះ គឺជាមន្ត្រីមានអំណាច និងមានងារឧកញ៉ា ដោយមានការឃុបឃិតជាមួយមន្ត្រីជំនាញស្ថាប័នខ្លះនាខេត្តព្រះសីហនុ។
ត្រង់ចំណុចនេះ លោក ប៊ួន ណារិទ្ធិ ព្រួយបារម្ភថា បើបទល្មើសទន្ទ្រានកាន់កាប់ដីភ្នំ និងដីគម្របព្រៃឈើគ្មានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ ទំនងជានឹងអាចប៉ះពាល់ដល់យុទ្ធសាស្ត្រកៀរគរកំណើនភ្ញៀវទេសចរ ឲ្យចូលមកទស្សនាខេត្តនេះនាថ្ងៃខាងមុខ ព្រោះភ្នំ និងព្រៃឈើ ត្រូវបំផ្លាញខ្ទេចខ្ទីគ្មានសល់៖ « ច្បាប់កម្ពុជា យើងគ្មានន័យទេ បើសិនជាមន្ត្រីមានអំណាច ឬឈ្មួញអាចទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋ មានដីភ្នំ ឬដីគម្របព្រៃឈើអនាធិបតេយ្យ និងគ្មានការទប់ស្កាត់ដូចរាល់ថ្ងៃនេះ។ ដូច្នេះ ដើម្បីពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា ឲ្យបានរឹងមាំ និងត្រឹមត្រូវ គួរតែរដ្ឋាភិបាល ឬអាជ្ញាធរខេត្ត ដកហូតដល់ភ្នំដែលរំលោភខុសច្បាប់ដោយបុគ្គលមួយចំនួន អភិរក្សទៅជាតំបន់ការពារធនធានធម្មជាតិ ឬដាំដើមឈើឡើងវិញ និងហាមមិនឲ្យប៉ះពាល់ »។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា នឹងពិនិត្យមើលកង្វល់របស់អាជ្ញាធរភូមិគគីរ និងឃុំបិតត្រាំង ជុំវិញសកម្មភាពទន្ទ្រានកាន់កាប់ដីភ្នំ និងដីគម្របព្រៃឈើខុសច្បាប់នាមូលដ្ឋាននេះ។ លោកបន្តថា បើអាជ្ញាធរខេត្តរកឃើញកំហុសឆ្គងនៃការកាន់កាប់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដូចការអះអាងពិតមែននោះ អាជ្ញាធរខេត្ត នឹងដាក់របាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យ និងឈានដល់មានវិធានការតាមផ្លូវច្បាប់ ចំពោះអ្នកជាប់ពាក់ព័ន្ធបទល្មើសទាំងនេះ៖ « ជាគោលគំនិតរបស់យើងខ្ញុំ គឺខិតខំការពារអ្វីដែលជាផលប្រយោជន៍សាធារណៈឲ្យបានគង់វង្ស។ កន្លងមកនេះ ខ្ញុំមិនទាន់ដឹងថា មានឧកញ៉ា ឬមន្ត្រីពាក់ផ្កាយ៣ ឬពាក់ផ្កាយ៤ កាន់កាប់ដីភ្នំ ដីគម្របព្រៃឈើ ឬដីសាធារណៈរបស់រដ្ឋនៅទីតាំងណាខ្លះទេ ប៉ុន្តែជាគោលគំនិតរួបរួម គឺថាបើសិនជាច្បាប់ចាស់គេមានហើយ ខ្ញុំមិនអាចកែប្រែច្បាប់បានទេ ប៉ុន្តែអ្វីដែលមិនទាន់មាន គឺខ្ញុំខិតខំការពារ ធ្វើម៉េចឲ្យបងប្អូនយើងមានការរស់នៅដោយសមភាព សមធម៌ទាំងអស់គ្នា »។
ទោះបីជាបែបនេះក្តី មន្ត្រីសង្គមស៊ីវិល ប្រជាពលរដ្ឋ និងមន្ត្រីរាជការថ្នាក់ទាបនាមូលដ្ឋានខេត្តព្រះសីហនុ ថ្លែងថា នឹងរង់ចាំមើលចំណាត់ការតាមផ្លូវច្បាប់របស់រដ្ឋាភិបាល ឬអាជ្ញាធរខេត្តនេះ តើអាចទប់ស្កាត់សកម្មភាពទន្ទ្រានកាន់កាប់ដីភ្នំ និងដីគម្របព្រៃឈើដែលនៅសេសសល់នាមូលដ្ឋានភូមិគគីរ ឃុំបិតត្រាំង មានប្រសិទ្ធភាពដែរឬទេ?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។