រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានចេញសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារ ដើម្បីចុះដោះស្រាយទំនាស់ដីធ្លីដែលមានទំនាស់ដ៏រ៉ាំរ៉ៃ ដែលកំពុងកើតឡើង និងនៅសេសសល់នៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះ អ្នកមានបញ្ហាដីធ្លី បង្ហាញការសាទរ តែពួកគេចង់ឃើញចំណាត់ការនេះមានប្រសិទ្ធភាព។
សហគមន៍ដីធ្លី និងសង្គមស៊ីវិល ចង់ឃើញវិធានការរបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីថ្មីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសិទ្ធភាព ព្រមទាំងមានតម្លាភាព ដើម្បីឈានទៅបញ្ចប់ជម្លោះដីធ្លីនៅកម្ពុជា។
ការលើកឡើងនេះ ស្របពេលក្រសួងរៀបចំដែនដី កាលពីថ្ងៃទី៣ ខែមិថុនា បានចេញសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លី ដោយបង្កើតក្រុមដោះស្រាយទំនាស់ដីធ្លីទាំងអស់មាន ២៧ក្រុម ដែលក្រុមនីមួយៗមានប្រធាន និងសមាជិក ៤នាក់ សរុបមាន ១០៨នាក់ ដើម្បីចុះទៅស្វែងរកបញ្ហាជម្លោះដីធ្លីដែលបានកើតឡើងទូទាំងប្រទេស។
សេចក្តីសម្រេចដដែល ឲ្យដឹងថា ក្រុមការងារទាំង ២៧ក្រុម មានការងារ និងភារកិច្ចត្រូវសហការជាមួយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងលេខាធិការដ្ឋានគណៈកម្មការសុរិយោដីថ្នាក់ជាតិ ដោយជ្រើសរើសករណីទំនាស់ ៣ករណីម្តងៗដើម្បីស្រាវជ្រាវ និងចុះពិនិត្យជាក់ស្តែង។ ជាងនេះទៀត ក្រុមការងារនេះ ក៏ត្រូវសម្រុះសម្រួលដោះស្រាយ ឬសុំយោបល់ពីក្រសួង និងធ្វើរបាយការណ៍ស្ដីពីលទ្ធផលនៃការដោះស្រាយទំនាស់ជូនក្រសួងផងដែរ។
តំណាងសហគមន៍ដែលមានជម្លោះដីធ្លីនៅតំបន់បឹងកក់ លោកស្រី ប៊ូវ សោភា សាទរដែលរដ្ឋមន្ត្រីថ្មីក្រសួងរៀបចំដែនដី មានឆន្ទៈដើម្បីជំរុញដំណោះស្រាយនៅកម្ពុជា។ លោកស្រីបន្តថា បច្ចុប្បន្ន បញ្ហាជម្លោះដីធ្លីកាន់តែរីកធំទៅៗ ហើយភាគច្រើនកើតមានរវាងអ្នកមានអំណាច និងពលរដ្ឋក្រីក្រ។ ហេតុនេះ តំណាងសហគមន៍ដីធ្លីរូបនេះសង្ឃឹមថា វិធានការនេះនឹងជោគជ័យ៖ « អ្នកដែលយកដីប្រជាពលរដ្ឋ មិនមែនជាប្រជាពលរដ្ឋទន់ខ្សោយទេ តែភាគច្រើនគឺជាសមាជិកបក្សកាន់អំណាច ហើយភាគច្រើន ពួកគាត់តែងធ្វើឲ្យមានគម្លាតរវាងអ្នកមាន និងអ្នកក្រ។ ហេតុនេះ ខ្ញុំសង្ឃឹមលើគាត់ថាអាចធ្វើបាន »។
ចំណែកឯអ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សង្កេតឃើញជម្លោះដីធ្លីនៅកម្ពុជា ភាគច្រើនកើតឡើងពីបុគ្គលមានអំណាច ដីសម្បទានសេដ្ឋកិច្ច ការដោះស្រាយមិនសមរម្យ និងការដោះស្រាយថ្នាក់មូលដ្ឋានគ្មានប្រសិទ្ធភាព។ ហេតុនេះ លោកគាំទ្រចំពោះចំណាត់ការនេះ៖ « ចំណាត់ការនេះ គឺត្រូវតែហ៊ានអារកាត់ បើប៉ះសាច់ស្អុយ ត្រូវតែចេះកាត់ចោល ទោះជាមន្ត្រីថ្នាក់ណាក៏ដោយ។ អាហ្នឹងបានអាចដោះស្រាយបញ្ហាដីធ្លីបាន »។
នៅក្នុងសេចក្តីសម្រេចនោះ រដ្ឋមន្ត្រីថ្មីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ក៏បានស្នើឲ្យគ្រប់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្ត ត្រូវចាត់ចែងសហការជាមួយក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លី ដើម្បីរួមគ្នាដោះស្រាយបញ្ចប់ទំនាស់ ដោយផ្អែកលើគោលការណ៍ច្បាប់ជាធរមាន។ ទន្ទឹមគ្នានេះដែរ លោកថែមទាំងបានបញ្ជាឲ្យនាយកខុទ្ទកាល័យ គ្រប់អគ្គនាយក គ្រប់ប្រធាននាយកដ្ឋាន និងអង្គការពាក់ព័ន្ធ គ្រប់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្ត និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ។
របាយការណ៍របស់អង្គការលីកាដូ (LICADHO) បង្ហាញថា ទំនាស់ដីធ្លីសម្រាប់ឆ្នាំ២០១៤ និងឆ្នាំ២០១៥ មានចំនួន ១៨០ករណី សម្រាប់ខេត្ត-ក្រុងចំនួន១៦ ក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០០ មក ប្រជាជនកម្ពុជា ជាង ៧០ម៉ឺននាក់ ធ្លាប់ជួបប្រទះជម្លោះដីធ្លី។
ក្រៅពីវិធានការនេះ រដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី រូបនេះ ក៏ធ្លាប់ព្រមានអ្នករំលោភដីពលរដ្ឋទាំងអស់ ថានឹងដាក់ឈ្មោះអ្នកទាំងនោះទៅក្នុងបញ្ជីស្បែកខ្មៅ ជូនប្រមុខរដ្ឋាភិបាល បើទោះបីជាអ្នកនោះមានឋានៈធំប៉ុនណាក៏ដោយ។ ប៉ុន្តែទោះជាបែបនេះក្តី សហគមន៍ដីធ្លី និងសង្គមស៊ីវិល និងពលរដ្ឋភាគច្រើន នឹងរង់ចាំតាមដានប្រសិទ្ធភាពនៃចំណាត់ការរបស់រដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី ក្នុងការដោះស្រាយបញ្ហាដីធ្លីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
