ប្រជាសហគមន៍រងគ្រោះដីធ្លី និងសហគមន៍ផ្សេងទៀតលើកឡើងថា សំឡេងរបស់ពួកគាត់ក្នុងការផ្សព្វផ្សាយចេញទៅមជ្ឈដ្ឋានខាងក្រៅតាមរយៈមធ្យោបាយផ្សេងៗ គឺពិតជាមានសារសំខាន់ដើម្បីបង្ហាញពីទុក្ខកង្វល់ ឬបញ្ហាប្រឈមដែលកើតឡើង ឲ្យមហាជន ឬរាជរដ្ឋាភិបាលបានដឹង។
ការលើកឡើងនេះ គឺក្នុងពិធីតាំងពិព័រណ៍រូបថតរបស់សហគមន៍មកពីតាមបណ្ដាខេត្តចំនួន៩ នៅទូទាំងប្រទេស នៅមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា (Bophana) ក្រោមប្រធានបទ «សហគមន៍ សេរីភាព និងការអភិវឌ្ឍ» ដែលរៀបចំឡើងដោយអង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ នៅព្រឹកថ្ងៃទី៨ វិច្ឆិកា។
ប្រជាសហគមន៍រងគ្រោះដីធ្លីបញ្ជាក់ថា បញ្ហាប្រឈមមួយចំនួននៅតាមមូលដ្ឋានរបស់ពួកគាត់ នឹងអាចត្រូវបានគេបំភ្លេចចោល ឬមើលរំលង ហើយគ្មានការដោះស្រាយឡើយ ប្រសិនបើមជ្ឈដ្ឋានខាងក្រៅមិនបានដឹងឮព័ត៌មានទាំងនោះ។
បញ្ហាប្រឈមរបស់សហគមន៍រួមមាន បញ្ហាដីធ្លី ការបំបិទសិទ្ធិសេរីភាពពីសំណាក់អាជ្ញាធររដ្ឋ សកម្មភាពបទល្មើស ឬការកាប់បំផ្លាញព្រៃឈើ ផ្លូវពិបាកធ្វើដំណើរ បញ្ហាចំណាកស្រុក វិបត្តិជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ ជាដើម។
លេខាសហគមន៍ការពារសិទ្ធិអភិវឌ្ឍន៍មកពីឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លោក មឺន ថេត មានប្រសាសន៍ថា បញ្ហាប្រឈមនៅតំបន់ដែលលោករស់នៅមានច្រើន ពិសេសបញ្ហាដីធ្លី។ លោកថា ចាប់តាំងពីក្រុមហ៊ុនចម្ការអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ មានវត្តមាននៅតំបន់នោះ ជីវភាពរបស់អ្នកភូមិមួយចំនួនកាន់តែពិបាកជាងមុន។ លោកបន្តថា បញ្ហាប្រឈមរបស់សហគមន៍ នឹងកប់បាត់គ្មានអ្នកដឹងឮ ឬគ្មានអ្នកចាប់អារម្មណ៍ឡើយ ប្រសិនបើពួកគាត់មិនបានបង្ហាញចេញមកក្រៅ។ ជាងនេះទៀត ប្រសិនបើព័ត៌មានស្ដីពីទុក្ខកង្វល់របស់សហគមន៍ រាជរដ្ឋាភិបាលដឹង នឹងធ្វើឲ្យពួកគេអាចគិតពិចារណាកាន់តែប្រសើរឡើង មុនពេលសម្រេចផ្តល់សិទ្ធិអភិវឌ្ឍន៍ដល់ក្រុមហ៊ុនណាមួយ៖ « ម្ចាស់ជំនួស អង្គការជាតិ អន្តរជាតិ គាត់អាចស្វែងយល់តាមរយៈរូបថត ពិសេសរដ្ឋាភិបាលហ្នឹង គាត់អាចកែប្រែនូវការរំលោភបំពានហ្នឹងតាមរយៈវេទិកាដែលពួកខ្ញុំបានធ្វើ »។
តំណាងសហគមន៍មានបញ្ហាដីធ្លីមកពីខេត្តប៉ៃលិន លោកស្រី អោម សំអាត យល់ថា ពិធីតាំងពិព័រណ៍រូបថតនេះ គឺល្អ ពីព្រោះជាចំណែកមួយដើម្បីពាំនាំទុក្ខកង្វល់របស់ពួកគាត់ ឲ្យមហាជន និងរាជរដ្ឋាភិបាលបានដឹងព័ត៌មានទាំងនោះ។ លោកស្រីបន្តថា ដោយសារព័ត៌មានស្ដីពីវិវាទដីធ្លីរបស់ពួកគាត់ដែលរងប៉ះពាល់ធ្ងន់ធ្ងរមានចំនួនជាង ១០គ្រួសារ លើទំហំដីជិត ១០០ហិកតារ មិនសូវបានផ្សព្វផ្សាយឲ្យមជ្ឈដ្ឋានខាងក្រៅបានដឹងឮ ទើបរយៈពេលជាង ១០ឆ្នាំមកហើយនៅតែគ្មានដំណោះស្រាយ ពិសេសប្រសិនបើព័ត៌មាននេះដឹងដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកស្រីមានជំនឿថា បញ្ហាដីធ្លីរបស់ពួកគាត់អាចនឹងត្រូវបានដោះស្រាយជាមិនខាន៖ « ខ្ញុំសង្ឃឹមថា ប្រសិនបើដាក់ដល់គាត់ ប្រហែលជាគាត់នឹងជួយឲ្យដីមកកាន់ពួកខ្ញុំវិញ ដែលអាជ្ញាធរខេត្តយក ប្រសិនបើដឹងដល់គាត់ »។
ចាប់តាំងពីឆ្នាំ២០១៣ មក អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ បានរៀបពិធីតាំងពិព័រណ៍រូបថតសហគមន៍ចំនួនបួនលើកមកហើយ។ រូបថតដែលប្រជាសហគមន៍យកមកដាក់បង្ហាញ គឺជារូបភាពដែលថតដោយសហគមន៍មូលដ្ឋានផ្ទាល់ ហើយប្រើឧបករណ៍ថតរូបសាមញ្ញ ប៉ុន្តែបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងស្ដីពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
អ្នកសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយសហគមន៍ លោក រ៉ន សុភ័ក្ត្របញ្ញា មានប្រសាសន៍ថា គោលបំណងរៀបចំពិធីនេះឡើង ដើម្បីឲ្យសហគមន៍ទាំងនោះបានជួបជុំគ្នា ហើយស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗ ដើម្បីចូលរួមដោះស្រាយ ព្រមទាំងអាចដឹងពីការអភិវឌ្ឍនៅក្នុងសហគមន៍របស់ពួកគាត់។ លោកថា ការតាំងពិព័រណ៍រូបភាពរបស់សហគមន៍នេះ គឺមិនរំពឹងថារាល់បញ្ហាប្រឈមរបស់ពលរដ្ឋ នឹងត្រូវបានដោះស្រាយឡើយ ប៉ុន្តែសំឡេងរបស់ពួកគាត់តាមរយៈរូបថតទាំងនោះ នឹងបានឮដល់មជ្ឈដ្ឋានខាងក្រៅ៖ « ប៉ុន្តែដើម្បីរួមចំណែកក្នុងការជួយឲ្យរឿងរ៉ាវរបស់ពួកគាត់បានឮដល់មជ្ឈដ្ឋានខាងក្រៅ »។
លោកបន្ថែមថា ព័ត៌មានដែលទទួលបានពីសហគមន៍កន្លងទៅរួមមាន បញ្ហាដីធ្លី ឬបញ្ហាព្រៃឈើ។ ក្រៅពីនេះ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋាន ការទទួលបានសេវាសុខភាពមិនទាន់បានគ្រប់គ្រាន់ជាដើម។ លោកបញ្ជាក់ថា ពិព័រណ៍រូបភាពនេះនឹងធ្វើឡើងនៅឆ្នាំបន្តបន្ទាប់ ហើយនឹងមានយុទ្ធនាការមួយចំនួនទៀត ក្នុងគោលបំណងបង្ហាញពីតថភាពពិត ឬបញ្ហាប្រឈមជាក់ស្តែងដែលកំពុងកើតមានក្នុងសហគមន៍របស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។