សហគមន៍ការពារព្រៃឈើឃុំស្រែអំបូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អះអាងថា ឈើក្នុងតំបន់ព្រៃចុះបញ្ជីសហគមន៍ការពារជាង ៥០ហិកតារ ត្រូវបានគេឈូសឆាយរំលំដើម្បីយកដីជាកម្មសិទ្ធិឯកជន។ មន្ត្រីពាក់ព័ន្ធរកឃើញប័ណ្ណកម្មសិទ្ធិដីចំនួនបីប្លង់ ត្រូវបានអ្នកឈូសឆាយប្រើប្រាស់សម្រាប់ការឈូសឆាយដីតំបន់នោះ។
ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាដែត ក្នុងឃុំស្រែអំបូម ទាមទារឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ចាត់វិធានការបន្ទាន់ទៅលើសកម្មភាពកាប់ទន្ទ្រានព្រៃឈើក្នុងតំបន់ព្រៃសហគមន៍ការពារ។
ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋភូមិពូរាដែត ជិត ១០០នាក់ រួមជាមួយមន្ត្រីឃុំ មន្ត្រីព្រៃឈើ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) នៅថ្ងៃទី៦ ខែកក្កដា បានរកឃើញឈើរាប់ពាន់ដើមក្នុងតំបន់ព្រៃស្រោង ដែលអភិរក្សដោយសហគមន៍ប្រមាណ ៥០ហិកតារ ត្រូវឈ្មួញដែលអះអាងថាជាម្ចាស់ដី បានយកគ្រឿងចក្រឈូសឆាយរំលំចោលបំណងដុតរានយកដី។
ប្រជាពលរដ្ឋភូមិពូរាដែត លោក សុខ ថេត បញ្ជាក់ថា ការឈូសឆាយនេះធ្វើឡើងតាំងពីពាក់កណ្ដាលខែមិថុនា ហើយរហូតមកដល់ដើមខែកក្កដា ទើបអ្នកភូមិបានដឹង ហើយប្ដឹងរឿងនេះទៅអាជ្ញាធរឃុំ និងមន្ត្រីជំនាញព្រៃឈើចុះពិនិត្យជាក់ស្តែង។ លោកបញ្ជាក់ថា ព្រៃដែលគេឈូសឆាយឋិតក្នុងផែនទីដីព្រៃសហគមន៍ការពារ ក៏ប៉ុន្តែអ្នកឈូសឆាយដីសំអាងថា ដីតំបន់នោះគេបានទិញពីម្ចាស់ដីដែលមានប័ណ្ណសម្គាល់កម្មសិទ្ធិត្រឹមត្រូវ៖ « ដីហ្នឹងគឺដីព្រៃឈរ ឥឡូវគេឈូសឆាយអស់ប្រហែល ៥០ហិកតារ ហើយដើរមួយហត់។ គេផ្ដួលអស់ហើយព្រៃឈើ អត់ទាន់ដុតទេ »។
ព្រៃការពារសហគមន៍ភូមិពូរាដែត មានទំហំ ១.៣៣២ហិកតារ ចុះបញ្ជីទទួលស្គាល់ដោយមន្ត្រីអាជ្ញាធរមូលដ្ឋាន និងជំនាញរដ្ឋបាលព្រៃឈើ ទុកជាព្រៃការពាររបស់សហគមន៍តាំងពីឆ្នាំ២០០៩។

ប្រធានសហគមន៍ការពារព្រៃឈើភូមិពូរាដែត លោក ចន់ ហ្លល់ បញ្ជាក់ថា លោកមិនបានដឹងថា ប័ណ្ណកម្មសិទ្ធិនោះឋិតនៅចំណុចណានៅឡើយ ក៏ប៉ុន្តែតំបន់ដែលឈ្មួញដាក់គ្រឿងចក្រឈូសឆាយ គឺជាតំបន់ព្រៃសុទ្ធសាធ។ លោកអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ស៊ើបអង្កេតភាពមិនប្រក្រតីនៃប័ណ្ណកម្មសិទ្ធិដែលឈ្មួញប្រើប្រាស់សម្រាប់ការទន្ទ្រានកាន់កាប់ដីព្រៃសហគមន៍៖ « គេអត់ឲ្យធ្វើទេ ព្រៃសហគមន៍។ ម្ចាស់គេថាមានប្លង់ អ៊ីចឹងខ្ញុំអត់ទទួលស្គាល់ ចង់ប្រគល់ឲ្យសហគមន៍វិញដីហ្នឹង »។
របាយការណ៍អង្កេតរបស់មន្ត្រីសមាគមអាដហុក ខេត្តមណ្ឌលគិរី ប័ណ្ណកម្មសិទ្ធិដែលឈ្មួញប្រើប្រាស់សម្រាប់ឈូសឆាយព្រៃឈើនោះមានចំនួនបីប័ណ្ណ និងមានទំហំដីសរុបជាង ១១ហិកតារ។ ប័ណ្ណកម្មសិទ្ធិទាំងបីប្លង់ចេញនៅឆ្នាំ២០១២ មានម្ចាស់កម្មសិទ្ធិឈ្មោះ យន់ លី មាស វ៉ៃ និងឈ្មោះ ហូត។ ម្ចាស់ដីទាំងបីនាក់ បានលក់ដីនេះទៅឲ្យឈ្មួញឈ្មោះ លេង គឹមហាង។
មេឃុំស្រែអំបូម លោក ហុយ ប៊ុនលឿន បញ្ជាក់ថា ឈ្មួញដែលចូលមកឈូសឆាយព្រៃមិនបានជូនដំណឹង ឬសុំការអនុញ្ញាតពីអាជ្ញាធរឃុំនោះឡើយ។ លោកទទួលស្គាល់ថា ព្រៃដែលឈ្មួញឈូសឆាយ គឺឋិតក្នុងផែនទីព្រៃអភិរក្សសហគមន៍៖ « ក្រុមការងារគេចុះទៅហើយគ្រប់អង្គភាព។ អត់មានទេ គ្រាន់គេបង្ហាញប្លង់រឹងហ្នឹងខ្ញុំឃើញតែប្លង់រឹងប៉ុណ្ណឹងទេ »។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ថា ប័ណ្ណកម្មសិទ្ធិដែលឈ្មួញប្រើប្រាស់សម្រាប់ឈូសឆាយព្រៃយកដី ទំនងមានភាពមិនប្រក្រតី និងសង្ស័យពីការក្លែងបន្លំទីតាំងដី។ លោកថា គ្មានប័ណ្ណកម្មសិទ្ធិដីណាមួយត្រូវបានចេញនៅលើដីព្រៃឈើអភិរក្សនោះបានទេ។ ហេតុនេះ អាជ្ញាធរពាក់ព័ន្ធត្រូវស៊ើបអង្កេតករណីនេះជាបន្ទាន់៖ « ក្រោយពីខ្ញុំចុះស៊ើបអង្កេតហើយ ខ្ញុំទទួលពាក្យប្ដឹងពីប្រជាពលរដ្ឋ ហើយខ្ញុំនឹងសរសេរបទអន្តរាគមន៍ជូនគណៈអភិបាលខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើជាមុន បន្ទាប់មកខ្ញុំនឹងតាមដានមើលបទអន្តរាគមន៍នេះមានប្រសិទ្ធភាពត្រឹមណា »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកឈូសឆាយព្រៃ គឺលោក លេង គឹមហាង សុំបំភ្លឺបញ្ហានេះបានទេនៅថ្ងៃទី៦ ខែកក្កដា។
យ៉ាងណាក៏ដោយ សហគមន៍ការពារព្រៃឈើភូមិពូរាដែត ចាត់ទុកការឈូសឆាយព្រៃសហគមន៍ ថាឧក្រិដ្ឋកម្មព្រៃឈើ។ ដូច្នេះ អ្នកឈូសឆាយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ អ្នកភូមិទាមទារសំណងដាំដើមឈើឡើងវិញ និងសំណងផលប៉ះពាល់ទាក់ទិនវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចជាមួយព្រៃឈើ រួមទាំងផ្ដន្ទាទោសជនពាក់ព័ន្ធតាមច្បាប់ព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។