សហគមន៍​កំពង់ក្រសាំង​ខេត្ត​ព្រះវិហារ​បារម្ភ​ខ្លាច​បាត់បង់​ដី​ព្រៃ​សហគមន៍

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ព្រៃ​សហគមន៍​កំពង់ក្រសាំង នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ គឺ​ជា​តំបន់​ដែល​សម្បូរ​ធនធាន​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​សត្វ​ពាហនៈ​ជាច្រើន តែង​ពឹង​ផ្អែក​ដើម្បី​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ជា​យូរ​មក​ហើយ។ ក៏ប៉ុន្តែ​បច្ចុប្បន្ន ព្រៃ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​មួយ កំពុង​ដើរ​បាញ់​ថ្នាំ​ពណ៌​ធ្វើ​ជា​សញ្ញា​សម្គាល់​នៅ​តាម​ដើម​ឈើ ក្នុង​បំណង​យក​ដី​ព្រៃ​ឈើ​ទីនោះ​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច។

តើ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​តែ​រស់នៅ ហើយ​ពឹង​ផ្អែក​លើ​ព្រៃ​សហគមន៍​នោះ មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​ចង់​ដណ្ដើម​យក​ដី​ព្រៃ​សហគមន៍ ទៅ​ធ្វើ​ជា​ប្រយោជន៍​ក្រុមហ៊ុន​នេះ?

ក្រុម​អ្នក​ភូមិ​កំពង់ក្រសាំង នៃ​ឃុំ​កំពង់ស្រឡៅ២ ស្រុក​ឆែប ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​នៃ​ប្រទេស​ឡាវ កំពុង​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច​បាត់បង់​ដី​ព្រៃ​សហគមន៍ ដែល​ពួក​គេ​ធ្លាប់​រស់នៅ​ដោយ​ពឹង​ផ្អែក​ជា​យូរ​មក​ហើយ។

ការ​ព្រួយ​បារម្ភ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ពួក​គេ​ឃើញ​មនុស្ស​របស់​ក្រុមហ៊ុន ដែល​ពួក​គេ​មិន​ស្គាល់ បាន​ដើរ​បាញ់​ថ្នាំ​ពណ៌​ជា​សញ្ញា​សម្គាល់​បំណង​ពង្រីក​យក​ផ្ទៃ​ដី ហើយ​មិន​មាន​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ណា​មួយ​ជួយ​ដោះស្រាយ​អ្វី​សោះ​នោះ។

បណ្ដាញ​ដើម្បី​សកម្មភាព​សហគមន៍​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ ស៊ី.អិន.អេ (CNA) នៅ​ឃុំ​កំពង់ស្រឡៅ២ គឺ​លោក គឿង ផន។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​១ ខែ​កញ្ញា ថា ជាច្រើន​ថ្ងៃ​មក​ហើយ គឺ​ក្រុម​អ្នក​ភូមិ​កំពង់ក្រសាំង បាន​តវ៉ា​ជំទាស់​ទៅ​នឹង​មនុស្ស​របស់​ក្រុមហ៊ុន​ដែល​យក​ថ្នាំ​ពណ៌ ដើរ​បាញ់​នៅ​តាម​ដើម​ឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍។ លោក គឿង ផន បញ្ជាក់​ថា មាន​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ភូមិ-ឃុំ​ខ្លះ បាន​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​នាំ​ក្រុមហ៊ុន​ដើរ​បាញ់​ថ្នាំ​ពណ៌ ធ្វើ​ជា​សញ្ញា​កំណត់​ព្រំប្រទល់​ដី​នៅ​តាម​ដើម​ឈើ​នេះ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​គេ​ហៅ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​ប្រជុំ ហើយ​អ្នក​ភូមិ​សួរ​រក​ឈ្មោះ​ក្រុមហ៊ុន និង​ម្ចាស់​ឈ្មោះ​អ្វី គេ​មិន​បាន​ប្រាប់​ឡើយ។

បណ្ដាញ​ដើម្បី​សកម្មភាព​សហគមន៍​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ដដែល​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​ទៅ​លើ​សញ្ញា​ដែល​គេ​បាញ់​ថ្នាំ​ពណ៌​នៅ​តាម​ដើម​ឈើ​នោះ គឺ​ក្រុមហ៊ុន​មាន​បំណង​ដណ្ដើម​ដី​ព្រៃ​សហគមន៍​ប្រមាណ​ជាង ៤០០​ហិកតារ៖ «ដី​ហ្នឹង​ជា​តំបន់​រស់នៅ​មាន​ឃ្វាល​គោ ឃ្វាល​ក្របី ប្រើប្រាស់​ឫស្សី ត្រី​សាច់ ក្នុង​នោះ​គ្រប់​បែប​យ៉ាង​ទាំងអស់។ ឥឡូវ​នេះ​ប្រជាជន​វាយ​ស្លាក​នៅ​តាម​មាត់​ទន្លេ​ថា ប្រឆាំង​មិន​ឲ្យ​ក្រុមហ៊ុន​យក​ដី​ទាំង​នោះ​ធ្វើ​ជា​ប្រយោជន៍​ឯកជន​ដាច់ខាត»

ប៉ុន្តែ​ទាំង​អាជ្ញាធរ​ស្រុក​ឆែប និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ បាន​ឆ្លើយ​ដូច​គ្នា​ថា គេ​ពុំ​ទាន់​បាន​ដឹង​ថា មាន​ក្រុមហ៊ុន​ណា​មួយ​បំណង​ចូល​ទៅ​កាន់​កាប់​តំបន់​ព្រៃ​សហគមន៍​នោះ​ទេ។

អភិបាល​ស្រុក​ឆែប លោក សុខ សានតារា មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា កន្លង​ទៅ គឺ​លោក​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​តំបន់​ព្រៃ​សហគមន៍​កំពង់ក្រសាំង នោះ គឺ​លោក​ឃើញ​មាន​តែ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដោយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​ទៅ​សង់​ផ្ទះ​រស់នៅ​ខុស​ច្បាប់ ក៏ប៉ុន្តែ​ចំពោះ​រឿង​ដែល​ថា មាន​ក្រុមហ៊ុន​ឯកជន​បំណង​ចូល​ទៅ​កាន់​កាប់​ដី​នោះ គឺ​ទាំង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​សហគមន៍​ព្រៃ​ឈើ​ខ្លួន​ឯង មិន​ទាន់​រាយការណ៍​ឲ្យ​លោក​ដឹង​នៅ​ឡើយ៖ «សហគមន៍​នៅ​កំពង់ក្រសាំង ហ្នឹង​គ្រប់គ្រង​ដោយ​មេ​ព្រៃ ក៏ប៉ុន្តែ​របាយការណ៍​ខាង​មេ​ព្រៃ​អត់​ឃើញ​មាន​ដាក់​មក​ខ្ញុំ​ទេ ហើយ​ខាង​សហគមន៍​ក៏​អត់​មាន​រាយការណ៍​ដែរ»

ចំណែក​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ឆែប លោក សេង លាង ក៏​បាន​ឆ្លើយ​ថា ពេល​នេះ គឺ​លោក​កំពុង​មាន​ជំងឺ ហើយ​សម្រាក​នៅ​ផ្ទះ។ ដូច្នេះ លោក​មិន​ទាន់​ដឹង​រឿង​ដែល​ថា មាន​ក្រុមហ៊ុន​បំណង​ចូល​ទៅ​យក​ដី​ព្រៃ​សហគមន៍​នោះ​ទេ។

ទោះ​យ៉ាង​ណា មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ អះអាង​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់ក្រសាំង បាន​ប្ដឹង​មក​រូប​លោក​តាម​រយៈ​ទូរស័ព្ទ ស្ដីពី​បញ្ហា​ដែល​ថា​មាន​ក្រុមហ៊ុន​ដែល​គេ​មិន​ស្គាល់​ឈ្មោះ កំពុង​ធ្វើ​សកម្មភាព​ដណ្ដើម​យក​ដី​ព្រៃ​សហគមន៍​នោះ។ លោក ប៉ិក សោភ័ណ បញ្ជាក់​ថា ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល គ្រោង​នឹង​សហការ​គ្នា​ដើម្បី​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។