សហគមន៍​អណ្ដូង​បរ​បារម្ភ​បាត់បង់​ដី​សហគមន៍​បើ​សិន​រដ្ឋាភិបាល​មិន​ជួយ​ដោះស្រាយ

0:00 / 0:00

បច្ចុប្បន្ន ដី​ព្រៃ​សហគមន៍​អណ្ដូង​បរ នៅ​ឃុំ​បេង នៃ​ស្រុក​បន្ទាយអំពិល កំពុង​តែ​បាត់បង់​ទៅៗ ធ្វើ​ឲ្យ​សហគមន៍​ទីនោះ​ពិបាក​នឹង​ការពារ។ ការ​បាត់បង់ បាន​កើត​មាន​ឡើង​ដំបូង​គេ​នៅ​ពេល​ដែល​ទាហាន បាន​បញ្ជូន​កម្លាំង​ទៅ​បោះ​ទីតាំង​ដើម្បី​ការពារ​ព្រំដែន​ដែល​ជាប់​ជាមួយ​ប្រទេស​ថៃ ហើយ​ថ្មីៗ​មាន​ក្រុមហ៊ុន​ខ្លះ​បាន​ចូល​ទៅ​ធ្វើ​ការដ្ឋាន​កិន​ថ្ម​ភ្នំ​ថែម​ទៀត។

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​អណ្ដូង​បរ នៅ​ខេត្ត​ឧត្តរមានជ័យ បាន​បន្លឺ​សញ្ញា​ប្រាប់​ទៅ​មន្ត្រី​រដ្ឋាភិបាល​ថា ដី​ព្រៃ​សហគមន៍​ដែល​ពួក​គេ​ទទួល​ការពារ​ទំហំ​ជាង ៦.១០០​ហិកតារ អាច​នឹង​បាត់បង់​ទាំងស្រុង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​មិន​ចាត់​វិធានការ​ជួយ​ការពារ​ទេ។

ក្តី​ព្រួយ​បារម្ភ​របស់​សហគមន៍​ការពារ​ព្រៃ​ឈើ បាន​កើត​ឡើង​នៅ​ពេល​ដែល​គេ​មើល​ឃើញ​ថា កង​ទាហាន​បាន​ចូល​ទៅ​កាន់​កាប់​ដី​ព្រៃ​នោះ​អស់​ជាច្រើន​រយ​ហិកតារ​ទៅ​ហើយ ក៏ប៉ុន្តែ​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​កិន​ថ្ម​ចំនួន​ពីរ​ទៀត ក៏​បាន​ចូល​ទៅ​តំបន់​ភ្នំ​ចង្ក្រាន​យក្ស និង​ភ្នំ​កំបោរ ហើយ​យក​តំបន់​ព្រៃ​នោះ​ធ្វើ​ជា​កន្លែង​ការដ្ឋាន​ថែម​ទៀត។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​អណ្ដូង​បរ គឺ​លោក កើត ម៉ាប់។ លោក​អះអាង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៣ ខែ​មករា ថា ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០១២ ទាហាន​ជាច្រើន​វរ​បាន​ចូល​ទៅ​យក​ដី​ព្រៃ​សហគមន៍​របស់​លោក ធ្វើ​ជា​ទីតាំង​អស់​ជាច្រើន​រយ​ហិកតារ ហើយ​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត ក៏​ចូល​ទៅ​យក​ដី​ព្រៃ​សហគមន៍​ធ្វើ​ជា​កន្លែង​ការដ្ឋាន​កិន​ថ្ម​ដែរ។ ក្រៅ​ពី​នោះ ដី​ព្រៃ​សហគមន៍​ខ្លះ​ទៀត ត្រូវ​អ្នក​មាន​អំណាច​ដណ្ដើម​យក ហើយ​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ឈូស​ឆាយ​ធ្វើ​ជា​ចម្ការ​ដំឡូងមី។

លោក កើត ម៉ាប់ ប៉ាន់​ប្រមាណ​ថា បច្ចុប្បន្ន ដី​ព្រៃ​សហគមន៍​អណ្ដូង​បរ បាន​បាត់បង់​ស្ទើរ​តែ​ទាំងស្រុង គឺ​នៅ​សេសសល់​ប្រហែល​ជាង ២០០​ហិកតារ​ប៉ុណ្ណោះ៖ « ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ចំពោះ​ការ​រំលោភ​លើ​ដី​ព្រៃ​សហគមន៍​នេះ។ តាំង​ពី​ឆ្នាំ​២០១២ ខ្ញុំ​បាន​ប្ដឹង​ទៅ​ក្រសួង​កសិកម្ម ដាក់​ទៅ​រដ្ឋសភា ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ក៏ប៉ុន្តែ​មិន​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ទេ »

លោក កើត ម៉ាប់ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ជួយ​ចាត់​វិធានការ​ការពារ​ដី​ព្រៃ​សហគមន៍​អណ្ដូង​បរ​ឲ្យ​បាន​គង់វង្ស​ត​ទៅ​ទៀត។

កាល​ពី​ឆ្នាំ​២០០៩ ប្រជាពលរដ្ឋ​នៅ​ឃុំ​បេង នៃ​ស្រុក​បន្ទាយអំពិល បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ការពារ​ព្រៃ​ឈើ​អណ្ដូង​បរ ទំហំ​ជាង ៦.១០០​ហិកតារ​ឲ្យ​នៅ​គង់វង្ស។

អភិបាល​ស្រុក​បន្ទាយអំពិល លោក ហាំង ម៉េង បាន​ឆ្លើយតប​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ដូច​អ្វី​ដែល​សហគមន៍​ព្រួយ​បារម្ភ​នោះ​នៅ​ឡើយ​ទេ។ លោក ហាំង ម៉េង បញ្ជាក់​ថា បញ្ហា​ដែល​ក្រុមហ៊ុន​ចូល​ទៅ​ធ្វើ​ការដ្ឋាន​ថ្ម​នៅ​ភ្នំ​ចង្ក្រាន​យក្ស នោះ មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដល់​ដី​ព្រៃ​សហគមន៍​ទេ ពីព្រោះ​តែ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ទៅ​ដឹក​ជញ្ជូន​ថ្ម​យក​មក​ធ្វើ​ផ្លូវ​ជាតិ​លេខ​៥៨ មួយ​រយៈ​ប៉ុណ្ណោះ៖ « ក្រុមហ៊ុន​យក​ថ្ម​ធ្វើ​ផ្លូវ​ធ្វើ​អី​ហ្នឹង មាន​ការ​សម្រេច​ពី​រដ្ឋាភិបាល​ដែរ ចប់​ភារកិច្ច​របស់​គេ គឺ​គេ​នឹង​ប្រគល់​មក​ឲ្យ​រដ្ឋាភិបាល​វិញ​ហើយ »

ចំណែក​បញ្ហា​ទាហាន​ចូល​ទៅ​ធ្វើ​ទីតាំង​នៅ​លើ​ដី​ព្រៃ​សហគមន៍​ទៀតសោត លោក ហាំង ម៉េង ពន្យល់​ថា ដី​ព្រៃ​សហគមន៍ គឺ​ជា​ដី​របស់​រដ្ឋ ហើយ​ទាហាន​ដែល​ចូល​ទៅ​ធ្វើ​ទីតាំង​ការពារ​ព្រំដែន ក៏​ជា​កងទ័ព​របស់​រដ្ឋ បើ​មិន​ឲ្យ​យក​ដី​របស់​រដ្ឋ​ធ្វើ​ជា​ទីតាំង តើ​ឲ្យ​យក​ដី​មក​ពីណា?

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​តែ​ជួយ​ដោះស្រាយ​លើ​បញ្ហា​ដី​ព្រៃ​សហគមន៍​អណ្ដូង​បរ ដែល​ចេះ​តែ​បាត់បង់​ទៅៗ​នេះ ពីព្រោះ​កាល​ពី​មុន រដ្ឋ​ជា​អ្នក​ប្រគល់​ឲ្យ​សហគមន៍​ការពារ ដូច្នេះ​មិន​គួរ​ធ្វើ​អ្វីៗ​ដោយ​មិន​ប្រាប់​សហគមន៍ គឺ​អាង​តែ​ជា​ដី​របស់​រដ្ឋ​បែប​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។