តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មួយរូប បារម្ភពីការចាប់ខ្លួន និងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ ក្តីបារម្ភនេះ បន្ទាប់ពីមានដីកាកោះហៅពីតុលាការឱ្យចូលខ្លួនបំភ្លឺជុំវិញពាក្យបណ្ដឹងរបស់ក្រុមហ៊ុនចិន ថា បានរំលោភកម្មសិទ្ធិក្រុមហ៊ុន និងបន្ទាប់ពីអាជ្ញាធរមូលដ្ឋានប្រាប់ឱ្យតំណាងពលរដ្ឋរូបនោះដកពាក្យបណ្ដឹងដែលប្ដឹងក្រុមហ៊ុនកន្លងមក ព្រមទាំងដកខ្លួនចេញពីសហគមន៍ទៀតផង។
តំណាងសហគមន៍នៅឃុំត្រពាំងព្រីង យល់ថា ប្រសិនបើខ្លួនព្រមដកពាក្យបណ្ដឹងដែលបានប្ដឹងក្រុមហ៊ុនរឿងរំលោភយកដីសហគមន៍កាលពីពេលកន្លងទៅនោះ ប្រហែលជាមិនមានដីកាកោះហៅខ្លួនដូច្នេះឡើយ។ ជាមួយគ្នានេះ តំណាងសហគមន៍ស្នើឱ្យតុលាការ និងអាជ្ញាធរពាក់ព័ន្ធជួយរកយុត្តិធម៌ជុំវិញបញ្ហាដីធ្លីជាមួយក្រុមហ៊ុនចិន ឈ្មោះ ហាមីនីវេន អ៊ីនវេសមេន (Hamenivent Investment) ដែលបានរំលោភយកដីសហគមន៍របស់ពួកគាត់ ហើយថែមទាំងប្ដឹងតំណាងអ្នកភូមិថែមទៀត។
តំណាងសហគមន៍ភូមិបុស្សស្នោ ឃុំត្រពាំងព្រីង លោក ផុន ឈឿន មានប្រសាសន៍ថា កាលពីថ្ងៃទី២៦ ខែមិថុនា អាជ្ញាធរភូមិបានប្រាប់ឱ្យលោកដកពាក្យបណ្ដឹងដែលប្ដឹងក្រុមហ៊ុនចិន កន្លងមក ហើយត្រូវដកខ្លួនចេញពីសហគមន៍មិនឱ្យពាក់ព័ន្ធការតវ៉ាណាមួយទៀតឡើយ។ ជាថ្នូរនឹងការដកពាក្យបណ្ដឹង ព្រមទាំងចេញពីសហគមន៍ អាជ្ញាធរប្រាប់លោកថា គេនឹងឱ្យប្រាក់ចំនួន ៣ម៉ឺនដុល្លារ ព្រមទាំងឱ្យលោកធ្វើការងារនៅក្នុងក្រុមហ៊ុនចិន ទៀតផង។
លោក ផុន ឈឿន បានបដិសេធសំណូមពរនេះ ដោយចង់បានតែដី ២៧៥ហិកតារ ដែលក្រុមហ៊ុនចិន រំលោភយក មកដាក់ជាសម្បត្តិរួមនៅក្នុងសហគមន៍វិញប៉ុណ្ណោះ។ ក្រោយពេលលោកបដិសេធសំណើរបស់អាជ្ញាធរ នៅថ្ងៃទី២៨ ខែមិថុនា ក៏មានដីកាកោះហៅរូបលោកតែម្ដង៖ «ខាងខេត្តត្បូងឃ្មុំ គេកោះហៅខ្ញុំ អានេះដីការបស់គេ។ អ៊ីចឹងខ្ញុំព្រួយបារម្ភ ព្រោះគេចិន គេមានលុយច្រើន គេមានអំណាច។ ទីមួយគេចាប់ខ្ញុំដាក់គុក គេប្ដឹងមួយសា ដល់ខ្ញុំប្ដឹងទៅគេ គេអត់ដោះស្រាយ»។
ដីកាកោះហៅលោក ផុន ឈឿន ដែលចេញដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ហៀង សុភក្ត្រ កាលពីថ្ងៃទី២៣ មិថុនា ហើយទើបដល់ដៃសាមីខ្លួននៅថ្ងៃទី២៨ មិថុនា នោះ គឺតម្រូវឱ្យលោក ផុន ឈឿន ចូលបំភ្លឺនៅថ្ងៃទី៨ កក្កដា ខាងមុខ។ ដីកានេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ភាគីក្រុមហ៊ុនចិន ដោយប្ដឹងពីបទរំលោភបំពានកម្មសិទ្ធិ និងញុះញង់ឱ្យមានអំពើហិង្សា។
ទាក់ទងបញ្ហានេះ មេភូមិបុស្សស្នោ លោក សុខ ឌិន មានប្រសាសន៍ថា លោកពិតជាបានប្រាប់ឱ្យតំណាងសហគមន៍ដកពាក្យបណ្ដឹងពីតុលាការមែន ពីព្រោះលោកយល់ថា សហគមន៍នឹងមិនអាចឈ្នះក្រុមហ៊ុនឡើយ ម្យ៉ាងទំហំផ្ទៃដីដែលប្ដឹងជាមួយក្រុមហ៊ុន គឺខុសគ្នានឹងទំហំផ្ទៃដីដែលមានជាក់ស្ដែង។ បន្ថែមពីនេះ លោកប្រាប់ថា ប្រសិនរឿងនេះបញ្ចប់ លោក ផុន ឈឿន អាចមានកូនចៅយកទៅធ្វើការងារជាមួយក្រុមហ៊ុនចិន ប៉ុន្តែលោកមិនបាននិយាយអំពីរឿងប្រាក់ទេ៖ «អារឿងប្ដឹងហ្នឹងបើគិតយូរៗ ទៅយើងគ្មានលុយគ្មានកាក់ យើងមិនអាចធ្វើអីតាមចិត្តបានទេ»។
វិវាទដីធ្លីរវាងក្រុមហ៊ុនចិន ជាមួយពលរដ្ឋនៅឃុំត្រពាំងព្រីង កើតឡើងខ្លាំងនៅឆ្នាំ២០១៤ និង២០១៥ ក្រោយពេលដីតំបន់នោះជិត ១ពាន់ហិកតារ ត្រូវបានអាជ្ញាធរមូលដ្ឋានដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ហើយប្រគល់ប្រាក់ឱ្យពួកគាត់ក្នុងមួយគ្រួសារពី ៤០ម៉ឺនរៀល ទៅជាង ១លានរៀល ជាថ្នូរថាបានលក់ដីឱ្យក្រុមហ៊ុន ស្របពេលប្រជាសហគមន៍មិនបានដឹងថា ដីនោះនៅចំណុចណាឡើយ។
បញ្ហានេះ មេភូមិបុស្សស្នោ បញ្ជាក់ថា អាជ្ញាធរមូលដ្ឋានធ្វើតាមបញ្ជាអាជ្ញាធរស្រុក ដែលកាលនោះក្នុងអាណត្តិលោក ឈិង ពិសិដ្ឋ ជាអភិបាលស្រុក ហើយអាជ្ញាធរមូលដ្ឋានមិនបានដឹងថា ក្រុមហ៊ុននេះស្របច្បាប់ ឬខុសច្បាប់ទេ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មើលឃើញថា កន្លងមក អាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមទាំងតុលាការផង គឺលំអៀងទៅរកក្រុមហ៊ុនច្រើនជាងពលរដ្ឋ បើទោះបីជាក្រុមហ៊ុនចិន នោះ ចូលទៅកាន់កាប់ដីនៅឃុំត្រពាំងព្រីង ដោយខុសច្បាប់ក៏ដោយ៖ «វាគ្រាន់តែអាជ្ញាធរ និងតុលាការហ្នឹងធ្វើឱ្យត្រឹមត្រូវទៅវាយុត្តិធម៌ហើយ ព្រោះអីដីរបស់រដ្ឋ រឿងអីយកទៅឱ្យចិន កើត? ហើយចិន ហ្នឹងមិនអាចធ្វើអ្វីកើតទេ ព្រោះវាអត់មានឯកសារអនុបយោគពីរដ្ឋាភិបាលទេ។ រដ្ឋាភិបាលក៏មិនអាចធ្វើអនុបយោគបានដែរ ព្រោះជាដីសាធារណៈរបស់រដ្ឋ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បារម្ភខ្លាចតែមានសកម្មភាពតវ៉ាកាន់តែធំកើតមានឡើង ហើយនឹងអាចតវ៉ាទៅដល់មុខផ្ទះលោកនាយករដ្ឋមន្ត្រីទៀតផង ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែបំពេញការងារគ្មានភាពយុត្តិធម៌បែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
