សហគមន៍​ថ្មគោល​ដាក់​ញត្តិ​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​រក​ដំណោះស្រាយ​រឿង​ដីធ្លី

0:00 / 0:00

ពលរដ្ឋ​សហគមន៍​ថ្មគោល រស់​នៅ​ជាប់​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប្រមាណ​ជាង ៣០​នាក់ ដាក់​ញត្តិ​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ស្នើ​សុំ​ឲ្យ​សហការ​ជាមួយ​សហគមន៍​ដើម្បី​ស្វែង​រក​ការ​ដោះស្រាយ​សមរម្យ និង​ផ្ដល់​យុត្តិធម៌​ចំពោះ​ការ​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​ពលរដ្ឋ​ជាង ៥០០​គ្រួសារ។

ពលរដ្ឋ​សហគមន៍​ថ្មគោល​អះអាង​ថា ពួកគាត់​ធ្លាប់​បាន​តវ៉ា​សុំ​អន្តរាគមន៍​ជា​ច្រើន​លើក​មក​ហើយ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា តែ​នៅ​មិន​ទាន់​ឃើញ​មាន​លទ្ធផល​ណា​មួយ​នៅ​ឡើយ។ ចំណែក​ឯ​សង្គម​ស៊ីវិល​រិះគន់​ថា អាជ្ញាធរ​មូលដ្ឋាន​គ្មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ឲ្យ​បាន​ចប់​នោះ​ទេ។

តំណាង​សហគមន៍​ថ្មគោល លោកស្រី ភួង សុភាព ឲ្យ​ដឹង​ថា ការ​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​ពលរដ្ឋ​ជាង ៥៣១​គ្រួសារ ចាប់​ឆ្នាំ​២០១២ មក រហូត​មក​ដល់​ពេល​នេះ ពួកគាត់​មិន​ទាន់​ទទួល​បាន​សំណង​ណា​មួយ​ឡើយ។ លោកស្រី​បន្ត​ថា ការ​ដាក់​ញត្តិ​ទៅ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន នៅ​ពេល​នេះ គឺ​ដើម្បី​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​នេះ​ពន្លឿន​ការ​ចុះ​ហត្ថលេខា​លើ​សៀវភៅ​ផែនការ​ឲ្យ​បាន​ឆាប់ និង​ស្នើ​សុំ​ឲ្យ​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ពី​ការ​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ព្រមទាំង​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ឈាន​ទៅ​ការ​ផ្ដល់​សំណង់​ជូន​ពលរដ្ឋ៖ « ការ​អភិវឌ្ឍ​របស់​សម្ដេច​ដែល​បង្កក​ដី​របស់​ពួក​យើង​ខ្ញុំ ធ្វើ​ឲ្យ​ប្រជាជន​ធ្លាក់​ខ្លួន​ក្រ​ទៅៗ។ ចឹង​ពួក​ខ្ញុំ​មិន​អាច​ទទួល​យក​បាន។ ចឹង​បើ​សិន​ណា​ការ​សន្យា​របស់​គាត់​មិន​ពិត​ក្នុង​រយៈពេល ១​ខែ ពួក​ខ្ញុំ​នឹង​មក​តវ៉ា​ទៀត »

ខ្លឹមសារ​សរសេរ​នៅ​លើ​បដា និង​ញត្តិ​របស់​ពលរដ្ឋ​ដែល​បាន​ដាក់​ជូន​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា បង្ហាញ​ថា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ជា​អ្នក​ផ្ដល់​ប្រាក់កម្ចី​ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​នោះ។ ញត្តិ​ដដែល​បញ្ជាក់​ថា ក្រោយ​ការ​អភិវឌ្ឍ​នេះ គ្រួសារ​ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ដីធ្លី​មិន​អាច​សាងសង់​ផ្ទះ​បាន និង​អ្នក​ដែល​មាន​ផ្ទះ​ក៏​មិន​អាច​ជួសជុល លក់ និង​បញ្ចាំ​បាន ដែល​ធ្វើ​ឲ្យ​ពួកគាត់​ជំពាក់​បំណុល​គេ និង​ការ​រឹប​អូស​ផ្ទះ​ពី​ធនាគារ​ក៏​មាន។

ការ​តវ៉ា និង​ដាក់​ញត្តិ​របស់​ពលរដ្ឋ​សហគមន៍​ថ្មគោល នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ការ​រារាំង​ខ្លះ​ពី​សមត្ថកិច្ច ខណៈ​ក្រុម​អ្នក​តវ៉ា​ព្យាយាម​ស្រែក​តវ៉ា​នៅ​ខាង​មុខ​ស្ថាប័ន​នេះ ប៉ុន្តែ​ការ​រារាំង​នេះ មិន​មាន​ប៉ះទង្គិច​ដោយ​ហិង្សា​ណា​មួយ​ឡើយ។

​ផ្ទុយ​ទៅ​វិញ ទីប្រឹក្សា​អម​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទទួល​បន្ទុក​ទទួល​ពាក្យ​បណ្ដឹង​លោក សេង សាវន បាន​ចេញ​មក​ជួប និង​ទទួល​ញត្តិ​ពី​ក្រុម​ពលរដ្ឋ ព្រមទាំង​សន្យា​ជួយ​អន្តរាគមន៍​ជូន​ពលរដ្ឋ​ឆាប់ៗ​នេះ។

​ចំណែក​ឯ​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ សោកស្ដាយ​ដែល​អាជ្ញាធរ​គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ក្នុង​សហគមន៍​ថ្មគោល និង​តំបន់​ដទៃ​ទៀត។ លោក សៀ ភារម្យ បន្ត​ថា ទោះ​ជា​គ្មាន​ទិន្នន័យ​ច្បាស់លាស់​បញ្ជាក់​ពី​ទំហំ​ផ្ទៃដី​ប៉ះពាល់​នៅ​សហគមន៍​ថ្មគោល​សរុប ប៉ុន្តែ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរតែ​ផ្ដល់​ព័ត៌មាន​ជាក់លាក់​ណា​មួយ​ជុំវិញ​គម្រោង​នេះ​ជូន​ពលរដ្ឋ និង​ត្រូវ​តែ​មាន​ឆន្ទៈ​ផ្ដល់​សំណង​សមរម្យ​ដែល​ពលរដ្ឋ​ចង់​បាន៖ « បើ​សិន​បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​ទេ ពលរដ្ឋ​គាត់​នៅ​តែ​តវ៉ា​ចឹង ព្រោះ​ពួក​គាត់​ដូច​ក្មេង​ទារ​ទឹក​ដោះ​ចឹង គាត់​មិន​ព្រម​ឈប់​ទារ បើ​មិន​ដោះស្រាយ។ ចឹង​រដ្ឋាភិបាល​ត្រូវ​តែ​ពិចារណា​ឡើង​វិញ »

ទោះ​បី​ជា​មាន​ការ​សន្យា​ពី​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​តវ៉ា​ដីធ្លី​នៅ​សហគមន៍​ថ្មគោល អះអាង​ថា ពួកគាត់​ប្ដេជ្ញា​ថា នឹង​នៅ​តែ​បន្ត​តវ៉ា​ជា​ថ្មី​ទៀត​រហូត​ទទួល​បាន​ដំណោះស្រាយ​សំណង​សមរម្យ​ពី​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។