អ្នកភូមិបុរីកីឡា ចោទប្រកាន់សន្តិសុខក្រុមហ៊ុនផានអ៊ីម៉ិច ថា បានជេរប្រមាថ បំភិតបំភ័យថានឹងយកទឹកអាស៊ីដ ទឹកក្ដៅជះទៅលើពួកគាត់ និងគំរាមដុតរោងប៉ាតង់អ្នកភូមិ ប្រសិនបើនៅតែបន្តមកស្នាក់នៅលើទីតាំងចាស់នៃអាគារបុរីកីឡាទៀត។
ការគំរាមកំហែងនេះធ្វើឡើងនៅបន្ទាប់ពីអ្នកភូមិបុរីកីឡាចំនួន ៤៥គ្រួសារ ក្នុងចំណោម ១០៧គ្រួសារ ដែលធ្លាប់រស់នៅបណ្ដោះអាសន្នក្រោមជណ្ដើរនៃអាគារថ្មីដែលសង់ដោយក្រុមហ៊ុន បានរើទៅនៅលើគំនរសំរាមមានក្លិនស្អុយគគ្រិច ក្រោមប៉ាតង់កណ្ដាលថ្ងៃក្ដៅហែង និងក្នុងអាគារចាស់ទ្រុឌទ្រោមរបស់ពួកគាត់វិញ កាលដើមខែមីនា ដោយសារតែទីតាំងរស់នៅចាស់ចង្អៀតណែនពេក។
តំណាងអ្នកភូមិបុរីកីឡា លោកស្រី ស ស៊ន រៀបរាប់ក្នុងសន្និសីទកាសែតនៅថ្ងៃទី២៥ ខែមីនា ថា មិនត្រឹមតែរស់នៅពិបាកព្រាត់ប្រាសប្ដីប្រពន្ធកូន បាត់បង់ការងារ និងសេចក្ដីថ្លៃថ្នូរជាមនុស្សនោះទេ។ ក្រុមហ៊ុនផានអ៊ីម៉ិច នៅបានបញ្ជាសន្តិសុខឲ្យមកលួចអង្ករ ប៉ាតង់ និងសម្ភារៈប្រើប្រាស់ផ្សេងៗពីអ្នកភូមិនៅពេលយប់ និងបានគំរាមជះទឹកអាស៊ីដ និងទឹកក្ដៅ រហូតគំរាមដុតប៉ាតង់អ្នកភូមិ នៅពេលដែលសន្តិសុខទាំងនោះខឹងសម្បាដែលអ្នកភូមិនៅតែក្រាញរស់នៅលើដីដែលក្រុមហ៊ុនផានអ៊ីម៉ិច បានលក់ឲ្យម្ចាស់ថ្មីទៅហើយនោះ។
លោកស្រី ស ស៊ន៖ «កងសន្តិសុខដើរមកគំរាមពួកយើងជារៀងរាល់ថ្ងៃថា ពួកយើងរស់នៅរបៀបនេះថ្ងៃណាមួយគេនឹងសម្លាប់ចោល ហើយគេជះទឹកអាស៊ីដ គេជះទឹកក្ដៅ គេដុតរោង គឺក្រុមហ៊ុនអត់ទទួលខុសត្រូវទេ»។
អ្នកភូមិបុរីកីឡាម្នាក់ទៀត លោកស្រី សេង គន្ធា បានប្រដូចការរស់នៅរបស់អ្នកបុរីកីឡាលើគំនរសំរាមសព្វថ្ងៃ ថាមិនខុសអីពីរស់នៅរបស់សត្វធាតុ។
លោកស្រីរៀបរាប់ទាំងអួលដើមកថា លោកស្រីមិនចង់រស់នៅលើគំនរសំរាម និងការបណ្ដេញមុខក្រោយដូចរាល់ថ្ងៃនេះទេ ប៉ុន្តែដោយពុំមានជម្រើស មិនមានប្រាក់ ទើបស៊ូរស់នៅដោយភាពអៀនខ្មាស៖ «មកដេកលើគំនរសំរាមនេះ មកដេញដូចឆ្កែដូចឆ្មា ប្រមាថមើលងាយសព្វបែបយ៉ាងទាំងអស់ តើឲ្យខ្ញុំទ្រាំរបៀបណា? មួយឆ្នាំជាងហើយ ទ្រាំដល់ថ្ងៃណាទៀត? បើខ្ញុំអត់មានឯកសារពិតប្រាកដដូចជាគាត់បង្ខូចមែន ខ្ញុំអត់មកទាមទារទេ ខ្ញុំទាមទារនេះឯកសារពិតរបស់ខ្ញុំ»។
អ្នកភូមិសហគមន៍បុរីកីឡាចំនួន ១០៧គ្រួសារ កំពុងរស់នៅក្នុងស្ថានភាពដូចគ្នា។ សព្វថ្ងៃអ្នកភូមិទាំងនោះកំពុងរស់នៅប្រជ្រៀតគ្នាជាបណ្ដោះអាសន្ននៅក្រោមជណ្ដើរឡើងអាគារថ្មី និងខ្លះទៀតរស់នៅក្រោមសំពត់ប៉ាតង់កៅស៊ូ លើគំនរសំរាម រង់ចាំដំណោះស្រាយពីរាជរដ្ឋាភិបាលនិងក្រុមហ៊ុន។ សម្រាប់ពួកគាត់មានបង្គន់ដែលគ្មានអនាម័យតែមួយគត់សម្រាប់ដាក់វេនគ្នាប្រើប្រាស់។
ជុំវិញការចោទប្រកាន់ថា មានការគំរាមប្រើហិង្សា និងជះទឹកអាស៊ីដពីសន្តិសុខក្រុមហ៊ុនផានអ៊ីម៉ិច លោក ឯម សារី ជាសន្តិសុខយាមល្បាតដីឲ្យក្រុមហ៊ុន បានច្រានចោលការចោទប្រកាន់ទាំងនោះ៖ «ខ្ញុំអត់ទេ ព្រះធរណីស្រូប ខ្ញុំអត់មានដាច់ខាត ចេញតែពីមាត់ពួកគាត់ទេ ពន្លើសការពិតទេ គ្មានបានប្រព្រឹត្តទេ។ ចង់និយាយឲ្យខ្ញុំឆ្លើយដាក់ក្រុមហ៊ុនថា ឲ្យយកទឹកអាស៊ីដមកជះ ហើយឲ្យរុះរើកម្ទេចយកភ្លើងដុតសាំងដុតអីហ្នឹងថាឲ្យក្រុមហ៊ុន អាក្រក់ខ្ញុំអត់ហ៊ានទេ»។
មន្ត្រីជាន់ខ្ពស់ផ្នែកពង្រឹងអំណាចសហគមន៍នៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក ណើប លី យល់ថា ដើម្បីបញ្ចប់ជម្លោះ និងការតវ៉ាដ៏រ៉ាំរ៉ៃរវាងអ្នកភូមិបុរីកីឡា ជាមួយក្រុមហ៊ុនផានអ៊ីម៉ិច គួរណាតែអាជ្ញាធរ និងក្រុមហ៊ុនបើកចំហនៅសម្រង់ស្ថិតិបង្ហាញឈ្មោះអ្នកភូមិដែលត្រូវទទួលបានផ្ទះល្វែងតាមគោលនយោបាយអភិវឌ្ឍនៅនឹងកន្លែង ខណៈដែលស្ថិតិទាំងនោះត្រូវបានលាក់បាំង។ មួយវិញទៀត អាជ្ញាធរត្រូវដាក់កំហិតឲ្យក្រុមហ៊ុនសង់ ២អាគារបន្ថែមទៀតតាមការសន្យាដែលសង់ឲ្យបាន ១០អាគារជូនអ្នកភូមិបុរីកីឡា។
ក្រុមហ៊ុនផានអ៊ីម៉ិច បានឈូសកម្ទេចផ្ទះអ្នកភូមិបុរីកីឡាចំនួន ៣៨៤គ្រួសារ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។ អ្នកភូមិភាគច្រើនបានបង្ខំចិត្តទទួលយកសំណងដោះដូរទៅរស់នៅទួលសំបូរ ក្នុងខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ និងខ្លះទៀតទៅរស់នៅភ្នំបាត ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។ សព្វថ្ងៃនៅសល់អ្នកភូមិ ១០៧គ្រួសារ ដែលមិនព្រមទទួលសំណងពីក្រុមហ៊ុន និងបន្តការទាមទារសុំរស់នៅក្នុងផ្ទះល្វែងតាមការសន្យារបស់ក្រុមហ៊ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។