ពលរដ្ឋ​ចោទ​ក្រុមហ៊ុន​កាស៊ីណូ​​នៅ​ប៉ោយប៉ែត​ថា​សង់​អគារ​រំលោភ​​លើ​ផ្លូវ​រថភ្លើង

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រិះគន់​ក្រុមហ៊ុន​កាស៊ីណូ ឡាក់គី (Lucky Poi Pet) ប៉ោយប៉ែត ថា​សង់​អគារ​បនល្បែង​​រំលោភ​លើ​​ដី​ផ្លូវ​រថភ្លើង​របស់​រដ្ឋ​​ដោយ​សេរី អាជ្ញាធរ​ពុំ​ទាន់​ទប់​ស្កាត់​​នៅ​ឡើយ។ ប៉ុន្តែ​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរោបនីយកម្ម និង​សំណង់ ក្រុង​ប៉ោយប៉ែត បញ្ជាក់​​ថា អាជ្ញាធរ​កំពុង​ចាត់​វិធានការ​លើ​ការងារ​នេះ​ហើយ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លើក​ឡើង​ថា នេះ​គឺ​ជា​ការ​ធ្វេស​ប្រហែស​មួយ​របស់​អាជ្ញាធរ​ក្រុង​ដែល​អនុញ្ញាត​ច្បាប់​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ សាងសង់​អគារ​ ដោយ​ពុំ​បាន​ពិចារណា​ពី​ផល​ប៉ះពាល់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ឲ្យ​បាន​ច្បាស់លាស់។

ប្រជាពលរដ្ឋ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​រស់​នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ថ្លែង​នៅ​ថ្ងៃ​ទី​៨ ធ្នូ ថា ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ ឡាក់គី ប៉ោយប៉ែត សង់​អគារ​រំលោភ​លើ​ដី​ផ្លូវ​រថភ្លើង​របស់​រដ្ឋ​ដែល​មាន​ទំហំ​ទទឹង​ប្រមាណ ៤​ម៉ែត្រ និង​បណ្ដោយ​ជាង ១០​ម៉ែត្រ​ ជាប់​ផ្លូវ​ជាតិ​លេខ​៥ ទល់​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត យ៉ាង​អនាធិបតេយ្យ​ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​ទប់ស្កាត់​នោះ​ទេ៖ «អ្នក​មាន​អំណាច​នៅ​ក្រុង​ប៉ោយប៉ែត គួរ​តែ​​បិទ​ភ្នែក​មើល ដោះស្រាយ​សំណង់​អនាធិបតេយ្យ​នេះ​ឲ្យ​បាន ដូច​ដែល​អាជ្ញាធរ​បាន​ចាត់​វិធានការ​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​រស់​នៅ​លើ​ចំណី​ផ្លូវ​រថយន្ត​ភ្លើង​នា​ពេល​កន្លង​ទៅ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ប្រធាន​ការិយាល័យ​រៀបចំ​ដែន​ដី​នគរោបនីយកម្ម និង​សំណង់ ក្រុង​ប៉ោយប៉ែត លោក​ ប្រាក់ ប៉ូលីន មាន​ប្រសាសន៍​ថា តួ​អគារ​កាស៊ីណូ​ឡាក់គី ប៉ោយប៉ែត ពុំ​បាន​សាងសង់​រំលោភ​ដី​ផ្លូវ​រថយន្ត​នោះ​ទេ។ ប៉ុន្តែ​លោក​​ទទួល​ស្គាល់​ថា សំយាប​​កាស៊ីណូ​នេះ​ពិត​ជា​បាន​សាងសង់​ខុស​​ពី​ច្បាប់​អនុញ្ញាត​​ប្រាកដ​មែន ហើយ​ថា អាជ្ញាធរ​កំពុង​មាន​វិធានការ​លើ​ការ​នេះ៖ «បាទ! កាល​ដែល​ក្រុមហ៊ុន​កាស៊ីណូ ឡាក់គី សង់​សំយាប​លើ​ដី​ផ្លូវ​រថយន្ត​ភ្លើង​នោះ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ទៅ​ដោះស្រាយ​ម្ដង​រួប​មក​ហើយ»

​​​​​​​​​​​​​​​​​​​​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​កាស៊ីណូ សង់​រំលោភ​ដី​ផ្លូវ​រថយន្ត​នេះ​ ដោយសារ​​ការ​ធ្វេសប្រហែស​របស់​​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដែល​​ខ្វះ​ការ​​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​អនុញ្ញាត​ច្បាប់​ឲ្យ​ក្រុមហ៊ុន​នេះ​សាងសង់​អគារ​នោះ។

លោក​ថា​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ត្រូវ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ៖ «អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ច្រើន​តែ​ឆ្លើយ​ឲ្យ​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​នោះ​ទេ​ ប៉ុន្តែ​ជាក់​ស្ដែង​អាជ្ញាធរ​ពុំ​បាន​​ដោះស្រាយ​ណា​មួយ​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ»

​​​​​​​​​​​​​​​​​​​​​​​ទីតាំង​ដី​សង់​អគារ​កាស៊ីណូ ឡាក់គី ​ប៉ោយប៉ែត​ អតីត​ជា​ដី​អគារ​ការិយាល័យ​ប្រៃសណីយ៍​​ក្រុង​ ដែល​មាន​ទទឹង​ប្រមាណ ៤០ គុណ​នឹង ៧០​ម៉ែត្រ។ ដី​នេះ​ត្រូវ​​បាន​ដោះដូរ​ទៅ​ឲ្យ​ក្រុមហ៊ុន​បនល្បែង​នេះ​ក្នុង​ទឹក​ប្រាក់​ប្រមាណ ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។ កាស៊ីណូ​ក្នុង​ស្រុក​មួយ​នេះ​​ ជា​របស់​លោក ភួន ផេង​ ដំណើរ​ការ​សាងសង់​នៅ​ដើម​ឆ្នាំ​២០១៥ រហូត​មក​ទល់​ពេល​នេះ​​​សម្រេច​​បាន​ប្រមាណ ៨០​ភាគរយ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។